យោងតាមសេចក្តីរាយការណ៍របស់កាសែតថៃ អ្នកភូមិនៅខាងព្រំដែនមានជម្លោះខាងភាគីថៃនៅម្តុំប្រាសាទព្រះវិហារបានចាប់ផ្តើមធ្វើត្រង់សេ មុនពេលតុលាការយុត្តិធម៌អន្តរជាតិចេញសេចក្តីសម្រេចថា តើប្រទេសណាជាអ្នកកាន់កាប់ដីនៅជិតប្រាសាទព្រះវិហារ នៅថ្ងៃច័ន្ទ។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍កាលពីម្សិលមិញថា អ្នកភូមិនៅតំបន់ភ្នំដងរែក ក្នុងខេត្តសុរិន្ទ បាននិយាយថា ពួកគេធ្វើត្រង់សេដើម្បីការពារពីការប៉ះទង្គិចគ្នាដែលអាចកើតមានឡើងរវាងកងកម្លាំងថៃ និងកម្ពុជា នៅពេលដែលតុលាការនេះចេញសាលក្រម។ អត្ថបទកាសែតនោះមានខ្លឹមសារថា “មានប្រាសាទសម័យអង្គរជាច្រើនស្ថិតនៅក្នុងខេត្តសុរិន្ទ និងខេត្តស៊ីសាកេត ហើយនៅពេលមានការប៉ះទង្គិចគ្នានៅតាមព្រំដែន ប្រាសាទ និងសហគមន៍នៅជិតនោះតែងតែរងការប៉ះពាល់”។
កាសែតនេះបានរាយការណ៍ថា ប្រាសាទមួយនៅជិតផ្ទះអ្នកភូមិបានរងការខូចខាត ហើយគ្រាប់កាំភ្លើងផ្លោងបានធ្លាក់ត្រូវចំសាលារៀនមួយក្នុងស្រុកនេះ ពេលមានការប្រយុទ្ធគ្នាកាលពីពីរឆ្នាំមុន។
នៅក្នុងសុន្ទរកថាផ្សាយតាមទូរទស្សន៍ជាតិកាលពីយប់មិញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យយោធាទាំងពីរភាគីនៅតាមព្រំដែន រក្សាភាពស្ងៀមស្ងាត់ និងរក្សាទំនាក់ទំនងក្នុងនាមជាអ្នកជិតខាង។ លោក ហ៊ុន សែន បានមានប្រសាសន៍ថា “ទោះបីជាសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ មានលទ្ធផលយ៉ាងណាក៏ដោយ វាមិនមានបញ្ហាអ្វីឡើយ។ ប្រទេសទាំងពីរត្រូវគោរពសេចក្តីសម្រេចនេះ និងត្រូវប្រឹងប្រែងរក្សាសន្តិភាព និងស្ថិរភាពនៅតាមព្រំដែន”។
វរសេនីយ៍ឯក មាស យឿន មេបញ្ជាការរងកងយោធពលខេមរភូមិន្ទប្រចាំខេត្តព្រះវិហារបានមានប្រសាសន៍ថា ទោះបីជាស្ថានភាពនៅតាមព្រំដែនជិត ប្រាសាទព្រះវិហារមានភាពស្ងប់ស្ងាត់ក៏ដោយ ក៏ប្រជាពលរដ្ឋមួយចំនួននៅខាងទឹកដីខ្មែរបានធ្វើត្រង់សេដែរ។ លោក មាស យឿន បានមានប្រសាសន៍ថា “ ប្រជាជនរបស់យើងដែលរស់នៅតាមព្រំដែនក៏បានធ្វើត្រង់សេដែរ ពីព្រោះយើងមិនអាចដឹងថា មានអ្វីកើតឡើងទេ បន្ទាប់ពីតុលាការយុត្តិធម៌អន្តរជាតិចេញសេចក្តីសម្រេចនៅសប្តាហ៍ក្រោយ”។ លោកបានមានប្រសាសន៍ថា “នេះគឺជាការចាប់អារម្មណ៍ពីគ្រួសារទាហានរបស់យើងចំពោះស្ថានភាពនេះ ជាពិសេសចំពោះកូនៗរបស់ពួកគេ”។
ទោះជាយ៉ាងណា លោកបានបន្ថែមថា ដោយសារខ្វះសម្ភារសាងសង់ គ្រួសារទាហានមិនអាចធ្វើត្រង់សេបានល្អដូចថៃទេ។ អ្នកបើកបររថយន្តតាក់ស៊ីម្នាក់នៅខេត្តព្រះវិហារ ដែលគ្រាន់តែប្រាប់ថា ឈ្មោះ ឆាយ នោះបាននិយាយថា ប្រជាជននៅតំបន់នេះកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចមានការប៉ះទង្គិចគ្នានៅពេលសេចក្តីសម្រេចនៅថ្ងៃច័ន្ទជិតចូលមកដល់ ប៉ុន្តែ មិនព្រួយបារម្ភខ្លាំងប៉ុន្មានទេអំពីការគ្រោះថ្នាក់របស់ជនស៊ីវិល។
តុលាការយុត្តិធម៌អន្តរជាតិនឹងប្រកាសសាលក្រមនៅថ្ងៃច័ន្ទ ដើម្បីបកស្រាយថា តើសេចក្តីសម្រេចរបស់ខ្លួនកាលពីឆ្នាំ១៩៦២ ដើម្បីប្រគល់ប្រាសាទព្រះវិហារឲ្យកម្ពុជា ក៏បានប្រគល់សិទ្ធិកាន់កាប់ដីនៅជិតប្រាសាទនេះឲ្យកម្ពុជាដែរ ឬយ៉ាងណា៕ គឹមហឿន