31 C
Phnom Penh

មន្ត្រី​​​កម្ពុជា​​​និយាយ​​​ថា មហាសេដ្ឋី​​​រុស្ស៊ី សេរហ្គេ ប៉ូឡុនស្គី នឹង​​​ត្រូវ​​​ចាប់​​​ខ្លួន​​​នៅ​​​ប៉ុន្មាន​​​ថ្ងៃ​​​ទៀត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​ជាន់​​​ខ្ពស់​​​​​​បាន​​​លើក​​​ឡើង​​​​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ការ​​​ចាប់​​​ខ្លួន​​​​​​លោក​​​ សេរហ្គេ ប៉ូ​​​ឡុន​​​ស្គី ពាណិជ្ជករ​​​ជន​​​ជាតិ​​​រុស្ស៊ី​​​កំពុង​​​រត់​​​គេច​​​ខ្លួន​​​ ដែល​​​​​​បច្ចុប្បន្ន​​​​​​អាជ្ញាធរ​​​ក្រុង​​​មូស្គូ​​​ កំពុង​​​តែ​​​តាម​​​ចាប់​​​ខ្លួន​​​ ដើម្បី​​​​​​ឲ្យ​​​គាត់​​​ប្រឈម​​​នឹង​​​បទ​​​ចោទ​​​ប្រកាន់​​​​​​ពាក់ព័ន្ធ​​​នឹង​​​ការ​​​​​​លួច​​​បន្លំ​​​​​​ប្រាក់​​​ជា​​​ច្រើន​​​​​​លាន​​​ដុល្លារ​​នោះ​​​ នឹង​​​ធ្វើ​​​ឡើង​​​​​​​​​នៅ​​​ប៉ុន្មាន​​​​​​ថ្ងៃ​​​ទៀត​​​នេះ​​​ គឺ​​​​​​នៅ​​​ពេល​​​​​​​​​ក្រសួង​​​មហា​​​ផ្ទៃ​​​ទទួល​​​បាន​​​លិខិត​​​ស្នាម​​​​​​ចាំ​​​បាច់​​​ភ្លាម​​​។​​​

ឧត្តម​​​សេនីយ៍​​​ឯក​​​ គៀត ច័ន្ទថារិទ្ធ​​​ អ្នក​​​នាំ​​​ពាក្យ​​​នគរបាល​​​ជាតិ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ខណៈ​​​​​​ពេល​​​ដែល​​​ក្រសួង​​​ការបរទេស​​​ និង​​​ក្រសួង​​​យុត្តិធម៌​​​​​​ទទួល​​​បាន​​​សំណើ​​​​​​​​​ធ្វើ​​​បត្យា​​​ប័ន​​​​​​លោក​​​​​​ ប៉ូឡុនស្គី  ជា​​​ផ្លូវ​​​ការ​​​ពី​​​ក្រុង​​​មូស្គូ ក្រសួង​​​មហា​​​ផ្ទៃ​​​ ដែល​​​ត្រួត​​​ត្រា​​​លើ​​​​​​អគ្គ​​​ស្នង​​​ការ​​​នគរ​​​បាល​​​ជាតិ​​​ កំពុង​​​​​រង់​​​ចាំ​​​​​​ការ​​​អនុញ្ញាត​​​ ដើម្បី​​​ចាប់​​​ខ្លួន​​​គាត់​​​។

លោក​​​ គៀត ច័ន្ទ​​​ថារិទ្ធ​​​ បាន​​​មាន​​​ប្រសា​​​សន៍​​​ថា “នៅ​​​ពេល​​​យើង​​​ទទួល​​​​​​បាន​​​លិខិត​​​​​​របស់​​​​​​ក្រសួង​​​យុត្តិធម៌​​​ យើង​​​នឹង​​​ចាត់​​​វិធាន​​​ការ​​​​​​”។ លោក​​​បាន​​​បន្ត​​​ថា ​​​ការ​​​ចាប់​​​ខ្លួន​​​​​​នឹង​​​មិន​​​ធ្វើ​​​ឡើង​​​​​​​​​នៅ​​​ “ពីរបីថ្ងៃ​​​ទៀត​​​” ទេ​​​ ហើយ​​​ការ​​​ពន្យារ​​​ពេល​​​​​​​​​​​​អាច​​​​​​នឹង​​​​​​ទុក​​​ឱកាស​​​ឲ្យ​​​បុរស​​​អ្នក​​​ជំនួញ​​​រូប​​​នេះ​​​រត់​​​គេច​​​ខ្លួន​​​។ លោក​​​មានប្រសាសន៍​​​ថា “យើង​​​​​​ព្រួយ​​​បារម្ភ​​​… ខ្ញុំ​​​គិត​​​ថា  យើង​​​មិន​​​អាច​​​ចាប់​​​ខ្លួន​​​គាត់​​​​​​បាន​​​នៅ​​​ឡើយ​​​ទេ​​ [យើង​​​អាច​​​] ត្រឹម​​​តែ​​ឃ្លាំមើល​​​គាត់​​​ប៉ុណ្ណោះ”។

លោក​​​ សំ ប្រជាមានិត​​​ អ្នក​​​នាំពាក្យ​​​ក្រសួង​​​​​​យុត្តិធម៌​​​បាន​​​បដិសេធ​​​​​​មិន​​​​​​ធ្វើ​​​អត្ថា​​​ធិ​​​បាយ​​​ទេ​​​កាល​​​ពី​​​ម្សិលមិញ​​​។

កាលពី​​​ខែ​​​កក្កដា តុលាការ​​​ក្រុង​​​មូស្គូ​​​ បាន​​​ចោទ​​​ប្រកាន់​​​លោក​​​ ប៉ូឡុនស្គី​​​ ដោយ​​​កំបាំង​​​​​​មុខ​​​​​​ពី​​​បទ​​​លួច​​​បន្លំ​​ប្រាក់​​​ចំនួន​​​១៧៦​​​លាន​​​ដុល្លារ​​​ពី​​​វិនិយោគិន​​​ប្រហែល​​​៨០​​​នាក់​​​​​​នៅ​​​ក្នុង​​​គម្រោង​​​អភិវឌ្ឍន៍​​​លំនៅដ្ឋាន Kutuzov-skaya Mile ​ដែល​​​​​​មិន​​​ទាន់​​​បញ្ចប់​​​​​​នៅ​​​ឡើយ​​​។ កាល​​​ពីថ្ងៃ​​​អង្គារ​​​ លោក​​​ ប៉ូឡុនស្គី​​​ ត្រូវ​​​បាន​​​ចុះ​​​ឈ្មោះ​​​​​​ក្នុង​​​បញ្ជី​​​ឈ្មោះ​​​ឧក្រិដ្ឋ​​​ជន​​​ ដែល​​​នគរ​​​បាល​​​អន្តរជាតិ​​​អាំង​​​ទែប៉ូល​​​​​​ចង់​​​ចាប់​​​ខ្លួន​​​បំផុត​​​​​​ពី​​​បទ​​​ “ឆបោក​​​​​​ទ្រង់​​​ទ្រាយ​​​ធំ”។

ដោយ​ធ្លាប់​ជា​​​បុរស​​​អ្នក​​​មាន​​​បំផុត​​​ម្នាក់​​​នៅ​​​​​​ក្នុង​​​ប្រទេស​​​រុស្ស៊ី បច្ចុប្បន្ន​​​លោក​​​ ប៉ូឡុន​​​ស្គី កំពុង​​​​​​រស់​​​នៅ​​​​​​លើ​​​កោះ​​​​​ដែក​​​គោល ជា​​​កោះ​​​ឯក​​​ជន​​​តូច​​​មួយ​​​នៅ​​​ឯ​​​​​​នាយ​​​ឆ្នេរ​​​ខេត្ត​​​ព្រះ​​​សីហនុ។ យោង​​​តាម​​​​​​ទីភ្នាក់ងារ​​​​​​ព័ត៌មាន​​​​​​​​​​​​ច្បាប់​​​រុស្ស៊ី​​​ ឬ​​​ហៅ​​​ថា Rapsi បាន​​​ឲ្យ​​​ដឹង​​​ថា កាល​​​ពី​​​ម្សិល​​​មិញ​​​​​​​​​ការិយាល័យ​​​អគ្គរដ្ឋ​​​អាជ្ញា​​​រុស្ស៊ី​​​​​​បាន​​​អះ​​​អាង​​​ថា សំណើ​​​សុំ​​​ធ្វើ​​​បត្យាប័ន​​​​​​លោក​​​ ប៉ូឡុន​​​ស្គី ត្រូវ​​​បាន​​​បញ្ជូន​​​មក​​​កាន់ប្រទេស​​​កម្ពុជា​​​រួច​​​ហើយ​​​។

ឧត្តម​​​សេនីយ៍​​​ឯក​​​ ខៀវ សុភ័គ អ្នក​​​នាំ​​​ពាក្យ​​​​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​សង្កត់​​​ធ្ងន់​​​ថា ការ​​​ចាប់​​​ខ្លួន​​​លោក​​​ ប៉ូឡុន​​​ស្គី​​​​​​ គឺ​​​ជា​​​អាទិភាព​​​ ដោយ​​​សារ​​​តែ​​​ទំនាក់​​​ទំនង​​​ជិត​​​ស្និទ្ធ​​​​​​រវាង​​​កម្ពុជា​​​ និង​​​រុស្ស៊ី។ លោក​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​សង្ឃឹម​​​ថា នឹង​​​មាន​​​លទ្ធផល​​​វិជ្ជមាន​​​​​​ពី​​​រ​​​រដ្ឋាភិបាល​​​​​ ពីព្រោះ​​​យើង​​​​​​ជា​​​មិត្ត​​​​​​យូរ​​​មក​​​ហើយ​​​​​​ជា​​​មួយ​​​ប្រទេស​​​​​​រុស្ស៊ី”។

លោក​​​មានប្រសាសន៍​​​ថា “ក្រសួង​​​​​​មិន​​​ទាន់​​​ទទួល​​​បាន​​​​​​​​​លិខិត​​​ស្នាម​​​នៅ​​​ឡើយ​​​ទេ​​​ ប៉ុន្តែ​​​ឯក​​​អគ្គរដ្ឋទូត​​​រុស្ស៊ី​​​បាន​​​លើ​​​កឡើង​​ [ពីករណី​​​របស់​​​លោក​​​ ប៉ូឡុនស្គី នៅ​​​​​​ក្នុង​​​ការ​​​ពិភាក្សា​​​ផ្លូវការ​​​​​​ជា​​​មួយ​​​លោក​​​ ស ខេង​​​ [រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​​​​មហា​​​ផ្ទៃ]”។ លោក​​​​​​បាន​​​បន្ត​​​ទៀត​​​ថា ចំនួន​​​នេះ​​​បាន​​​កើត​​​ឡើ​​​ង​​​ប្រហែល​​​​​​ពីរ​​​សប្ដាហ៍​​​មុន​​​។ ទាំង​​​លោក​​​ ស ខេង​​​ ទាំង​​​មន្ត្រី​​​នៅ​​​ស្ថាន​​​ទូត​​​​​​រុស្ស៊ី​​​​​​​​​ក្នុង​​​រាជធានីភំពេញ​​​​​​មិន​​​អាច​​​ទាក់​​​ទង​​​​​​សុំ​​​ការ​​​​​​អត្ថាធិប្បាយ​​​បាន​​​ទេ​​​។ លោក​​​ ប៉ូឡុន​​​ស្គី បាន​​​​​​បដិ​​​សេធ​​​មិន​​​ធ្វើ​​​ការ​​​បំភ្លឺ​​​ទេ​​​ ពាក់​​​ព័ន្ធ​​​នឹ​​​ង​​​​​​​​​ប្រធាន​​​បទ​​​​​​នៃ​​​ការ​​​ចាប់​​​ខ្លួន​​​គាត់​​​​​​ក្នុង​​​ពេល​​​ឆាប់​​​ៗ​​​ នេះ​​​។

លោក​​​ ប៉ូឡុនស្គី បាន​​​និយាយ​​​តាម​​​ទូរ​​​ស័ព្ទ​​​​​​ថា “សម្រាប់​​​ខ្ញុំ ​​​ខ្ញុំ​​​ចង់​​​សួរ​​​ថា តើ​​​​​​​​​ពេល​​​នេះ​​​​​​ប្រាក់​​​របស់​​​ខ្ញុំ​​​នៅ​ឯណា​​​ ហើយ​​​អ្នក​​​ណា​​​​​​​​​ជា​​​​​​អ្នក​​​គ្រប់គ្រង​​​ក្រុមហ៊ុន​​​របស់​​​ខ្ញុំ​​?”។ អំឡុង​​​បទ​​​សម្ភាស​​​​​​មួយ​​​នៅ​​​លើ​​​កោះ​​​ដែក​​​គោល​​​កាល​​​ពី​​​ខែ​​​មុន​​​ លោក​​​ ប៉ូឡុនស្គី បាន​​​បន្ទោស​​​​​​បញ្ហា​​​​​​ផ្លូវ​​​ច្បាប់​​​​​​របស់​​​គាត់​​​​​​ រួ​​​ម​​​ទាំង​​​​​​ការ​​​ចោទ​​​ប្រកាន់​​​ទី​​​បទ​​​​​​ប្រើ​​​អំពើ​​​ហិង្សា​​​​​​ផង​​​ ដែល​​​គាត់​​​បាន​​​​​​​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​បី​​​ខែ​​​​​​នៅ​​​ក្នុង​​​ពន្ធ​​​នាគារ​​​ខេត្ត​​​ព្រះ​​​សីហនុ កាល​​​ពី​​​ដើម​​​ឆ្នាំ​​​នេះ​​​ ទៅ​​​លើ​​​អតីត​​​ដៃ​​​គូ​​​រក​​​ស៊ី​​​នៅ​​​ក្នុង​​​ក្រុម​​​ហ៊ុន​​​ Mirax Group ជា​​​ក្រុម​​​ហ៊ុន​​​​​​អចលនទ្រព្យ​​​របស់​​​គាត់​​​ ដែល​​​គេ​​​បាន​​​ដូរ​​​ឈ្មោះ​​​​​​ទៅ​​​ជា​​​ក្រុម​​​ហ៊ុន​​​ Potok ចាប់​​​តាំងពី​​​ពេល​​​នោះ​​​មក​​​។

កាល​​​ពី​​​ម្សិលមិញ​​​ លោក​​​ តាក់​​​ វណ្ណថា ស្នង​​​​​​​​​ការ​​​ខេត្ត​​​ព្រះសីហនុ​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា លោក​​​​​​មិន​​​បាន​​​ដឹង​​អ្វី​​​ទេ​​​ពាក់​​​ព័ន្ធ​​​នឹង​​​ករណី​​​លោក​​​​​​ ប៉ូឡុនស្គី។ លោក​​​មានប្រសាសន៍​​​ថា “ខ្ញុំ​​​មិន​​​ដឹង​​​ពី​​​ករណី​​​នេះ​​​ទេ​​​ ហើយ​​​ខ្ញុំ​​​មិន​​​ទាន់​​​ទទួល​​​បាន​​​ដីកា​​​ចាប់​​​ខ្លួន​​​នៅ​​​ឡើយ​​​ទេ​​​”។ ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​របស់​​​រុស្ស៊ី បាន​​​ធ្វើ​​​សេចក្ដី​​​​​​រាយការណ៍​​​ថា​​​ លោក​​​ ប៉ូឡុនស្គី​​​ សុខ​​​ចិត្ត​​​ចុះ​​​ហត្ថ​​​លេខា​​​លើ​​​លិខិតចរចា​​​ប្ដូរ​​​​​​ចម្លើយ​​​ជា​​​ថ្នូ​​​រនឹង​​​ការដក​​​ដី​​​កាចាប់​​​ខ្លួន​​​​​​គាត់​​​នៅ​​​ក្នុង​​​ទី​​​​​​ក្រុង​​​មូស្គូ​​​​​​ ប្រទេស​​​រុស្ស៊ី។ យោងតាម​​​កាសែត​​​​​​ The Moscow Times បាន​​​ឲ្យដឹង​​​ថា លោក​​​ ប៉ូឡុនស្គី សុខ​​​ចិត្ត​​​​​​ផ្ដល់​​​សំណង​​​​​​១២​​​លាន​​​ដុល្លារ​​​​​​ដល់​​​ភាគី​​​ពាក់ព័ន្ធ​​​ ដែល​​​បាន​​​​​​បាត់​​​បង់​​​ប្រាក់​​​​​​នៅ​​​ក្នុង​​​​​​គម្រោង​​​អភិ​​​វឌ្ឍន៍ Kutuzovs-kaya Mile៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស