31 C
Phnom Penh

សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​​ចំណាយ​ខ្ពស់​​លើ​សន្តិ​សុខ​ ការ​ពារ​ជាតិ និង​អប់រំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​ច្បាប់​ចម្លង​នៃ​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​​បង្ហាញ​ថា សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ ​​ដែល​មាន​ទឹក​ប្រាក់​ចំនួន​៣,៤​ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០១៤ ស្នើ​ឲ្យ​មាន​ប្រាក់​​បំណុល​ថ្មី​ចំនួន​៩២០​លាន​ដុល្លារ​ទៀត​​​ទើប​ចំណាយ​បាន​គ្រប់​គ្រាន់​  ​ហើយ​​បំណុល​នៅ​ក្នុង​​​ឆ្នាំ​២០១៣​នេះ ក៏​មាន​​ចំនួន​ដូច​គ្នា  ​នេះ​ដែរ​។

សេចក្តី​ព្រាង​ច្បាប់​ថវិកា​នេះ មាន​ទឹក​ប្រាក់​​លើស​ទឹក​ប្រាក់​ដែល​រដ្ឋា​ភិបាល​ចំណាយ​ក្នុង​ឆ្នាំ​នេះ​ជិត​៤០០​លាន​ដុល្លារ​ ឬ​ប្រហែល១៣​​​ភាគ​រយ​ ដោយ​សារ​មាន​ការ​បង្កើន​ចំណាយ​ទៅ​លើ​វិស័យ​អប់​រំ ការពារ​ជាតិ និង​សន្តិ​សុខ​។ ទោះ​ជា​យ៉ាង​ណា​ សេចក្តី​ព្រាង​ច្បាប់​ថវិកា​ផ្លូវ​ការ​មាន​ចំនួន​តិច​ជាង​៣,៥៤​ពាន់​លាន​ដុល្លារ​​ ដែល​ចំនួន​​ខុទ្ទកាល័យ​របស់នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ថា ខ្លួន​បាន​អនុ​​​ម័ត​កាល​ពី​ខែ​មុន ប៉ុន្តែ ទាំង​ទី​ស្តីការ​គណៈ​រដ្ឋ​មន្ត្រី និង​គណៈ​កម្មការ​ហិរញ្ញវត្ថុ​របស់​រដ្ឋ​សភាមិន​ប្រាប់​ពី​មូល​ហេតុដែល​​ចំនួន​ថវិកា​​នេះ​មាន​​ភាព​​ខុស​គ្នា​នោះ​ទេ​។

ក្នុងចំណោម​ចំណែក​ថវិកា​របស់​​ក្រសួង​នីមួយៗ​ ក្រសួង​ការ​ពារ​ជាតិ​ និង​ក្រសួង​មហា​ផ្ទៃ​បូក​រួម​ចូល​គ្នា​មាន​​ចំនួន​​៤៨៩​លាន​ដុល្លារ​ គឺ​​លើស​ឆ្នាំ​នេះចំនួន​១៧​ភាគ​រយ និង​ស្មើ​១៤​ភាគ​រយ​នៃ​ថវិកា​ជាតិទាំង​មូល។ ​លិខិត​មួយ​អម​ជាមួយ​សេចក្តី​ព្រាង​ច្បាប់​នេះបញ្ជាក់​ថា ការ​បង្កើន​ថវិកា​ជាតិ​នេះ ភាគ​ច្រើន​​សម្រាប់​ចំណាយ​ទៅ​លើ​កិច្ច​ការ​សង្គម​​នៅ​ក្រសួង​ការ​ពារ​ជាតិ​ មិន​មែន​បង្កើន​ចំណាយ​សម្រាប់​សម្ភារ​យោ​ធា​នោះ​ទេ​។

សេចក្តី​ព្រាង​ច្បាប់​ថវិកា​នេះ​នឹង​ត្រូវ​រដ្ឋ​សភា​​អនុម័ត​នៅ​ថ្ងៃ​អង្គារ​ ហើយ​ទំនង​ជា​អនុ​ម័ត​ដោយ​សមាជិក​សភា​៦៨​រូប​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ដោយ​គ្មាន​ការ​ចូល​រួម​ពី​សមាជិក​សភាជាប់ឆ្នោត​ទាំង​៥៥​រូប​របស់​គណ​បក្ស​ប្រឆាំង​ដែល​កំពុង​បដិសេធ​មិន​ទទួល​យក​អាសនៈ​របស់​ខ្លួន​នៅ​ក្នុង​រដ្ឋ​សភា ដើម្បី​តវ៉ា​នឹង​ភាព​មិន​ប្រក្រតី​នៅ​ក្នុងការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ខែ​កក្កដា​នេះឡើយ។

