អាជ្ញាធរបានឲ្យដឹងកាលពីម្សិលមិញថា ពួកគេកំពុងតែតាមដានយ៉ាងដិតដល់អំពីដំណើរវិវឌ្ឍរបស់ព្យុះដ៏ធំបំផុតក្នុងពិភពលោក ដែលបានកើតឡើងក្នុងពេលកន្លងមក ដោយសារតែព្យុះភ្លៀងនេះបោកបក់ក្នុងប្រទេសហ្វីលីពីននៅថ្ងៃនេះ មុនពេលបែរឆ្ពោះទៅទិសខាងលិច សំដៅប្រទេសវៀតណាម និងកម្ពុជា ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។
លោក អ៊ុំ រីណា អនុប្រធាននាយកដ្ឋានឧតុនិយម នៃក្រសួងធនធានទឹកនិងឧតុនិយម បានថ្លែងកាលពីម្សិលមិញថា “ជំហានដំបូងរបស់យើង គឺតាមដាន [ព្យុះភ្លៀងនេះ]”។ ព្យុះភ្លៀងនេះនឹងបក់បោកក្នុងប្រទេសវៀតណាមនៅថ្ងៃអាទិត្យទី១០ ហើយយើងនឹងផ្តល់ព័ត៌មានថ្មីនៅពេលមានព័ត៌មានថែមទៀត ហើយយើងអាចមើលឃើញថា តើខេត្តចំនួនប៉ុន្មានក្នុងប្រទេសរបស់យើងនឹងរងប៉ះពាល់” និងថា តើព្យុះភ្លៀងនេះមានកម្លាំងប៉ុណ្ណានៅពេលនោះ។
ព្យុះ ហេយ៉ាន កំពុងត្រូវបានចាត់ទុក ជាព្យុះភ្លៀងដ៏ខ្លាំងបំផុតនៅឆ្នាំនេះ ហើយសេចក្តីរាយការណ៍ព័ត៌មាន កាលពីម្សិលមិញបានឲ្យដឹងថា ព្យុះនេះមានកម្លាំងកាន់តែខ្លាំងឡើង នៅពេលវាចូលជិតដល់ឆ្នេរសមុទ្រនៃប្រទេសហ្វីលីពីន។ កាលពីម្សិលមិញ ខ្យល់ព្យុះនេះបានបក់បោកក្នុងល្បឿន៣៣៥គីឡូម៉ែត្រក្នុងមួយម៉ោង ដែលជាល្បឿនលឿនខ្ពស់បំផុត លើខ្យល់បក់បោកខ្លាំង Saffir-Simpson ដែលត្រូវបានចាត់ទុកថា កំពុងបង្កឲ្យ “មានការខូចខាតទ្រង់ទ្រាយធំ”។ ទីភ្នាក់ងារព័ត៌មានផ្លូវការហ្វីលីពីន បានរាយការណ៍ថា គិតត្រឹមម្សិលមិញ ប្រជាជនប្រហែល២.៥០០នាក់ ត្រូវបានជម្លៀសចេញ ហើយឆ្មាំឆ្នេរសមុទ្រ និងអង្គភាពគ្រប់គ្រងគ្រោះមហន្តរាយ បានត្រៀមខ្លួនសម្រាប់ស្ថានភាពក្រោយពេលភ្លៀងធ្លាក់ខ្លាំង ខ្យល់បក់បោកខ្លាំង និងទឹកជំនន់មួយរយៈពេលខ្លី។
លោក ច័ន្ទ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម នៃប្រទេសកម្ពុជា បានឲ្យដឹងថា បើទោះជាមិនអាចព្យាករទំហំផលប៉ះពាល់ឲ្យបានច្បាស់លាស់ ដែលបង្កឡើងដោយព្យុះភ្លៀងដ៏ធំនេះក៏ដោយ ក៏រដ្ឋាភិបាលរំពឹងថា ព្យុះភ្លៀង ហេយ៉ាន់ នឹងចុះខ្សោយមុនពេលបក់បោកមកដល់ប្រទេសកម្ពុជា។
លោក យុត្ថា បានមានប្រសាសន៍ថា “ព្យុះភ្លៀងនេះបានរីកធំ ទៅជាព្យុះដ៏ធំមួយនៅក្នុងប្រទេសហ្វីលីពីន ហើយយើងរំពឹងថា ព្យុះភ្លៀងនេះនឹងលែងបក់បោកខ្លាំងទៀតទេ នៅពេលវាមកដល់ប្រទេសវៀតណាម។ ជាធម្មតា នៅពេលព្យុះភ្លៀងបក់បោកនៅក្នុងប្រទេសហ្វីលីពីន វាឆ្លងកាត់សមុទ្រចិនខាងត្បូង។ បន្ទាប់ពីកម្លាំងរបស់វាចុះខ្សោយ វានឹងមកដល់ប្រទេសវៀតណាម”។ លោកបន្តថា គិតត្រឹមថ្ងៃសៅរ៍នេះ ក្រសួងធនធានទឹក និងឧតុនិយមនឹងអាចព្យាករច្បាស់លាស់ជាងមុនថា តើព្យុះភ្លៀងនេះអាចប៉ះពាល់ប្រទេសកម្ពុជាដោយរបៀបណា។ លោក យុត្ថា បានមានប្រសាសន៍ថា “យើងអាចព្យាករប្រសើរជាងនេះ បន្ទាប់ពីព្យុះភ្លៀងនេះឆ្លងកាត់ប្រទេសហ្វីលីពីន និងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង នៅពេលដែលយើងអាចឃើញកម្លាំងរបស់វាឡើងដល់កម្រិតណា”។
ព្យុះភ្លៀងដ៏កំណាចបំផុតនេះ ដែលធ្លាប់បក់បោកនៅក្នុងប្រទេសកម្ពុជាមានឈ្មោះថា កេតសាណា កាលពីឆ្នាំ២០០៩ ដែលបណ្តាលឲ្យមនុស្ស៤៣នាក់ បាត់បង់ជីវិត និងបំផ្លិចបំផ្លាញលំនៅដ្ឋានអស់១.០២២ខ្នង។ ក្រុមមន្ត្រីខេត្ត-ក្រុង បានឲ្យដឹងថា ព្យុះភ្លៀងកាលពីយប់ថ្ងៃពុធ បានបណ្តាលឲ្យមានការជន់លិច នៅក្នុងរាជធានីភ្នំពេញ ហើយបានបំផ្លាញលំនៅដ្ឋានធ្វើពីឈើអស់៣៦ខ្នង នៅក្នុងខេត្តកណ្តាល និងលំនៅដ្ឋាន៦៤ខ្នងផ្សេងទៀត នៅក្នុងខេត្តកំពង់ឆ្នាំង៕ ប៊ុននី