27 C
Phnom Penh

នគរបាល​កម្ពុជា​​នឹង​​ចាប់ខ្លួន​អតីត​មហាសេដ្ឋី សេរហ្គេ ប៉ូឡុនស្គី ​តាម​សំណើ​រដ្ឋាភិបាល​​រុស្ស៊ី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​នគរបាល​ជាន់​ខ្ពស់​​​មួយ​រូប​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា អាជ្ញាធរ​កម្ពុជា​​មាន​ផែន​ការ​ចាប់ខ្លួន​​លោក​​ សេរហ្គេ ប៉ូឡុនស្គី (Sergei Polonsky) អតីត​មហាសេដ្ឋី​​រុស្ស៊ី​ ដែល​សព្វថ្ងៃ​កំពុង​​រស់នៅ​លើ​កោះ​មួយ​​ក្នុង​ក្រុង​ព្រះ​សីហនុ​ ហើយ​​នឹង​​ធ្វើ​បត្យាប័ន​​រូប​​​លោក​ទៅ​កាន់​ប្រទេស​រុស្ស៉ីវិញ ដើម្បី​​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់ពីបទឆបោក​​​លុយ​រាប់​លាន​ដុល្លារ​​។

ឧត្តមសេនីយ៍​ឯក​ គៀត ច័ន្ទ​ថារិទ្ធ​ អ្នក​នាំ​ពាក្យ​​នគរបាល​ជាតិ​​​បាន​មានប្រសាសន៍​ថា “យើង​នឹង​ចាប់​ខ្លួន​គាត់​​ក្នុង​ពេល​ឆាប់​ៗ”។ លោក​​បាន​មាន​ប្រសាសន៍​បន្ថែម​ថា “ដោយ​​​សារ​តែ​រដ្ឋាភិបាល​រុស្ស៊ី​​បាន​បញ្ជូន​លិខិត​​មក​ឲ្យ​រដ្ឋាភិបាល​របស់​យើង​រួច​ហើយ​​ ហេតុ​ដូច្នេះ​​យើង​នឹង​ចាប់​ខ្លួន​គាត់​​”។ លោក​បន្ត​ថា ឧត្តមសេនីយ៍ឯក​ កែវ​ វណ្ណថាន ប្រធាន​ការិ​យាល័យ​នគរបាល​អន្តរជាតិ​អាំងទែប៉ូល​​​នឹង​ទទួល​​យក​​ភារកិច្ច​នេះ​។

លោក​បាន​មានប្រសាសន៍​ថា​ “ខ្ញុំ​គិត​ថា វា​​​មិន​មែន​ជា​ការ​លំបាក​នោះទេ​​។ ទុក​​ឲ្យ​លោក​ កែវ វណ្ណថាន​​ ជា​អ្នកទទួល​យក​ភារ​កិច្ច​នេះ​ចុះ​”។ ឧត្តមសេនីយ៍​ឯក កែវ​ វណ្ណថាន​ បាន​បដិសេធ​មិន​​ធ្វើ​​អត្ថាធិប្បាយ​អ្វី​ឡើយ​​កាល​ពី​ម្សិល​មិញ។

លោក ប៉ូឡុនស្គី ដែល​ត្រូវ​បានផ្ដន្ទា​ទោស​​​កំបាំង​មុខ​កាលពី​ខែ​កក្កដា ពី​បទ​ឆបោក​​លុយ​ជាង​១៧៥​លាន​ដុល្លារ​​ ពី​​វិនិយោ​គិន​ប្រហែល​​៨០​នាក់​​នៅ​ក្នុង​ទីក្រុង​មូស្គូ ​ក្នុង​គម្រោង​​អភិ​វឌ្ឍ​ន៍​ទីក្រុង​​មូស្គូ ​កាល​ពី​ម្សិលមិញ​ក៏​ត្រូវ​បាន​​​កត់​ចូល​ក្នុង​ [បញ្ជី​ក្រហម​] ​របស់​​នគរបាល​​អន្តរជាតិ​អាំងទែប៉ូលជា​ជន​​ឧក្រិដ្ឋ​ដែល​គេតាម​​ចាប់​ខ្លួនផងដែរ​​។ ហើយ​​ការ​កត់​ចូល​​ក្នុង​បញ្ជី​ក្រហម​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​​​ជិត​បី​ខែ​​ បន្ទាប់​ពី​តុលាការ​រុស្ស៉ីបាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក​​។ យោង​តាម​គេហទំព័រ​របស់​​នគរបាល​​អន្តរ​ជាតិ​​​អាំងទែប៉ូល​ បាន​ឲ្យ​ដឹង​ថា លោក​ ប៉ូឡុនស្គី គឺ​ជា​ជន​ដែល​អាជ្ញាធរ​យុត្តិធម៌​របស់រដ្ឋាភិបាល​រុស្ស៊ី​តាម​ចាប់​ខ្លួន​យក​ទៅ​ផ្ដន្ទា​ទោស​ទាក់​ទិន​នឹង​ “ការ​ឆបោក​​ទ្រង់​ទ្រាយ​ធំ”។

លោក​ ប៉ូឡុនស្គី ដែល​ជា​អ្នក​មាន​បំផុត​មួយ​រូប​ក្នុង​ចំណោម​​អ្នក​មាន​បំផុតមួយចំនួន​​​ក្នុង​ប្រទេស​រុស្ស៊ី ក៏​ធ្លាប់​បាន​ជាប់​​ពន្ធនាគារ​រយៈ​ពេល​​បី​ខែ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​ បន្ទាប់​ពី​​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ​​បាន​ចោទ​ប្រកាន់​កាល​ពី​ខែ​មករា​ ជាមួយ​នឹង​​​ជនជាតិ​រុស្ស៊ី​ពីរ​នាក់​ផ្សេង​​ទៀត​​ ពី​បទ​វាយដំ​បង្ខំ​ឲ្យ កម្មករលើ​​​ទូក​​ជន​ជាតិ​​ខ្មែរ​​ចំនួន​ប្រាំ​មួយ​​នាក់​​លោត​ចុះ​ពី​លើ​ទូក​ទៅ​ក្នុង​សមុទ្រ​​​​ដោយ​ប្រើ​កំបិត​​ភ្ជង់​ក្នុង​ក្រុង​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ។

អំឡុង​​កិច្ច​សម្ភាស​មួយ​នៅ​លើ​កោះ​​ដែក​គោល​ ដែល​ជា​កោះ​ឯក​ជន​របស់​លោក​​កាល​​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា​ លោក​ ប៉ូឡុនស្គី បាន​ប្រាប់​​អ្នក​​យក​ព័ត៌មាន​ថា ការ​ចោទ​ប្រកាន់​ពី​បទ​​​ឆបោក​លុយ​ និង​​​ការ​វាយ​ដំ​ដែល​គេ​បាន​​​ចោទលើ​រូប​​លោកនេះ​​ គឺ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​អតីត​ដៃ​គូ​​ជំនួញ​​​​នៅ​ក្នុង​ក្រុម​ហ៊ុនអចលនទ្រព្យ​មីរ៉េក​ស៍​ គ្រុប​ (Mirax Group) របស់​លោក ដែល​​បាន​ប្ដូរ​ឈ្មោះ​​ទៅ​ជា ប៉ូថុក​ (Potok) ដើម្បីប្លន់​យក​ទ្រព្យ​សម្បត្តិ​របស់​លោក​។ លោក​បាន​​និយាយ​​អំឡុង​ពេល​​នោះ​ថា “ប្រសិន​បើ​​នគរបាល​​អន្តរជាតិ​អង់ទែប៉ូល​ ចាប់​ខ្ញុំ​ គឺ​ខុស​ធំ​ហើយ​”។

កាល​ពី​ម្សិលមិញ​ លោក​ ប៉ូឡុនស្គី បាន​បដិសេធ​​មិន​​​និយាយអំពី​មុខ​ងារ​​ផ្លូវ​ការ​​ថ្មី​ របស់​លោក​ដែល​ជា​ជន​ភៀសខ្លួន​​នោះ​ឡើយ​​ ប៉ុន្តែ​លោក​​ហាក់​បី​ដូច​​ជាមិន​​​ភ្ញាក់​ផ្អើល​អំពី​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​អំពី​រូប​លោក​ទេ​។ លោក​បាន​និយាយ​​តាម​ទូរស័ព្ទ​ពី​កោះ​ដែក​​គោល​មក​ថា “យើង​អង្គុយ​លេង​ក្រោម​​ថ្ងៃ​​រៀប​លិច​​”។ នៅ​ម៉ោង​​ប្រហែល​៤ល្ងាច​​កាល​ពី​ម្សិ​ល​មិញ លោក​ ប៉ូឡុនស្គី បាន​បង្ហោះ​​​ពាក្យ​ថា “Abracadabra BOOM”  នៅ​លើ​ទំព័រ​ធ្វីតធឺ​ផ្ទាល់​ខ្លួន​របស់​លោក​​ ដោយ​ភ្ជាប់ទៅ​នឹង​ទំព័រអ៊ីន​ធើណិត​មួយ​ផ្សេង​ទៀត​ ដែល​មាន​​​បង្ហាញ​​មុខ​​របស់​លោក​ ដែល​ថត​ចេញ​ពី​​គេហទំព័រ​របស់​នគរបាល​​​អន្តរជាតិ​អាំងទែប៉ូល។

លោក​ រស់​ ស៊ីថា មេធាវី​មួយ​រូប​​ក្នុង​ចំណោម​មេធាវី​ទាំង​អស់​របស់​លោក​ ប៉ូឡុន​ស្គី បាន​ឲ្យ​ដឹង​​កាល​ពី​ម្សិលមិញ​ថា ទោះបី​ជា​​គេ​​មាន​ផែន​ការ​ចាប់​ខ្លួន​កូន​ក្ដី​របស់​លោក​ក៏​ដោយ​ ប៉ុន្តែ​លោក​​មិនបាត់​បង់​​ក្ដីសង្ឃឹម​​ឡើយ​។ លោក​បាន​មានប្រសាសន៍​ថា “ឥឡូវ​នេះ​​យើង​​មាន​វិធីសាស្ត្រ​ជា​ច្រើន​​ដើម្បីជួយ​គាត់​​ ប៉ុន្តែ​​​វិធី​សាស្ត្រ​ទាំង​នេះ​ គឺ​ជា​វិធីសាស្ត្រ​​សម្ងាត់​ ខ្ញុំ​មិន​អាច​ប្រាប់​បាន​ទេ​”។ លោក​បន្ថែម​ថា លោក​បាន​​​ជួប​ជាមួយ​​ជន​ជាតិ​រុស្ស៊ី​ផ្សេង​ទៀត​​កាល​ពីយប់​មិញ​ ដើម្បី​​ពិភាក្សា​គ្នា​​ស្វែង​រក​វិធីសាស្ត្រ​។ លោក​បាន​​មាន​ប្រសាសន៍​បន្ត​ថា “យប់​មិញ​ជំនួយ​ការ​ជន​​ជាតិ​រុស្ស៊ី​របស់​លោក​ ប៉ូឡុន​​ស្គី មួយ​ចំនួន​បាន​មក​ជួប​ខ្ញុំ​នៅ​ផ្ទះ​រ​បស់​ខ្ញុំ”។

លោក​ស្រី​ អូលហ្គា សេវ​ស៊ូអ៊ីក (Olga Sevcuic) ជំនួយ​ការ​ផ្ទាល់​របស់​លោក​ ប៉ូឡុនស្គី បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ចៅហ្វាយ​របស់​​លោក​ស្រីមិន​ចាប់​អារម្មណ៍នឹង​ការ​ប្រើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​​​ជា​ប្រចាំ​ ដើម្បី​អះអាង​ពី​ភាព​គ្មាន​ទោស​របស់់​​លោក​ឡើយ​ ប៉ុន្តែ​លោក​បែរ​ជា​ចាប់​អារម្មណ៍​ការ​រស់​នៅ​ដ៏ហឺហារ​របស់​លោកទៅ​​វិញ។ លោក​ស្រី​បាន​មានប្រសាសន៍​ថា “គ្មាន​ហ្វេសប៊ុក​ គ្មាន​អ៊ីនធើណិត​ គ្មាន​ព័ត៌មាន​នោះ​ទេ​ គឺ​នៅ​ក្នុង​សភា​ព​ស្ងៀមស្ងាត់។ គាត់​នៅ​តែ​ព្យាយាម​រស់​នៅ​ដូច​សេដ្ឋី​”។

លោក​ស្រី​​បានមាន​ប្រសាសន៍​បន្ថែម​ថា “ទោះ​បី​ជា​បញ្ហា​ទាំងអស់​នេះ​កើតឡើង​ក៏ដោយ ក៏​​គាត់​​នៅ​តែ​ព្យាយាម​រស់នៅ​ដូច​ធម្មតា ព្រោះ​ប្រហែល​​ជា​គាត់​គិតថា គាត់​នៅ​តែ​មាន​លុយ​”៕ ស៊ុយ​ឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស