រយៈពេលជាងប្រាំមួយសប្ដាហ៍ចាប់តាំងពីគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច និងគណបក្សសង្គ្រោះជាតិបានជួបចរចាគ្នាជាលើកចុងក្រោយ ហើយមិនអាចបំបែកភាពទាល់ច្រកផ្នែកនយោបាយក្រោយការបោះឆ្នោតជាតិបានមកនោះ តំណាងគណបក្សទាំងពីរបានចាប់ផ្ដើមការចរចាឡើងវិញកាលពីម្សិលមិញនៅក្នុងរដ្ឋសភា ប៉ុន្តែមិនអាចដោះស្រាយការខ្វែងគំនិតគ្នារបស់ពួកគេបានឡើយ។

ខណៈពេលដែលគណបក្សសង្គ្រោះជាតិទាមទារឲ្យមានការស៊ើបអង្កេតលើភាពមិនប្រក្រតីអំឡុងការបោះឆ្នោតជាតិ កាលពីថ្ងៃទី២៨ ខែកក្កដា ព្រមទាំងធ្វើកំណែទម្រង់បោះឆ្នោតផងនោះ អ្នកចរចាមកពីគណបក្សប្រជាជនកម្ពុជាបានបដិសេធថា គ្មានកំហុសឆ្គងណាមួយឡើយនៅក្នុងការរៀបចំការបោះឆ្នោតដ៏ចម្រូងចម្រាសនេះ។
ក្រោយពីការចរចារបស់ពួកគេអស់រយៈពេលជាងបីម៉ោង លោក ព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអ្នកដឹកនាំគណៈប្រតិភូ ដែលមានសមាជិកប្រាំរូបរបស់គណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា គ្មានភ័ស្ដុតាងដើម្បីបញ្ជាក់ថា ការអះអាងរបស់គណបក្សសង្គ្រោះជាតិដែលថាការបោះ ឆ្នោត ជាតិកន្លងទៅមានភាពមិនប្រក្រតីជាការពិតនោះឡើយ។
លោកបានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានក្រោយពីជំនួបចរចានោះថា “អ្វីដែលហៅថា ‘ភាពមិនប្រក្រតី’ [នៅក្នុងការបោះឆ្នោត] គឺគ្រាន់តែជាការប្រឌិត និងហៅដោយគណបក្សប្រឆាំងតែប៉ុណ្ណោះ”។
ពាក់ព័ន្ធនឹងការទាមទាររបស់គណបក្សសង្គ្រោះជាតិឲ្យមានការស៊ើបអង្កេតប្រកបដោយតម្លាភាពលើការបោះឆ្នោតកាលពីខែកក្កដា និងសុំឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលមានសមាជិកប្រាំបួនរូប នោះលាលែងពីតំណែង លោក ព្រំ សុខា បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាពិភាក្សាតែអំពីយន្តការឆ្ពោះទៅរកការធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោតនាពេលខាងមុខ ដូចបានព្រមព្រៀងគ្នារួចហើយ ប៉ុណ្ណោះ អំឡុងការចរចាលើកចុងក្រោយ កាលពីខែកញ្ញា។
លោក ព្រំ សុខា បានមានប្រសាសន៍ថា “ទោះបីជាគណបក្សសង្គ្រោះជាតិជាអ្នកកំណត់របៀបវារៈលើកនេះក៏ដោយ ក៏នៅទីបំផុតយើងបានផ្ដោតលើរបៀបវារៈ ដែលមេដឹកនាំកំពូលៗបានពិភាក្សា [កាលពីខែកញ្ញា] អំពីការព្រមព្រៀងធ្វើកំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់ការបោះឆ្នោតនាពេលអនាគត”។ លោកបានបន្តទៀតថា “បន្ទាប់ពីយើងចរចាគ្នាអំពីក្របខ័ណ្ឌបោះឆ្នោត យើងអាចមើលឃើញអ្វីកើតឡើង ប៉ុន្តែអ្វីៗគួរតែឆ្លងកាត់ដំណើរការ និងនីតិវិធីច្បាប់។ អស់លោកមិនអាចធ្វើឲ្យហួសពីច្បាប់បានទេ”។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិដែលបានដឹកនាំគណៈប្រតិភូរបស់គណបក្សប្រឆាំងបានមានប្រសាសន៍ថា ការបដិសេធរបស់គណបក្សប្រជាជនកម្ពុជាមិនចរចាអំពីការសើុបអង្កេតលើភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោត ឬការជំនួសមន្ត្រីគ.ជ.ប. បានរារាំងភាគីទាំងពីរមិនឲ្យចេញសេចក្ដីថ្លែងការណ៍រួមបន្ទាប់ពីការចរចាគ្នានេះ។ លោកថ្លែងថា “គណបក្សប្រជាជនកម្ពុជាមិនចង់និយាយអំពីពីរចំណុចដំបូង ដែលគណបក្សសង្គ្រោះជាតិបានលើកឡើងទេ។ ពួកគេចង់ផ្ដោតលើកំណែទម្រង់បោះឆ្នោតសម្រាប់ថ្ងៃអនាគត”។ លោកបានមានប្រសាសន៍ថា “គណបក្សប្រជាជនកម្ពុជាជឿជាក់តែ “ ម្នាក់ឯង” ប៉ុណ្ណោះថា គ្មានភាពមិនប្រក្រតីក្នុងថ្ងៃបោះឆ្នោត ដែលត្រូវស៊ើបអង្កេតទេ។
លោកបានមានប្រសាសន៍ថា “បញ្ហា ដែលបានកើតឡើងកាលពីថ្ងៃទី២៨ ខែកក្កដា ដូចដែលត្រូវបានលើកឡើងដោយភាគីពាក់ព័ន្ធជាច្រើន ដូចជាអ្នកបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិ សហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិ NDI [វិទ្យាស្ថានជាតិប្រជាធិបតេយ្យ] និងអង្គការក្រៅរដ្ឋាភិបាលផ្សេងៗទៀតជាដើម”។
អ្នកសង្កេតការណ៍បោះឆ្នោតបានលើកឡើងពីក្ដីព្រួយបារម្ភថា ចំនួនអ្នកបោះឆ្នោតដែលបានបាត់បង់សិទ្ធិបោះឆ្នោតកាលពីខែកក្កដា ដែលតាមការប៉ាន់ប្រមាណថា មានចំនួនរហូតដល់ទៅ១ភាគ៣នោះ បានបង្ហាញយ៉ាងច្បាស់ថា លទ្ធផលបោះឆ្នោតមិនត្រឹមត្រូវ។
លោក យឹម សុវណ្ណ ក៏បានមានប្រសាសន៍ដែរថា ការចូលរួមរបស់គណបក្សសង្គ្រោះជាតិក្នុងរដ្ឋសភា មិនត្រូវបានពិភាក្សាគ្នាទេ អំឡុងការចរចានេះ។ បច្ចុប្បន្នតំណាងរាស្ត្រជាប់ឆ្នោតទាំង៥៥រូបរបស់គណបក្សសង្គ្រោះជាតិកំពុងធ្វើពហិការមិនចូលរដ្ឋសភា។ លោកបានមានប្រសាសន៍ថា “យើងមិនបានចរចាអំពីការចូលរួមសម័យប្រជុំសភាទេនៅក្នុងជំនួបនៅថ្ងៃនេះ ហើយខ្ញុំសូមប្រកាស ថា គណបក្សសង្គ្រោះជាតិនឹងមិនចូលរួមសម័យប្រជុំសភាឡើយ ប្រសិនបើគ្មានដំណោះស្រាយច្បាស់លាស់ទេនោះ”។
លោក ព្រំ សុខា បានថ្លែងថា នឹងមានជំនួបចរចាមួយផ្សេងទៀតនៅសប្ដាហ៍នេះ ប៉ុន្តែលោកបដិសេធមិនផ្ដល់កាលបរិច្ឆេទច្បាស់លាស់ទេ។លោកថ្លែងថា “យើងនឹងបន្តចរចាគ្នាទៀតនៅពីរបីថ្ងៃក្រោយ”៕ សុខុម