28.4 C
Phnom Penh

សេចក្តី​ព្រាង​ថវិកា​ឆ្នាំ​២០១៤​ឆ្លង​ផុត​ជុំ​ដំ​បូ​ង​នៅ​រដ្ឋសភា​ឯក​បក្ស​​  ខណៈ​បក្ស​ប្រឆាំង​នៅតែ​អវត្ត​មាន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​ទោះ​បីជា​នៅតែ​មិនមានវត្ត​មាន​ចូល​រួម​ពីសំណាក់​គណបក្ស​សង្គ្រោះជាតិ​ក៏​ដោ​យ​ ​ក៏​សេចក្តីព្រាង​ថវិកា​ចំនួន​៣,៥៤​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០១៤​ បាន​ឆ្លង​ផុត​ដំ​ណាក់កាល​ថ្មីមួយ​ទៀតក្នុង​ដំណើរ​ក្លាយ​ជា​ច្បាប់​ ​​កាល​ពី​ម្សិល​មិ​ញ​ នៅពេល​តំ​ណាង​រាស្ត្រ​មក​ពីគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ បាន​បញ្ជូន​សេចក្តីព្រាង​ថវិកា​ចំណាយ ទៅ​គ​ណៈកម្មាធិការ​សេដ្ឋកិច្ច ​ហិរញ្ញវត្ថុ ធនាគា​រ​ និង​សវនកម្ម​ នៃរដ្ឋសភា​ សម្រាប់​ដំណើរ​ការ​អនុម័ត​។

​លោក​ ជាម យៀប ​តំណាង​រាស្ត្រ​និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និ​ង​ជា​ប្រធាន​គណៈ​កម្មាធិការ​សេដ្ឋកិច្ច​ ​ហិរ​ញ្ញវត្ថុ ​ធនាគារ និង​សវនកម្ម​នៃរដ្ឋសភា បា​ន​​​ឲ្យដឹង​ថា ​ដំណាក់កាល​អនុម័ត​គឺជា​ដំ​ណាក់​កាល​ចុង​ក្រោយ​ មុន​ពេល​សេចក្តី​ព្រា​ង​នេះ​ត្រូវ​បាន​លើក​ទៅ​ដាក់​ក្នុងកិច្ច​ពិ​ភាក្សាដេញ​ដោល​ពេញ​​លេញ​ ​និង​បោះ​ឆ្នោ​ត​ដោយរដ្ឋសភា​។ ក៏ប៉ុន្តែ​​ ​គណបក្សស​ង្គ្រោះ​ជាតិ នៅតែ​​បដិសេធ​មិន​ទទួល​យក​អាសនៈ​ទាំង​៥៥​របស់ខ្លួន ​ដោយ​សារ​​បច្ចុ​ប្បន្ន​មាន​វិវាទ​ជាមួយ​គណបក្ស​ប្រជា​ជន​កម្ពុជា​ជុំវិញ​សុពល​ភាព​នៃ​ការ​បោះឆ្នោត​ជាតិ​កាលពីខែ​កក្កដា​។

​លោក ជាម យៀប ​បាន​លើក​ឡើង​ថា​ ​សេចក្តីព្រាង​ថវិកា​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​​គណៈ​កម្មាធិការ​របស់លោក​ហើយ ដោយ​មិនមានការ​ផ្លាស់ប្តូរ​ទេ ​បន្ទាប់​ពី​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​នេះ​បា​ន​បញ្ចប់​កិច្ច​ប្រជុំ​រប​ស់​ខ្លួន​កា​ល​ពី​ម្សិ​លមិញ ដោយ​មាន​វត្ត​មា​ន​ចូល​រួម​របស់​ប្រធាន​គណៈ​កម្មាធិការអចិ​ន្ត្រៃ​យ៍​ទាំងប្រាំបួន​នៃរដ្ឋសភា​ លោក ហេ​ង សំរិន ប្រធាន​រដ្ឋសភា ​និង​អនុប្រធាន​រ​ដ្ឋ​សភា​ទាំង​ពីរ​រូប ដែល​សុទ្ធតែ​ជា​សមាជ​ិ​ក​គណបក្ស​ប្រជាជន​កម្ពុជា​។

​លោក​ អូន ព័ន្ធ​មុនីរ័ត្ន ​រដ្ឋ​មន្ត្រី​ក្រសួ​ង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ នឹង​ឆ្លើយ​សំណួររ​ប​ស់​គណៈ​កម្មាធិការ​សេដ្ឋកិច្ច ​ហិរញ្ញវត្ថុ ​ធ​នាគារ ​និង​សវន​កម្ម​​​ ទា​ក់​ទង​នឹង​សេចក្តី​ព្រា​ង​ថវិ​កា​នេះនៅថ្ងៃ​ស្អែក​។ លោក ជាម យៀប  បាន​មាន​ប្រសាសន៍​ថា  “ ខ្ញុំ​បាន​ទូ​រ​ស័ព្ទ​ទៅ​ឯក​ឧត្តម​​​ អូន​ ព័ន្ធមុនីរ័ត្ន ​ដើម្បី​សា​ក​សួរ​គាត់​ថា តើ​​ឯក​ឧត្តម​អាច​​ឡើ​ង​ការ​ពា​រ​សេចក្តីព្រាង​ថវិកា​នេះ​ នៅ​ខានស្អែក​ [​ថ្ងៃ​ពុធ​] បាន​ដែរ​ឬ​អត់​។ ឯក​ឧត្តម​អាចឡើង​កា​រ​ពារ​នៅពេល​នោះ​បាន​”។ លោក អូន​ ព័ន្ធមុនីរ័ត្ន ​​មិនអាច​ទំនាក់​ទំនង​ធ្វើ​សេចក្តីអត្ថា​ធិ​ប្បាយ​បាន​ទេ​។​

​ទាំង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ​រ​ដ្ឋ​សភា​ ​ទាំងខុទ្ទកា​ល័យ​លោក​នាយករដ្ឋ​ម​ន្ត្រី​ ហ៊ុន សែន ដែល​បាន​អនុម័ត​សេចក្តី​ព្រា​ង​ថវិកា​នេះ​កាលពីខែ​មុន​នោះ ​មិន​បា​ន​ផ្តល់​ព័ត៌​មាន​លម្អិត​ ទាក់​ទង​នឹងរបៀប​រ​ប​ប​ចំណាយ​ថវិកា​នេះ​ទេ​។ គួរកត់​សម្គាល់​ថា​ ថវិកា​នេះ​មាន​ចំនួន​ច្រើន​ជាង​ថវិកា​ស​ម្រាប់​ឆ្នាំ​២០១៣​​ ចំនួន​ប្រមា​ណ​ជា​​៤០០​លាន​ដុ​ល្លារ​សហ​រដ្ឋ​អាមេរិក​។

​នៅពេល​អ្នក​សារព័ត៌​មាន​សួរ​ថា  តើ​ហេតុ​ អ្វីបាន​ជា​ព័ត៌មាន​លម្អិត​ទាក់ទងទៅ​​នឹ​ង​ថ​វិកា​នេះ​មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារ​ណៈក្នុង​ដំណាក់​កាលថ្មីនេះ​ ​លោក ជាម យៀប បានបង្វែរ​សំណួរ​នេះ​ទៅ​លោក​​ ហេ​ង​ សំរិន​។ ​ក៏ប៉ុន្តែ ​លោក ហេង សំរិន ​បាន​បដិសេធ​មិន​ឆ្លើយសំណួរ​ នៅពេល​លោ​ក​កំពុង​ចាក​ចេញ​ពីកិច្ចប្រជុំ​កាលពី​ម្សិល​មិ​ញ​ ​ហើយ​លោក​ កែវ ពិសិដ្ឋ​ ប្រធាន​ខុទ្ទកាល័​យ​របស់​លោក ​បាន​ឲ្យដឹង​ថា ​លោក​មិនដឹង​ថា ​តើ​មូល​ហេតុ​អ្វី បាន​ជា​សេចក្តីព្រាង​ថវិ​កា​នេះ​មិនកំពុង​ត្រូវ​បាន​ផ្សព្វ​ផ្សាយជា​សា​ធារ​ណៈ។​

​ទាំង​លោក​ ជាម យៀប ទាំង​លោក​ ពិ​សិដ្ឋ​ មិនបាន​លើកឡើង​ថា តើ​នៅ​ពេល​ណា​ទើប​សេចក្តីព្រាង​ថវិកា​នេះ​​ឈាន​ទៅដល់​​កិច្ច​ប្រជុំ រដ្ឋសភា​ទេ​។ ច្បាប់​ស្តីពីហិរញ្ញវត្ថុ​សា​ធា​រណៈ​​ចែង​ថា ​សេចក្តីព្រាង​ថវិកា​នឹង​​ទៅ​ដល់​ព្រឹទ្ធ​សភា​ យ៉ាងយូរ​ក្នុង​សប្តាហ៍​ដំ​បូ​ង​នៃខែ​ធ្នូ បន្ទាប់ ពី​សេចក្តីព្រាង​ថវិកា​នេះឆ្លង​ផុត​រដ្ឋ​សភា​។

​តំណាងរាស្ត្រ​ជាប់​ឆ្នោត​ទាំង​៥៥​រូប​រ​បស់​​គណបក្ស​ប្រឆាំង​ ពោលគឺ​មានចំនួន​​ជិ​​ត​ពាក់​កណ្តាល​នៃ​ចំនួន​តំណាង​រាស្ត្រ​សរុប​ក្នុង​រដ្ឋ​សភា​ កំពុង​បដិសេធ​មិន​ទទួល​យក​អាសនៈ​របស់ខ្លួន​ទេ ​លុះត្រា​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ ឯកភាព​លើ​កម្មវិធី​កែ​ទម្រ​​ង់​ប្រព័ន្ធ​បោះឆ្នោត​ ​និង​ប្រតិបត្តិការ​ស៊ើប​​អង្កេត​ឯក​រាជ្យ​មួយ ​ចំពោះ​ការបោះឆ្នោត​កាលពីខែ​កក្កដា​។ ​គណបក្សសង្គ្រោះ​ជា​តិ​ ​បានឲ្យដឹង​ថា រដ្ឋសភា​គឺជា​រដ្ឋសភា​មិន​ស្រ​ប​ច្បាប់​ ដោយ​សារតែ​មិនមាន​ការចូលរួម​រ​បស់ខ្លួន​​ ហើយ​មិនអាច​អនុម័ត​ច្បាប់​នានា​ដោយស្រប​ច្បាប់​បានទេ រួម​ទាំង​សេចក្តី​ព្រា​ង​ថវិកា​នេះ​​ លុះ​ត្រា​តែ​ខ្លួន​ចូ​ល​រួម។

គណបក្ស​ប្រជាជន​កម្ពុជា ​បាន​លើក​ឡើង​ថា ខ្លួន​មាន​សំឡេង​​ភាគច្រើន​ដាច់​ខា​ត​នៅ​ក្នុងរដ្ឋសភា​ ដែល​ផ្តល់​ភាព​ស្រប​​ច្បាប់​ដល់ខ្លួន​ ក្នុងការ​អនុម័ត​សេចក្តីព្រាង​ថវិកា​នេះ និង​ជំរុញ​ដំណើរការ​អនុម័ត​នេះ ទោះ​ជា​មាន​ ឬ​ក៏​គ្មាន​គណបក្ស​ប្រឆាំង​ក៏ដោ​យ​៕សុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស