យោងតាមអង្គការសិទ្ធិមនុស្សអាដហុកបានឲ្យដឹងថា មានសេចក្តីរាយការណ៍អំពីករណីរំលោភកុមារចំនួន១៤០ករណីនៅក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំនេះ និងមានករណីរំលោភ ហើយសម្លាប់១៤ករណី អំឡុងពេលដូចគ្នានេះ។
លោកស្រី ជួន ចំរ៉ុង ប្រធានកម្មវិធីស្ត្រីនៅអង្គការអាដហុកបានមានប្រសាសន៍ថា ការរំលោភកុមារមានចំនួនជាង២ភាគ៣ នៃករណីរំលោភទាំងអស់ដែលអង្គការអាដហុកទទួលបាន ហើយស្ថានការណ៍នេះបង្ហាញថា មានការអត់ឱនច្រើនចំពោះបទឧក្រិដ្ឋរំលោភកុមារនៅក្នុងសង្គមខ្មែរ។ លោកស្រី ចំរ៉ុង បានមានប្រសាសន៍ថា “ មានវប្បធម៌ហិង្សាពីបុរសទៅលើស្ត្រី ប៉ុន្តែវាមិនមែនជាអាទិភាពទេនៅកម្ពុជា”។
លោកស្រីបានបន្ថែមថា មហាបាតុកម្មដែលបានផ្ទុះឡើងក្រោយពីករណីរំលោភ ហើយសម្លាប់នាពេលថ្មីៗនេះក្នុងប្រទេសឥណ្ឌា និងការរំលោភកុមារនៅអាហ្រិ្វកខាងត្បូង នឹងមិនកើតមាននៅកម្ពុជាទេ។ លោកស្រី ចំរ៉ុង បានមានប្រសាសន៍ថា “ បញ្ហាផ្លូវភេទមិនមែនជាអាទិភាពដែលគេត្រូវការពារនោះទេ។ការរំលោភត្រូវបានចាត់ទុកថា ជាបញ្ហាបុគ្គល បញ្ហាផ្ទាល់ខ្លួន ដូច្នេះមានកំហឹងចំពោះតែមនុស្សដែលប្រព្រឹត្តបទឧក្រិដ្ឋនោះប៉ុណ្ណោះ”។
អង្គការសិទ្ធិមនុស្សលីកាដូ មានតួលេខខ្ពស់ជាងនេះសម្រាប់រយៈពេលដូចគ្នាពីខែមករាដល់ខែកញ្ញា ដោយទទួលបានករណីរំលោភកុមារ១៧០ករណីក្នុងរយៈពេលប្រាំបួនខែនេះ ដែលក្នុងនោះមានបីករណីគឺជាករណីរំលោភ ហើយសម្លាប់។
លោកស្រី លី វីជុតា ប្រធានអង្គការជំនួយផ្លូវច្បាប់ដល់កុមារនិងស្ត្រីមានប្រសាសន៍ថា បញ្ហារំលោភកុមារនៅកម្ពុជា និងការទទួលយករបស់សាធារណជនចំពោះបញ្ហានេះ កើតចេញពីបទដ្ឋានយេនឌ័រហួសសម័យ ខ្វះការអប់រំ ភាពក្រីក្រ និងប្រហែលជាមកពីការសេពសុរាដោយផ្ទាល់តែម្តង។ លោកស្រី វីជុតា បានមានប្រសាសន៍ថា “នៅពេលយើងសួរជនល្មើសពីមូលហេតុដែលពួកគេចាប់រំលោភស្ត្រី ពួកគេនិយាយថា ខ្ញុំស្រវឹងស្រា បានជាខ្ញុំរំលោភ”។ លោកស្រីបានបន្ថែមថា យោងតាមទិន្នន័យរបស់អង្គការជំនួយផ្លូវច្បាប់ដល់កុមារនិងស្ត្រី ជនរងគ្រោះពីការរំលោភប្រហែល៦០ភាគរយគឺជាអនីតិជន។
លោកស្រីបានមានប្រសាសន៍បន្ថែមទៀតថា ខណៈដែលករណីរំលោភបន្តកើនឡើងជារៀងរាល់ឆ្នាំនោះ គេមិនអាចប្រាប់ថា តើបញ្ហានេះ គឺដោយសារតែមានការរាយការណ៍ ឬដោយសារការកើនឡើងបទល្មើសនេះទេ។ លោកស្រី វីជុតា ក៏បានបញ្ជាក់ដែរថា ករណីរំលោភកុមារជាច្រើនមិនត្រូវបានគេរាយការណ៍ទេ ពីព្រោះជារឿយៗជនល្មើស និងជនរគ្រោះគឺជាសមាជិកគ្រួសារតែមួយ ហើយដោយសារបញ្ហានេះហើយបានជាជួនកាលមិនមានការដាក់ពាក្យបណ្តឹងទៅអាជ្ញាធរ។
លោកស្រីបានមានប្រសាសន៍ថា “គ្រួសារមួយចំនួននៅតាមតំបន់ដាច់ស្រយាល ប្រសិនបើលោកអ្នកនិយាយអំពីការរំលោភកុមារ វាធ្វើឲ្យបាត់បង់កេរ្តិ៍ឈ្មោះរបស់គ្រួសារនោះ”។ ករណីរំលោភកុមារដែលត្រូវបានរាយការណ៍នាពេលថ្មីៗនេះបង្ហាញឲ្យឃើញអំពីភាពត្រឹមត្រូវនៃការលើកឡើងរបស់លោកស្រី វីជុតា។
លោក ស៊ាង ម៉ាលី អធិការនគរបាលស្រុកទ្រាំង បានមានប្រសាសន៍ថា ចេង សឿន អាយុ៤១ឆ្នាំ ជាកសិកររស់នៅក្នុងស្រុកទ្រាំង ខេត្តតាកែវ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ ពីបទវាយប្រពន្ធ និងកូនស្រីរបស់ខ្លួន ហើយបន្ទាប់មកបានរំលោភកូនស្រីចុងអាយុ១៥ឆ្នាំរបស់ខ្លួនទៀត។ លោកបានមានប្រសាសន៍កាលពីម្សិលមិញថា “បន្ទាប់ពីជននេះត្រូវបានចាប់ខ្លួនរួចហើយ ជនសង្ស័យរូបនេះបានសារភាពថា ខ្លួនបានរំលោភកូនស្រីចុងរបស់ខ្លួនជាច្រើនដងចាប់តាំងពីនាងមានអាយុ១០ឆ្នាំ”។
លោក សាន សាក់ នាយប៉ុស្តិ៍នគរបាលសង្កាត់ពន្ធសាំង បានមានប្រសាសន៍កាលពីម្សិលមិញថា នៅក្នុងករណីដោយឡែកមួយទៀត ឈ្មោះ ជុច សុខា អាយុ៣២ឆ្នាំ ដែលធ្វើការងារតូចតាចនៅក្នុងខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ ត្រូវបានចោទប្រកាន់កាលពីម្សិលមិញពីបទចាប់រំលោភកូនស្រីចុងអាយុ១៣ឆ្នាំរបស់ខ្លួនចំនួនបួនដង ហើយការរំលោភនាពេលថ្មីនេះគឺនៅថ្ងៃទី២៨ ខែតុលា។
លោកបានមានប្រសាសន៍ថា “ជននេះបានរំលោភកូនស្រីចុងរបស់ខ្លួនចំនួនបួនដង ពេលជនរងគ្រោះនៅផ្ទះតែពីរនាក់ជនល្មើស។ ជនសង្ស័យរូបនេះតែងតែស្រវឹងស្រា [នៅពេលរំលោភម្ដងៗ]”។
កាលពីថ្ងៃអង្គារ តុលាការខេត្តក្រចេះ បានចោទប្រកាន់ជាងជួសជុលម៉ូតូអាយុ២១ឆ្នាំម្នាក់ពីបទរំលោភក្មេងស្រីអាយុ២ឆ្នាំម្នាក់នៅក្នុងផ្ទះរបស់ខ្លួន។
លោកស្រី វីជុតា បានចូលរួមនៅក្នុងការអំពាវនាវឲ្យមានយុទ្ធនាការទូទាំងប្រទេសដើម្បីអប់រំប្រជាពលរដ្ឋអំពីភាពធ្ងន់ធ្ងរនៃការរំលោភកុមារ ប៉ុន្តែបានមានប្រសាសន៍ថា កង្វះមូលនិធិគឺជាឧបសគ្គចំពោះការខិតខំប្រឹងប្រែងបែបនេះ។
លោកស្រីបានមានប្រសាសន៍ថា “យើងមិនអាចធ្វើយុទ្ធនាការទូទាំងប្រទេសបានទេ ពីព្រោះយុទ្ធនាការត្រូវចំណាយលុយច្រើន និងត្រូវការធនធានមនុស្សផងដែរ”។ លោកស្រីបានបន្ថែមថា កម្ពុជាក៏ខ្វះជំនាញប្រមូលតួលេខពាក់ព័ន្ធនឹងការរំលោភ ករណីរំលោភកុមារ និងករណីរំលោភហើយសម្លាប់ដែរ។លោកស្រីបានមានប្រសាសន៍ថា “នគរបាល តុលាការ អង្គការក្រៅរដ្ឋាភិបាលសុទ្ធតែមានតួលេខខុសៗគ្នា”។
លោកស្រី ខៀវ សេរីសុធា អគ្គនាយិកាក្រសួងកិច្ចការនារីបានទទួលស្គាល់កាលពីម្សិលមិញថា ក្រសួងមិនបានប្រមូលទិន្នន័យបែបនេះទេ។
លោកស្រីមានប្រសាសន៍ថា “យើងមានភារកិច្ចប្រមូលទិន្នន័យ ប៉ុន្តែយើងកំពុងដំណើរការបង្កើតប្រព័ន្ធនៅឡើយ”៕ គឹមហឿន