ការដឹកខ្សាច់ដ៏ច្រើនដែលបូមពីទន្លេនៅក្នុងប្រទេសកម្ពុជាត្រូវបានរារាំងនៅកំពង់ផែក្រុង Cochin ភាគខាងត្បូងប្រទេសឥណ្ឌា ចាប់តាំងពីបានមកដល់កាលពីខែមេសា ទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបម្រាមមិនឲ្យមានការនាំខ្សាច់ចេញ កាលពីឆ្នាំ២០០៩ ក៏ដោយ។
កាសែត Deccan Chronicle របស់ឥណ្ឌា បានរាយការណ៍កាលពីថ្ងៃអង្គារថា ការដឹកខ្សាច់ទន្លេដែលត្រូវបាននាំចូលពីប្រទេសកម្ពុជាដោយក្រុមហ៊ុនឥណ្ឌាឈ្មោះ Raja Steel Private Ltd. កំពុងជាប់គាំងនៅកំពង់ផែ Cochin រយៈពេលប្រាំមួយខែមកហើយ ដោយត្រូវបានបដិសេធជាច្រើនដង ដោយសារគ្មានការអនុញ្ញាតពីគយ។
សេចក្តីរាយការណ៍នេះលើកឡើងថា “ខ្សាច់ជាង៣២.០០០តោនដែលបាននាំចូលពីប្រទេសកម្ពុជាបានមកដល់កំពង់ផែ Cochin រយៈពេលជាងប្រាំមួយខែមកហើយ ដោយលើកឡើងពីការព្រួយបារម្ភថា គំនរខ្សាច់ដ៏ច្រើននេះអាច “ប៉ះពាល់ដល់បរិស្ថាន ពីព្រោះខ្សាច់ទាំងនោះអាចមានមីក្រុប ឬសារធាតុជីវសាស្ត្រផ្សេងៗទៀត”។
សេចក្តីរាយការណ៍របស់កាសែត Time of India ដែលបានចុះផ្សាយកាលពីខែមិថុនា លើកឡើងថា បរិមាណខ្សាច់នេះមានតម្លៃប្រហែល១,៥លានដុល្លារ។ លោក ហ៊ុន សែន បានហាមឃាត់មិនឲ្យនាំចេញខ្សាច់ជាអ្វីដែលគេចាត់ទុកថា ជាការខំប្រឹងប្រែងដើម្បីការពារជីវចម្រុះក្នុងទឹក ប៉ុន្តែបម្រាមនេះមិនរាប់បញ្ចូលតំបន់ដែលដីខ្សាច់ធ្វើឲ្យរាំងស្ទះដល់ផ្លូវទឹកឡើយ។
លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានអះអាងកាលពីម្សិលមិញថា បម្រាមមិនឲ្យនាំខ្សាច់ចេញនេះនៅមានសុពលភាពនៅឡើយ។ លោក លឹម គានហោ បានមានប្រសាសន៍ថា “ បម្រាមនេះមិនទាន់បានដកចេញនៅឡើយទេ។ មានការបូមខ្សាច់ពីរបីកន្លែងទ្រង់ទ្រាយតូចត្រូវបានអនុញ្ញាត ពីព្រោះវាប៉ះពាល់ដល់ការសាងសង់ ប៉ុន្តែ ការបូមខ្សាច់ដើម្បីនាំចេញត្រូវបានហាមឃាត់ទាំងស្រុង។
សេចក្តីសម្រេចរបស់តុលាការជាន់ខ្ពស់រដ្ឋ Kerala របស់ឥណ្ឌាកាលពីថ្ងៃទី៧ ខែសីហា ពាក់ព័ន្ធរឿងក្តីរបស់ក្រុមហ៊ុន Raja Stell ជុំវិញសេចក្តីសម្រេចបដិសេធដោយសារខ្សាច់នេះគ្មានការអនុញ្ញាតពីគយកាលពីថ្ងៃទី១៩ ខែមេសានោះ បញ្ជាក់ថា ប្រភពខ្សាច់នេះមកពីខេត្តកោះកុង។ សេចក្តីសម្រេចនេះមានខ្លឹមសារថា ក្រុមហ៊ុន Raja Steel “បាននាំចូលខ្សាច់សម្រាប់ការសាងសង់ (ប្រហែល៣១.៣៣៣,៧១តោន) ដែលបានបូមពីស្ទឹងមួយក្នុងខេត្តកោះកុងក្នុងប្រទេសកម្ពុជា ដែលដឹកតាមកប៉ាល់ Hongxin Blue Sea ទៅកំពង់ផែ Cochin”។
ខ្សែអាត់វីដេអូជាច្រើនដែលបង្ហោះនៅក្នុងគេហទំព័រយូធូបកាលពីខែមីនា និងខែមេសាឆ្នាំនេះ មានឈ្មោះលោក ហ្សុង យ៉ុង (Zhuang Yong) បង្ហាញពីខ្សាច់ទន្លេដែលបូមដាក់កប៉ាល់មួយគ្រឿងដែលគេដាក់ចំណងជើងនៅក្នុងខ្សែអាត់វីដេអូនោះថា កប៉ាល់ Hongxin Blue Sea ។ ចំណងជើងនៅក្នុងខ្សែអាត់វីដេអូមួយបង្ហាញអំពីទីកន្លែងបូមខ្សាច់នោះថា ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។
ដោយទាក់ទងកាលពីថ្ងៃពុធតាមលេខទូរស័ព្ទនៅក្នុងគេហទំព័រយូធូបនោះ លោក យ៉ុង បានអះអាងថា លោកធ្វើការឲ្យក្រុមហ៊ុនបូមខ្សាច់មួយនៅក្នុងខេត្តកោះកុង។ ប៉ុន្តែ លោក យ៉ុង បានបដិសេធមិនបញ្ចេញឈ្មោះក្រុមហ៊ុនដែលលោកបានធ្វើការឲ្យនោះទេ ហើយបានបង្វែរសំណួរទៅក្រុមហ៊ុន LYP Group ។
ក្រុមហ៊ុន LYP កាន់កាប់ដោយឧកញ៉ា លី យ៉ុងផាត់ ជាសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា។ បើទោះណាជាមានបម្រាមហាមឃាត់មិនឲ្យនាំខ្សាច់ចេញក៏ដោយ ក៏ក្រុមហ៊ុន LYP ទទួលបានអាជ្ញាប័ណ្ណកាលពីខែកញ្ញា ឆ្នាំ២០១០ ដើម្បីបូមខ្សាច់ពីស្ទឹងតាតៃ ក្នុងខេត្តកោះកុង។ គេមិនអាចទាក់ទងលោក លី យ៉ុងផាត់ និងជំនួយការរបស់លោកដើម្បីសំុអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។
ភាពស្របច្បាប់នៃការបូមខ្សាច់របស់ក្រុមហ៊ុន LYP នៅក្នុងខេត្តកោះកុង មានប្រភពមិនច្បាស់លាស់ ចាប់តាំងពីក្រុមហ៊ុននេះទទួលបានអាជ្ញាប័ណ្ណរយៈពេលជាងមួយឆ្នាំ បន្ទាប់ពីលោក ហ៊ុន សែន ចេញបម្រាមមិនឲ្យនាំខ្សាច់ចេញ។ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១១ ក្រសួងធនធានទឹកបានបញ្ជាឲ្យក្រុមហ៊ុន LYP បញ្ឈប់ការបូមខ្សាច់នៅស្ទឹងតាតៃ ដូច្នេះក្រុមហ៊ុនអាចពិនិត្យឡើងវិញនូវប្រតិបត្តិការរបស់ខ្លួន។
នៅចុងខែនោះ ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលបានបន្តអាជ្ញាប័ណ្ណបូមខ្សាច់ដល់ក្រុមហ៊ុន LYP រយៈពេល១២ខែទៀត រហូតដល់ខែកញ្ញា ឆ្នាំ២០១២។ លោក លឹម គានហោ បានអះអាងថា រាល់ប្រតិបត្តិការបូមខ្សាច់ទាំងអស់នៅក្នុងខេត្តកោះកុង បានបញ្ឈប់បន្ទាប់ពីអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន LYP អស់សុពលភាព។
លោកបានមានប្រសាសន៍ថា “មិនមានការបូមខ្សាច់ទៀតទេនៅទីនោះ ហើយអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនលោក លី យ៉ុងផាត់ បានអស់សុពលភាពជាយូរមកហើយ ហើយការបូមខ្សាច់បានបញ្ឈប់ចាប់តាំងពី មានការចេញបម្រាមមកម៉្លេះ”។
សេចក្តីរាយការណ៍របស់កាសែត Time of India ដែលបានចេញផ្សាយកាលពីខែកញ្ញា លើកឡើងថា ក្រុមហ៊ុន Raja Steel មានគម្រោងនាំចូលខ្សាច់ទន្លេប្រហែល២០០.០០០តោនទៅប្រទេសឥណ្ឌាក្នុងមួយឆ្នាំៗ ដោយសារតែបម្រាមមិនឲ្យបូមខ្សាច់ទាំងអស់ដាក់ឲ្យអនុវត្តដោយរដ្ឋ Kerala ក្នុងឆ្នាំ២០០៩។ សេចក្តីរាយការណ៍នេះ បានដកស្រង់សម្តីលោក Raja ប្រធានក្រុមហ៊ុននេះ ដោយលើកឡើងថា ដោយសារប្រឈមបញ្ហាក្នុងការនាំចូលខ្សាច់ដោយផ្ទាល់ពីប្រទេសកម្ពុជានោះ ក្រុមហ៊ុន Raja Steel “ ឥឡូវនេះត្រូវបញ្ជាទិញខ្សាច់កម្ពុជាពីប្រទេសផ្សេងវិញ”។
លោក Raja មិនបានឆ្លើយតបចំពោះសំណើសុំអត្ថាធិប្បាយកាលពីថ្ងៃពុធ អំពីប្រភពខ្សាច់របស់ក្រុមហ៊ុននេះពីប្រទេសកម្ពុជា៕ សារុន
(រាយការណ៍បន្ថែមដោយ ម៉ិច ដារ៉ា)