31 C
Phnom Penh

ត្រូហ្វីម៉ូវ ជន​​​ជាតិ​​​រុស្សី ​​​​​រំលោភ​​​​​​​​​កុមារ​​​នឹង​​​ឡើង​​​តុលាការ​​​នៅ​​​ក្រុង​​​មូ​ស្គូ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជន​ជាតិ​រុស្ស៊ី​​ឈ្មោះ អាឡិច​សាន់ឌ័រ  ត្រូ​ហ្វីម៉ូវ (Alex​​​an​​​der Trofimov) ដែល​ជា​ជន​​​រួម​​​ភេទ​​​​កុមារ និង​​​ដែល​​​បាន​រំលោភ​កុមារ​អនាថា​​កម្ពុជា​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​កំពុង​ត្រួត​ពិនិត្យ​ការ​អភិវឌ្ឍ​រមណីយ​​​ដ្ឋាន​ដែល​មាន​ទឹក​ប្រាក់​ចំនួន​៣០០​លាន​ដុល្លារ​​​​នៅ​ក្នុង​សមុទ្រ​​​​កម្ពុជា​។

យោង​តាម​សេចក្តី​ប្រកាស​មួយ​​ដាក់​តាម​គេហ​ទំព័រ​របស់​គណៈ​កម្មា​ធិការ​សើុប​អង្កេត​រុស្ស៊ី​ក្នុង​ទីក្រុង​មូ​ស្គូ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​តុលា បាន​ឲ្យ​ដឹង​ថា ឥឡូវ​នេះ​ អ្នក​​​រួម​​​ភេទ​​​​កុមារ​ជា​ជន​បរទេស​មាន​ឈ្មោះ​អសោចនៅ​កម្ពុជា​ ដែល​ត្រូវ​បាន​ធ្វើ​បត្យា​ប័ន​ទៅ​ប្រទេស​រុស្ស៊ី កាល​ពី​ខែ​មិថុនា​ ឆ្នាំ​មុន​​​រូប​​​នេះ​​​​ គ្រោង​ឡើង​តុលាការ​​​​នៅ​ក្នុង​ទីក្រុង​មូស្គូ ជាប់​ចោទ​ពី​បទ​រំលោភ​ និង​បៀត​បៀន​ផ្លូវ​ភេទ​ក្មេង​ស្រី​ចំនួន​​២០​ករណី​​​​នៅ​ក្នុង​ប្រទេស​កំណើតរបស់​ខ្លួន
ចន្លោះ​ពី​ឆ្នាំ​​​​២០០៣​​​ដល់​ឆ្នាំ​២០០៤។

ដោយ​មិន​បញ្ចេញ​ឈ្មោះ​ ត្រូហ្វីម៉ូវ ដែល​​​​មាន​ឈ្មោះ​ពិត​ប្រាកដ​ ស្តានីស្លាវ ម៉ូឡូឌីយ៉ាកូវ សេចក្តី​ប្រកាស​នេះ​សរសេរ​ថា “ បុរស​អាយុ​៤៦​ឆ្នាំ​ម្នាក់​​មក​ពីតំបន់​មូ​ស្គូ ដែល​បាន​លាក់​ខ្លួន​ពី​អ្នក​សើុប​អង្កេត​នៅ​ក្នុង​ព្រះ​រាជា​ណា​​​ចក្រ​កម្ពុជា​ នឹង​ត្រូវ​ឡើង​តុលាការ​”។

សេចក្តី​ប្រកាស​នេះ​លើក​ឡើង​ថា ត្រូហ្វី​​​ម៉ូវ នឹង​ប្រឈម​មុខ​បទ​ចោទ​ប្រកាន់​១១​ករណី​ ​​​ពី​បទ​រំលោភ​កុមារ​ក្រោម​អាយុ​១៤​ឆ្នាំ និង​ប្រាំបួន​ករណី​ពី​បទ​បៀត​បៀន​ផ្លូវ​ភេទ​កុមារ​ ក្រោម​អាយុ​១៤​ឆ្នាំ​នៅ​ក្នុង​ប្រ​ទេស​រុស្ស៊ី។

ឯក​សារ​តុលាការ​បង្ហាញ​ថា “ យោង​តាម​អ្នក​សើុប​អង្កេត​ បុរស​អាយុ​៤៦​ឆ្នាំរូប​នេះ​បាន​រំលោភ​ និង​បៀត​បៀន​ផ្លូវ​ភេទ​ក្មេង​ស្រី​ជា​ច្រើន​ដង​ ចន្លោះ​ពី​ខែ​កក្កដា ឆ្នាំ​២០០៣ ដល់​ខែ​មេសា ឆ្នាំ​២០០៤ នៅ​ក្នុង​សង្កាត់​ មីធីសជីក្នុង​ទីក្រុង​មូស្គូ។ នៅ​ពេល​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ទាំង​នេះ​ ជន​រង​គ្រោះ​មាន​អាយុ​ចន្លោះ​ពី​៨​​​ឆ្នាំ​​​ ទៅ​១៣​ឆ្នាំ”។

សេចក្តី​ប្រកាស​នោះ​រៀប​រាប់​ពី​របៀប​ដែល ត្រូហ្វីម៉ូវ បាន​ភៀស​ខ្លួន​មក​កម្ពុជា  ភ្លាមៗ​​​​បន្ទាប់​ពី​គាត់​បាន​ប្រព្រឹត្ត​បទ​ល្មើស​ចុង​ក្រោយ​នៅ​ក្នុង​ទីក្រុង​មូស្គូ ​​​ហើយ​​​​ជន​នេះ​បាន​លាក់​ខ្លួន​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​​រហូត​ដល់​​​​ពេល​​​គេ​បញ្ជូន​គាត់​ត្រឡប់​មក​ប្រទេស​រុស្ស៊ី​វិញ​ កាល​ពី​ខែ​មិថុនា​ ឆ្នាំ​២០១២ និង​​​​បាន​លើក​ឡើង​ទៀត​ថា ជន​រំលោភ​កុមារ​រូប​នេះ​ត្រូវ​បាន​ឃំុ​ខ្លួន​​​​តាំង​ពី​ពេល​នោះ​មក។

ប្រភព​មួយ​នៅ​ក្នុង​ទីក្រុង​មូស្គូ ដែល​ដឹង​ពី​រឿង​ក្តី​របស់​ ត្រូហ្វី​ម៉ូវ បាន​បញ្ជាក់​កាល​ពី​ម្សិល​​​​មិញ​ថា គាត់​បាន​ជាប់​ពន្ធ​នាគារ​ចាប់​តាំង​ពី​វិល​​​​ត្រឡប់​មក​ពីប្រទេស​កម្ពុជា​វិញ​ ហើយ​គាត់​ត្រូវ​បាន​មជ្ឈ​មណ្ឌល​ចិត្ត​សាស្ត្រ​របស់​រដ្ឋា​ភិបាល​ចាត់​ទុក​​កាល​ពី​ខែ​មីនាថា មាន​បញ្ហា​ផ្លូវ​ចិត្ត​​មិន​អាច​ឡើង​តុលាការ​​​​បាន​ទេ​។

ត្រូ​ហ្វី​ម៉ូវ នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​កោះ​ពស់ អីុនវេសមែន គ្រុប ដែល​​​​​​ចំណាយ​​​លុយ​​​ចំនួន​​​៣០០លាន​​​ដុល្លារ​​​ដើម្បី​​​សាង​​​សង់​​​​សណ្ឋា​គារ​ ​​​និង​ហាង​លក់​​ទំនិញនៅ​កោះ​ពស់​ ក្នុង​ខេត្ត​​​​ព្រះ​សីហនុ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពីខែ​តុលា ឆ្នាំ​២០០៧ និង​ផ្តន្ទា​ទោស​ដាក់​ពន្ធ​នាគារ​​​​រយៈ​​​ពេល​១៧​ឆ្នាំ ពីបទ​រំលោភ​ក្មេង​ស្រី​១៥​នាក់​​​នៅ​ក្នុង​ក្រុង​ព្រះ​សីហនុ។

ត្រូហ្វី​ម៉ូវ បាន​ប្តឹង​ជំទាស់​នឹង​ការ​ផ្តន្ទា​ទោស​​​​នេះ ហើយ​ការ​បើក​សវនាការ​ជំនំុ​ជម្រះ​ជន​នេះ​​ ដើម្បី​ដោះ​លែង​បុរស​នេះ​ និង​ជៀស​វាង​ពី​ការ​ធ្វើ​បត្យា​ប័ន​ទៅ​ប្រទេស​រុស្ស៊ី បាន​ធ្វើ​ឲ្យ​ប្រព័ន្ធ​យុត្តិ​ធម៌​គ្មាន​ប្រសិទ្ធភាព​។

សវនាការ​មួយ​ត្រូវ​បាន​ពន្យា​រពេល​បី​ដង​ ពីព្រោះ​មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី​របស់​ ​​​ត្រូហ្វី​ម៉ូវ មាន​ជំងឺ​ឈឺ​ក។ នៅ​ពេល​បើក​សវនាការ​​​​ម្តង​​​ទៀត​ មេធាវី​របស់​ ត្រូហ្វី​ម៉ូវ បាន​អះ​អាង​ថា កូន​ក្តី​របស់​ខ្លួន​មិន​អាច​រំលោភ​​​​ជន​រង​គ្រោះ​ទាំង​១៥​នាក់​បាន​ទេ ពី​ព្រោះ​គាត់​​​​អសមត្ថ​ភាព​ផ្លូវ​ភេទ​ ដែល​ត្រូវ​បាន​បង្ហាញ​ភ័ស្តុ​តាង​តាម​រយៈ​ការ​ឲ្យ​វេជ្ជ​បណ្ឌិត​​ជា​ស្ត្រី​ស្ទាប​អង្អែល​​​​គាត់​​​នៅ​គ្លីនិក​មួយនៅ​រាជ​ធានី​​​ភ្នំពេញ។

កាល​ពីខែ​មិថុនា ឆ្នាំ​២០០៩ មន្ត្រី​ក្រសួង​យុត្តិ​ធម៌​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ទទួល​សំណូក​ចំនួន​២៥០.០០០​ដុល្លារ ដើម្បី​ក្លែង​បន្លំ​ឯកសារ​ រួម​ទាំង​ហត្ថ​លេខា​របស់​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ផង​ដែរ ដើម្បី​ដោះ​លែង​ ត្រូហ្វីម៉ូវ ពី​ពន្ធនាគារ។ មេធាវី​របស់​ ត្រូហ្វីម៉ូវ ​​​បាន​ប្តឹង​ក្រឡា​បញ្ជី​នោះ ដើម្បី​យក​ប្រាក់​សំណូក​​​​យ៉ាង​ច្រើន​របស់​កូន​ក្តី​គាត់​មក​វិញ​។ រដ្ឋា​ភិបាល​ក៏​បាន​បដិសេធ​សំណើ​ជា​ច្រើន​មក​ពី​ប្រទេស​រុស្ស៊ី​សំុ​ធ្វើ​បត្យា​ប័ន​ជន​រំលោភ​កុមារ​នេះ​ផង​ដែរ។

នៅ​ទី​បញ្ចប់​ ត្រូហ្វីម៉ូវ បាន​អនុវត្ត​ទោស​តែ​បួន​ឆ្នាំ​ប៉ុណ្ណោះ ហើយ​នៅ​ពេល​អនុវត្ត​ទោស​នោះ​ គេ​អនុញ្ញាត​ឲ្យ​គាត់​ចាក​ចេញ​ពី​បន្ទប់​ឃំុ​ឃាំង ដើម្បី​ទៅ​មើល​ការ​ដ្ឋាន​សាង​សង់​​​​របស់​គាត់​នៅ​ក្រុង​ព្រះ​សីហនុ​ យ៉ាង​ហោច​ណាស់​មួយ​លើក​ដែរ ហើយ​ក្រោយ​មក​ជន​នេះ​ត្រូវ​បាន​ដោះ​លែង​ស្ងាត់ៗ​ តាម​​​​ព្រះ​រាជ​ក្រឹត្យ ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១១ នៅពេល​ដែល​​ឈ្មោះ​របស់​គាត់​ស្ថិត​នៅ​លើ​បញ្ជី​ឈ្មោះ​​​​ឧក្រិដ្ឋ​ជន​ដែល​គេ​ចង់​ចាប់​ខ្លួន​បំផុត​របស់​នគរ​បាល​អន្តរ​ជាតិ​ ចំពោះ​បទ​ល្មើស​របស់​​​​ជន​​​នេះ​​​មក​លើ​កុមារ​នៅ​ប្រទេស​រុស្ស៊ី។

ពេល​​​​​​មិន​​​សប្បាយ​​​ចិត្ត​​​ចំពោះ​ការ​ដោះ​លែង​ ត្រូហ្វីម៉ូវ ពី​ពន្ធនាគារ​មុន​កាល​​​​កំណត់​ តាម​រយៈ​​​​ព្រះ​រាជ​ទាន​លើក​លែង​ទោស​តាម​សំណើ​របស​​​់​រដ្ឋា​ភិបាល​នោះ អង្គការ​ការ​ពារ​កុមារ​បាន​ធ្វើ​ញត្តិ​មួយ​ជូន​ទៅ​ក្រសួង​មហា​ផ្ទៃ​ស្នើ​សំុ​ឲ្យ​មាន​ការ​និរទេស​ជន​េនះ​ជា​បន្ទាន់​។ ស្ថាន​ទូត​អាមេរិក​ ក៏​បាន​បញ្ចេញ​ទស្សន​ដ៏​កម្រ​ផង​ដែរ​អំពី​រឿង​ក្តី​ពាក់​ព័ន្ធ​នឹង​ជន​បរទេស​ ដោយ​ចាត់​ទុក​ការ​បដិសេធ​របស់​កម្ពុជា​ មិន​ធ្វើ​​​​បត្យា​ប័ន​ ត្រូហ្វីម៉ូវ ទៅ​ប្រទេស​រុស្ស៊ី ថា​ ​​​ធ្វើ​​​ ឲ្យ​​​ ប៉ះពាល់​​​​ដល់​កេរ្តិ៍​ឈ្មោះ​របស់​ប្រទេស​នេះ​។ ប៉ុន្តែ នៅពេល​នោះ​ ត្រូហ្វី​ម៉ូវ បាន​បាត់​ខ្លួន​តែ​ម្តង។

ទោះ​បី​ជាក្រសួង​មហា​ផ្ទៃ​និយាយ​ថា ត្រូហ្វី​ម៉ូវ បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា រយៈ​​​​ពេល​ពីរ​ខែបន្ទាប់​ពី​ការ​ដោះ​លែង​គាត់​ក៏​ដោយ ក៏​មាន​គេ​រាយការណ៍​ជា​ច្រើន​ថា បាន​ឃើញ​ជន​ជាតិ​រុស្ស៊ី​រូប​នេះ​​នៅ​ក្នុង​ក្រុង​ព្រះ​សីហនុ និង​រាជ​ធានី​ភ្នំពេញ​ដែរ។ ជន​រង​គ្រោះ​​​​ដែល​នៅ​ពេល​នោះ​មាន​អាយុ​ជាង​១០​ឆ្នាំ និង​​​​ជាង​២០​ឆ្នាំ មាន​ការ​ភ័យ​ខ្លាច​ជន​នេះ​ត្រឡប់​មក​រក​ពួក​គេ​វិញ​។

ជន​រង​គ្រោះ​ម្នាក់​បាន​និយាយ​ពេល​សាក​សួរ​នៅ​ក្នុង​ក្រុង​ព្រះ​សីហនុ កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​មុន​ថា “មនុស្ស​គ្រប់​គ្នា​នៅ​កំពង់​សោម​ស្គាល់​ជន​នេះ​។ ទង្វើ​របស់​គាត់​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ពេញ​ក្រុង​នេះ”។ ក្រោយ​មក​ នៅថ្ងៃ​ទី​៨ ខែមីនាឆ្នាំមុន ត្រូហ្វីម៉ូវ ត្រូវ​បាន​អ្នក​យក​ព័ត៌​មាន​កាសែត​ ខេមបូឌា ដេលី ប្រទះ​ឃើញ​កំពុង​ទិញ​គ្រឿង​​​​ទេស​នៅ​ផ្សារ​ទំនើប​ផេនសល ស្ថិត​នៅ​តាម​ផ្លូវ​លេខ​២១៤ ក្នុង​រាជ​ធានី​ភ្នំពេញ​។

ជន​ជាតិ​រុស្ស៊ីរូប​នេះ​បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ​ទេ ហើយ​បើក​រថយន្ត​លុចស៊ីសព៌ណ​ស​ដែល​មាន​ប័ណ្ណ វីអាយ​ភី ចេញ​ដោយ​​​​រដ្ឋា​ភិបាល​ដាក់​បង្ហាញ​នៅ​លើ​កញ្ចក់​​បង្អួច​​​រថយន្ត​របស់​គាត់​ចេញ​ភ្លាមៗ​តែ​ម្តង​។ មួយ​ថ្ងៃ​ក្រោយ​មក​ ឧត្តម​សេនីយ៍​ឯក សុខ ផល អគ្គ​ស្នង​ការ​រង​នគរ​បាល​ជាតិ​បាន​ហៅ​អ្នក​យក​ព័ត៌​មាន​ឲ្យ​ទៅ​ជួប​គាត់​ ហើយ​បាន​សន្យា​និរទេស​ ត្រូហ្វីម៉ូវ ចេញ​ពី​កម្ពុជា​។

នគរ​បាល​បាន​និយាយនៅ​ពេល​នោះ​ថា ប៉ុន្តែ គឺ​មាន​រយៈពេល​ជិត​បី​ខែឯណោះ​​​មុន​ពេល​ ត្រូហ្វីម៉ូវ ត្រូវ​បាន​ចាប់​ខ្លួន​ម្តង​ទៀត នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មិថុនា ក្នុង​​​​ស្រុក​​​​ពញាឮ ខេត្ត​កណ្តាល ដែល​នៅ​ទីនោះ​គាត់​បាន​រស់​នៅ​ជាមួយ​គ្រួសារ​​​​​​​របស់​ក្មេង​ស្រី​ម្នាក់​ ដែល​គាត់​ស្រឡាញ់ ​​​និង​មាន​អាយុ​ប្រហែល​១១ ឬ​១២​ឆ្នាំ​។ នៅ​ចុង​ខែ​នោះ​ ជន​េនះ​ត្រូវ​បាន​ធ្វើ​បត្យា​ប័ន​ទៅ​ប្រទេស​រុស្ស៊ី និង​ត្រូវ​បាន​ចាប់​ខ្លួន​ពេល​ទៅ​ដល់​អាកាស​យាន​ដ្ឋាន​ក្រុង​​​មូស្គូ​​​ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មិថុនា។

កាល​ពីម្សិល​មិញ​ អង្គការ​ការ​ពារ​កុមារ​ដែល​បាន​ផ្តល់​ការ​គាំពារ និង​ការ​ពិគ្រោះ​យោបល់​ផ្លូវ​ចិត្ត​​ជាយូរ​មក​ហើយ ដល់​ជន​រង​គ្រោះ​ជាច្រើន​ពី​ស្នា​ដៃ ត្រូហ្វី​ម៉ូវ នោះ មាន​សង្ឃឹម​​​​ថា នឹង​មាន​ការ​កាត់​ក្តី​ដោយ​យុត្តិ​ធម៌​លើ​ជន​រួម​ភេទ​ជាមួយ​កុមារ​រូប​នេះ​​នៅ​ក្នុង​ប្រទេស​​​រុស្ស៊ី។ លោក​ស្រី ម៉ែកគី អ៊ីណូ ស្ថាបនិក និង​ជា​ប្រធាន​អង្គការ​ម្លប់​តាប៉ាង ដែល​ធ្វើ​ការ​ជាមួយ​​​​កុមារ​អនាថាក្នុង​ក្រុង​ព្រះ​សីហនុ​ បាន​​​មាន​ប្រសា​​​សន៍​ថា យើង​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​”។

លោក​ស្រី អ៊ីណូ បាន​មាន​ប្រសាសន៍​ថា “នៅ​ពេល​ដែល​ដំណើរ​ការ​តាម​ប្រព័ន្ធ​តុលា​​​ការ​​​ ចប់​​​​រួច​រាល់​ហើយ វា​ពិត​ជា​មាន​​​ផល​​​​​វិជ្ជ​មាន​​​ទៅ​​​លើ​ជន​រង​គ្រោះ​ និង​គ្រួសារ​របស់​ពួក​គេ​”។ លោក​ស្រី​បាន​បន្ថែម​ថា អង្គការ​ម្លប់​តាប៉ាង​​​កំពុង​ធ្វើការ​ជាមួយ​ជន​រង​គ្រោះ​បី​នាក់​​​ដោយ​​​សារ​​​​ស្នាដៃ​របស់​ ត្រូហ្វីម៉ូវ នៅ​ឡើយ។ លោក​​ស្រី​បាន​បន្ថែម​ទៀត​ថា “ ក្តី​សង្ឃឹម​លើ​យុត្តិ​ធម៌​ នឹង​ធ្វើ​ឲ្យ​មាន​ភាព​ខុស​គ្នា​ខ្លាំង​សម្រាប់​ប្រជា​ជន​ដែល​រស់​នៅ​ទីនោះ​”។

លោក សំលៀង​ សិលា នាយក​អង្គការ​សកម្ម​ភាព​ដើម្បី​កុមារ​ ដែល​នៅ​ពេល​ចាប់​ខ្លួន​​​​ជន​នេះ​ដំបូង​កាល​ពី​ឆ្នាំ​២០០៧ បាន​បញ្ជាក់​​​​ថា ក្មេង​ស្រី​មិន​តិចជាង​២៤​នាក់​ទេ​ដែល​ត្រូវ​​​​បាន​ ត្រូហ្វី​ម៉ូវ រំលោភ​បំពាន​ផ្លូវ​ភេទ​នោះ បាន​​មាន​ប្រសាសន៍​ថា ការ​សង្ឃឹម​ថា ជន​េនះ​អាច​មាន​ទោស​ជាប់​ពន្ធនា​គារ​យូរ​ឆ្នាំ​ ចំពោះ​បទ​ល្មើស​ដែល​គាត់​បាន​ប្រព្រឹត្ត​​ក្នុង​ប្រទេស​​​​រុស្ស៊ី​នោះ នឹង​ត្រូវ​ចំណាយ​ពេល​យូរ​ទៀត ​​​ទើប​​​ធ្វើ​ឲ្យ​បាន​ប្រសើរ​ឡើង​ចំពោះ​ការ​ដោះ​​ស្រាយ​រឿង​ក្តី​នេះ​ដោយ​ម​ិន​ត្រឹម​ត្រូវ​នៅ​ប្រទេស​កម្ពុជា។

លោក សំលៀង សិលា  មាន​ប្រសា​​​សន៍​​​ ថា “ព្រះរាជ​ទាន​លើក​លែង​ទោស ការ​បន្ធូរ​បន្ថយ​​ទោស​ការ​មិនសប្បាយ​ចិត្ត​​ដែល​មាន​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នេះ កំពុង​ធ្វើ​​​​ឲ្យ​ប៉ះ​ពាល់​ដល់​ចិត្ត​សាស្ត្រ​របស់​ជន​រង​គ្រោះ​ និង​គ្រួសារ​របស់​ពួក​គេ​នៅ​ទី​នេះ​”។ លោក​បាន​បន្ថែម​ថា ឥឡូវ​នេះ ជន​រង​គ្រោះ​ដោយ​សារ​ ត្រូហ្វីម៉ូវ មាន​សង្ឃឹម​ថា បញ្ហា​មួយ​ចំនួន​នឹង​ចប់​។ លោក​ សំលៀង សិលា បាន​មាន​ប្រសាសន៍​ថា “នេះ​គឺ​ជា​យុត្តិធម៌”៕ គឹមហឿន​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស