33 C
Phnom Penh

គណបក្ស​ប្រឆាំង​​​បង្កើត​​ទូរទស្សន៍​អ៊ីនធើណិត​​ ដើម្បី​​បំបែក​អំណាច​​ផ្សព្វផ្សាយ​​របស់​គណបក្ស​ប្រជាជន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ស្រី មូរ សុខហួរ ប្រធាន​កិច្ច​ការ​សាធារណៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិលមិញ​ថា ខណៈ​ពេល​ដែល​​​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច ​បន្ត​​​មាន​​អំណាច​​ផ្ដាច់​មុខ​លើ​ស្ថានីយ​ទូរទស្សន៍​ទាំ​ង​ប្រាំបួន​ក្នុង​ប្រទេស​កម្ពុជា​​នោះ ​គណបក្ស​សង្គ្រោះ​ជាតិ​​ កាល​ពី​ថ្ងៃ​ច័ន្ទ​ បាន​​បង្កើត​​ស្ថានីយ​ទូរទស្សន៍​​តាម​អ៊ីនធើ​ណិត​​មួយ​ ដែលគណបក្ស​នេះ​​ចាត់​ទុក​​ថា ជា​​ “ការ​សាក​ល្បង​”។ 

ស្ថានីយ​ទូរទស្សន៍​ ស៊ីអិន​អាភី ធីវី (CNRP TV) នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្រោ​យ​ពី​មាន​សំណើ​​ពី​គណ​បក្ស​ប្រឆាំង​​សុំ​អាជ្ញាប័ណ្ណ​បង្កើត​ស្ថានីយ​ទូរទស្សន៍​ផ្ទាល់​ខ្លួន​ចាប់​តាំង​ពី​ការ​​បោះឆ្នោត​​ជាតិ​​​ដ៏​ចម្រូង​ចម្រាស​​កាល​ពី​​ថ្ងៃ​ទី​២៨ ខែ​កក្កដា​​មក ​ជា​ជំហាន​មួយ​ឆ្ពោះ​ទៅ​​​ការ​ធ្វើ​កំណែ​ទម្រង់​បោះ​ឆ្នោត​​និង​នយោ​បាយ​នៅ​ក្នុង​ប្រទេស​ ​និង​​ជា​សំណើ​មួយ​ដែល​​គណ​បក្ស​ប្រជាជន​កម្ពុជា​បាន​​បដិ​សេធ​ម្ដង​ហើយ​ម្ដង​ទៀត​​។

លោក​ស្រី​ មូរ​ សុខហួរ​​ បាន​មាន​ប្រសា​សន៍​​ថា ទូរទស្សន៍​ស៊ីអិនអាភី ធីវី​ ត្រូវ​បាន​បង្កើត​​ឡើង​ក្នុង​គោល​បំណង​កេញ​​ចំណេញ​ពី​ប្រើ​ប្រាស់​កាន់​តែ​ច្រើន​ឡើង​ៗ​នូវ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ ដើម្បី​​បញ្ជៀស​ “ការ​​ប្រព្រឹត្តមិន​​យុត្តិធម៌”​ មក​លើ​​គណបក្ស​ប្រឆាំង​ ដែល​​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ទទួល​បាន​​អាជ្ញាប័ណ្ណ​បង្កើត​​ស្ថានីយទូរ​ទស្សន៍​ឬ​វិទ្យុផ្ទាល់​ខ្លួន​។

លោក​ស្រី​ មូរ សុខហួរ​ បាន​មាន​ប្រសា​សន៍​​ថា “​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​​នាពេល​នេះ​​គឺ​មាន​លក្ខណៈ​ទូលំ​ទូលាយ​ណាស់​ ហើយ​យើង​បាន​មើល​ឃើញ​ថា ​ជា​ពិសេស​យុវជន​ចង់​ដឹង​​ជា​ខ្លាំង​អំពី​​គណ​បក្ស​​យើង​ដូច្នេះ​យើង​​ក៏​បង្កើត​ស្ថានីយទូរទស្សន៍​តាម​អ៊ីនធើណិត​​នេះឡើង”។ លោក​ស្រី​បាន​អះអាង​ថា ទោះ​ជា​យ៉ាង​ណា​​ គណបក្ស​នឹង​ព្យាយាម​​​ផ្ដល់​តុល្យភាព​​នៅ​ក្នុង​ការ​ផ្សាយ​របស់​ខ្លួន​​លើ​បញ្ហា​នយោបាយ​។

លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា “ស្ថានីយ​​ទូរទស្សន៍​សីុអិនអាភី ធីវី តាម​ប្រព័ន្ធ​អ៊ីនធើ​ណិត​​មិន​ត្រូ​វ​បាន​បង្កើត​ឡើង​ ក្នុង​គោល​បំណង​​​​​បម្រើ​ផល​ប្រយោជន៍​របស់​បក្ស​ ឬ​ដើម្ប​ី​ផ្សព្វផ្សាយ​ពី​កម្មវិធី​នយោបាយ​របស់​បក្ស​នោះ​ទេ ប៉ុន្តែ​វា​នឹង​ផ្ដល់​​ឱកាស​​ឲ្យ​ប្រជា​ពល​រដ្ឋ​បញ្ចេញ​មតិ​”។

ដោយ​ចាប់​ផ្ដើម​ស្ថានីយ​ទូរទស្សន៍​ស៊ីអិន​អាភី​ ធីវី​ នៅ​ក្នុង​គេហទំព័រ​របស់​គណបក្ស​ប្រឆាំង​កាល​ពី​​ថ្ងៃ​ច័ន្ទ​ អ្នក​​អត្ថាធិប្បាយ​ព័ត៌​មាន​ យឿន ភ័ក្ត្រា បាន​សម្ភាស​​លោក​ស្រី​ មូរ សុខ​ហួរ ដោយ​សួរ​លោក​ស្រី​​អំពី​គោល​ជំហរ​​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​នៅ​ក្នុង​ការ​ចរចា​​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា​​ជុំវិញ​ការ​បោះឆ្នោត​​​ដ៏​ចម្រូង​ចម្រាស​កាល​ពី​ថ្ងៃ​ទី២៨ ខែ​កក្កដា​។

អ្នក​ធ្វើ​អត្ថាធិប្បាយ​ព័ត៌មាន​ យឿន ភ័ក្ត្រា បាន​លើក​ឡើងថា “ការ​ចរចា​រវាង​គណបក្ស​សង្គ្រោះ​ជាតិ​ និង​គណបក្ស​ប្រជាជន​កម្ពុជា​​កាល​ពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា​ គឺ​គ្រាន់តែ​ជា​ការ​ចរចា​​តាម​លក្ខណៈ​បច្ចេកទេស​ប៉ុណ្ណោះ ដូច្នេះ​សូម​​​​ទស្សនិក​ជន​​ស្ដាប់​លោក​ស្រី​ មូរ សុខហួរ”។

ទូរបទ​ពណ៌ខៀវ​​យក​​​ស្ទីលតាម​​ទូរ​ទស្សន៍ CNN ដែល​មាន​អក្សរ​លោត​​​នៅ​ខាង​ក្រោម​​អេក្រង់​​ទូរទស្សន៍​ មាន​ខ្លឹម​សារ​ថា “​នេះ​គឺ​ជា​ការ​ផ្សាយ​សាកល្បងរបស់ទូរ​ទស្សន៍​សីុអិន​អាភី​”។ បន្ទាប់​មក​លោក​ស្រី​ មូរ សុខហួរ​ បាន​​បង្ហាញមុខ​តាម​កញ្ចក់ទូរ​ទស្សន៍​ ដើម្បី​និយាយ​បន្ធូរ​អារម្មណ៍​របស់​អ្នក​គំាទ្រ​គណបក្ស​សង្គ្រោះ​​ជាតិ​​​ពាក់​ព័ន្ធ​នឹង​ការ​​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ថ្ងៃ​អង្គារ​។

លោក​ស្រី​​បាន​មានប្រសាសន៍​ថា “ការ​ចរចា​នេះ​មិន​មែន​និយាយ​​អំពី​ការ​ទាម​ទារ​មុខ​តំណែង​ ឬ​ដើម្បី​ទទួល​បាន​ផល​ប្រយោ​ជន៍​សម្រាប់​បុគ្គល​ណា​ម្នាក់​​នោះ​ទេ​”។

ចាប់​តាំង​ពី​​​ការ​ផ្សាយ​ដំបូង​​កាល​ពី​ថ្ងៃ​ច័ន្ទ​ មក​ ទូរទស្សន៍​សីុអិន​អាភី​ ធីវី​ បាន​ផ្សាយ​កម្ម​វិធី​ថ្មីៗ​មួយ​ចំនួន​​​រួម​មាន​ទាំង​ការ​​បញ្ចប់​​ការ​ចរចា​​កាល​ពី​ថ្ងៃ​អង្គារ​ជាមួយ​គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​ការ​ពិភាក្សា​តុមូល​​ស្ដី​ពី​​វិធី​លើក​កម្ពស់​​លទ្ធិ​ប្រជាធិបតេយ្យ​ផង​ដែរ។

កាល​ពី​ម្សិលមិញ លោក​ ជាម យៀប​ សមា​​ជិក​សភា​ជាន់​ខ្ពស់​ និង​​ជា​អ្នក​នាំពាក្យ​គណ​បក្ស​​ប្រជាជន​​កម្ពុជា​​បាន​គាំទ្រ​​ខ្លះៗ​ដែរ​ចំពោះ​ការ​​បង្កើត​​សេវា​ទូរទស្សន៍​​របស់​​គណ​បក្ស​ប្រឆាំង​។ លោក​បាន​ផ្ដល់យោបល់​​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ “គោរព​វិជ្ជាជីវៈ​សារព័ត៌មាន”​​តាម​រយៈ​ការ​​មិន​ប្រើ​ “ពាក្យ​ប្រមាថ​មាក់​ងាយ​ជា​ពិសេស​​លើ​គណបក្ស​នយោបាយ​​” ហើយ​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា ​ពួក​គេ​គោរព​​នីត្យានុកូលភាព​​នៃ​ការ​ផ្សាយ​។

លោក​ ជាម យៀប​ បាន​មាន​ប្រសាសន៍​ថា “ការ​បើក​ស្ថានីយ​ទូរទស្សន៍​​ដើម្បី​ទទួល​បាន​ការ​ប្រកួត​​ប្រជែង​​ដោយ​យុត្តិធម៌ វា​ជា​សិទ្ធិ​របស់​ពួក​គេ​… ប៉ុន្តែ​ខ្ញុំគិត​ថា ទោះ​បី​វា​ជា​ទូរ​ទស្សន៍​តាម​ប្រព័ន្ធ​អីុនធើណិត​ក៏​ដោយ​ ក៏​គណ​បក្ស​នេះ​​​គួរ​តែ​​សុំ​​​ការសម្រេច​យល់​ព្រម​ពី​ក្រសួង​ពាក់​ព័ន្ធ​ ដូចជា​ក្រសួង​ព័ត៌មាន​​ជា​ដើម​”។

លោក​ ខៀវ​ កាញារីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​មានប្រសាសន៍​កាល​ពី​ខែ​កញ្ញា​ថា គណ​បក្ស​​សង្គ្រោះ​ជាតិ​​មិន​អាច​ទទួល​បាន​អាជ្ញា​ប័ណ្ណ​ទូរទស្សន៍​ឡើយ​ ពីព្រោះ​អាជ្ញាប័ណ្ណ​បែប​នេះ​​មិន​ត្រូវ​បាន​ផ្ដល់​ឲ្យ​គណបក្ស​នយោបាយ​ណា​មួយ​នោះ​ទេ​។

ទោះ​បី​ជា​​លោក​ ស ខេង​​ បាន​​មានប្រសាសន៍​​យ៉ាង​ដូច្នេះ​ក៏​ដោយ​ ក៏​ស្ថានីយ​​ទូរទស្សន៍​នីមួយៗ​ក្នុង​ចំណោម​ស្ថានីយ​ទូរ​ទស្សន៍​ទាំង​ប្រាំបួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ បើ​មិន​គ្រប់គ្រង​ដោយ​គណ​ប​ក្ស​ប្រជាជន​កម្ពុជា​ទេ​​ ក៏​​មាន​ទំនាក់​ទំនង​​យ៉ាង​ស្អិត​​រមួត​​ជាមួយ​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ដែ​រ​។​

ស្ថានីយ​ទូរ​ទស្សន៍​ទាំង​​នោះ​រួម​មាន​ដូចជា​ ស្ថានីយ​ទូរ​ទស្សន៍​បាយ័ន​​​​ ដែល​គ្រប់​គ្រង​ដោយ​លោក​ស្រី​ ហ៊ុន​ ម៉ា​ណា ​កូន​ស្រី​បង្កើត​របស់​លោក​​ ហ៊ុន សែន​ ស្ថានីយ​​ទូរទស្សន៍​អប្សរា​ ដែល​គ្រប់គ្រង​ដោយ​លោក​ សាយ​ សំអាល់​ រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​​ ដែល​ត្រូវ​ជា​​កូន​ប្រុស​បង្កើត​​របស់​​លោក​​ សាយ ឈុំ​ អគ្គលេខា​ធិការ​គណបក្ស​ប្រជាជន​កម្ពុជា​​ និង​ឧប​នាយក​រដ្ឋ​មន្ត្រី​ សុខ អាន ហើយ​ស្ថានីយ​​ទូរ​ទស្សន៍ស៊ីធីអិន ស៊ីអិន​ស៊ី និង​ម៉ាយធីវី គ្រប់​គ្រង​​ដោយ​អ្នក​ឧកញ៉ា គិត​ ម៉េង​ ដែល​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​យូរ​មក​ហើយ​​ជា​មួយ​លោក​ ហ៊ុន សែន។

លោក​ ជាម យៀប ក៏​បាន​អះអាង​ផង​ដែរ​​ថា  គណបក្ស​ប្រជាជន​កម្ពុជា​​មិន​ប្រើប្រាស់​អំណាច​គ្រប់​គ្រង​​លើ​ស្ថានីយ​ទូរ​ទស្សន៍​នៅ​ក្នុង​ប្រទេស​នោះទេ​ ដោយ​លោក​​ពន្យល់​ថា ការ​​ផ្សាយ​ច្រើន​​ហួស​ហេតុ​របស់​ស្ថានីយ​ទូរទស្សន៍​ទាំង​ប្រាំបួន​អំពី​គណ​បក្ស​ប្រជាជន​កម្ពុជា​​កំពុង​កាន់​អំណាច​ គឺ​គ្រាន់​តែ​​ជា​បញ្ហា​ប្រាក់​ប៉ុណ្ណោះ​។

លោក​បាន​មានប្រសាសន៍​ថា “គណបក្ស​ប្រជាជន​កម្ពុជា​​មិន​គ្រប់​គ្រង​​ស្ថានីយ​ទូរ​ទស្សន៍ ឬ​ស្ថានីយ​វិទ្យុ​នោះ​ទេ​ ប៉ុន្តែ​យើង​​​បាន​​បង់​ប្រាក់​​ឲ្យ​ស្ថានីយ​ទូរទស្សន៍​តាម​រយៈ​ការ​ទិញ​ម៉ោង​​ផ្សាយ​ ដើម្បី​បង្ហាញ​ពី​សមិទ្ធ​ផល​របស់​យើង​។ ប្រសិន​បើ​គណបក្ស​ប្រឆាំង​​ចង់​បង្ហាញ​មុខ​តាម​ស្ថានីយ​ទូរទស្សន៍​ទាំង​នោះ​ ពួក​គេ​ក៏​អាច​ធ្វើ​បាន​ដែរ​”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស