កាលពីម្សិលមិញ សហភាពអឺរ៉ុបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយរដ្ឋាភិបាល ដើម្បីផ្តល់ឲ្យប្រទេសកម្ពុជានូវឧបករណ៍រាវរកការសាយភាយវិទ្យុសកម្មនិងបច្ចេកវិទ្យាប្រឆាំងភេរវកម្មដើម្បីស្វែងរកការជួញដូរឬការប្រើប្រាស់សម្ភារនុយក្លេអ៊ែរនិងវិទ្យុសកម្មដោយខុសច្បាប់ នៅតាមប៉ុស្តិ៍ត្រួតពិនិត្យព្រំដែនរបស់ប្រទេសនេះ។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក ហ្សង់ ហ្វ្រង់ស័រ កូតាំង (Jean Francois Cautain) និងលោក ឱម យ៉ិនទៀង អនុប្រធាននៃលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្មបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ដែលនឹងផ្តល់ឧបករណ៍រាវរកវិទ្យុសកម្ម និងប្រព័ន្ធទំនាក់ទំនងគ្រាអាសន្នដំឡើងនៅឯផែទន្លេថ្មីក្នុងរាជធានីភ្នំពេញ ព្រមទាំងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបផងដែរ។
លោក ហ្សង់ ហ្វ្រង់ស័រ កូតាំង បានមានប្រសាសន៍ថា “លោករីករាយណាស់ដែលប្រទេសកម្ពុជាប្តេជ្ញាការពារព្រំដែនរបស់ខ្លួន ពីកត្តាគំរាមកំហែងពីអាវុធប្រល័យលោក(WMDs) ដែលសហភាពអឺរ៉ុបប្តេជ្ញាផ្តល់នូវសុវត្ថិភាព និងសន្តិសុខដល់ពិភពលោក ហើយវត្តមានរបស់អាវុធមហាប្រល័យនេះ គឺជា កត្តាគំរាមកំហែងដ៏ធំបំផុតចំពោះសន្តិសុខរបស់សហភាពអឺរ៉ុប។
លោកបានមានប្រសាសន៍ថា “វាជាកត្តាគំរាមកំហែងពិភពលោក ដែលមានផលវិបាករយៈពេលវែងសម្រាប់វិស័យពាណិជ្ជកម្ម សុខភាពសាធារណៈ និងសន្តិសុខពិភពលោក ហើយដោយសារតែចារឹតនៃកត្តាគំរាមកំហែងអន្តរប្រទេសទាំងនេះហើយ ទើបយើងត្រូវតែមានកិច្ចសហការឆ្លងដែនផងដែរ”។
លោក កូតាំង បានពោលសង្កត់ន័យថាតាមលោកដឹង ប្រទេសកម្ពុជាមិនធ្លាប់ឆ្លងកាត់ការប៉ុនប៉ងណាមួយក្នុងការដឹកជញ្ជូនសម្ភារវិទ្យុសកម្មកាត់តាមព្រំដែនរបស់ខ្លួនទេ ក៏ប៉ុន្តែ លោកបានសង្កត់ធ្ងន់ថា កំណើតនៃសហគមន៍អាស៊ានក្នុងឆ្នាំ២០១៥បញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការតាមតំបន់ ក្នុងការទប់ស្កាត់កត្តាគំរាមកំហែងបែបនេះ។
លោក ឱម យ៉ិនទៀង បានលើកឡើងកាលពីម្សិលមិញថា ក្នុងឆ្នាំ២០១១ សហរដ្ឋអាមេរិកបានដំឡើងម៉ាស៊ីនស៊្កែនវិទ្យុសកម្មមានតម្លៃ៦លានដុល្លារនៅឯកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងបានផ្តល់មូលនិធិសម្រាប់បណ្តុះបណ្តាលបុគ្គលិក និងការប្រើរបស់ខ្លួនរហូតដល់ឆ្នាំ២០១៥ ជាពេលវេលាដែលកំពង់ផែនេះអាចនឹងគ្រប់គ្រងប្រតិបត្តិការពេញលេញបាន។
លោកបានមានប្រសាសន៍ថា “តាមពិតទៅ ភេរវកម្មមិនមែនជាបញ្ហាមួយសម្រាប់កម្ពុជានោះទេ ហើយខ្ញុំធានាថា ប្រទេសនេះមិនមែនជាគោលដៅសម្រាប់ភេរវករឡើយ ក៏ប៉ុន្តែ មានផលប្រយោជន៍ច្រើនក្នុងរឿងនេះ សម្រាប់ស្ថានទូតនានា ហើយភ្ញៀវទេសចរបស្ចិមប្រទេសដែលជាភ្ញៀវ ក៏ដូចជាម្ចាស់លំនៅដ្ឋានផងដែរ ដូច្នេះ រដ្ឋាភិបាលត្រូវតែការពារពួកគេពីភេរវករ”។
លោក ឱម យ៉ិនទៀង បានមានប្រសាសន៍បន្តទៀតថា “សំខាន់ណាស់ដែលយើងត្រូវទប់ស្កាត់ភេរវករមិនឲ្យគិតថា កម្ពុជាជាឋានសួរមួយដែលពួកគេអាចជួបប្រជុំសម្ងាត់ និងរៀបចំផែនការវាយប្រហារទៅលើប្រទេសផ្សេងៗទៀត”។ លោកបានលើកឡើងបន្ថែមថា រដ្ឋាភិបាលចាំបាច់ត្រូវតែបង្ក្រាបផ្ទះសំណាក់ណា ដែលអនុញ្ញាតឲ្យភ្ញៀវស្នាក់នៅ ដោយមិនបង្ហាញឯកសារអត្តសញ្ញាណ ពីព្រោះទាំងនេះគឺជាទីកន្លែងដែលពួកភេរវជនស្នាក់នៅ៕ ប៊ុននី