មេធាវីការពារក្តីស្ត្រីមួយរូបដែលត្រូវបានចោទប្រកាន់ថា បានបោកប្រាស់វិស្វករកងយោធពលខេមរភូមិន្ទម្នាក់នោះ បានអះអាងកាលពីម្សិលមិញថា កូនក្តីរបស់លោកត្រូវបានមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលបោកប្រាស់យកប្រាក់ ក៏ប៉ុន្តែ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានបដិសេធសេចក្តីអះអាងនេះ ដោយចោទប្រកាន់ស្ត្រីរូបនោះថា បានប្រព្រឹត្តអំពើពុករលួយ។
អ្នកស្រី រាជ នី អាយុ៣៦ឆ្នាំ កាលពីថ្ងៃច័ន្ទ ត្រូវបានចោទប្រកាន់ថា បានបោកយកប្រាក់ចំនួន២៥០ពាន់ដុល្លារពីលោកឧត្តមសេនីយ៍ទោ សែម សុវណ្ណី ដែលបានពឹងអ្នកស្រីឲ្យធ្វើជាឈ្មួញកណ្តាលក្នុងផែនការដីធ្លីទំហំ៣.០០០ហិកតានៅខេត្តកំពង់ធំកាលពីឆ្នាំ២០១២។
លោក ម៉ន កែវតេវីន មេធាវីរបស់អ្នកស្រី រាជ នី បានអះអាងកាលពីម្សិលមិញថា កូនក្តីរបស់លោកបានទំនាក់ទំនងជាមួយមន្ត្រីជាច្រើនផ្នែកដែលចាំបាច់ក្នុងការរត់ការក្នុងផែនការនេះ ក៏ប៉ុន្តែ ប្រាក់របស់លោកឧត្តមសេនីយ៍ទោ សុវណ្ណី និងប្រាក់ចំនួន៥០០ពាន់ ដុល្លាររបស់អ្នកស្រី រាជ នី ផ្ទាល់ត្រូវបានមន្ត្រី រដ្ឋាភិបាលជាច្រើនថ្នាក់បោកយកអស់ក្នុងដំណើរការនៃការរត់ការក្នុងផែនការនេះ។
មេធាវីរូបនេះបានមានប្រសាសន៍ថា “រដ្ឋាភិបាល [កាលពីមុន]បានផ្តល់ដីសម្បទាន១ម៉ឺនហិកតា ដល់ [កូនក្តីរបស់ខ្ញុំ] [សម្រាប់លក់] ។ គាត់បានរត់ឯកសារដើម្បីទទួលបានសេចក្តីជូនដំណឹងរបស់រដ្ឋាភិបាល [និងយកទៅឲ្យលោកឧត្តមសេនីយ៍ទោ សុវណ្ណី ] និងបានចំណាយប្រាក់៧៥០.០០០ដុល្លាររួមទាំង ប្រាក់របស់គាត់ផ្ទាល់ ៥០០.០០០ដុល្លារ”។
លោក កែវតេវីន បានមានប្រសាសន៍បន្ថែមទៀតថា “កូនក្តីរបស់ខ្ញុំមិនបានបោកប្រាស់ [លោកឧត្តមសេនីយ៍ទោ សុវណ្ណី ទេ] គាត់បានបង់ប្រាក់ទាំងអស់នេះឲ្យមន្ត្រីស្រុក ខេត្ត និងរដ្ឋាភិបាល ព្រមទាំងមន្ត្រីជាន់ខ្ពស់នានានៅទីស្តីការគណៈរដ្ឋមន្ត្រី”។ លោកបានបន្ថែមថា ចំនួនទឹកប្រាក់ទាំងអស់នេះត្រូវបានបង់ឲ្យមន្ត្រីនានា តាំងពីពេលមុនពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រក្នុងខែកក្កដា។ ក្នុងអំឡុងពេលនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានហាមមិនឲ្យមានការលក់ដីសម្បទាន។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានច្រានចោលសេចក្តីអះអាងរបស់អ្នកស្រី រាជ នី កាលពីម្សិលមិញ ដោយលើកឡើងថា មាននីតិវិធីស្របច្បាប់សម្រាប់ប្រតិបត្តិការបែបនេះ ហើយថា អ្នកស្រី រាជ នី មិនបានអនុវត្តតាមនីតិវិធីនោះទេ។ លោកបានមានប្រសាសន៍ថា “ជាធម្មតា នៅពេលក្រុមហ៊ុនមួយ ឬក៏បុគ្គលណាម្នាក់ត្រូវការដីសម្បទាន ពួកគេត្រូវចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន។
បន្ទាប់ពីស្ថាប័នទាំងបីនេះអនុម័តឯកសារទាំងឡាយហើយ ឯកសារទាំងនោះត្រូវបានបញ្ជូនឲ្យទីស្តីការគណៈរដ្ឋមន្ត្រីពិនិត្យ ហើយបន្ទាប់មករដ្ឋាភិបាលនឹងចេញសេចក្តីប្រកាស”។ លោកបានឲ្យដឹងបន្ថែមទៀតថា មិនមានកំណត់ត្រាបង្ហាញថា អ្នកស្រី រាជ នី អនុវត្តតាមនីតិវិធីនេះទេ។ លោក ផៃ ស៊ីផាន បានមានប្រសាសន៍បន្ថែមទៀតថា “នេះគឺជាករណីអំពើពុករលួយយ៉ាងច្បាស់មួយ ហើយរដ្ឋាភិបាលត្រូវតែចាត់វិធានការ”៕ សុធា