ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា កំពង់ផែស្វយ័តភ្នំពេញបានស្នើឲ្យសាលារាជធានីកាត់បន្ថយចម្ងាយនៃបម្រាមប្រចាំថ្ងៃរបស់ខ្លួនដែលហាមរថយន្តកុងតឺន័រមិនឲ្យបើកបរនៅតាមផ្លូវនានាក្នុងរាជធានីភ្នំពេញចាប់ពីម៉ោង៥ព្រឹកដល់ម៉ោង៩យប់ ពីព្រោះទំនិញមិនអាចទៅដល់កំពង់ផែឡើយ បណ្តាលឲ្យការនាំចេញមានការធ្លាក់ចុះ។
បម្រាមនេះត្រូវបានអនុវត្តកាលពីថ្ងៃទី១ ខែវិច្ឆិកាតាមសេចក្តីសម្រេចរបស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ដែលបានអនុម័តយល់ព្រមលើសេចក្តីសម្រេចនេះដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅកណ្តាលក្រុង។
លោក អ៊ាង វេងស៊ុន អនុប្រធានកំពង់ផែស្វយ័តភ្នំពេញមានប្រសាសន៍ថា “ខ្ញុំយល់ថា បម្រាមនេះគឺមិនអនុញ្ញាតឲ្យរថយន្តធុនធ្ងន់បើកចូលក្រុង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះចរាចរណ៍ ប៉ុន្តែវាប៉ះពាល់ដល់ការនាំចេញរបស់យើង ពីព្រោះ យើងកំណត់ពេលនាំចេញទំនិញបួនលើក ក្នុងមួយខែអំឡុងពេលម៉ោងទាំងនោះ។ ឥឡូវនេះយើងត្រូវដឹកទំនិញតាមយន្តហោះ”។
លោក វេងស៊ុន បានមានប្រសាសន៍ថា កំពង់ផែចង់ឲ្យសាលារាជធានីភ្នំពេញផ្លាស់ប្តូរម៉ោងបញ្ចប់ក្នុងបម្រាមនោះពីម៉ោង៩យប់ មកម៉ោង៦និង៣០នាទីយប់វិញ។លោកបានបន្ថែមថា ប្រធានរដ្ឋបាលរបស់លោកបានជួបប្រជុំជាមួយសាលារាជធានីរួចហើយដើម្បីពិភាក្សាអំពីបញ្ហានេះ។ លោកបានមានប្រសាសន៍ថា “ កាលពីថ្ងៃពុធ យើងបានស្នើឲ្យមន្ត្រីរដ្ឋបាលសាលារាជធានី សុំឲ្យលោកអភិបាលរាជធានីផ្តល់ពេលវេលាបន្ថែមទៀតសម្រាប់រថយន្តធុនធ្ងន់បើកចូលក្រុង និងបើកទៅកាន់កំពង់ផែ ពីព្រោះបម្រាមនេះប៉ះពាល់ដល់ការនាំចេញនៅកំពង់ផែនេះ”។
នៅពេលទាក់ទងកាលពីម្សិលមិញ លោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍ថា សាលារាជធានីនឹងពិនិត្យមើលដើម្បីស្វែងរកដំណោះស្រាយ។
លោកបានមានប្រសាសន៍ថា “យើងនឹងស្វែងរកការសម្របសម្រួលដើម្បីផ្តល់អាទិភាពដល់កំពង់ផែ ដើម្បីឲ្យកំពង់ផែនេះមានពេលវេលាច្រើនជាងមុនសម្រាប់រថយន្តកុងតឺន័រ ពីព្រោះក្នុងករណីនេះ យើងយល់ថា ការពង្រឹងច្បាប់ចរាចរណ៍ប៉ះពាល់ដល់ការនាំចេញ ហើយក៏បាត់បង់ប្រាក់ចំណូលរបស់រដ្ឋផងដែរ”។
លោកបានមានប្រសាសន៍ថា ដំណោះស្រាយមួយសម្រាប់សាលារាជធានីគឺត្រូវអនុញ្ញាតឲ្យរថយន្តកុងតឺន័របើកបរតាមផ្លូវមួយចំនួនក្នុងរាជធានីចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ព្រឹក និងចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៣រសៀល។ លោកបានមានប្រសាសន៍ថា “យើងនឹងរៀបចំកិច្ចប្រជុំមួយនៅថ្ងៃស្អែកជាមួយមន្ត្រីកំពង់ផែស្វយ័តភ្នំពេញដើម្បីពិភាក្សាអំពីបញ្ហានេះ”។
លោក សូ ងួន ប្រធានក្រុមហ៊ុនដឹកជញ្ជូន សូ ងួន គ្រុប បានមានប្រសាសន៍ថា រថយន្តកុងតឺន័ររបស់ក្រុមហ៊ុនលោកប្រឈមនឹងបញ្ហាមួយចំនួនក្នុងការដឹកជញ្ជូនទំនិញទៅកាន់កំពង់ផែ ប៉ុន្តែ បានផ្លាស់ប្តូរម៉ោងធ្វើការពីពេលថ្ងៃទៅពេលយប់វិញដើម្បីអនុវត្តតាមបម្រាមនេះ។ការស្ទះចរាចរណ៍នៅតាមផ្លូវក្នុងរាជធានីភ្នំពេញគឺជាបញ្ហារាប់ឆ្នាំមកហើយ ហើយបន្ត ជាបញ្ហាតទៅទៀត ពីព្រោះប្រជាពលរដ្ឋខ្មែរកាន់តែច្រើនឡើងៗទិញរថយន្តប្រើប្រាស់៕ សារុន