បន្ទាប់ពីជំនួបជាមួយមន្ត្រីរដ្ឋាភិបាល និងថ្នាក់ដឹកនាំគណបក្សប្រឆាំងរួចមក មន្ត្រីជាន់ខ្ពស់មួយរូបមកពីសហរដ្ឋអាមេរិក បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីរសៀលថ្ងៃម្សិលមិញថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងបន្តគាំទ្រឲ្យមានការស៊ើបអង្កេតដែលអាចជឿជាក់បានមួយលើភាពមិនប្រក្រតីក្នុងការបោះឆ្នោតជាតិកាលពីខែកក្កដា។

លោក ស្កុត ម៉ាស៊ាល (Scot Marciel) ឧប-ការីរងក្រសួងការបរទេសទទួលបន្ទុកការិយាល័យអាស៊ីបូព៌ានិងអាស៊ីប៉ាស៊ីហ្វិក បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅសណ្ឋាគារសាន់វ៉េ នៅក្នុងរាជធានីភ្នំពេញថា ខណៈរដ្ឋាភិបាលអាមេរិកមិនកាន់ជើងភាគីណាមួយក្នុងវិវាទនយោបាយអន្តរជាតិនោះ អាមេរិកជឿថា ការស៊ើបអង្កេតលើភាពមិនប្រក្រតីនេះគឺជារឿងដែលគួរធ្វើ។
លោកបានថ្លែងថា “ដូចយើងធ្លាប់បាននិយាយកន្លងមកអ៊ីចឹងថា ប្រសិនបើមានការចោទប្រកាន់ពីភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោតនៅប្រទេសណាក៏ដោយនៅលើពិភពលោក វាគឺជារឿងមានប្រយោជន៍ក្នុងការបើកការស៊ើបអង្កេតដែលមានតម្លាភាពនិងអាចជឿជាក់បាន។ ជំហររបស់យើងនៅប្រទេសណាក៏ដូច្នេះដែរ។ រូបខ្ញុំមិននិយាយជំនួសគណបក្សប្រជាជនកម្ពុជាថា តើពួកគេមានអារម្មណ៍បែបណាចំពោះការលើកឡើងបែបនេះទេ”។
លោក ម៉ាស៊ាល បានឲ្យដឹងថា សំណើសុំសេចក្ដីសម្រេចនៅសភា និងព្រឹទ្ធសភាសហរដ្ឋអាមេរិក ដែលមានការអំពាវនាវឲ្យផ្ដាច់ជំនួយយោធាអាមេរិកសម្រាប់កម្ពុជានោះ គឺអាស្រ័យលើការដោះស្រាយបញ្ហាជាប់គាំងនយោបាយបច្ចុប្បន្ននេះ។ លោកមានប្រសាសន៍ថា សេចក្ដីសម្រេចនេះគឺនៅតែជាសេចក្ដីសម្រេច លើកលែងតែមានអ្វីមួយប្រែប្រួលក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ…ប៉ុន្តែដូចសព្វដងដែរ ខ្ញុំគិតថា អ្វីៗកំពុងដំណើរការនៅកម្ពុជា ដូច្នេះខ្ញុំគិតថា វាអាស្រ័យលើដំណើរការនេះឯង គឺថាតើវាមានលក្ខណៈបែបណា មានផ្លែផ្កាឬក៏យ៉ាងណា”។
សហរដ្ឋអាមេរិក គឺជាប្រទេសម្ចាស់ជំនួយមួយដែលខ្នះខ្នែងជាងគេបំផុតក្នុងការលើកឡើងពីការស៊ើបអង្កេតលើភាពមិនប្រក្រតីនេះចាប់តាំងពីថ្ងៃបោះឆ្នោតដែលគណបក្សប្រជាជនកម្ពុជាឈ្នះ៦៨អាសនៈមក។ គណ បក្សសង្គ្រោះជាតិបានឈ្នះ៥៥អាសនៈ ក៏ប៉ុន្តែគណបក្សនេះបានអះអាងរហូតមកថា ប្រសិនបើមិនមានភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោតកាលពីខែកក្កដានោះទេ ខ្លួនប្រាកដជាឈ្នះបាត់ទៅហើយ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា អនុសាសន៍របស់លោក ម៉ាស៊ាល គឺមិនស្របតាមច្បាប់របស់កម្ពុជាទេ។
លោកបានមានប្រសាសន៍ថា “នេះគឺជាសិទ្ធិរបស់សហរដ្ឋអាមេរិក [នៅក្នុងការអំពាវនាវឲ្យមានការស៊ើបអង្កេត] ប៉ុន្តែកម្ពុជាគឺជារដ្ឋអធិបតេយ្យមួយ។ យើងមានច្បាប់ យើងគ្រាន់តែអនុវត្តច្បាប់របស់យើងប៉ុណ្ណោះ” ដោយលោកបានបន្ថែមថា លោកមិនគិតថា បញ្ហានេះនឹងធ្វើឲ្យខូចទំនាក់ទំនងរវាងកម្ពុជានិងអាមេរិកទេ។ លោកមានប្រសាសន៍ថា “បញ្ហា [ស៊ើបអង្កេតលើការបោះឆ្នោត] នេះគឺស្ថិតនៅក្នុងចំណោមបញ្ហាជាច្រើនទៀត ដូច្នេះវានឹងមិនធ្វើឲ្យប៉ះពាល់ដល់ [ទំនាក់ទំនងរវាង] កម្ពុជា និងសហរដ្ឋអាមេរិកទេ។
លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា ដែលបានជួបលោក ម៉ាស៊ាល កាលពីរសៀលថ្ងៃម្សិលមិញ បានប្រាប់ក្រុមអ្នកយកព័ត៌មានក្រោយជំនួបនោះថា ភាគីទាំងពីរបានពិភាក្សាគ្នាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ ដោយបានបន្ថែមថា ជំនួបរវាងមន្ត្រីការទូតសហរដ្ឋអាមេរិករូបនេះជាមួយលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ គឺពុំមានន័យថា អាមេរិកគាំទ្រគណបក្សប្រឆាំងឡើយ។ លោកបានថ្លែងខណៈឈរជាមួយលោក ម៉ាស៊ាល ថា “ វត្តមាន [លោក ម៉ាស៊ាល ] ក្នុងជំនួបជាមួយគណបក្សប្រឆាំង គឺពុំមានន័យថា គាត់គាំទ្រគណបក្សប្រឆាំងទេ”។
លោក សម រង្ស៊ី បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីខ្លឹមសារក្នុងជំនួបរបស់លោកជាមួយលោក ម៉ាស៊ាល ឡើយ។ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានថ្លែងថា គណបក្សសង្គ្រោះជាតិពេញចិត្តណាស់ចំពោះការអំពាវនាវរបស់អាមេរិកឲ្យមានការស៊ើបអង្កេតនេះ។ លោកមានប្រសាសន៍ថា “វាជាជំហរមួយដែលស្រដៀងគ្នានឹងជំហររបស់គណបក្សសង្គ្រោះជាតិតាំងពីដំបូងមក ដូច្នេះយើងសូមអរគុណរដ្ឋាភិបាលអាមេរិក។ គណបក្សប្រជាជនប្រហែលជាមិនខ្វល់ពី [ជំហររបស់អាមេរិក] ទេ ប៉ុន្តែ ខ្ញុំគិតថា ប្រជាពលរដ្ឋកម្ពុជាខ្វល់។ អ្នកបោះឆ្នោតខ្វល់ពីរឿងនេះ គណបក្សសង្គ្រោះជាតិក៏ខ្វល់ពីរឿងនេះដែរ”៕ សេរីវុធ