31 C
Phnom Penh

តំណាង​រាស្ត្រគណបក្ស​កាន់អំណាច៖ អ្នក​សង្កេតការណ៍​បោះឆ្នោត​អាច​ប្រឈម​មុខ​​ច្បាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ ឈាង វុន សមាជិក​សភា​គណ​បក្ស​ប្រជាជន​កម្ពុជា បាន​លើកឡើង​កាល​ពី​ម្សិល​មិញថា រដ្ឋ​សភា​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​​ប្រឆាំង​នឹង​គណៈ​កម្មាធិការដើម្បី​​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និ​ង​យុត្តិធម៌នៅកម្ពុជា​ ហៅ​​កាត់​​ខុមហ្វ្រែល​ ពី​​បទ​​បង្ក​ “ចលាចល​” ក្នុង​សង្គម​ ដោយ​​សារតែ​អង្គការ​អង្កេត​ការណ៍​ ​បាន​រាយការណ៍មួយថ្ងៃមុន​​ថ្ងៃ​បោះឆ្នោត​ជ្រើ​សតាំ​ងតំណាង​រាស្ត្រថា ​ទឹក​ខ្មៅ​​ជ្រលក់​ម្រាម​ដៃ​លប់​មិន​ជ្រះ​សម្រាប់អ្នក​បោះឆ្នោត​អាចលាងជម្រះ​ចេញ​បាន​ដោយ​ស្រួល​​។

លោក​ ឈាង វុន បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​​រដ្ឋ​សភា​ បន្ទាប់​​ពីពិធី​ផ្តល់​អំ​ណោយ​ជា​អង្ករ​១.០០០តោន​ដល់​ជន​រងគ្រោះ​ដោយ​សារ​ទឹក​ជំនន់​នៅក្នុង​ប្រទេស​កម្ពុជា​ ថា ​“កាល​ពីថ្ងៃទី​[២៦​] ខែ​កក្កដា យុទ្ធនាការ​ឃោសនា​ការបោះឆ្នោត​បាន​បញ្ចប់​ ហើយ​​ថ្ងៃទី​២៧​ គឺជា​ថ្ងៃ​ស្ងាត់​ស្ងៀម​ ក៏ប៉ុន្តែ នៅ​ថ្ងៃទី​២៧​នោះដែរ​ អង្គការ ខុម​ហ្វ្រែល​ បាន​​ធ្វើ​​សកម្មភាពមួយ​​ដែល​មិន​អាច​ទទួល​យក​បាន ​​បើយោង​តាម​ច្បាប់​បោះឆ្នោត។ ពួក​​គេ​ ​បាន​បង្ក​ចលាចល​ដោយ​ប្រើ​ទឹក​ខ្មៅ​”។ គួរ​បញ្ជាក់ថា  អង្ករ​ទាំងនេះ​គឺជា​អំណោយ​របស់​​​ ឯកអគ្គ​រដ្ឋទូត​វៀត​ណាម ង៉ូវ​ អាញ់ ហ្ស៊ុង (Ngo Anh Dzung)។

លោក​បាន​មានប្រសាសន៍ថា “យើង​នឹង​ចាត់​វិធាន​ការ​យោង​ទៅតាម​ច្បាប់​ ចំពោះ​ការផ្សព្វផ្សាយ​ព័ត៌​មាន​មិន​ពិត​ និង​បង្ក​ចលា​ចល​ក្នុងស​ង្គម​ ពី​ព្រោះ​នេះ​ជា​បញ្ហា​ដ៏ធំ​​មួយ​ ដែល​បង្ក​ផល​ប៉ះពាល់​ខ្លាំង ហើយ​យើង​​ចាំ​បាច់​ត្រូវ​តែ​ពិភាក្សា​អំពីរឿង​នេះ​ជាមួយ​ ពួ​ក​គេ​”។​ លោក​បាន​បន្ថែមទៀត​ថា អង្គការ​ខុម​ហ្វ្រែល​ ​​ត្រូវឆ្លើយ​នឹង​សំណួរនៅ​មុខ​រដ្ឋ​សភា​ អំ​ពី​សេចក្តីរាយការណ៍​របស់​ខ្លួន​ទាក់ទង​នឹង​ទឹកខ្មៅ​លប់មិន​ជ្រះ​នេះ​។ លោក​មិន​បាន​បញ្ជាក់​អំពី​ពេល​វេលា​​សម្រាប់ការ​ដាក់​ពាក្យ​បណ្តឹ​ងផ្លូវ​ការ​ទេ​។​នៅ​ក្នុង​ខ្សែ​វីដេអូមួយ​ផ្សព្វផ្សាយ​តាម​យូធូប (Youtube) ​កាល​ពីថ្ងៃ​   ទី ២៧​ ខែកក្កដា សកម្មភាពលាងជម្រះ​ម្រាម​ដៃ​ប្រឡាក់​ទឹក​ខ្មៅ​​របស់​បុគ្គលិកអង្គការ​ខុម​ហ្វ្រែល​មួយរូប ​ត្រូវ​​បាន​បង្ហាញ​ ​​ដោយ​ប្រើ​សូលុយស្យុងអាថ៌កំបាំងមួយ​ ដែលបន្ទាប់​មក​ ​អង្គការ​ខុមហ្វ្រែល​​ បង្ហាញ​ថា ជាថ្នាំ​លាប សក់ត្រង់។

អង្គការ​ខុមហ្វ្រែល​ក៏​បាន​ធ្វើ​សន្និសីទ​សារ​ព័ត៌​មានមួយ​ដែលត្រូវ​បាន​ផ្សព្វផ្សាយ​​យ៉ាង​ទូ​លំ​ទូលាយ​ តា​ម​​សារ​​ព័ត៌​មាន​ជា​ភាសា​អង់គ្លេស​ និង​ភាសា​ខ្មែរ​ ដើម្បី​ប្រកាស​​ថា ទឹក​ថ្នាំ​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​បាន​កំពុងតែប្រើ​នោះ​អាច​លាងជម្រះយ៉ាង​ងាយ​ស្រួល​ ជាហេតុ​បណ្តាល​ឲ្យ​មាន​ការ​ព្រួយ​ ​បារម្ភ អំពី​ការ​បោះឆ្នោត​។

លោក​ ឈាង វុន ​ក៏​បាន​លើក​ឡើង​ដែរ​ថា ទាំង​អង្គការខុម​ហ្វ្រែល ទាំងវិទ្យាស្ថាន​ជាតិប្រជាធិប​តេយ្យ​ ដែលសុទ្ធតែ​មាន​មូល​ដ្ឋាន​នៅ​​ទីក្រុង​វ៉ាស៊ីន​តោន​ នឹង​ត្រូវបានសើ្ន​ឲ្យ​ឆ្លើយ​សំណួរ​នៅ​ចំពោះ​មុខ​រដ្ឋ​សភា អំពី​ការ​​ស្ទាបស្ទង់​មតិ ដែល​ពួកគេ​ធ្វើ​ឡើង​ដើម្បី​ព្យាករ​​ថា អ្នក​បោះ​ឆ្នោត​ជាង​មួយលាន​នាក់​បាន​បាត់​ឈ្មោះ​ ដោយសារ​តែ​មាន​បញ្ហា​ក្នុង​បញ្ជីឈ្មោះអ្នក​បោះ​ឆ្នោត​ផ្លូ​វការ​។​លោក​ ឈាង វុន ​អះអាង​ថា នេះជា​ចំនួន​ដ៏ច្រើន។

លោក គល់​ បញ្ញា ប្រធាន​នាយក​ប្រតិ​បត្តិ​អង្គការខុមហ្វ្រែល​ បាន​លើក​ឡើង​កាល​ពី​ម្សិល​មិញថា អង្គការ​ក្រៅ​រដ្ឋាភិបាល​របស់​​លោក​គ្មាន​ភារកិច្ច​ឆ្លើយ​នៅមុខ​រដ្ឋ​សភា​នោះ​ទេ។ លោ​ក​បានលើក​ឡើងបន្ថែមទៀត​ថា គណបក្ស​កាន់​អំណាច​ទំនង​ជា​កំពុងព្យាយាម​ផ្តោត​ការ​ចាប់​អារម្មណ៍​ទៅលើភាព​ល្អ​ប្រសើរ​​ក្នុង​ការ​បោះឆ្នោត​។

លោក​ គល់​ បញ្ញា បាន​មាន​ប្រសាសន៍ថា “យើង​សំណូម​ពរ​ឲ្យ​ពួកគេ​ស្នើ​ឲ្យ​គណៈកម្មា​ធិការជាតិ​រៀបចំកា​របោះឆ្នោត​ឆ្លើយ​សំណួរ​ទាំង​នោះ។ ទោះបីជា​យ៉ាង​ណា​  ប្រសិន​បើ​ពួកគេ​​ ត្រូវ​ការ​ព័ត៌មាន​ខ្លះ​ ពោ​លគឺ​ការ​ធ្វើ​សក្ខីកម្ម​​ខ្លះ​ទាក់ទង​នឹង​ចម្លើយ​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​នោះ យើង​ត្រៀម​នឹង​ផ្តល់​ឲ្យ​បាន” ។ លោ​ក​បាន​លើកឡើងបន្ថែ​ម​ថា លោក​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ចំណាត់ការ​​ណា​មួយ​ចេញពី​រដ្ឋាភិបាល​ដើម្បី​ពិនិត្យ​ឡើង​វិញនូវ​សុក្រឹតភាព​​នៃ​ការ​អង្កេត​អ្ន​ក​បោះឆ្នោត​ ធ្វើ​ឡើង​ដោយ​អង្គការ​ ខុមហ្វ្រែល​។

លោក​បានមានប្រសាសន៍​ថា “ប្រហែល​ ​ជា​សវន​កម្ម​របស់​យើង​មាន​កំហុស​ណាមួយ​ ​ខ្ញុំ​មិន​ដឹង​ទេ។ ក៏ប៉ុន្តែ ការ​ផ្ទៀង​​ផ្ទាត់​ គឺជា​មធ្យោបាយ​ល្អបំផុត។ សមាជិក​សភា​ដែល​ធ្វើការ​ជាមួយ​គណបក្ស​ប្រជាជន​ គួរតែធ្វើ​ការ​ជាមួយ​គណៈកម្មាធិការជាតិ​រៀប​ចំការ​បោះឆ្នោត​ ដើម្បីបង្ហាញ​បញ្ជី​អ្នក​បោះឆ្នោត​ដែល​ប្រើ​នៅ​ថ្ងៃទី ២៨​ ខែកក្កដា ជាថ្ងៃ​បោះ ឆ្នោត​”។ លោក​បាន​មានប្រសាសន៍បន្ថែម​ថា “ មាន​​កំហុស​ និង​ភាព​មិន​ប្រក្រតីជា​ច្រើន​​​ ក្នុង​​ការ​គ្រប់​គ្រង​​ការ​បោះឆ្នោត​”៕ ប៊ុន​នី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស