27 C
Phnom Penh

អង្គការ​ក្រៅរដ្ឋាភិបាល​៖ ចាំបាច់​ត្រូវ​តែ​ធ្វើ​ឲ្យ​មាន​តម្លាភាព​ជាង​មុននៅ​ក្នុង​​ការ​​ប្រើប្រាស់​ជំនួយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សម្ពន្ធ​អង្គការ​​ក្រៅ​រដ្ឋាភិបាល​​បាន​​លើក​ឡើង​កាល​ពី​ម្សិលមិញ​ថា ចាំ​បាច់​ត្រូវ​​តែ​ធ្វើ​ឲ្យ​មាន​តម្លា​ភាព​​ជាងមុន​​នៅ​ក្នុង​ការ​ប្រើប្រាស់​ជំនួយ​ ដើម្បី​ធានា​ឲ្យ​បាន​ថា សាធារណជន​​អាច​ដឹង​​ឮ​អំពី​ថា  តើ​លុយ​ត្រូវ​បាន​​ចំណាយ​ដោយ​របៀប​ណា​ និង​​ទៅ​​ទី​ណា​ខ្លះ​។

លោក​ តេក វណ្ណារ៉ា នាយក​ប្រតិបត្តិ​រង​​នៅ​​វេទិកា​អង្គការ​មិន​មែន​​រដ្ឋាភិបាល​​​បាន​​លើក​ឡើង​​នៅ​ក្នុង​សិក្ខាសាលា​មួយ​នៅ​ក្នុង​រាជធានីភ្នំពេញ​ថា នៅ​ពេល​ក្រុម​ប្រឹក្សា​អភិ​វឌ្ឍ​​ន៍​កម្ពុជា​​​គ្រប់គ្រង​​ទិន្នន័យ​ជំនួយ​ ស្ដីពី​ម្ចាស់​ជំនួយ​​​ និង​បរិមាណ​ជំនួយ​ ដែល​រដ្ឋា​ភិ​បាល​ទទួល​បាន​​នោះ​ វា​ចាំបាច់​ត្រូវ​តែ​មាន​ការ​​គ្រប់គ្រង​ឲ្យ​បាន​ច្បាស់​លាស់​ជា​ងមុន​ ដើម្បី​​​បង្ហាញ​ឲ្យ​សាធារណជន​ដឹង​​ឮ​អំពី ថាតើ​លុយដែល​ទទួល​បាន​​ត្រូវ​បាន​ចំណាយ​​ដោយ​​របៀប​ណា និង​ទៅ​ទីណា​ខ្លះ​ឲ្យ​ពិត​ប្រាកដ​។

លោក​បាន​មានប្រសាសន៍​ថា “ តម្លាភាព​នៃ​ការ​​ប្រើប្រាស់​ជំនួយ​នៅ​តែ​ជា​របៀប​វារៈ​មួយមិន​ដាច់​ស្រេច​​នៅ​ក្នុង​ប្រទេស​​កម្ពុជា និង​ប្រទេស​ផ្សេង​ៗទៀត​”។
លោក​ តេក វណ្ណា​រ៉ា បាន​​លើក​ឧទា​ហរ​ណ៍​​ពី​ជំនួយ​នេះថា វា​​អាច​ជា​កម្ចី​សម្បទាន​ ដែល​ត្រូវ​តែ​​បង់​ការ​ប្រាក់​​ឬ​ក៏​អាច​ជា​​ជំនួយ​ឥត​សំណង​​​។ លោក​បាន​មានប្រសាសន៍​ថា “តើ​ពួក​គាត់​ [សាធារណជន​] បាន​ដឹង​​ទេ​ថា ជំនួយ​​សម្រាប់​គម្រោង​​ស្ថាបនា​ផ្លូវ​ថ្នល់​​ គឺ​ត្រូវ​បាន​ផ្ដល់​ដោយ​​ម្ចាស់​ជំនួយ​បរទេស​នោះ​​? តើ​ពួកគាត់​មាន​បាន​​ដឹង​ទេ​ថា ខ្លួន​ជា​អ្នក​​សង​បំណុល​នេះ​តាម​រយៈ​ការ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​នោះ​?។ ប្រជាពលរដ្ឋ​​មាន​សិទ្ធិ​ដឹងឮអំពី​​ថា តើ​ជំនួយ​​ត្រូវ​បាន​ប្រើ​​ដោយ​របៀប​ណា​”។

យោង​តាម​លោ​ក ឈិត​ សំអាត​ នាយក​ប្រតិបត្តិ​​វេទិកា​​អង្គការ​មិន​មែន​រដ្ឋាភិបាល​​​បាន​ឲ្យ​ដឹ​ង​ថា តម្លាភាព​​អាច​ធ្វើឲ្យ​ប្រសើ​រ​ជាង​​មុន​បាន​​​ ប្រសិន​បើ​រដ្ឋាភិបាល​ផ្សព្វផ្សាយ​ព័ត៌​មាន​ស្ដីពី​ជំនួយ​​នៅ​តាម​​ភូមិ ​ឃុំ​-សង្កាត់​នោះ​។

លោក​ស្រី ហ្វីអូណា​ រែម​ស៊ី (Fiona Ram-sey) លេខា​ទី​១ នៃ​គណៈប្រតិភូ​សហភាព​​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា​​បាន​ឲ្យ​ដឹង​ថា ស្រប​ពេល​មាន​ “ទិន្នន័យ​​ស្ដី​ពី​​​មូលនិធិ​​និង​​គម្រោង​ទាក់​ទិន​ជំនួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​​​ប្រសើរ​​ហើយ​​នោះ​ អ៊ីចឹង​ភាព​ខុសគ្នា​រវាង​​កម្ចី​សម្បទាន​ និង​​ជំនួយ​ឥត​សំណង​​គួរ​តែ​​​បែង​ចែក​​ឲ្យ​បាន​ច្បាស់​ជាង​មុន”។

លោក​ស្រី​​បាន​មានប្រសាសន៍​ថា វា​ជា​រឿង​មួយ​ដ៏សំខាន់​ ដែល​ត្រូវ​ចាប់​ផ្ដើម​​បែង​ចែក​ឲ្យ​បាន​ច្បាស់​ថា តើ​ជំនួយ​​ត្រូវ​បាន​​​ប្រើ​ប្រាស់​ដោយ​របៀប​ណា​ទៅ​កាន់​តំបន់​ណាខ្លះ​។ តំបន់​ខ្លះ​​ទទួល​បាន​ជំនួយ​មិន​ស្នើ​​គ្នា​នោះ​ទេ​ ហើយ​តំបន់​ខ្លះ​ទៀត​​ទទួល​បាន​ជំនួយ​តិច​”។ លោក​ស្រី​បាន​បន្ថែ​ម​ថា “យើង​​បាន​ផ្ដោត​​លើ​ថវិកា។ ការ​​តាមដាន​ពី​ជំនួយ​នេះ​​គឺ​ជា​វិធីសាស្ត្រ​ដ៏​សំខាន់​មួយ​ ដើម្បី​តាម​ដាន​ពី​គោល​នយោបាយ។ ហើយ​វា​អាច​លើក​កម្ពស់​​ការ​ទទួល​ខុសត្រូវ​ក្នុង​ស្រុក​”។

ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​២០១៤ គឺ​ស្ថិត​នៅ​ក្នុង​កញ្ចប់​នៅ​ឡើយ​ ប៉ុន្តែ​កាល​ពី​ឆ្នាំ​មុន​មន្ត្រី​រដ្ឋាភិបាល​​បាន​លើក​ឡើង​​ថា​ ខ្លួន​មាន​បំណង​​​លុប​បំបាត់​​ជំនួយ​បរទេស​ឲ្យ​អស់​​​នៅ​ត្រឹម​ឆ្នាំ​២០៣០។ តែ​ទោះជា​យ៉ាង​ណា​ នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ ប្រទេស​កម្ពុជា​​បាន​ទទួល​ប្រាក់​​កម្ចី​​យ៉ាង​​ច្រើន​ពី​ប្រទេស​ចិន​ ដែល​អត្រា​ការ​ប្រាក់​​ជា​យូរ​មក​ហើយ​តែង​តែ​ខ្ពស់​​ជាង​​​ម្ចាស់​ជំនួយ​ផ្សេង​ទៀត​ដូច​ជា​​ ធនាគារ​ពិភព​លោក និង​ធនាគារ​អភិវឌ្ឍ​ន៍អាស៊ី​ជា​ដើម​៕ ស៊ុយឈាង​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស