អំឡុងពេលប្រារព្ធខួបលើកទី៦០នៃការទទួលបានឯករាជភាពរបស់កម្ពុជាពីប្រទេសបារាំងកាលពីថ្ងៃសៅរ៍នោះ ព្រះមហាក្សត្រ នរោត្តម សីហមុនី បានអំពាវនាវឲ្យមានការឯកភាពជាតិ ចំពេលមានកង្វល់កាន់តែខ្លាំងអំពីឯករាជ្យ ចាប់តាំងពីការបោះឆ្នោតដ៏ចម្រូង ចម្រាសកាលពីខែកក្កដាមក។

មន្ត្រីរដ្ឋាភិបាល មន្ត្រីយោធា និងអ្នកការទូតបរទេសបានអញ្ជើញចូលរួមពិធីនៅវិមានឯករាជ្យនៅម៉ោង៧ព្រឹក និងបានបញ្ចប់រយៈពេល២ម៉ោងក្រោយមកនៅព្រះបរមរាជវាំង ដើម្បីរំឭកពីសេចក្តីប្រកាសនៅឆ្នាំ១៩៥៣ របស់ព្រះមហាក្សត្រ នរោត្តម សីហនុអំពីការទទួលបានឯករាជ្យពីអាណានិគមបារាំង។ មានព្រះរាជបន្ទូលនៅពេលបិទពិធីនេះ ពីសាលមួយនៅមុខព្រះបរមរាជវាំង ព្រះមហាក្សត្រ សីហមុនី បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ចងចាំពីឯករាជភាព និងសន្តិភាពដែលព្រះអង្គបានមានបន្ទូលថា បិតាព្រះអង្គបានលះបង់ព្រះជន្មដើម្បជោគជ័យទាំងនេះ។
ព្រះមហាក្សត្របានមានព្រះរាជបន្ទូលថា “ក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ឲ្យរួបរួមគ្នានៅក្រោមឆត្រនៃរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីការពារនិងកសាងប្រទេសលើគ្រប់វិស័យទាំងអស់”។ ព្រះអង្គបានបន្ថែមថា សន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជាចាប់តាំងពីបញ្ចប់សង្គ្រាមស៊ីវិលនៅដើមទសវត្សរ៍ឆ្នាំ១៩៩០មក គឺផ្អែក លើសាមគ្គីភាពរបស់ប្រជាពលរដ្ឋខ្មែរ និងបំណងប្រាថ្នាដើម្បីដោះស្រាយជាមួយគ្នានៅពេលមានបញ្ហា។
ព្រះមហាក្សត្របានមានព្រះរាជបន្ទូលថា “វាអាស្រ័យលើឯកភាព បរិយាកាសសន្តិភាព និងស្ថិរភាពនយោបាយ ដើម្បីអភិវឌ្ឍគ្រប់វិស័យទាំងអស់ ជាពិសេសវិស័យសេដ្ឋកិច្ចដែលជាដង្ហើមរបស់ជាតិយើង”។ ព្រះអង្គបានបន្ថែមថា “ស្នាដៃធំៗដែលយើងទទួលបានដោយជោគជ័យ ជាមួយការតស៊ូដោយសន្តិវិធី ពីឯកភាពជាតិ លើកស្ទួយលទ្ធិប្រជាធិបតេយ្យ ការគោរពសិទិ្ធ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ”។
ប្រទេសកម្ពុជាបានជាប់គាំងផ្នែកនយោបាយចាប់តាំងពីសមាជិសភាជាប់ឆ្នោត៦៨រូបរបស់គណបក្សប្រជាជនកម្ពុជាបានកោះប្រជុំសភាកាលពីខែកញ្ញា និងបានបង្កើតរដ្ឋាភិបាលថ្មីដោយគ្មានការចូលរួមពីគណបក្សសង្គ្រោះជាតិ ដែលកំពុងធ្វើពហិការមិនចូលរដ្ឋសភាដោយហេតុថា លទ្ធផលបោះឆ្នោតនេះត្រូវបានគេលួចបន្លំ។
គណបក្សសង្គ្រោះជាតិបានប្តេជ្ញាបន្តធ្វើបាតុកម្មរហូតដល់រដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាព្រមព្រៀងឲ្យមានការសើុបអង្កេតដោយឯករាជ្យលើការបោះឆ្នោតនេះ ឬធ្វើការកែទម្រង់ផ្នែកនយោបាយ រួមទាំងការកែទម្រង់ គ.ជ.ប. ផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់មុនពេលព្រះមហាក្សត្របញ្ចប់ព្រះរាជសុន្ទរកថា រដ្ឋាភិបាលឯកបក្សរបស់លោកនឹងចងចាំនូវកេរដំណែលរបស់ព្រះមហាក្សត្រ សីហនុ។
ស្លៀកពាក់ឯកសណ្ឋានយោធាពណ៌សផ្លូវការ និងនៅចំពោះមុខទាហានរាប់រយនាក់ឈរតម្រង់ជួរគ្នាដើម្បីរំឭកខួប៦០ឆ្នាំនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងពីខាងមុខព្រះបរមរាជវាំងទៅកាន់មន្ត្រីព្រះបរមរាជវាំង និងព្រះមហាក្សត្រ សីហមុនី ដែលមានព្រះភ័ក្ត្រញញឹម។ លោក ហ៊ុន សែន បានថ្លែងថា អាណត្តិទី៥ នេះ ដែលទើបតែកើតចេញពីការបោះឆ្នោត តាមឆន្ទៈរបស់ប្រជាពលរដ្ឋដោយសេរី យុត្តិធម៌ និងត្រឹមត្រូវ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣នោះប្តេជ្ញាបន្តស្នាព្រះហស្តរបស់ សម្តេចឪ តាមរយៈការអភិវឌ្ឍថែមទៀត ដោយការធ្វើកំណែទម្រង់ស៊ីជម្រៅ”។
លោកបានមានប្រសាសន៍ទៀតថា “យើងមិនដែលភ្លេចសម្តេចឪ នរោត្តម សីហនុ ដែលបានលះបង់យ៉ាងធំធេងទាំងផ្លូវកាយ និងផ្លូវចិត្តដើម្បីបុព្វហេតុឯករាជភាព បូរណភាពទឹកដី សុភមង្គល និងការអភិវឌ្ឍសង្គម”។ ពិធីនេះបានបើកនៅវិមានឯករាជ្យដែលនៅទីនោះ អ្នកការទូតបរទេស សិស្ស និស្សិត និងសមាជិកសភានិងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានរង់ចាំព្រះមហាក្សត្រយាងមកដល់ និងប្រទានភ្លើងជ័យ។
មុនម៉ោង៧ និង៣០នាទីព្រឹកបន្តិច ព្រះមហាក្សត្របានយាងចូលវិមានឯករាជ្យអមព្រះរាជដំណើរដោយ លោក ហ៊ុន សែន លោក ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីប្រទានភ្លើងជ័យដែលគ្រោងរក្សាទុកឲ្យភ្លើងឆេះរហូតដល់ថ្ងៃនេះ។ លោក ជា ស៊ីម ប្រធានព្រឹទ្ធសភាអវត្តមានពីពិធីនេះ ដោយលោក សាយ ឈុំ អគ្គលេខាធិការគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានព្រឹទ្ធសភាបានចូលរួមជំនួសលោក៕ គឹមហឿន