28 C
Phnom Penh

ក្មេង​ស្រី​អាយុ២ឆ្នាំ​ម្នាក់​នៅ​​​ក្នុង​​​ខេត្ត​​​ពោធិ៍សាត់ស្លាប់​ដោយ​សារ​កើត​ជំងឺ​ផ្តាសាយ​បក្សី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​សុខា​ភិបាល​ និង​អង្គការ​សុខ​ភាព​ពិភព​លោក​បាន​​​ឲ្យ​​​ដឹង​​​​កាល​ពី​ម្សិល​មិញ​ថា ក្មេង​ស្រី​អាយុ​២​ឆ្នាំ​ម្នាក់​មក​ពី​ស្រុក​បាកាន ខេត្ត​ពោធិ៍​សាត់​បាន​ស្លាប់​រយៈ​ពេល​តែ​ប៉ុន្មាន​​​​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​ត្រូវ​បាន​បញ្ជូន​មក​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ដោយ​​​​សារ​​​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​។

ក្រុម​មន្ត្រី​បាន​និយាយ​កាល​ពី​ម្សិល​មិញ​ថា ការ​ស្លាប់​ក្មេង​ស្រី​អាយុ​២​ឆ្នាំ​រូប​នេះ​​​គឺ​​​ជា​​​ការ​​​ស្លាប់​​​​​​មនុស្ស​​​​ទី​១២ហើយ​ ក្នុង​ចំណោម​​​ការ​​​​ឆ្លង​គ្រុន​ផ្តាសាយ​បក្សី​ចំនួន​២៣​ករណី ដែល​គេបាន​រាយការណ៍​រហូត​មក​ដល់​ពេល​​នេះ​នៅ​ឆ្នាំ​នេះ។

នៅ​ឆ្នាំ​នេះ មាន​ការ​ផ្ទុះ​ឡើង​​ជំងឺ​គ្រុន​​ផ្តាសាយ​បក្សី​​​​ច្រើន​​​​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​ប្រទេស​​​រង​​​ផល​​​​ប៉ះ​ពាល់​​​​ខ្លាំង​​​ជាង​​​គេ​​​បំផុត​នៅ​ក្នុង​តំបន់​នេះ។
យោង​តាម​តួ​លេខ​របស់​អង្គការ​សុខ​ភាព​ពិភព​លោក​បាន​ឲ្យ​ដឹង​ថា មាន​តែ​ពីរ​ករណី​ប៉ុណ្ណោះ ដែល​មួយ​ករណី​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​នោះ ត្រូវ​បាន​​គេ​បញ្ជាក់​នៅ​ក្នុង​ប្រទេស​​​​វៀត​ណាម​នៅ​ឆ្នាំ​នេះ ជា​ប្រទេស​ដែល​មាន​ប្រជា​ជន​ប្រហែល​៨៧​លាន​នាក់ ចំណែក​ឯ​ប្រទេស​ថៃ​​​​ដែល​​​មាន​ប្រជា​ជន​ប្រហែល​៧០​​​​លាន​នាក់ ​បាន​​​​បញ្ជាក់​​​​ចុង​ក្រោយ​ថា មាន​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​ឆ្លង​មក​មនុស្ស​ក្នុង​ឆ្នាំ​២០០៦។

រួម​ទាំង​​ករណី​ពីរ​នៅ​ក្នុង​ប្រទេស​វៀត​ណាមផង សរុប​គឺ​១១​ករណី​ (ដែល​ប្រាំបួន​ករណី​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់) ត្រូវ​បាន​កត់​ត្រា​​​​នៅ​​​ក្រៅ​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​នេះគឺ​៖ នៅ​ប្រទេស​បង់ក្លាដែស​ ចិន អេហ្ស៊ីប និង​ប្រទេស​ឥណ្ឌូណេស៊ី។

លោក វេជ្ជ​បណ្ឌិត លី សុវណ្ណ អនុ​ប្រធាន​នាយក​ដ្ឋាន​គ្រប់​គ្រង​ជំងឺ​ឆ្លង​នៅ​ក្រសួង​សុខា​ភិបាល​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា “ជា​អកុសល​ ក្មេង​ស្រី​រូប​នេះ​បាន​ស្លាប់​ដោយ​សារ​នាង​មាន​ស្ថាន​ភាព​ធ្ងន់​​​​ធ្ងរ​​​រួច​ទៅ​​​ហើយ​ មុន​ពេល​គេបញ្ជូន​​​នាង​​​​មកដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ដូច្នេះ យើង​មិន​អាច​ជួយ​សង្គ្រោះ​​​​ជីវិត​នាង​បាន​ឡើយ​”។

ក្មេង​ស្រី​រូប​នេះ​បាន​ស្លាប់​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា បន្ទាប់​ពី​ត្រូវ​បាន​បញ្ជូន​មក​កាន់​មន្ទីរ​ពេទ្យ​​ពី​ភូមិ​ស្វាយ​ជ្រំ ឃុំ​បឹង​បត់​កណ្តោល ក្នុង​ខេត្ត​ពោធិ៍​សាត់។
លោកវេជ្ជ​បណ្ឌិត លី សុវណ្ណ បាន​សន្មត​ករណី​កើន​ឡើង​ខ្ពស់​នៅ​ឆ្នាំ​នេះ ជា​ករណី​ធ្ងន់​បំផុត​ ចាប់​តាំង​ពី​ជំងឺ​នេះ​​ត្រូវ​បាន​​រាយការណ៍​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ កាល​​​​ពី​ឆ្នាំ​២០០៥​​​​នោះ ដោយ​សារ​​​​មាន​​​ការ​ដឹក​ជញ្ជូន​សត្វ​មាន់​ទា​ដែល​មាន​ផ្ទុក​មេរោគ​គ្រុន​ផ្តាសាយ​បក្សី​​​​កាន់​​​តែ​​​ច្រើន​​​ឡើង​​​។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​គិត​ថា [ការ​កើន​ឡើង​នេះ] គឺ​ដោយ​សារ​មេរោគ​​​​​​នេះ​បាន​ឆ្លង​តាម​​សត្វ​មាន់​ទា ហើយ​វា​បាន​រាលដាល​កាន់​តែ​ច្រើន​​​ឡើងៗ ដោយ​សារ​ស្ថាន​ភាព​ផ្លូវ​ថ្នល់​មាន​ការ​ប្រសើរ​ជាង​មុន​។ ​គ្រូ​ពេទ្យរបស់​យើង​មាន​ការ​យល់​ដឹង​ប្រសើរ​​​​ជាង​មុន​ផង​ដែរ”។ លោកវេជ្ជ​បណ្ឌិត លី សុវណ្ណ បាន​បន្ថែម​ថា មាន​ករណី​ជា​ច្រើន​ទៀត​ដែល​យើង​មិន​បាន​កត់​ត្រា​ទុក​។

លោក​បាន​បន្ត​ថា “វា​អាច​មាន​ករណី​ច្រើន​​​​ជាង​នេះ​ទៀត​ ប៉ុន្តែ មិន​មែនអ្នក​ជំងឺ​គ្រប់​រូប​ត្រូវ​បាន​បញ្ជូន​មក​មន្ទីរ​ពេទ្យ​នោះ​ទេ”។ កុមារ​ីដែល​បាន​ស្លាប់​នោះ បាន​ធ្លាក់​ខ្លួន​ឈឺ​ពីរ​ថ្ងៃ​មក​ហើយ មុន​ពេល​ក្រុម​គ្រួសារ​បាន​បញ្ជូន​នាង​មក​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា។ លោក​វេជ្ជ​បណ្ឌិត លី សុវណ្ណ​ បាន​មាន​ប្រសាសន៍​ថា “ប្រភព​គឺ​បណ្តាលមក​ពី​សត្វ​មាន់​ទា​នេះ​ឯង ដូច្នេះ នាយក​ដ្ឋាន​បសុសត្វ​នៃ​ក្រសួង​កសិកម្ម​គួរចាត់​វិធាន​​​ការ​អំពី​បញ្ហា​នេះ​។ ​ខាង​​​ផ្នែក​​​​សុខភាព​មនុស្ស…​​​​ទាំង​​​អស់​​​នេះ​​​គឺ​​​អ្វី​​​ដែល​​​យើង​​​​អាច​​​​​​​ចាត់​​​ចែង​​​បាន​​​”។ មន្ត្រី​នៅ​នាយក​ដ្ឋាន​បសុ​សត្វ​កាល​ពី​ម្សិល​​​​មិញ​បាន​បង្វែរ​សំណួរ​ទៅ​លោក កៅ ផន ប្រធាន​នាយក​ដ្ឋាន​េនះ​ដែល​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​។

លោក សូនី គ្រីសស្នាន មន្ត្រី​ទំនាក់​ទំនង​នៅ​អង្គការ​សុខភាព​ពិភព​លោក​បាន​មាន​ប្រសាសន៍​ថា មាន​ករណី​ធ្លាក់​ចុះ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ជិត​ខាង ដោយ​សារ​តែ​មាន​ច្បាប់​តឹង​រ៉ឹង​ពី​ការ​ចិញ្ចឹម​​​​សត្វ​មាន់​ទា និង​បាន​បង្កើន​ការ​ឃ្លាំ​មើល​សត្វមាន់ និង​ទា​។ លោក គ្រីសស្នាន បាន​មាន​ប្រសា​សន៍​ថា “នៅ​ក្នុង​ប្រទេស​ថៃ គេ​មាន​ច្បាប់​តឹង​រ៉ឹង​បំផុត​​​​ពាក់​ព័ន្ធ​ការ​ដឹក​ជញ្ជូន​សត្វ​មាន់​ទា មាន​ការ​ត្រួត​​​​ពិនិត្យ​ច្រើន​កន្លែង​នៅ​តាម​ដង​ផ្លូវ ហើយ​ប្រទេស​វៀត​ណាម​វិញ​បាន​ហាម​ឃាត់​មិន​ឲ្យ​មាន​ទី​សត្តឃាត​នៅ​តាម​ផ្ទះ​ ដូច្នេះ ឥឡូវ​នេះ សត្វ​មាន់​ទា​ទាំង​អស់​ត្រូវ​គេ​សម្លាប់​នៅ​ក្នុង​ទីសត្ត​ឃាត​ដែល​​មាន​​​ច្បាប់​​​​អនុញ្ញាត​ពីរដ្ឋា​ភិបាល​​​​​​​និង​​​មាន​​​ការ​ត្រួត​ពិនិត្យ​ និងអនុម័ត​​​យល់​​​ព្រម​​​ជា​​​ខាង​​​​ក្រោយ​”។ លោក​បាន​មាន​ប្រសាសន៍​ថា “ ​​​ការ​​​ធ្វើ​​​ដូច្នេះ​​​​​​គឺ​​​ជា​​​ការ​​​​ល្អ​ណាស់​​​នៅទី​នេះ ប៉ុន្តែ ​​​ចំពោះ​​​ការ​​​ធ្វើ​​​ដូច្នេះ យើង​​​​ត្រូវ​​​​មាន​​​ការ​​​គ្រប់​​​គ្រង​​​​ទី​សត្ត​ឃាត​ឲ្យ​បាន​ត្រឹម​ត្រូវ​  ហើយ​ការ​​​​គ្រប់​​​គ្រង​​​អាច​​​​មាន​​​ការ​លំបាក​ណាស់​​​​នៅ​ទី​នេះ​”៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស