28 C
Phnom Penh

ស្ត្រី​ម្នាក់​រង​ការ​ចោទ​ប្រកាន់​ពីបទ​ឆ​បោក​អះអាង​ថា មន្ត្រី​រដ្ឋាភិបាល​លួច​ប្រាក់​របស់​ខ្លួន​ក្នុង​ពេល​រត់ការ​ដី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេធាវីការ​ពារ​ក្តី​ស្ត្រី​មួយ​រូប​ដែល​ត្រូវ​​បាន​ចោទប្រកាន់​ថា បាន​បោក​ប្រាស់វិស្វករ​កង​យោធពល​ខេមរភូមិន្ទ​ម្នាក់​នោះ បាន​អះ​អាង​កាល​ពីម្សិលមិញថា កូន​ក្តី​របស់លោក​ត្រូវ​បាន​មន្ត្រី​ជាន់​ខ្ពស់​​ក្នុ​ងជួរ​រដ្ឋាភិបាល​​បោក​ប្រាស់​យក​ប្រាក់​ ក៏​ប៉ុន្តែ អ្នក​នាំពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី បាន​បដិសេធ​សេចក្តីអះអាង​នេះ​ ដោយចោទ​ប្រកាន់ស្ត្រី​រូប​នោះ​ថា បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​។

អ្នក​ស្រី​ រាជ នី អាយុ​៣៦​ឆ្នាំ កាល​ពី​ថ្ងៃ​ច័ន្ទ​ ត្រូវ​បាន​ចោទប្រកាន់​ថា បាន​បោក​យក​ប្រាក់​ចំនួន​២៥០ពាន់​ដុល្លារ​ពី​លោក​ឧត្តម​សេនីយ៍​ទោ​ សែម សុវណ្ណី ​ ដែល​បាន​ពឹង​អ្នក​ស្រី​ឲ្យធ្វើជា​ឈ្មួញ​កណ្តាល​ក្នុង​ផែនការ​​ដីធ្លីទំហំ​៣.០០០ហិកតា​នៅ​ខេត្ត​កំពង់ធំ​កាល​​ពីឆ្នាំ​២០១២​។

លោក​ ម៉ន​ កែវ​តេវីន មេធាវី​របស់​អ្នក​ស្រី រាជ នី បាន​អះអាង​កាល​ពីម្សិលមិញថា កូន​ក្តី​របស់​លោក​បាន​​ទំនាក់​ទំនង​ជាមួយ​មន្ត្រី​ជា​ច្រើន​ផ្នែក​ដែល​ចាំបាច់​ក្នុង​ការ​រត់​ការ​ក្នុង​ផែន​ការ​នេះ​ ក៏​ប៉ុន្តែ ប្រាក់​របស់​លោកឧត្តម​សេនីយ៍​ទោ​ សុវណ្ណី ​ និ​ងប្រាក់​ចំនួន​៥០០​ពាន់​ ដុល្លារ​របស់​អ្នកស្រី រាជ នី ផ្ទាល់​ត្រូវបាន​​មន្ត្រី​ រដ្ឋាភិបាល​ជាច្រើន​ថ្នាក់​បោក​យក​អស់ក្នុង​ដំណើរ​ការ​នៃការ​រត់​ការ​​ក្នុ​ងផែន​ការ​នេះ​។

មេធាវី​រូប​នេះបា​នមាន​ប្រសាសន៍​ថា “រដ្ឋាភិបាល​ [កាល​ពីមុន]​បាន​ផ្តល់​ដី​សម្ប​ទាន​​១ម៉ឺន​ហិកតា​ ដល់​ [កូនក្តី​របស់​ខ្ញុំ​] [សម្រាប់​​លក់] ។ គាត់​បាន​រត់​ឯកសារ​ដើម្បីទទួល​បាន​​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋាភិបាល​ [និង​យក​ទៅ​ឲ្យ​លោក​ឧត្តម​សេនីយ៍​ទោ សុវណ្ណី​ ] និង​​បាន​ចំណាយ​ប្រាក់​៧៥០.០០០ដុល្លារ​រួម​ទាំង​ ប្រាក់​របស់​គាត់​ផ្ទាល់​ ៥០០.០០០​ដុល្លារ​”។

លោក កែវ​តេវីន បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “កូន​ក្តី​របស់​ខ្ញុំ​មិន​បាន​បោក​ប្រាស់ [លោក​ឧត្តម​សេនីយ៍​ទោ សុវណ្ណី ទេ​]​ គាត់​បាន​បង់ប្រាក់​ទាំង​អស់​នេះ​ឲ្យ​​មន្ត្រី​ស្រុក​ ខេត្ត និង​រដ្ឋាភិបាល​ ព្រមទាំង​មន្ត្រី​ជាន់​ខ្ពស់​នានា​នៅ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​”។ លោក​បាន​បន្ថែម​ថា ចំនួន​ទឹក​ប្រាក់​ទាំ​ងអស់​នេះ​ត្រូវ​បាន​បង់​ឲ្យ​មន្ត្រីនានា ​តាំង​ពី​ពេល​មុន​​ពេល​បោះ​ឆ្នោត​ជ្រើ​សតាំង​តំណាង​រាស្ត្រ​ក្នុង​ខែកក្កដា​។ ក្នុង​អំឡុ​ងពេល​នោះ​ លោក​​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​ហាម​មិន​ឲ្យ​មាន​​ការ​លក់​ដីសម្បទាន​​។

លោក ផៃ ស៊ី​ផាន​ អ្នក​នាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​បាន​ច្រាន​ចោល​សេចក្តី​អះ​អាង​របស់​​អ្នកស្រី រាជ នី​ កាល​ពីម្សិលមិញ​ ដោយ​លើក​ឡើង​ថា មាន​នីតិ​វិធី​ស្រប​ច្បាប់​សម្រាប់​ប្រតិបត្តិការ​បែប​នេះ​ ហើយ​​ថា អ្នក​ស្រី រាជ នី មិន​បាន​អនុវត្ត​តាម​នីតិវិធី​នោះ​ទេ​។ លោក​បាន​មាន​ប្រសាសន៍ថា “ជា​ធម្មតា​ នៅពេល​ក្រុមហ៊ុន​មួយ​ ឬ​ក៏​បុគ្គល​ណា​ម្នាក់​ត្រូ​វការ​ដីសម្បទាន​ ពួក​គេ​ត្រូ​វ​ចុះ​បញ្ជី​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍ​ន៍​កម្ពុជា​​ ក្រសួង​​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ និង​ក្រសួ​ងបរិស្ថាន​។

បន្ទាប់​ពី​ស្ថាប័ន​ទាំ​ងបីនេះ​​អនុម័តឯកសារ​​ទាំង​ឡាយ​ហើយ​ ឯកសារ​ទាំង​នោះ​ត្រូវ​បាន​​បញ្ជូន​ឲ្យ​​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រីពិនិត្យ​ ហើយ​​បន្ទាប់​មក​រដ្ឋាភិបាល​នឹង​ចេញ​សេចក្តី​ប្រកាស​”។ លោក​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា មិនមាន​កំណត់​ត្រា​បង្ហាញ​ថា អ្នក​ស្រី រាជ នី​ អនុវត្ត​តាម​នីតិវិធីនេះទេ​។ លោក​ ផៃ​ ស៊ីផាន បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “នេះគឺជា​ករណីអំពើ​ពុក​រលួយ​​យ៉ាង​ច្បាស់​មួយ​ ហើយ​រដ្ឋា​ភិបាល​ត្រូវ​តែ​ចាត់​វិធានការ​”៕ សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស