យោងតាមនាយកប្រតិបត្តិអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយ បានឲ្យដឹងថា អតីតមន្ត្រីនគរបាលអូស្ត្រាលីមួយរូប ដែលត្រូវបានធ្វើបត្យាប័នពីប្រទេសកម្ពុជាកាលពីឆ្នាំ២០០៧ ដើម្បីឲ្យប្រឈមនឹងការចោទប្រកាន់ពីបទអំពើពុករលួយនៅក្នុងប្រទេសអូស្ត្រាលីនោះ បានវិលត្រឡប់មកដល់រាជ ធានីភ្នំពេញវិញហើយ និងកំពុងតែធ្វើការក្នុងផ្នែកការពារកុមារ (Child Protection Unit) ហៅកាត់ CPU របស់អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយនេះ។
លោក ស្កុត នីសុន (Scott Neeson) នាយកប្រតិបត្តិអង្គការមូលនិធិកុមារកម្ពុជា (Cambodian Childern’s Fund) បានលើកឡើងកាលពីម្សិលមិញ អំឡុងពេលកិច្ចសម្ភាសមួយនៅឯការិយាល័យអង្គការរបស់លោកក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញថា លោក ជេម ម៉ាក់ ខេប (James McCabe) ដែលបានបម្រើការក្នុងកងកម្លាំងនគរបាលអស់រយៈពេល១៥ឆ្នាំ និងធ្លាប់ជាមន្ត្រីម្នាក់នៅក្នុងប្រទេសកម្ពុជាធ្វើការនៅគណៈកម្មាធិការប្រឆាំងបទឧក្រិដ្ឋអូស្ត្រាលី កំពុងតែដឹកនាំអង្គភាពការពារកុមារដែលទើបតែបង្កើតថ្មីរបស់អង្គការមូលនិធិកុមារកម្ពុជា ដែលធ្វើការងារផ្នែកស៊ើបអង្កេត សកម្មភាពរំលោភសិទ្ធិកុមារ។
លោក នីសុន មានប្រសាសន៍ថា “លោក [ម៉ាក់ខេប] បានជួយបង្កើតអង្គភាពការពារកុមារនេះ ក៏ប៉ុន្តែ លោកមិនមែនជានិយោជិតរបស់អង្គការមូលនិធិកុមារកម្ពុជាទេ លោកគឺជាអ្នកពិគ្រោះយោបល់”។ លោកបានឲ្យដឹងបន្ថែមទៀតថា “មានបុគ្គលិកប្រហែល១២នាក់នៅក្នុងអង្គភាពនេះ ធ្វើការក្រោមឱវាទរបស់លោក ជេម និងលោក អាឡាន[ ឡេម៉ុន] (Alan Lemon) ជាអតីតនគរបាលអូស្ត្រាលី។ យើងនៅតែដំណើរការអង្គភាពនេះដោយសម្ងាត់ខ្លាំងណាស់ រហូតទាល់តែយើងទទួលបានលទ្ធផល ល្អខ្លះៗ”។
សារព័ត៌មាន Sydney Morning Herald បានរាយការណ៍កាលពីខែមិថុនាឆ្នាំ២០០៨ថា នៅពេលនោះ លោក ម៉ាក់ខេប បានឡើងតុលាការក្រុងសីុដនី តាមការចោទប្រកាន់ពីបទប្លន់ប្រដាប់អាវុធ និងរឿងគ្រឿងញៀនទាក់ទងនឹងកិច្ចព្រមព្រៀងគ្រឿងញៀនកាលពីឆ្នាំ២០០២ ដែលលោក និងដៃគូនគរបាលរបស់លោកបានបង្កើតឡើង ហើយក្រោយមកក៏បែកផ្លូវគា្ន ដោយមានថ្នាំហ្វេតំហ្វេតាមីន ដែលគេរាយការណ៍ថា មានតម្លៃ១២០.០០០ដុល្លារ។
