27.5 C
Phnom Penh

កម្ពុជា​គួរ​តែត្រៀម​ខ្លួន​ទប់ទល់​នឹង​ផល​លំបាក​បង្ក​ឡើង​ដោយបញ្ហា​ប្រែ​ប្រួលអាកាស​ធាតុ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​អង្គវេទិកាថ្នាក់​ជាតិ​លើក​ទី ៣ ស្តីពីការ​ប្រែ​ប្រួល​អាកាស​ធាតុ​​ ឲ្យ​ដឹង​កាល​ពីម្សិល​មិញ​ថា កម្ពុជា​ស្ថិតនៅ​​ក្នុង​ចំណោម​ប្រទេស​ទាំង​១០ ដែល​ងាយ​រង​គ្រោះបំផុត​ ដោយ​សារ​ការ​ប្រែប្រួល​អាកាស​ធាតុ​ ពីព្រោះ​ប្រជា​ពល​​រដ្ឋភាគ​ច្រើន​នៅក្នុង​ប្រទេស​នេះ​ចូលរួម​ក្នុង​សកម្មភាព​វិស័យ​កសិកម្ម​ និង​មាន​ការ​ខ្វះ​ហេដ្ឋា​រចនា​សម្ពន្ធដើម្បីទប់​ស្កាត់​ទឹក​ជំនន់​ និង​ផល​ប៉ះ​ពាល់​​ផ្សេង​ទៀត​។​

លោកស្រី​ គ្លែ វ៉ាន់ ឌឹ វ៉ារិន (Claire Van der Vaeren) អ្នក​សម្រប​សម្រួល​របស់​អង្គការ​សហ​ប្រជាជាតិ​ ប្រចាំ​​ប្រទេស​កម្ពុជា បាន​លើក​ឡើង​ថា ប្រជាជន​កម្ពុជា​ប្រហែល​៨០​ភាគ​រយ​ដែល​រស់នៅ​ក្នុង​តំបន់​ជន​បទ​ នឹង​រង​ផល​ប៉ះ​ពាល់​ប្រសិន​បើ​រដ្ឋាភិបាល​មិន​​បញ្ចូល​ផល​ប៉ះពាល់​ដោយ​សារការ​ប្រែ​ប្រួល​អាកាស​ធាតុ​​ក្នុងផែនការ​អភិវឌ្ឍជាតិ​របស់​ខ្លួននោះ​ទេ​​ ពីព្រោះ​ភាគច្រើ​ននៃ​ប្រជាជន​ទាំង​នោះ​ធ្វើ​ការ​ក្នុង​វិស័យ​កសិកម្ម​។

លោកស្រី​ គ្លែ វ៉ាន់  ឌឹ  វ៉ារិន បាន​មាន​ប្រសាសន៍ថា “កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ចំនួន​១០​នៅ​លើ​បញ្ជី ដែល​មាន​ភាព​​ងាយ​រងគ្រោះ​ខ្ពស់​បំផុត​ ដោយសារ​​ផល​ប៉ះពាល់​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​​” ។ លោកស្រី​បាន​បន្ថែម​ថា ឃុំ​សង្កាត់​ជិត​ពាក់​កណ្តាល​នៃ​ចំនួន​ឃុំសង្កាត់​នៅក្នុងប្រទេស​នេះ​ត្រូវ​បាន​កំណត់​ថា ងាយ​រង​គ្រោះ ឬក៏​ងាយ​​​រងគ្រោះ​ខ្លាំង ដោយសារ​ការ​ប្រែ​ប្រួល​​ អាកាស​ធាតុ​។ លោក​ស្រី​បាន​មានប្រសាសន៍បន្ថែមថា “ ប្រជាពល​រដ្ឋ​ដែល​រស់​ក្រោម​បន្ទាត់​ភាព​ក្រីក្រ​ និង​ក្រុម​ប្រជាជន​ផ្សេង​ទៀត​ដូចជា ស្ត្រី​ដែល​ធ្វើ​ការ​នៅ​ផ្ទះ​ កុមារ​ ​មនុស្ស​ចាស់​ជរា​ ជ​នពិការ​ និង​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ ​ងាយ​រង​គ្រោះ​ខ្លាំង​ណាស់”។

លោក​ ហាន​ ហ្គាត់ មែន ( Hans Guttman) ប្រធា​ននាយក​ប្រតិបត្តិគណៈ​កម្មការ​ទន្លេ​មេគង្គ​ បាន​ឲ្យ​ដឹងថា  ខណៈដែល​សីតុណ្ហ​ភាព​​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើន​ឡើង​នៅ​ក្នុង​តំបនបញ្ហា​នេះ​ក៏​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ផង​ដែរពីព្រោះ​សីតុណ្ហភាពខ្ពស់​នឹង​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ដល់​​កម្ម​ករ​ ក្នុង​ការ​​ធ្វើ​ការងារ​របស់​ខ្លួន​។ លោក​បាន​មានប្រសាសន៍​ថា “ចាំបាច់​ត្រូវ​មានការពង្រឹង​ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្ត​រាយនៅក្នុង​វិស័យ​នានា​ ដូចជា វិស័យ​កសិកម្ម​ និងចាំ​បាច់​ត្រូវ​តែ​​ពង្រឹង​​​​សមត្ថភាព​​​ឆ្លើយតប​ទៅនឹងហេតុ​ការណ៍​ទាំង​នេះ​” ។​ លោក​បន្ថែម​ថា ​ហិរញ្ញវត្ថុ​ ឬ​ក៏​បច្ចេក​​ វិទ្យា​ សម្រាប់ដោះ​ស្រាយ​បញ្ហា​អនា​គត​​​ទាំង​នេះ​មិន​គ្រប់​គ្រាន់​ទេ។ លោក​បានមានប្រសាសន៍ថា “យើង​ក៏ត្រូវ​និយាយ​អំពីឆន្ទៈ​​នយោបាយ​ដែល​ធានា​ថា​ ផែនការ​ទាំង​នេះ​នឹង​ដំណើរ​ការ​ទៅមុខផង​ដែរ​​”៕សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស