29.3 C
Phnom Penh

លោក ប៊ីល​​​ គ្លីនតុន គឺ​​​ជា​​​វាគ្មិន​​​នៅ​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​កំពូល​​​នៅទីក្រុង​​​​​​តូ​​​ក្យូ មិនមែន​​​លោក ហ៊ុន​​​ សែន ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​​​ម្សិល​​​មិញ​​​ មន្ត្រី​​​រដ្ឋា​​​​​ភិបាល​​​ម្នាក់​​​បាន​​​​​​ព្យាយាម​​​បញ្ជាក់​​​អំពី​​​សេចក្តី​​​រាយការណ៍​​​របស់​​​ទីភ្នាក់​​​ងារ​​​ព័ត៌​​​មាន​​​រដ្ឋ​​​ អាកាប៉េ ដែល​​​បាន​​​រាយ​​​ការណ៍​​​ថា លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ត្រូវ​​​បាន​​​អញ្ជើញ​​​ឲ្យ​​​ថ្លែង​​​សុន្ទរកថា​​​នៅ​​​ឯ​​​កិច្ច​​​ ប្រ​​​ជុំ​​​កំពូល​​​ដ៏​​​​​​​​​សំខាន់​​​​មួយ​​​ក្នុង​​​ទីក្រុង​​​តូក្យូនៅ​​​ចុង​​​ខែ​​​នេះ ដោយ​​​លើក​​​ឡើង​​​ថា តាម​​​ពិត​​​ អតីត​​​​​​ប្រ​​​ធានា​​​ធិប​​​តី​​​អាមេរិក លោកប៊ីល គ្លីនតុន ត្រូវ​​​បាន​​​អញ្ជើញ​​​រួច​​​ហើយឲ្យ​​​ធ្វើ​​​ជា​​​វាគ្មិន​​​នៅ​​​ក្នុង​​​ពិធី​​​នេះ​​​។

ទី​​​ភ្នាក់​​​ងារ​​​ព័ត៌មានអាកាប៉េ បាន​​​រាយការណ៍​​​​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រថា លោក ហ៊ុន សែន ត្រូវ​​​បាន​​​អញ្ជើញ​​​ឲ្យ​​​ថ្លែង​​​សុន្ទរកថា​​​នៅ​​​ឯ​​​កិច្ច​​​ប្រជុំកំពូល​​​សម្រាប់​​​មេ​​​ដឹក​​​នាំ​​​ពិភព​​​លោក​​​បញ្ចេញ​​​យោបល់​​​​​​​​​​​​នេះ​​​នៅ​​​ថ្ងៃ​​​ទី​​​១៦ ខែ​​​វិច្ឆិកា​​​ ក្នុង​​​ទីក្រុង​​​តូក្យូ ដោយ​​​អ្នក​​​រៀប​​​ចំ​​​ពិធី​​​នេះ គឺ លោក ហារូហ៊ីសា ហាន់ដា ជា​​​សប្បុរស​​​ជន​​​ជប៉ុន​​​ ដែល​​​គ្រប់​​​គ្រង​​​អង្គការ​​​ឧបត្ថម្ភ​​​​​​ពិភព​​​លោក​​​សម្រាប់​​​ការ​​​អភិ​​​វឌ្ឍន៍ (Wordwide Support for Development)។

កិច្ច​​​ប្រជុំ​​​កំពូល​​​សម្រាប់​​​មេដឹក​​​នាំ​​​ពិភព​​​លោក​​​បញ្ចេញ​​​យោបល់​​​លើក​​​មុន​​​​​​ប្រារព្ធ​​​ធ្វើ​​​ក្នុង​​​ទីក្រុង​​​តូក្យូ​​​កាល​​​ពី​​​ខែ​​​កញ្ញា និង​​​មាន​​​អតីត​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​អង់គ្លេស លោក តូនី ប៊្លែរ ជា​​​វាគ្មិន​​​ ដែល​​​បាន​​​លើក​​​ឡើង​​​អំពី​​​ប្រធាន​​​បទ​​​ដូចជា​​​ ការ​​​ពិចារណា​​​ពី​​​សន្តិ​​​ភាព​​​ ការ​​​បង្ហាញ​​​ពី​​​បទ​​​ពិសោធ​​​ក្នុង​​​ដំណើរ​​​ការ​​​សន្តិ​​​ភាព​​​របស់​​​អៀរ​​​ឡង់​​​ និង​​​ការ​​​អភិវឌ្ឍ​​​នៅ​​​មជ្ឈិម​​​បូព៌ា។

យោង​​​តាម​​​ទី​​​ភ្នាក់​​​ងារ​​​ ​​​អាកាប៉េ បាន​​​រាយ​​​ការណ៍​​​ថា សុន្ទរកថា​​​របស់​​​លោក ហ៊ុន សែន គឺ​​​ផ្តោត​​​លើ​​​ “បទ​​​ពិសោធ​​​​​​ពី​​​អតីត​​​កាល​​​របស់​​​កម្ពុជា ជា​​​ពិសេស​​​អំពី​​​គោល​​​នយោ​​​បាយ​​​ឈ្នះ ឈ្នះ ​​​របស់​​​ប្រទេស​​​នេះ​​​”។

លោក កៅ គឹមហួន រដ្ឋ​​​លេខាធិការ​​​ក្រសួង​​​ការ​​​បរទេស​​​​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា សេចក្តី​​​រាយការណ៍​​​ព័ត៌​​​មាន​​​របស់​​​ទី​​​ភ្នាក់​​​ងារ​​​ព័ត៌​​​មាន​​​​​​អាកាប៉េ គួរ​​​តែ​​​រាយការណ៍​​​ថា លោក ហ៊ុន​​​ សែន គ្រាន់​​​តែ​​​ត្រូវ​​​បាន​​​​​​ជូន​​​ដំណឹង​​​ថា លោក ប៊ីល គ្លីនតុន គឺ​​​ជា​​​វាគ្មិន​​​នៅ​​​​​​ក្នុង​​​ពិធី​​​នេះ​​​។ លោក កៅ គឹមហួន ដែល​​​ជា​​​ប្រធាន​​​សាកល​​​វិទ្យា​​​ល័យ​​​កម្ពុជា​​​ ដែលមាន​​​​​​លោក ហារូហ៊ីសា ហាន់​​​ដា ជា​​​ស្ថាបនិក​​​ និង​​​ជា​​​អធិការ​​​បតី​​​បច្ចុប្បន្ន​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “អំឡុង​​​ពេល​​​​​​ជំនួប​​​​​​ លោកបណ្ឌិត​​​ ហាន់ដា គ្រាន់​​​តែ​​​បង្ហាញ​​​ព័ត៌​​​មាន​​​ដល់​​​លោក ហ៊ុន សែន​​​ អំពី​​​កិច្ច​​​ប្រជុំ​​​ក្នុង​​​ទីក្រុង​​​តូក្យូ នៅ​​​ថ្ងៃ​​​ទី​​​១៦ ​​​ខែ​​​វិច្ឆិ​​​កា ​​​ប៉ុណ្ណោះ ដែល​​​នៅ​​​ក្នុង​​​​​​នោះ គេ​​​​​​បាន​​​អញ្ជើញ​​​លោក ប៊ីល គ្លីនតុន ជាអតីត​​​ប្រធានា​​​ធិបតី​​​អាមេរិក​​​ឲ្យ​​​ធ្វើ​​​ជា​​​វាគ្មិន​​​រួច​​​ហើយ”។

លោក កៅ គឹម ហួន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “ទោះជា​​​យ៉ាង​​​ណា​​​ លោក​​​បណ្ឌិត ហាន់ដា ក៏​​​បាន​​​លើក​​​ឡើង​​​ក្នុង​​​ពេល​​​ជំនួប​​​នោះ​​ដែរ​​​ថា លោក​​​មាន​​​គម្រោង​​អញ្ជើញ​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ឲ្យ​​​ធ្វើ​​​ជា​​​វាគ្មិន​​​នៅ​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​កំពូល​​​នៅ​​​ពេល​​​​​​អនាគត​​​”។ រូប​​​ថត​​​នៅ​​​លើ​​​វិប​​​សាយ​​​របស់​​​ទីភ្នាក់​​​ងារ​​​ព័ត៌​​​មាន​​​អាកាប៉េ ដែល​​​បាន​​​ថត​​​​​​អំឡុង​​​ពេល​​​ជំនួប​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ នៅ​​​វិមាន​​​សន្តិ​​​ភាព​​​​​​បង្ហាញ​​​ពី​​​លោក ហ៊ុន សែន និង​​​លោក ហាន់​​​ដា ឱប​​​គ្នា​​​។

យោង​​​តាម​​​ព័ត៌​​​មាន​​​តាម​​​គេហ​​​ទំព័រ​​​​​​របស់​​​មូលនិធិ​​ ហាន់​​​ដា បង្ហាញ​​​ថា លោក ហាន់​​​ដា ធ្លាប់​​​បាន​​​អញ្ជើញ​​​លោក ហ៊ុន សែន ឲ្យ​​​ថ្លែង​​​សុន្ទរកថា​​​កាល​​​ពី​​​ខែ​​​កក្កដា ឆ្នាំ​​​២០១២​​​ទៅ​​​កាន់​​​និស្សិត​​​បញ្ចប់​​​ការ​​​សិក្សា​​​នៅ​​​សាកល​​​វិទ្យា​​​ល័យ​​​កម្ពុជា​​​ ក្នុង​​​រាជ​​​ធានី​​​ភ្នំ​​​ពេញ ហើយ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​ផ្តល់​​​​​​គ្រឿង​​​ឥស្សរិយយស​​​ជា​​​សហ​​​មេត្រី​​​ ដល់​​​លោក​​​ ហាន់​​​ដា។

មូល​​​និធិ​​​របស់​​​លោក ហាន់​​​ដា បាន​​​កសាង​​​មន្ទីរពេទ្យ​​​ជា​​​ច្រើន​​​នៅ​​​កម្ពុជា​​​។ ​​​ដោយ​​​ប្រើ​​​​​​ឈ្មោះ​​​​​​ តូស៊ូ ហ្វូកាមី លោក​​​​​​ក៏​​​ជា​​​អ្នក​​​និពន្ធ​​​សៀវ​​​ភៅ​​​​​​សម្រាប់​​​ជួយ​​​ខ្លួន​​​ឯង​​​ជា​​​ច្រើន​​​​​​ផង​​​ដែរ​​​ ដើម្បី​​​ផ្តល់​​​យោបល់​​​អំពី​​​របៀប​​​​​​ទទួល​​​បាន​​​​ជោគ​​​ជ័យ៕ គឹមហឿន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស