31 C
Phnom Penh

ក្រុមហ៊ុននាំខ្សាច់មួយដែលមានតម្លៃ១,៥​លានដុល្លារ ទៅប្រទេសឥណ្ឌាដោយមិនខ្វល់ពីបម្រាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​ដឹកខ្សាច់ដ៏​ច្រើនដែលបូម​ពី​ទន្លេ​នៅ​ក្នុង​​​​ប្រទេស​កម្ពុជា​ត្រូវ​បាន​​រារាំង​​នៅ​កំពង់​​​​ផែ​ក្រុង ​Cochin ភាគ​ខាង​ត្បូង​ប្រទេស​ឥណ្ឌា​ ចាប់​តាំង​ពី​បាន​មក​ដល់​កាល​ពី​ខែ​មេសា ទោះ​​​​បី​ជា​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចេញ​បម្រាម​មិន​ឲ្យ​មាន​ការ​នាំ​ខ្សាច់​ចេញ កាល​ពី​ឆ្នាំ​២០០៩​​ ក៏​ដោយ។

កាសែត Deccan Chronicle របស់​ឥណ្ឌា បាន​រាយការណ៍​កាល​ពី​ថ្ងៃ​អង្គារ​ថា ការ​ដឹក​ខ្សាច់​​​ទន្លេ​​​ដែល​ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​​កម្ពុជា​ដោយ​ក្រុម​ហ៊ុន​ឥណ្ឌា​ឈ្មោះ Raja Steel Private Ltd. ​កំពុង​ជាប់​គាំង​​នៅ​​កំពង់​ផែ​ Cochin រយៈ​ពេល​ប្រាំមួយ​ខែ​​មក​ហើយ​ ដោយ​ត្រូវ​បាន​បដិ​​​​សេធ​​ជា​ច្រើន​ដង ដោយ​សារគ្មាន​​​ការ​អនុញ្ញាត​​ពី​គយ។

​សេចក្តី​រាយ​ការណ៍​នេះ​លើ​កឡើង​ថា “ខ្សាច់​ជាង​៣២.០០០​តោន​ដែល​បាន​នាំ​ចូល​ពី​ប្រទេស​កម្ពុជា​បានមក​ដល់​កំពង់​ផែ​ Cochin រយៈ​ពេល​ជាង​ប្រាំមួយ​ខែ​មក​ហើយ ដោយ​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​ថា គំនរ​​ខ្សាច់ដ៏​ច្រើន​នេះ​អាច “ប៉ះ​ពាល់​ដល់​បរិស្ថាន ពី​ព្រោះ​​​​ខ្សាច់​ទាំង​នោះ​អាច​មាន​មីក្រុប​ ឬ​​សារធាតុ​​ជីវ​សាស្ត្រ​ផ្សេង​ៗ​ទៀត”។

សេចក្តី​រាយ​ការណ៍​របស់​កាសែត Time of India ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ខែ​មិថុនា លើក​ឡើង​ថា បរិមាណ​ខ្សាច់​នេះ​មាន​តម្លៃ​ប្រហែល​​​​១,៥​លាន​ដុល្លារ​។
លោក ហ៊ុន សែន បាន​ហាម​ឃាត់​មិន​ឲ្យ​នាំ​ចេញ​ខ្សាច់​ជា​អ្វី​ដែល​​គេ​ចាត់​ទុក​ថា ជា​ការ​​ខំ​ប្រឹង​ប្រែង​ដើម្បី​ការ​ពារ​ជីវ​ចម្រុះ​ក្នុង​ទឹក​ ប៉ុន្តែ​បម្រាម​នេះ​មិន​រាប់​បញ្ចូល​តំបន់​ដែលដី​ខ្សាច់​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ផ្លូវ​ទឹក​ឡើយ។

លោក លឹម គានហោ រដ្ឋ​មន្ត្រី​ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុនិយម​បាន​អះ​អាង​កាល​ពី​ម្សិល​​​​មិញ​ថា បម្រាម​មិន​ឲ្យ​នាំ​ខ្សាច់​ចេញ​នេះ​នៅ​មាន​សុពលភាព​នៅ​ឡើយ។ លោក លឹម គានហោ បាន​មាន​ប្រសា​សន៍​​​​ថា “ បម្រាម​នេះ​មិន​ទាន់​បាន​ដកចេញ​នៅ​ឡើយ​ទេ។ មាន​ការ​បូម​ខ្សាច់​ពីរ​បី​កន្លែង​ទ្រង់​ទ្រាយ​តូច​ត្រូវ​បាន​អនុញ្ញាត​ ពីព្រោះ​វា​ប៉ះ​ពាល់​​​​ដល់​ការ​សាង​សង់​ ប៉ុន្តែ ការ​បូម​ខ្សាច់​ដើម្បី​នាំ​ចេញ​ត្រូវ​បាន​ហាម​ឃាត់​ទាំង​ស្រុង​។

សេចក្តី​សម្រេច​របស់​តុលាការ​ជាន់​ខ្ពស់​រដ្ឋ​ Kerala របស់​ឥណ្ឌា​កាល​ពី​ថ្ងៃ​ទី​៧ ខែ​សីហា ពាក់​ព័ន្ធ​រឿង​ក្តី​របស់​ក្រុម​ហ៊ុន Raja Stell ជុំ​វិញ​​​​សេចក្តី​សម្រេច​បដិសេធ​​ដោយ​សារ​​​​​ខ្សាច់​​នេះ​គ្មាន​ការ​អនុញ្ញាត​ពី​គយ​​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា​​​នោះ បញ្ជាក់​ថា ប្រភព​ខ្សាច់​នេះមក​​​ពី​ខេត្ត​កោះ​កុង។ សេចក្តី​សម្រេច​នេះ​មាន​ខ្លឹម​សារ​ថា ក្រុម​​​ហ៊ុន​ Raja Steel “បាន​នាំ​ចូល​ខ្សាច់​សម្រាប់​ការ​សាង​សង់​ (ប្រហែល​៣១.៣៣៣,៧១​​​តោន) ដែល​បាន​បូម​ពី​ស្ទឹង​មួយ​ក្នុង​ខេត្ត​កោះ​កុង​ក្នុង​ប្រទេស​កម្ពុជា ដែល​ដឹក​តាម​កប៉ាល់​ Hongxin Blue Sea ទៅ​កំពង់​ផែ​ Cochin”។

ខ្សែ​អាត់​វីដេអូ​ជា​ច្រើន​ដែល​បង្ហោះ​នៅ​ក្នុង​គេហ​ទំព័រ​យូធូបកាល​ពី​ខែ​មីនា និង​ខែ​មេសាឆ្នាំនេះ មាន​ឈ្មោះលោក  ហ្សុង​ យ៉ុង (Zhuang Yong) បង្ហាញ​ពី​ខ្សាច់​ទន្លេ​ដែល​បូម​ដាក់​កប៉ាល់​មួយ​គ្រឿង​ដែល​គេ​ដាក់​ចំណង​ជើង​នៅ​ក្នុង​ខ្សែ​អាត់​វីដេអូ​នោះ​ថា កប៉ាល់ Hongxin Blue Sea ។ ចំណង​ជើង​នៅ​ក្នុង​ខ្សែ​អាត់​វីដេអូ​មួយ​បង្ហាញ​អំពី​ទី​កន្លែង​បូម​ខ្សាច់​នោះថា ស្ថិត​ក្នុង​ស្រុក​ស្រែ​អំបិល ខេត្ត​កោះ​កុង។

ដោយ​ទាក់​ទង​កាល​ពី​ថ្ងៃ​ពុធ​តាម​លេខ​ទូរស័ព្ទនៅ​ក្នុង​គេហទំព័រ​យូធូបនោះ លោក យ៉ុង បាន​អះ​អាង​ថា លោក​ធ្វើ​ការ​ឲ្យ​ក្រុម​ហ៊ុន​​​​បូម​ខ្សាច់​មួយ​នៅ​ក្នុង​ខេត្ត​កោះ​កុង។ ប៉ុន្តែ លោក យ៉ុង បាន​បដិសេធ​មិន​បញ្ចេញ​​​​ឈ្មោះ​ក្រុម​ហ៊ុន​ដែល​លោក​បាន​ធ្វើ​ការ​ឲ្យ​នោះ​ទេ ហើយ​បាន​បង្វែរ​សំណួរ​ទៅ​ក្រុម​ហ៊ុន​​​ LYP Group ។

ក្រុម​ហ៊ុន LYP កាន់​កាប់​ដោយ​ឧកញ៉ា លី យ៉ុងផាត់ ជា​សមាជិក​ព្រឹទ្ធ​សភាគណ​បក្ស​ប្រជា​​​​ជន​កម្ពុជា។ បើ​ទោះ​ណា​ជា​មាន​បម្រាម​​​​ហាម​​​​ឃាត់​មិន​ឲ្យ​នាំ​ខ្សាច់​ចេញ​ក៏​ដោយ ក៏​ក្រុម​ហ៊ុន LYP ទទួល​បាន​អាជ្ញា​ប័ណ្ណ​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១០ ដើម្បី​បូម​ខ្សាច់​ពី​ស្ទឹង​តាតៃ ក្នុង​ខេត្ត​កោះ​កុង។ គេ​មិន​អាច​ទាក់​ទង​លោក លី​ យ៉ុង​ផាត់ និង​​​​ជំនួយ​ការ​របស់​លោក​ដើម្បី​សំុ​អត្ថា​ធិប្បាយ​បាន​ទេ​កាល​ពី​ម្សិល​មិញ។

