31 C
Phnom Penh

អង្គការ​​​សុខភាព​​​ពិភពលោក​​​ស្នើ​​​ឲ្យ​​​មាន​​​មូល​​​និធិ​​​១៥​​​លាន​​​ដុល្លារ​​​ទៀត​​​សម្រាប់​​​ប្រយុទ្ធ​​​​​​នឹង​​​ជំងឺគ្រុន​​​ចាញ់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​សុខភាព​ពិភព​លោក​កំពុង​ធ្វើ​សំណើ​សុំ​ឲ្យ​គេ​លៃ​ទុក​ថវិកា​ចំនួន​១៥​លាន​ដុល្លារ ពី​ថវិកា​ជំនួយ​ថ្មី​ចំនួន​១០០​លាន​ដុល្លារ ដល​់​ប្រទេស​​កម្ពុជា ដើម្បី​ទប់​ស្កាត់​ការ​រាល​ដាល​នៃ​ភាព​ស៊ាំ​ចំពោះ​ថ្នាំ​ ​​ដែល​មាន​ច្រើន​បំផុត​សម្រាប់​ព្យាបាល​ជំងឺ​គ្រុន​ចាញ់​។

លោកស្រី អុីវ៉ា គ្រីស្តូហ៊្វែល (Eva Christo-phel) ទីប្រឹក្សាផ្នែក​ជំងឺ​គ្រុន​ចាញ់​ប្រចាំ​តំបន់នៃ​អង្គការ​សុខភាព​ពិភព​លោក​​ប្រចាំ​ទីក្រុង​ម៉ានីល បាន​មាន​ប្រសាសន៍​ថា អង្គការ​នេះ​សង្ឃឹម​ថា នៅ​ខែក្រោយ​នឹង​បាន​ទទួល​ការ​ឆ្លើយ​តប​ពី​មូល​និធិ​ពិភព​លោក ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍ ជំងឺ​របេង និង​ជំងឺ​គ្រុន​ចាញ់ ដែល​ជា​អ្នក​លៃ​ទុក​ថវិកា​នេះ​​ ។

ថវិកា​ចំនួន​១០០​លាន​ដុល្លារ របស់​មូល​និធិ​ពិភព​លោក​នេះ ត្រូវ​បាន​លៃ​ទុក​សម្រាប់​ការ​ឆ្លើយ​តប​​ក្នុង​គ្រាអាសន្ន​ចំពោះ​ភាព​ស៊ាំ​​​នៃ​ថ្នាំ​ Artemisinin។
បុគ្គលិក​សុខាភិបាល​បាន​រក​ឃើញ​ភាព​ស៊ាំ​ចំពោះ​ការ​ព្យាបាល​រួម​គ្នា​ដោយ​ប្រើ​ថ្នាំ Artemisinin (ACT) ​លើក​ដំបូង​នៅ​តាម​បណ្ដោយ​​​​​​​ព្រំ​ដែន​កម្ពុជា​ថៃ​ កាលពី​ឆ្នាំ​២០០៧ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក​ គេ​ក៏​បាន​រក​ឃើញ​ភាព​ស៊ាំ​នេះ​​នៅ​ក្នុង​ប្រទេស​វៀតណាម និង​ប្រទេស​ភូមា​ផង​ដែរ​។

ផែន​ការ​សម្រាប់​ការ​ឆ្លើយ​តប​ក្នុង​គ្រា​អាសន្ន​ថ្មី​របស់​អង្គការ​សុខភាព​ពិភព​លោក​នេះ មាន​បំណង​ទប់​ស្កាត់​មិន​ឲ្យ​ភាព​ស៊ាំ​នេះ​រាល​ដាល​ចេញពី​តំបន់​នេះ និង​មិន​ឲ្យ​រាល​ដាល​ទៅ​ដល់​តំបន់​អាហ្វ្រិក​ ដែល​នៅ​ទីនោះ​​​ភាគ​ច្រើន​នៃ​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​ចាញ់​ប្រចាំ​ឆ្នាំ​មាន​ចំនួន​ជាង​៦០០.០០០​នាក់​។ ​​​ភាព​ស៊ាំ​នឹង​ថ្នាំ​ Artemisinin នឹង​មាន​គ្រោះ​​​ថ្នាក់​​​​ខ្លាំង​ប្រសិន​បើ​វា​រាល​ដាល​ទៅ​ដល់​អាហ្វ្រិក។

លោកស្រី គ្រីស្តូហ៊្វែល​ មាន​ប្រសា​​​សន៍​អំពី​​​​ភាព​ធ្ងន់ធ្ងរ​នៃ​​បញ្ហា​នេះ​ថា “ឥឡូវ​នេះ​ថ្នាំ​ Artemisinin ​មាន​សារៈសំខាន់​បំផុត​សម្រាប់​ព្យាបាល​ជំងឺ​គ្រុន​ចាញ់​ ហើយ​យើង​ពិត​ជា​មិន​មាន​ជម្រើស​ផ្សេង​ឡើយ។ ​យើង​ពិត​ជា​មិន​មាន​វិធី​ផ្សេង​សម្រាប់​អនុវត្ត​ឡើយ​”។​ លោកស្រី​បាន​​មាន​ប្រសាសន៍​ថា ថវិកា​ចំនួន​១៥លាន​ដុល្លារ ដែល​ស្នើ​សុំ​សម្រាប់​កម្ពុជា​​នេះ​ ប្រសិន​បើ​ត្រូវ​បាន​អនុម័ត​មែន​នោះ មួយ​ផ្នែក​នឹង​ទុក​សម្រាប់​ចំណាយ​ទៅ​​​លើ​ការ​ប្ដូរ​ទី​តាំង​​ការិយាល័យ​​សម្រាប់​ប្រយុទ្ធ​​​​ប្រឆាំង​ភាព​ស៊ាំ​នៃ​ថ្នាំ​ព្យាបាល​ជំងឺ​គ្រុន​ចាញ់​ប្រចំា​តំបន់​របស់​អង្គការ​សុខភាព​ពិភពលោក ​ពីទីក្រុង​បាង​កក​មកទី​ក្រុង​ភ្នំពេញ ដោយ​ផ្ដោត​​​​​​​​ខ្លាំង​ជាង​មុន​ទៅ​លើ​ការ​ព្យាបាល​ជំងឺ​គ្រុន​ចាញ់​សម្រាប់​កម្មករ​ចំណាក​ស្រុក​ និង​សម្រាប់​​​​ការ​បង្កើន​ការ​ស្វែង​រក​មនុស្ស​ដែល​មាន​ផ្ទុក​មេរោគ​គ្រុន​ចាញ់​ស៊ាំ​នឹង​ថ្នាំ​​នេះ​​​ ព្រោះ​​​​វា​មិន​មាន​ចេញ​រោគ​សញ្ញា​ណាមួយ​ឡើយ​។ លោកស្រី​បាន​មាន​ប្រសាសន៍​ថា “ការ​ងារ​ទាំង​អស់​នេះ​មាន​សារៈសំខាន់​ជាង​​កម្មវិធី​ជំងឺ​គ្រុន​ចាញ់​ធម្មតា​​ទៅ​ទៀត”។

ការិយាល័យ​កណ្ដាល​ផ្នែក​ប្រយុទ្ធ​ប្រឆាំង​ភាព​សុំានៃ​ថ្នាំ​នេះ​របស់​អង្គការ​សុខភាព​ពិភព​​​​​​​លោកនៅ​​​​ក្នុង​ទីក្រុង​ភ្នំពេញ​ ត្រូវ​មាន​បុគ្គលិក​បន្ថែម​បួន​នាក់​ទៀត​នៅ​ទីនេះ ហើយ​លោក​​​ស្រី​ គ្រីស្តូហ្វែ៊ល ​មាន​ប្រសាសន៍​ថា អង្គការ​សុខភាព​ពិភព​លោក​​សង្ឃឹម​ថា នឹង​មាន​នាយក​​​​​​​​​​​​​គ្រប់​គ្រង​​ម្នាក់​នៅ​ត្រឹម​ខែ​មករា​។

លោកស្រី​បាន​បដិសេធ​មិន​ប្រាប់​ព័ត៌មាន​បន្ថែម​ទៀត​​ថា តើ​នឹង​ចំណាយ​ថវិកា​​ទាំង​​១៥​​​​លាន​ដុល្លារ​នេះ​ដោយ​វិធី​ណាទេ ហើយ​បាន​​​​​​​បង្វែរ​សំណួរ​ទៅ​លោក ច ម៉េងជួ ប្រធាន​មជ្ឈ​​​មណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​គ្រុន​ចាញ់​របស់​រដ្ឋាភិបាល​ ដែល​បាន​ជួយ​ធ្វើ​សំណើ​នេះ។ គេ​មិន​អាច​ទាក់​ទង​លោក​ ច ម៉េងជួ បាន​ទេ ហើយ​អនុ​ប្រធាន​របស់​លោក​ គឺ​លោក ​​​​​​ជា ងួន បាន​បដិសេធ​មិន​ធ្វើ​អត្ថា​​​ធិប្បាយ​។

កាលពី​ខែ​វិច្ឆិកា មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​គ្រុន​ចាញ់​បាន​បញ្ជាក់​ថា ថវិកា​ជំនួយ​របស់​​មូល​និធិពិភព​លោក​នឹង​មិន​ត្រូវ​ប្រគល់​​ដោយ​​ផ្ទាល់​ទៅ​ឲ្យ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​គ្រុន​ចាញ់​ទៀត​ទេ ដោយ​សារ​​មូលនិធិ​នេះ​កំពុង​ស៊ើប​អង្កេត​លើ​ការ​ចំណាយ​ប្រាក់​ជំនួយ​លើក​មុន​ដោយ​មិន​ត្រឹម​ត្រូវ និង​ដោយ​សម្ងាត់​។

ចំពោះ​អ្នក​គ្រប់​គ្រង​ថវិកា​ជំនួយ​ថ្មី​របស់​មូលនិធិ​ពិភព​លោក​ដល់​ប្រទេស​កម្ពុជា​នេះ​ លោក​ស្រី គ្រីស្តូហ្វែ៊ល បាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​គិត​ថា មិន​ទាន់​មាន​សេចក្ដី​សម្រេច​នៅ​ឡើយ​ទេ”៕ គឹមហឿន​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស