ក្រុមមន្ត្រីមូលដ្ឋានបានឲ្យដឹងកាលពីម្សិលមិញថា សាកសពត្រីផ្សោតអ៊ីរ៉ាវ៉ាឌី ដែលជិតផុតពូជ ត្រូវបានគេប្រទះឃើញអណ្តែតនៅក្នុងទន្លេមេគង្គ នៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាមកាលពីថ្ងៃសៅរ៍និងត្រូវបានបញ្ជូនទៅធ្វើតេស្ត ដើម្បីកំណត់មូលហេតុដែលសត្វត្រីនេះងាប់។
លោក ភួង ទីណូ ប្រធានមន្ទីររុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាមបានមានប្រសាសន៍ ថា ” យើងបានបញ្ជូនត្រីផ្សោតនេះទៅ ការិយាល័យអភិរក្សត្រីផ្សោតខេត្តក្រចេះដើម្បីធ្វើតេស្ត”។
លោក ទេព អាស្នារិទ្ធ អ្ននកគ្រប់គ្រងផ្នែកទំនាក់ទំនងនៅអង្គការ WWF-Cambodia បានលើកឡើងថា មិនច្បាស់ថា តើត្រីផ្សោតទម្ងន់១០០គីឡូក្រាមនេះស្លាប់របៀបណាទេ ក៏ប៉ុន្តែ ក្បាលរបស់វាមានរបួស។ លោកបានមានប្រសាសន៍ថា “ការដែលត្រីផ្សោតញីពេញវ័យនេះងាប់គឺជារឿងគួរឲ្យសោកស្តាយណាស់ ពីព្រោះបញ្ហានេះបង្កផលប៉ះពាល់ដោយផ្ទាល់ដល់សក្តានុពលដ៏ធំធេងចំពោះសត្វត្រីផ្សោតដ៏មានតម្លៃ ប៉ុន្តែជិតផុតពូជនៅទន្លេមេគង្គទាំងនេះ”។
កាលពីឆ្នាំ ២០១២ ត្រីផ្សោតបួនក្បាលបានងាប់ដោយសារជាប់មង និងសកម្មភាពឆក់ត្រី និងត្រីផ្សោត១២ក្បាលបានងាប់កាលពីឆ្នាំ២០១១។
យោងតាមអង្គការ WWF-Cambodia បានឲ្យដឹងបន្ថែមទៀតថា មានត្រីផ្សោតអុីរ៉ាវ៉ាឌីចន្លោះពី៧៨ ដល់៩១ក្បាលប៉ុណ្ណោះ នៅសល់ក្នុងទន្លេមេគង្គ៕ ប៊ុននី