ភាព​ស្រប​ច្បាប់​នៃ​ការ​បូ​ម​ខ្សាច់​របស់​ក្រុម​ហ៊ុន LYP នៅ​ក្នុង​ខេត្ត​កោះ​កុង មាន​ប្រភព​មិន​​​​ច្បាស់​លាស់​ ចាប់​តាំង​ពី​ក្រុម​ហ៊ុន​នេះ​ទទួល​​​​បាន​​​​អាជ្ញា​ប័ណ្ណ​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ បន្ទាប់​ពី​លោក ហ៊ុន សែន ចេញ​បម្រាម​មិន​ឲ្យ​នាំ​ខ្សាច់​ចេញ។ កាល​ពី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១១ ក្រសួង​​​​ធន​ធាន​ទឹក​បាន​បញ្ជា​ឲ្យ​ក្រុម​ហ៊ុន LYP បញ្ឈប់​ការ​បូម​ខ្សាច់​នៅ​ស្ទឹង​តាតៃ ដូច្នេះ​​​ក្រុម​​​ហ៊ុនអាច​ពិនិត្យ​ឡើង​វិញ​នូវ​ប្រតិបត្តិការ​របស់​ខ្លួន​។

នៅ​ចុង​ខែ​នោះ ក្រសួង​ឧស្សា​ហកម្ម​ រ៉ែ និង​ថាម​ពល​បាន​បន្ត​អាជ្ញា​ប័ណ្ណ​បូម​ខ្សាច់​ដល់​ក្រុម​ហ៊ុន LYP រយៈ​ពេល​១២​ខែ​ទៀត រហូត​ដល់​ខែ​កញ្ញា ឆ្នាំ​២០១២។
លោក លឹម គានហោ បាន​អះ​អាង​ថា រាល់​ប្រតិបត្តិការ​បូម​ខ្សាច់​ទាំង​អស់​នៅ​ក្នុង​ខេត្ត​កោះ​កុង បាន​បញ្ឈប់​​បន្ទាប់​ពី​អាជ្ញា​ប័ណ្ណ​របស់ក្រុម​ហ៊ុន LYP អស់​សុពល​ភាព។

លោក​បាន​មាន​ប្រសាសន៍​ថា “មិន​មាន​ការ​បូម​ខ្សាច់​ទៀត​ទេ​នៅ​ទីនោះ ហើយ​អាជ្ញា​ប័ណ្ណ​របស់ក្រុមហ៊ុន​លោក លី យ៉ុង​ផាត់ បាន​អស់​សុពល​ភាព​ជា​យូរ​មក​ហើយ ហើយ​ការ​បូម​ខ្សាច់​បាន​បញ្ឈប់​ចាប់​តាំង​ពី មាន​ការ​ចេញ​បម្រាម​មក​ម៉្លេះ”។

សេចក្តី​រាយការណ៍​របស់​កាសែត Time of India ដែលបាន​ចេញ​ផ្សាយ​កាល​ពី​ខែ​កញ្ញា លើក​ឡើង​ថា ក្រុម​ហ៊ុន Raja​ Steel មាន​គម្រោង​នាំ​ចូល​ខ្សាច់​ទន្លេ​ប្រហែល​២០០.០០០​តោន​ទៅ​ប្រទេស​ឥណ្ឌា​ក្នុង​មួយ​ឆ្នាំៗ ដោយ​សារ​តែ​បម្រាម​មិន​ឲ្យ​បូម​ខ្សាច់​ទាំង​អស់​ដាក់​ឲ្យ​អនុវត្ត​ដោយ​រដ្ឋ​ Kerala ក្នុង​ឆ្នាំ​២០០៩។
សេចក្តី​រាយ​ការណ៍​នេះ បាន​ដក​ស្រង់​សម្តី​លោក Raja ប្រធាន​ក្រុម​ហ៊ុន​នេះ ដោយ​លើក​ឡើង​ថា ដោយ​សារ​​ប្រឈម​បញ្ហា​ក្នុង​ការ​​នាំ​ចូល​ខ្សាច់​ដោយ​ផ្ទាល់​ពី​ប្រទេស​កម្ពុជា​​​នោះ ក្រុម​ហ៊ុន Raja Steel “ ឥឡូវ​នេះ​ត្រូវ​បញ្ជា​ទិញ​ខ្សាច់​កម្ពុជា​ពី​ប្រទេស​ផ្សេងវិញ​”។

លោក Raja មិន​បាន​ឆ្លើយ​តប​ចំពោះ​សំណើ​សុំ​​អត្ថា​ធិប្បាយ​កាល​ពី​ថ្ងៃ​ពុធ អំពី​ប្រភព​ខ្សាច់​របស់​ក្រុម​ហ៊ុន​នេះ​ពី​ប្រទេស​កម្ពុជា៕ សារុន

(រាយការណ៍​បន្ថែម​ដោយ ម៉ិច ដារ៉ា)​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស