យោងតាមសេចក្តីព្រាងថវិកាជាតិ បានបង្ហាញថា រដ្ឋាភិបាលមានការបង្កើនចំណូលរដ្ឋចំនួន៣,៥១ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០១៤ ដើម្បីឲ្យមានប្រាក់៣,៤ពាន់លានដុល្លារក្នុងសេចក្តីព្រាងថវិកានេះ។ គិតជាភាគរយវិញ ចំណូលរដ្ឋនេះត្រូវបានរំពឹងថា នឹងកើនឡើង១៤,៥ភាគរយ បើធៀបនឹងឆ្នាំ មុន ជាឆ្នាំដែលរដ្ឋាភិបាលបានបង្កើនចំណូល២,៩៨ពាន់លានដុល្លារ។
សេចក្តីព្រាងថវិកា ដែលប្រហែលជានឹងត្រូវបានអនុម័តនៅព្រឹកថ្ងៃស្អែក ដោយសមាជិកសភា៦៨រូបរបស់គណបក្សប្រជាជនកម្ពុជា បង្ហាញថា ចំណាយថវិកាជាតិកើនឡើង១៣ភាគរយ បើធៀបនឹងឆ្នាំមុន។ ចំណូលរដ្ឋប្រហែលពីរពាន់លានដុល្លារនឹងជាប្រាក់ចំណូលពន្ធ ជាពិសេសបំផុតគឺកំណើននៃប្រាក់ចំណូលពន្ធអចលនទ្រព្យ និងពន្ធលើប្រាក់ចំណូល។ កំណើនសមល្មមជាងនេះទៀតត្រូវបានរំពឹងថា នឹងទទួលបានពីពន្ធលើប្រេងកាត កាស៊ីណូ និងអាជីវកម្មផ្សេងៗ។ ប្រាក់ចំណូលរដ្ឋប្រហែល៣៥០លានដុល្លារ នឹងទទួលបានពីតម្លៃផ្លូវការគិតលើអាជ្ញាប័ណ្ណរុក្ខាប្រមាញ់ និងជលផល សម្បទានរ៉ែ និងកិច្ចសន្យា ជួលឬលក់អចលនទ្រព្យរដ្ឋ។
យោងតាមសេចក្តីព្រាងថវិកានេះបានឲ្យដឹងបន្ថែមទៀតថា ប្រទេសកម្ពុជាក៏នឹងខ្ចីប្រាក់បន្ថែមចំនួន៩២០លានដុល្លារ ពីរដ្ឋាភិបាលបរទេសនៅក្នុងឆ្នាំក្រោយ ដើម្បីដោះស្រាយការចំណាយរបស់រដ្ឋ។ ប្រាក់គ្រោងនឹងខ្ចីទាំងនេះមានចំនួនស្មើនឹងចំនួនដែលប្រទេសនេះបានខ្ចីពីរដ្ឋាភិបាលផ្សេងៗក្នុងឆ្នាំនេះ។
ប្រាក់កម្ចីទាំងនេះនឹងទទួលបានពីប្រទេស ចិន ជប៉ុន និងកូរ៉េខាងត្បូង។
លោក ជាម យៀប ប្រធានគណៈកម្មាធិការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភាបានឲ្យដឹងថា កំណើនប្រាក់ចំណូល រដ្ឋទាំងនេះ នឹងត្រូវបានប្រើប្រាស់សម្រាប់ពង្រឹងវិស័យអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ ថែទាំសុខភាព និងសកម្មភាពពង្រីកកម្មវិធីបង្កើនចំនួនការងារ។ នៅក្នុងសេចក្តីព្រាងថវិកាថ្មីនេះក៏មានផែនការបង្កើនថវិកាចំណាយ១៧ភាគរយទៅលើក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ដែលសរុបរួមគ្នានឹងទទួលបានថវិកា៤៨៩លានដុល្លារផងដែរ ហើយមានសេចក្តី អំពាវនាវឲ្យមានការបង្កើនថវិកា៣៧ភាគរយសម្រាប់ក្រសួងសង្គមកិច្ចឲ្យឡើងដល់១៤១លានដុល្លារ និងបង្កើន២០ភាគរយសម្រាប់ក្រសួងអប់រំ យុវជននិងកីឡា ឲ្យឡើង ដល់៣៣៥លានដុល្លារ។
លោក ជាម យៀប បានលើកឡើងថា ទោះ បីជាមានការកើនឡើងក៏ដោយ ក៏ថវិកា ទាំងនេះនៅតែមិនគ្រប់គ្រាន់។ លោកថ្លែង ថា “ ប្រសិនបើយើងធ្វើអ្វីដែលយើងចង់ធ្វើ ប្រាក់ចំណូលទាំងនេះមិនគ្រប់គ្រាន់ទេ”។
កំណើនប្រាក់ចំណូលសំខាន់បំផុតនឹងជាចំណូលពន្ធលើប្រាក់ចំណូល ដែលត្រូវបានគ្រោងនឹងបង្កើន១៥,៩ភាគរយឲ្យឡើងដល់៨១,៦២លានដុល្លារ ហើយពន្ធលើអចលនទ្រព្យ គ្រោងនឹងត្រូវបានបង្កើន៥៣ភាគរយ ឲ្យឡើងដល់២៣លានដុល្លារ។ ចំណូលពន្ធលើប្រេងកាតត្រូវបានកំណត់ឲ្យកើនឡើង៧,៩ភាគរយដល់១៥,១៧លានដុល្លារ ខណៈដែលចំណូលពន្ធលើអាជីវកម្មកាស៊ីណូនឹងកើនឡើង៨ភាគរយ ដល់២,២៤លានដុល្លារ នេះបើយោងតាមសេចក្តីព្រាងថវិកានេះ។
គណបក្សសង្គ្រោះជាតិអះអាងថា រដ្ឋាភិបាលបាត់បង់ប្រាក់ចំណូលរដ្ឋជាច្រើនរយលានដុល្លារ ដោយសារយន្តការប្រមូលពន្ធខ្សោយ ជាហេតុបណ្តាលឲ្យមានអំពើពុករលួយយ៉ាងទូលំទូលាយ ជាពិសេសនៅក្នុងចំណោមមន្ត្រី គយ។ គណបក្សប្រឆាំងក៏បានអំពាវនាវឲ្យមានការដំឡើងពន្ធខ្ពស់លើសម្បទានដីធ្លី និងកាស៊ីណូ ដើម្បីបង្កើនចំណូលរដ្ឋផងដែរ។
លោក យ៉ែម ប៉ុញ្ញរិទ្ធ តំណាងរាស្ត្រជាប់ឆ្នោត និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានលើកឡើងថា លោកបារម្ភអំពីបំណុលបរទេស ដែលគណបក្សប្រជាជនកំពុងទទួលយក។ លោកបានលើកឡើងបន្ថែមទៀតថា គ្រាន់តែកាត់បន្ថយអំពើពុករលួយ រដ្ឋាភិបាល នឹងអាចបង្កើនចំណូលក្នុងស្រុករបស់ខ្លួនបានយ៉ាងច្រើន។
លោក ប៉ុញ្ញរិទ្ធ បានមានប្រសាសន៍ថា “ការ ខ្ចីប្រាក់ពីប្រទេសផ្សេងៗទៀត មិនមែនជារឿងល្អទេ ពីព្រោះយើងនឹងជំពាក់បំណុលគេកាន់តែច្រើនឡើង។ ប្រសិនបើរដ្ឋាភិបាលមិនអាចលប់បំបាត់អំពើពុករលួយបានទេនោះ ការប្រមូលពន្ធក៏មិនអាចត្រូវបានអនុវត្តតាមផែនការបានដែរ”៕សុធា