ក្រោយមក លោក ម៉ាក់ខេប បានសារភាពកំហុសថា លោកពិតជាបានលួចថ្នាំញៀនមេតំហ្វេតាមីនពីជនជួញដូរគ្រឿងញៀនម្នាក់ អំឡុងប្រតិបត្តិការនគរបាលក្លែងក្លាយ ហើយបានជាប់ពន្ធនាគារពីរឆ្នាំក្នុងប្រទេសអូស្ត្រាលី។
លោក នីសុន ដែលមានអង្គការក្រៅរដ្ឋាភិបាលមួយថែទាំសិស្សជាង១.៨០០នាក់នៅក្នុងប្រទេសកម្ពុជា លើកឡើងថា លោកមិនបានត្រៀមជួលអតីតមន្ត្រីនគរបាលដែលជាប់ទោសនោះទេ។ លោក នីសុន បានមានប្រសាសន៍ ទាក់ទងនឹងការធ្វើបត្យាប័នលោក ម៉ាក់ខេប ទៅប្រទេសអូស្ត្រាលី បន្ទាប់ពីលោកត្រូវបាននគរបាលកម្ពុជាចាប់ខ្លួននៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០០៧ តាមសំណើរបស់ស្ថានទូតអូស្ត្រាលីថា “ ខ្ញុំស្គាល់ គាត់មុនការចោទប្រកាន់កើតឡើង…។ខ្ញុំមិនដឹងអំពីរឿងរ៉ាវរបស់គាត់ទេ ក៏ប៉ុន្តែ គាត់មានតម្លាភាពណាស់ជាមួយខ្ញុំ ហើយគាត់បានត្រឡប់ទៅប្រទេសអូស្ត្រាលីវិញ ដើម្បីទទួលទោស”។
លោក នីសុន បានមានប្រសាសន៍បន្តថា “ មិនមានមនុស្សច្រើនទេ ដែលអ្នកសប្បាយចិត្តជួយនៅទីនេះ និងធ្វើឲ្យអ្នកមានអារម្មណ៍ថា មានសុវត្តិភាពនោះ ក៏ប៉ុន្តែ [លោក ម៉ាក់ខេប] គឺជាមនុស្សម្នាក់ក្នុងចំណោមពួកគេ។ ខ្ញុំជឿជាក់លើគាត់”។ លោក នីសុនក៏បានលើកឡើងដែរថា ម្ចាស់ជំនួយ អ្នកឧបត្ថម្ភ និងសមាជិកគណៈកម្មាធិការនាយកទាំងអស់របស់អង្គការនេះបានដឹងអំពីតួនាទីរបស់លោក ម៉ាក់ខេប និងប្រវត្តិរបស់លោក។ គួររំឭកថា មុនពេលបង្កើតមូលនិធិកុមារកម្ពុជាក្នុងឆ្នាំ២០០៣ លោកនីសុន ធ្លាប់ជាប្រធានផលិតកម្ម 20th Century Fox International នៅហូលីវូដ។
លោកបានបន្តថា “ពិតណាស់ អ្នករាល់គ្នា[ដឹងអំពីតួនាទីរបស់លោក ម៉ាកខេប នៅអង្គភាពការពារកុមារ និងអតីតកាលរបស់គាត់]”។ លោកបានបន្ថែមថា លោក ម៉ាកខេប បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ នៅដើមឆ្នាំ២០០៣។ លោកបានថ្លែងបន្ថែមថា “ យើងមានសមាជិកនៅក្នុងគណៈកម្មាធិការគ្រប់គ្រងរបស់យើង រាប់ទាំង លោក ចន ប៉ាស្កូ (John Pascoe) ប្រធានសហព័ន្ធឧត្តមក្រុមប្រឹក្សាក្នុងប្រទេសអូស្ត្រាលី និងលោក ចន ហ្គេដិន (John Geden) ធ្វើការក្នុងអង្គភាពប្រឆាំងនឹងការកេងប្រវ័ញ្ចកុមារអង់គ្លេស ដែលជាមនុស្សមានស្មារតីប្រុងប្រយ័ត្នខ្ពស់…ពួកគេសុទ្ធតែស្គាល់លោក ជីម [ម៉ាក់ខេប] ។ ពួកគេទាំងអស់គ្នាបានជួបគ្នា…។ គ្មានការសម្ងាត់នោះទេ”។
ក្នុងឆ្នាំ២០០២ ពេលកំពុងធ្វើការឲ្យគណៈកម្មាធិការប្រឆាំងបទល្មើសអូស្ត្រាលី លោក ម៉ាក់ខេប ត្រូវបានបញ្ជូនមកកម្ពុជាដើម្បីធ្វើការក្នុង ប្រតិបត្តិការប្រឆាំងការជួញដូរគ្រឿងញៀន។ នៅពេលនោះគាត់ទទួលបានទំនាក់ទំនងដែលលោក នីសុន លើកឡើងថា ធ្វើឲ្យគាត់ជាមនុស្សសំខាន់ក្នុងការបង្កើតអង្គភាពការពារកុមារនេះ។
លោក នីសុន បានមានប្រសាសន៍ទាក់ទងនឹងឧក្រិដ្ឋកម្មប្រឆាំងកុមារថា “យើងចង់ទទួលមនុស្សល្អបំផុត ដែលអាចមានការយល់ដឹងអំពីអ្វីដែលជាទិដ្ឋភាពឧក្រិដ្ឋកម្មដ៏អាក្រក់នៅទីនះ។ លោក ម៉ាក់ខេប គឺជាមនុស្សល្អបំផុត ដែលធ្វើការជាមួយនគរបាលជាតិកម្ពុជាដើម្បីទទួលនូវកិច្ចសហប្រតិបត្តិការ និងផ្តល់ការងារត្រឹមត្រូវនៅតាមទីកន្លែងធ្វើការ”។ លោកបន្ថែមថា អង្គភាពការពារកុមារបច្ចុប្បន្ននេះកំពុងតែសហការ “យ៉ាងជិតស្និទ្ធជាមួយក្រសួងមហាផ្ទៃ”។
ទោះជាយ៉ាងណា លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានលើកឡើងកាលពីម្សិលមិញថា លោកមិនបានដឹងអំពីលោក ម៉ាក់ខេប ឬអង្គភាពការពាររបស់អង្គការមូលនិធិកុមារកម្ពុជាទេ។ លោក កែវ ធា នាយនគរបាលប្រឆាំងការជួញដូរមនុស្សរាជធានីភ្នំពេញក៏បានលើកឡើងដែរថា មន្ទីររបស់លោកមិនបានធ្វើការជាមួយលោក ម៉ាក់ខេបទេ។លោកបានបន្តថា “ ខ្ញុំឮឈ្មោះលោក ម៉ាក់ខេប ក៏ប៉ុន្តែ មិនបានធ្វើការជាមួយគាត់ទេ” ។
នៅពេលលើកទូរស័ព្ទកាលពីម្សិលមិញ លោក ម៉ាក់ខេប បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីតួនាទីរបស់លោកនៅក្នុងអង្គការមូលនិធិការពារកុមារទេ ហើយបានបង្វែរសំណួរទៅឲ្យថ្នាក់លើរបស់លោកក៏ប៉ុន្តែ លោកមិនប្រាប់ឈ្មោះថ្នាក់លើទាំងនោះទេ។ លោក ម៉ាក់ខេប បាននិយាយថា “ធ្វើអ្វី ដែលអ្នកត្រូវធ្វើ គ្រាន់តែធ្វើក្នុងរង្វង់ច្បាប់ទៅ”៕ ប៊ុននី
(រាយាការណ៍បន្ថែមដោយ ឃី សុវុឌ្ឍី