35 C
Phnom Penh

សមាជិក​សភា​គណបក្ស​ប្រជាជន​លើក​ឡើង​ថា ការកាប់​បំផ្លាញ​ព្រៃឈើ​ជាការ​ល្អ​សម្រាប់​សេដ្ឋកិច្ច​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ឈាង វុន សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជាកាល​ពីម្សិលមិញ បាន​លើក​សរសើរ​អំពីផល​ប្រយោជន៍​សេដ្ឋកិច្ច​ និង​សង្គមនៃការ​រាន​ព្រៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា​សម្រាប់គម្រោង​អភិវឌ្ឍន៍។

​លោក ឈាង​ វុន ដែល​ជាអ្នក​នាំពាក្យ​​របស់​រដ្ឋ​សភា​ផង​ដែរ​បាន​មាន​ប្រសាសន៍​ប្រាប់​​​​ក្រុមអ្នក​យក​ព័ត៌មាន​នៅ​ឯរដ្ឋ​សភា​ បន្ទាប់​ពី​ជំនួប​មួយ​ជាមួយលោក​ ងូអាញ់​ ហ្ស៊ុង (Ngo Anh Dzung) ឯកអគ្គ​រដ្ឋ​ទូត​វៀត​ណាម​ថា ការ​ការពារ​ដីព្រៃ​ឈើ​ គឺ​សំខាន់​ ក៏​ប៉ុន្តែ មិន​សំខាន់​​​​ជាង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចទេ​។

លោក​ ឈាង វុន បាន​ឲ្យ​ដឹង​ថា “យើង​ត្រូវ​ការ​ថ្លឹង​ថ្លែង​ពីផល​វិបាក​នៃ​ការ​កាប់​ព្រៃ​ឈើ​ ​នោះជា​អ្វី​ ដែល​យើង​អាច​ទទួល​បាន​​​ពីការ​កាប់​ព្រៃឈើ​សម្រាប់​បម្រើ​​​ផល​​​ប្រយោ​​​​​​ជន៍​​​ប្រជា​ពល​រដ្ឋ​”។ លោក​បន្ថែម​ថា ទំនប់​សេសាន​​​ក្រោម​២ នៅក្នុង​ខេត្ត​ស្ទឹង​ត្រែង​ គឺ​​​ជា​គំរូ​ចម្បង​មួយ​​នៃការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​កើន​ឡើង​ពី​ការកាប់​ព្រៃឈើ​។ លោក ឈាង វុន បាន​ថ្លែងថា “ទំនប់​​​​​​វារី​​​អគ្គិសនី​គឺសំខាន់​ណាស់​សម្រាប់ការ​អភិ​​​វឌ្ឍ​ឧស្សាហ​កម្ម​” ។ លោក​បន្ថែម​ថា ពន្ធ​ប្រមូល​ពី​ឧស្សាហកម្ម​ថ្មី​នេះ​ នឹង​នាំ​ “ មក​នូវ​ប្រាក់​ចំណូលបន្ថែម​ទៀត​សម្រាប់​រដ្ឋ​ និង​សម្រាប់​គ្រួសារ​ប្រជាពល​រដ្ឋ​”។

លោក​បាន​​​ថ្លែង​​​បន្ត​ទៀតថា រដ្ឋាភិបាល​មិន​អាច​​​​អនុ​ញ្ញាតឲ្យ​ជន​ណា​ម្នាក់​បញ្ឈប់​ការ​វិវឌ្ឍ​នេះ​បានឡើយ​​។​ លោក​បាន​មាន​​​ប្រសាសន៍ថា “ ប្រសិន​បើ​ពួក​គេ​មិន​ចង់​ឲ្យយើង​កាប់​ព្រៃឈើ​ ហើយ​​​​បញ្ឈប់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ យើង​មិន​អាច​ទទួល​បាន​​ឡើយ​”។

កាល​ពីខែ​មុន ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​បាន​បញ្ជា​ឲ្យ​ឈប់​កាប់​ឈើ​ក្នុង​ការ​ត្រៀម​រៀប​ចំ​សម្រាប់​ការ​សាង​សង់​ទំនប់​សេសាន​ក្រោម​២​ នៅក្នុង​ស្រុក​សេសាន បន្ទាប់​ពីមាន​ការ​ចោទ​​​​ប្រកាន់​ពី​មេ​ឃុំ​ម្នាក់​ថា ក្រុម​ហ៊ុន​នេះ​ទទួល​បា​ន​កិច្ច​សន្យា​ឲ្យ​រាន​ព្រៃឈើ​ គឺជា​ឈើ​​​​កាប់​ដោយ​ខុស​ច្បាប់​នៅ​ខាង​ក្រៅ​ព្រំ​​​​ប្រទល់​​​ដីសម្បទាន​​ទំនប់​នេះ​។ លោក ឈាង វុន បាន​សន្យាថា ទី​បញ្ចប់​ទំនប់​សេសាន​នឹង​វិវឌ្ឍទៅ​មុខ​​ ​បើ​ទោះជា​មាន​ការ​អំពាវ​នាវ​ឲ្យលុប​ចោល​គម្រោង​នេះ​ក៏​ដោយ​។

លោក ធន សារ៉ាត់​ អ្នក​នាំពាក្យ​របស់​រដ្ឋ​បាល​ព្រៃឈើ​បាន​ឲ្យដឹង​ថា ការ​បង្កើត​គណៈ​កម្មាធិការ​មួយ​ ដើម្បី​ស៊ើបអង្កេត​ការ​កាប់​ឈើខុស​ច្បាប់​ក្នុ​ងស្រុក​សេសាន និង​ការ​បោះ​​​​​​ព្រំ​សីមា តំបន់សម្បទាន​នេះ​ កំពុង​តែ​បន្ត​។ លោក សារ៉ាត់​ បាន​ឲ្យដឹង​ទៀត​ថា “ យើង​​​​នឹង​សហ​ការ​ជាមួ​យ​សហ​គមន៍​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ និង​អំពីរបៀប​ទប់​ស្កាត់​ការ​កាប់​​​​ឈើ​ខុសច្បាប់​”។

ទំនប់​សេសានក្រោម​២​ ត្រូវ​បាន​ទទួលរង​ការ​រិះគន់​ពីសហ​គមន៍​មូល​ដ្ឋាន​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​អ្នកជំនាញ​បរិស្ថាន​ផង​ដែរ​។ ដោយ​​ត្រៀម​បណ្តេញ​ប្រជាជន​ជាង​៥.០០០​​​​នាក់​នៅ​ក្នុង​ស្រុក​សេ​សាន​ ក្រុម​អ្នក​​ជំនាញ​ផ្នែក​បរិស្ថាន​បាន​លើកឡើង​ថា ផល​ប៉ះពាល់​របស់​ទំនប់​នេះ​ចំពោះ​ការ​នេសាទ​នៅមូល​ដ្ឋាន​ អាច​ប៉ះពាល់​ដល់​ប្រជាពល​រដ្ឋ​ជាង​១០​មឺុន​នាក់​ ដែល​រស់​នៅ​ខាង​លើ​ និង​​ខាង​ក្រោម​​​​ទន្លេ​ដោយសារ​តែ​ទំនប់​នេះ។

លោក ឈិត សំអាត នាយក​វេទិកា​អង្គ​ការ​​​​ក្រៅ​រដ្ឋាភិបាល​បាន​លើកឡើង​ថា រដ្ឋា​ភិ​បាល​​​​បារម្ភ​តែ​ពី​​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ប៉ុណ្ណោះ ក៏​ប៉ុន្តែ មិន​បារម្ភអំពី​ការ​អភិវឌ្ឍ​សង្គម​នោះ​ទេ​។ លោក​​​ សំអាត​ បាន​សួរ​ថា “ប្រសិន​បើ​​យើង​និយាយ​អំពីការ​អភិវឌ្ឍ​ តើ​ការ​អភិវឌ្ឍ​នេះសម្រាប់​នរណា? ប្រសិន​បើ​ប្រជាពល​រដ្ឋ​​​​និយាយ​ថា ពួក​គេ​មិន​ចង់​បាន​ការ​អភិវឌ្ឍ​ដែល​​​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ខ្លួន​ និង​ព្រៃ​​​ឈើ​ ព្រម​ទាំង​ផល​ប៉ះពាល់​ទៅលើ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ ហើយ​ភាគច្រើន​ក្នុង​ចំណោម​ពួក​គេ​និយាយ​ថា ពួកគេ​មិន​ត្រូ​វការ​ការ​អភិវឌ្ឍ​បែបនេះនោះ​ ខ្ញុំគិត​ថា យើង​ត្រូវ​​​​តែ​ស្តាប់​ពួក​គេ​ឲ្យ​បាន​ប្រុង​​​ប្រយ័ត្ន​”៕ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស