គណបក្សប្រឆាំងបានលើកឡើង កាលពីម្សិលមិញថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គួរតែកាត់បន្ថយអត្រាការប្រាក់លើកលែងការទូទាត់សងប្រាក់កម្ចី និងពន្យារពេលរឹបអូសយកសម្បត្តិសម្រាប់រយៈពេលប្រាំមួយខែខាងមុខមួយរយៈសិន ដើម្បីដោះបន្ទុកគ្រួសារ ដែលរងប៉ះពាល់ដោយសារទឹកជំនន់កាលពីថ្មីៗនេះ។
លោកស្រី មូរ សុខហួរ សមាជិកសភាគណបក្សសង្គ្រោះជាតិ បានលើកឡើងក្នុងសន្និសីទសារព័ត៌មាន នៅឯទីស្នាក់ការគណបក្សនេះថា ប្រជាពលរដ្ឋរាប់ពាន់គ្រួសារនៅទូទាំងប្រទេសកំពុងតែជួបការសងប្រាក់កម្ចី ដោយសារតែទឹកជំនន់បំផ្លិចបំផ្លាញជីវភាពរបស់ពួកគាត់។ លោកស្រីបានថ្លែងថា “ដោយពិចារណាអំពីការប៉ះពាល់នៃបន្ទុកនៃការជាប់ជំពាក់បំណុល និងកត្តាគំរាមកំហែងដកហូតទ្រព្យសម្បត្តិមានតម្លៃពីប្រជាជន ដែលងាយរងគ្រោះ យើងសូមសំណូមពរដោយទទូចឲ្យមានការប្តូរ ពីការដាក់បន្ទុកដែលមានកាន់តែច្រើនលើប្រជាពលរដ្ឋ ឲ្យទៅជាសកម្មភាពសង្គ្រោះបន្ទាន់វិញ”។
យោងតាមតួលេខថ្មីរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបង្ហាញថា មនុស្សយ៉ាងតិច១៦៨នាក់បានស្លាប់អំឡុងទឹកជំនន់រយៈពេលជាងមួយខែ ហើយប្រជាជនសរុប១,៧លាននាក់រងប៉ះពាល់អាក្រក់ ដោយសារគ្រោះមហន្តរាយនេះ។ “ វិធីសាស្ត្រផ្អែកលើសិទ្ធិ” ក្នុងការដោះស្រាយបញ្ហាផ្តល់ប្រាក់កម្ចី ដែលគណបក្ស សង្គ្រោះជាតិ កំពុងស្នើដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៣៧ ក្នុងប្រទេសកម្ពុជា ដែលរួមគ្នាមានប្រាក់កម្ចីសរុបជាង១ពាន់លានដុល្លារ នោះ គឺថា ពួកគេគួរតែផ្តល់ឲ្យអតិថិជននូវការពន្យាររយៈពេលប្រាំមួយខែសម្រាប់ ការទូទាត់សងបំណុល កាត់បន្ថយអត្រាការប្រាក់មក១ភាគរយ (ពីអត្រាអប្បបរមា២,៥ភាគរយ) សម្រាប់រយៈពេលមួយឆ្នាំ និងដកកត្តាគំរាមកំហែងចេញ ដើម្បីយកពេលសម្រាប់ការស្តារស្ថានភាពឡើងវិញ។
លោកស្រី សុខហួរ ថ្លែងថា “ប្រជាជនកំពុងចាប់ផ្តើមចេញទៅប្រទេសថៃ ដើម្បីស្វែងរកការងារធ្វើ និងរកប្រាក់សងបំណុល ឬក៏គេចពីការសងបំណុល។ [ដូច្នេះ] វិធានការនេះមានសារៈសំខាន់ណាស់សម្រាប់ស្តារ រៀបចំមុខរបរនិងកសាងជីវភាពរស់នៅឡើងវិញ”។ ទាក់ទងបានកាលពីម្សិលមិញ លោក ម៉ី វ៉ាន់ ប្រធាននាយកដ្ឋានឧស្សហកម្មនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា រដ្ឋាភិបាលកំពុងធ្វើការអំពាវនាវដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឲ្យជួយជនរងគ្រោះដោយសារទឹកជំនន់។ លោកបានមានប្រសាសន៍ថា “យើងក៏កំពុង ស្នើថា ក្នុងចំណោមបញ្ហាផ្សេងទៀតរយៈពេលសងគួរតែត្រូវបានពន្យារ ក៏ប៉ុន្តែ យើងគ្មានសិទ្ធិ អនុវត្តគោលនយោបាយលើឧស្សាហកម្មបែបនេះទេ ព្រោះនេះមិនមែនជាប្រាក់របស់រដ្ឋាភិបាលទេ ដូច្នេះយើងកំពុងស្វែងរកការយល់យោគមួយ ពីពួកគេ និងកំពុងជំរុញឲ្យពួកគេធ្វើសកម្មភាព ដើម្បីផលប្រយោជន៍ច្រើនបំផុតរបស់អតិថិជនរបស់ពួកគេ”៕ ប៊ុននី