លោក ជាម យៀប តំណាង​រាស្ត្រ​មក​ពី​គណ​​​​បក្ស​ប្រជា​ជន​កម្ពុជា និង​ជា​ប្រធាន​គណៈ​កម្មការ​ហិរញ្ញវត្ថុ​របស់​រដ្ឋ​សភា​ដែល​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ​កាល​ពី​ថ្ងៃ​ពុធ បាន​មាន​ប្រសាសន៍​ថា ក្រសួង​ការ​ពារ​ជាតិ​ និង​ក្រសួង​មហាផ្ទៃ​ត្រូវ​ការ​ថវិកា​​បន្ថែម​ទៀត​ មិន​មែន​សម្រាប់​តែ​សម្ភារ​យោធា​ថ្មី​នោះ​ទេ​ ប៉ុន្តែ​ ដើម្បី​បង្កើន​ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវ​ករ​​អន្តរ​ជាតិ​ផង​ដែរ។ ទោះ​ជា​យ៉ាង​ណា កម្ពុជា​មិន​ប្រឈម​នឹង​ការ​គំរាម​កំហែង​ច្បាស់​លាស់​ណា​មួយ​ពី​ភេរវ​កម្ម​អន្តរ​ជាតិ​ ឬ​ភេរវកម្ម​ក្នុង​ស្រុក​ឡើយ។

លោក ជាម យៀប បាន​មាន​ប្រសាសន៍​ថា “រដ្ឋា​ភិបាល​នឹង​ចំណាយ​ថវិកា​បន្ថែម​ទៀត​​សម្រាប់​ការ​​បណ្តុះ​បណ្តាល​របស់​​ទាហាន​ និង​នគរ​បាល ជាពិសេស​​ការ​​ហ្វឹក​ហាត់​សម្រាប់​ប្រឆាំង​ភេរវកម្ម​អន្តរ​ជាតិ​ និង​ដើម្បី​ថែ​រក្សា​សន្តិ​សុខ​នៅ​ក្នុង​ប្រទេស​។ ទី២ រដ្ឋា​ភិបាល​ត្រូវ​ការ​ទិញ​​សម្ភារ និង​ឯកសណ្ឋាន​ទាហាន​ និង​នគរ​បាល​”។ រដ្ឋា​ភិបាល​តែង​តែ​អះ​អាង​អំពី​ការ​ទប់​ស្កាត់​ក្រុម​ភេរវករ​ជា​ច្រើន​ក្រុម​​។

ទោះ​ជា​យ៉ាង​ណា អង្គការ​សិទ្ធិ​មនុស្ស​និយាយ​ថា ក្រុម​ជា​ច្រើន​ដែល​រដ្ឋា​ភិបាល​ចាត់​ទុក​ថា ជា​ភេរវករ​នោះ​ គ្រាន់​តែ​ប្រើ​ប្រាស់​សិទ្ធិ​​ ផ្លូវ​​ច្បាប់​របស់​ខ្លួនដើម្បី​ប្រឆាំង​តែ​ប៉ុណ្ណោះ​។ ការ​បង្កើន​ចំណាយ​ច្រើន​ទៅ​លើ​ផ្នែក​សន្តិ​សុខ​នេះ​ ក៏​កើត​មាន​ឡើង​ចំ​ពេល​មាន  ​ភាព​ទាល់​ច្រក​ផ្នែក​នយោ​បាយដោយ​សារ​​ការ​បោះ​ឆ្នោត​ជាតិ​ដ៏​ចម្រូង​ចម្រាស កាល​ពី​ខែ​កក្កដា រវាង​រដ្ឋា​ភិបាល​ និង​គណ​បក្ស​សង្គ្រោះ​ជាតិ​​ផង​ដែរ​ ហើយ​ការ​តវ៉ា​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​​រាជ​ធានី​ភ្នំ​ពេញ ត្រូវ​បាន​ឆ្លើយ​តប​ដោយ​ការ​ដាក់​ពង្រាយ​កង​កម្លាំង​នគរ​បាល​ និង​កង​រាជ​អាវុធ​​​​ហត្ថ​ជា​ច្រើន​ នៅ​តាម​ផ្លូវ​ក្នុង​ទីក្រុង។ តាម​សេចក្តី​ព្រាង​ច្បាប់​ថវិកា​​នេះ វិស័យ​ផ្សេងៗ​ទៀត​ក៏​ទទួល​បាន​ថវិកា​ច្រើន​ជាង​មុន​ផង​ដែរ​។

សេចក្តី​ព្រាង​ច្បាប់​នេះស្នើ​ឲ្យ​មាន​ការ​បង្កើន​ថវិកា​៣៧​ភាគ​រយ សម្រាប់​ក្រសួង​សង្គម​កិច្ច​ដល់​១៤១​លាន​ដុល្លារ​ និង​បង្កើន​២០​ភាគ​រយ​សម្រាប់​ក្រសួង​អប់​រំ ដល់​ចំនួន​៣៣៥​លាន​ដុល្លារ​។ ទោះ​បី​ជាក្រសួង​អប់​រំ​ទទួល​បាន​ថវិកា​ច្រើន​ជាង​ក្រសួង​ទាំង​អស់​ក៏​ដោយ ក៏​​ចំនួន​នេះ​នៅ​ក្រោម​​​២​ភាគ​រយ​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​របស់​កម្ពុជា​ ដែល​ធនាគារ​ពិភព​​លោក​ព្យាករ​ថា​ មាន​ចំនួន​១៧,២​ពាន់​​លាន​ដុល្លារ សម្រាប់​ឆ្នាំ២០១៤​ដែរ​។ទោះ​ជា​យ៉ាង​​​​ណា​ ​សមាគម​គ្រូ​បង្រៀន​ អ្នក​ផ្តល់​ជំនួយ​ និង​​​សូម្បី​​មន្ត្រី​ក្រសួង​មួយ​ចំនួន​បាន​និយាយ​ថា ​ចំណាយ​សម្រាប់​ក្រសួង​អប់​រំ​គួរ​តែ​ច្រើន​ជាង​នេះ​។

អ្នក​រិះ​គន់​ថវិកា​ជាតិ​ក្នុងពេល​កន្លង​មក​​ក៏​បានរិះ​គន់​រដ្ឋា​ភិបាល​ផង​ដែរ ចំពោះ​ការ​ចំណាយ​តិច​ពេក​ទៅ​លើ​វិស័យ​សុខា​ភិបាល​។ សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៤ ក៏​ស្នើ​ឲ្យ​មាន​ការ​បង្កើន​ថវិកា​តែ​៨,៤​ភាគ​រយ​ប៉ុណ្ណោះ​សម្រាប់ក្រសួង​សុខា​ភិបាល​ ដល់​ចំនួន​២៤៤​លាន​ដុល្លារ​។ ក្រសួង​កសិកម្ម​ក៏​បង្កើន​១៣​ភាគ​រយ​ទៅ​លើ​ថវិកា​របស់​ខ្លួន​ដល់​ចំនួន​ជិត​៤០​លាន​ដុល្លារ​ផង​ដែរ។

លោក នៅ សីហា សេដ្ឋ​វិទូ​ឯករាជ្យ​ និង​ជា​អតីត​អ្នក​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់​នៅ​វិទ្យា​ស្ថាន​សេដ្ឋ​កិច្ច​នៃ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា “ពី​មុន ​វិស័យ​អប់​រំ​នៅ​តូច បើ​ប្រៀប​ធៀប​ទៅ​នឹង​វិស័យ​សន្តិ​សុខ និង​ក្រសួង​ការ​ពារ​ជាតិ​”។ ប៉ុន្តែ ដើម្បី​កាត់​បន្ថយ​អត្រា​នៃ​ភាព​ក្រី​ក្រ​ឲ្យ​បាន​ច្រើន​នោះ លោក សីហា បាន​មាន​ប្រសាសន៍​ថា រដ្ឋា​ភិបាល​គួរ​តែ​បង្កើន​ការ​ចំណាយ​ទៅ​លើ​វិស័យ​អប់​រំ វិស័យ​សុខា​ភិបាល និងវិស័យ​កសិកម្ម​។ លោក​បាន​មាន​ប្រសាសន៍ថា “ វា​មិន​គ្រប់​គ្រាន់​ទេ​ រដ្ឋាភិ​បាល​គួរ​តែ​បង្កើន​​ឲ្យ​បាន​ច្រើន​ជាង​នេះ”។

រដ្ឋា​ភិបាល​ក៏​បាន​ទទួល​រង​ការរិះ​គន់​ផង​ដែរ ចំពោះ​ការ​បន្ត​ខ្ចី​បំណុល​បរទេស​ជា​ច្រើន​ ដែល​ភាគ​ច្រើន​គឺ​ជា​កម្ចី​មាន​ការ​ប្រាក់​ខ្ពស់​ពី​ប្រទេស​ចិន។
សេចក្តី​ព្រាង​ច្បាប់​ថវិកា​ឆ្នាំ​២០១៤​នេះ ស្នើ​ឲ្យ​មាន​កម្ចី​ថ្មី​ចំនួន​៩២០​លាន​ដុល្លារ​ដូច​នៅ​ឆ្នាំ​នេះ​ទៀត​។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទី​ស្តីការ​គណៈ​រដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៍ថា កម្ចី​ទាំង​នេះ ត្រូវ​បាន​ចំណាយ​ដោយ​ត្រឹម​ត្រូវ ដើម្បី​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​ និង​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​ដ៏​ត្រឹម​ត្រូវ​របស់​រដ្ឋា​ភិបាល​។ លោក​បាន​មាន​ប្រសាសន៍​ថា “ការ​​ខ្ចី​បំណុល​​ឆ្លុះ​បញ្ចាំង​ពី​ផលិត​ផល​​ក្នុង​ស្រុក​សរុប​​របស់​យើង និង​ឆ្លុះ​បញ្ចាំងពី​លទ្ធ​ភាព​របស់​យើង​ក្នុង​ការ​សង​បំណុល​ ហើយ​ខ្លួន​ប្រើ​ប្រាស់​​​បំណុល​ដ៏​ច្រើន​នេះ​ដោយ​ប្រុង​ប្រយ័ត្ន​។ កម្ចី​ទាំង​អស់​ចំណាយ​ទៅ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ការ​បង្កើន​ផលិត​ភាព​ ការ​កែ​លម្អ​​វិស័យ​កសិកម្ម​។ យើង​មិន​ចង់​ឲ្យ​រដ្ឋ​ក្ស័យ​ធន​នោះ​ទេ”។

នៅ​ក្នុង​របាយ​ការណ៍​រួម​​មួយ​​ចេញ​កាល​ពី​ដើម​ឆ្នាំ​នេះ ធនាគារ​ពិភព​លោក​ និង​មូល​និធិ​រូបិយ​វត្ថុ​អន្តរ​ជាតិ​បាន​លើក​ឡើង​ថា បំណុល​បច្ចុ​ប្បន្ន​របស់​កម្ពុជា​អាច​​មាន​និរន្តរភាព​ ប៉ុន្តែ បាន​​ក្រើន​រំឭក​​ថា ការ​បង្កើន​បំណុល​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សមត្ថ​ភាព​របស់​ខ្លួនក្នុង​ការ​ទប់​ទល់​នឹង​វិបត្តិ​សេដ្ឋ​កិច្ច​ណា​មួយ​ក្នុង​ពេល​អនាគត​។ សេចក្តី​ព្រាង​ច្បាប់​ថវិកា​នេះ​ក៏​ព្យាករ​ពី​ការ​កើន​ឡើង​ចំណូល​របស់​រដ្ឋា​ភិបាល​ប្រ​ហែល​១៦​ភាគ​រយ​ផង​ដែរ​។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍​ថា រដ្ឋា​ភិ​បាល​គួរ​​​ប្រឹង​ប្រែង​ប្រមូល​​ប្រាក់​ចំណូល​ ដើម្បីកាត់​បន្ថយ​ការ​ខ្ចី​បំណុល​ និង​ដើម្បី​បង្កើន​ការ​ចំណាយ​ទៅ​លើ​វិស័យ​អាទិ​ភាព​ដូច​ជា​ វិស័យ​សុខា​ភិបាល និង​វិស័យ​អប់​រំ​ ​ដែល​កំពុង​​ត្រូវ​បាន​រារាំង​ដោយ​អំពើ​ពុក​រលួយ​​ដ៏​រាល​ដាល​។ លោក​បាន​មាន​ប្រសាសន៍ថា “ប្រសិន​បើ​អស់​​លោក​ចង់​ឲ្យ​ប្រទេស​ជាតិ​​​មាន​ភាព​រឹង​មាំ​​​នោះ​ គួរ​តែ​បង្កើន​ការ​ចំណាយ​ទៅ​លើ​វិស័យ​សុខា​ភិបាល​។ ឥឡូវ​នេះ ប្រាក់​ចំណូល​ដែល​ប្រមូល​បាន​សម្រាប់​វិស័យ​អាទិភាព​មិន​គ្រប់​គ្រាន់​ទេ”។

លោក ជាម យៀប ប្រធាន​គណៈ​កម្មការ​ហិរញ្ញ​វត្ថុ​របស់​រដ្ឋ​សភា​បាន​មាន​ប្រសាសន៍​ថា សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​ទៅ​ដល់​រដ្ឋ​សភា​នៅ​ថ្ងៃ​អង្គារ៕ គឹម​ហឿន

(រាយការណ៍​បន្ថែម​ដោយ ហ៊ុល រស្មី)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស