មន្ត្រីយោធាមួយរូបបានឲ្យដឹងកាលពីម្សិលមិញថា ប្រទេសកម្ពុជាបានបញ្ជូនកងកម្លាំងបន្ថែមទៀតទៅប្រាសាទព្រះវិហារ មុនពេលតុលាការយុត្តិធម៌អន្តរជាតិចេញសេចក្តីសម្រេចរបស់ខ្លួនក្នុងថ្ងៃនេះ ថាតើប្រទេសមួយណាជាម្ចាស់ដីដែលកំពុងមានវិវាទយ៉ាងក្តៅគគុកនៅតាមព្រំដែនកម្ពុជា-ថៃនោះ។
ប្រទេសទាំងពីរដែលជាប្រទេសជិតខាងនិងគ្នា បានវាយប្រហារគ្នាមួយប្រ៉ាវ ការប៉ះទង្គិចគ្នានេះបានបណ្តាលឲ្យមនុស្សស្លាប់ ដោយសារតែដីទំហំ៤,៦គីឡូម៉ែត្រក្រឡា ដែលមានវិវាទនៅជិតប្រាសាទ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លង មកនេះ។ ភាគីនីមួយៗបាននិងកំពុងតែចោទគ្នាទៅវិញទៅមកថាបានបង្កើនកម្លាំងយោធារបស់ខ្លួននៅក្នុងតំបន់នេះមុនពេលតុលាការយុត្តិធម៌អន្តរជាតិប្រកាសសេចក្តីសម្រេចរបស់ខ្លួនក្នុងថ្ងៃនេះ ខណៈដែលភាគីទាំងពីរៗបានច្រានចោលសេចក្តីអះអាងរបស់ភាគីម្ខាងទៀត។
លោក វរសេនីយ៍ឯក មាស យឿន មេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទប្រចាំខេត្តព្រះវិហារបានឲ្យដឹងកាលពីម្សិលមិញថា ប្រទេសកម្ពុជាបានបញ្ជូនទាហានបន្ថែមទៀតទៅតំបន់នោះ ហើយប្រទេសថៃក៏បញ្ជូនដូចគ្នាដែរ។ លោកវរសេនីយ៍ឯក មាស យឿន បានមានប្រសាសន៍ថា “បាទ យើងបានបញ្ជូនទាហានបន្ថែមរួចហើយ សម្រាប់ពេលតុលាការយុត្តិធម៌អន្តរជាតិចេញសេចក្តីសម្រេចរបស់ខ្លួន”។
លោកបានបដិសេធមិនប្រាប់ថា តើទាហានចំនួនប៉ុន្មាននាក់ត្រូវបានបញ្ជូនទៅនោះ ឬថា តើពួកគេនឹងត្រូវឲ្យឈរជើងនៅកន្លែងណាពិតប្រាកដទេ។
កាលពីឆ្នាំ២០១១ តុលាការយុត្តិធម៌អន្តរជាតិបានដាក់ចេញនូវវិធានការបង្កាការវាយ ប្រយុទ្ធគ្នាបន្ថែម នៅមុនពេលខ្លួនប្រកាសសេចក្តីសម្រេចរបស់ខ្លួន ដោយបានបញ្ជាឲ្យប្រទេសទាំងពីរដកកងទ័ពរបស់ខ្លួនចេញ ពីតំបន់គ្មានយោធានៅជុំវិញប្រាសាទព្រះវិហារ និងតំបន់មានជម្លោះ។ ប្រទេសថៃ និងកម្ពុជាបានដកកងទ័ពរួមគ្នាមួយកាលពីឆ្នាំមុន ក៏ប៉ុន្តែ ត្រូវបានដាក់ជំនួសដោយនគរបាលប្រដាប់អាវុធភ្លាមៗផងដែរ។
ភ្ញៀវទេសចរទៅទស្សនាប្រាសាទស្ថិតនៅលើកំពូលចំណោតដែលនៅតែបើកជូនភ្ញៀវទេសចរកាលពីម្សិលមិញ បាននិយាយថា ស្ថានភាពមើលទៅមានភាពតានតឹង។
ព្រះតេជគុណ ពេជ្រ ចាយណារី ព្រះជន្ម២១ព្រះវស្សាដែលនិមន្តពីរាជធានីភ្នំពេញ ដើម្បីចែកអំណោយជាស្បៀងអាហារដល់ទាហានជាតិ បានមានសង្ឃដិកាថា មន្ត្រីយោធាបានបញ្ជាឲ្យព្រះអង្គកុំថតរូប ឬប្រើឧបករណ៍ជីភីអេស (GPS) ឬក៏ឧបករណ៍អាចប្រើប្រាស់ អ៊ីនធើណិត នៅលើផ្លូវចំណោតឆ្ពោះទៅប្រាសាទ ដែលចេញពីជើងភ្នំ។ ព្រះអង្គត្រូវបានអនុញ្ញាតឲ្យថតរូបភាពនៅឯប្រាសាទនេះតែម្តង។
ព្រះអង្គបានមានសង្ឃដិកាថា “វាជាលើក ទី ២ហើយសម្រាប់អាត្មា ដែលបានមកទស្សនា ប្រាសាទព្រះវិហារ។ ប៉ុន្តែ ពេលនេះអាត្មាបានឃើញទាហានមានការប្រុងប្រយ័ត្ន ហើយ [ថ្ងៃនេះ] ពួកគេនឹងបិទផ្លូវ ហើយនឹងមិនអនុ ញ្ញាតឲ្យប្រជាជនទៅទស្សនាប្រាសាទទេ”។
គេមិនឃើញទាហានយោធពលខេមរភូមិន្ទ នៅជុំវិញប្រាសាទនេះទេកាលពីម្សិលមិញ។ ទោះជាយ៉ាងណា លោក សួង ម៉ិច ភ្ញៀវទេសចរមកពីខេត្តតាកែវបានលើកឡើង ថា ទាហានដែលលោកនិយាយជាមួយនៅពេលជិតទៅដល់ប្រាសាទ ក៏បានអះអាងផងដែរថា ប្រាសាទនឹងត្រូវបិទក្នុងថ្ងៃនេះ ហើយថា ពួកគេរំពឹងថា នឹងមានការប្រយុទ្ធ គ្នាជាមួយសមភាគីថៃ បន្ទាប់ពីតុលាការយុត្តិធម៌អន្តរជាតិប្រកាសសេចក្តីសម្រេចរបស់ខ្លួននៅរសៀលនេះ។
លោក សួង ម៉ិច បានបន្តទៀតថា “យើងបានឃើញទាហានថៃតាមរយៈកែវយឺត និងទង់ជាតិថៃ ប៉ុន្តែ យើងមិនបានឃើញប្រជាជនថៃទេ។ [ថ្ងៃនេះ] ប្រាសាទនឹងត្រូវបានបិទ ហើយពួកគេមិនអនុញ្ញាតឲ្យមានមនុស្សឡើងភ្នំទៅប្រាសាទព្រះវិហារទេ ពីព្រោះទាហានរបស់យើងកំពុងតែបង្កើនស្មារតីប្រុង ប្រយ័ត្ន អំពីស្ថានភាពក្នុងពេលសេចក្តីសម្រេ ច របស់តុលាការយុត្តិធម៌អន្តរជាតិ”។
លោកវរសេនីយ៍ឯក មាស យឿន បានមានប្រសាសន៍ថា ប្រាសាទនេះនឹងត្រូវបិទមិនឲ្យសាធារណជនឡើងទៅប្រាសាទទេ ដោយសារផ្អែកលើសភាពការណ៍ ប៉ុន្តែលោកមិនអត្ថាធិប្បាយលម្អិតទេ។ ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា ប្រទេសថៃបានផ្អាកការអនុញ្ញាតឲ្យសាធារណជនចូលដល់ឧទ្យានមួយនៅផ្នែកនៃព្រំដែនរបស់ខ្លួន ដែលអាចមើលឃើញប្រាសាទនេះ ហើយថា គ្រួសារប្រជាពលរដ្ឋថៃនៅក្នុងតំបន់នេះកំពុងតែត្រៀមត្រង់សេ។
ប្រទេសថៃ និងប្រទេសកម្ពុជាកន្លងមកបានប្រយុទ្ធគ្នាដែលនាំឲ្យមានមនុស្សស្លាប់កាលពីឆ្នាំ២០១១ ដោយសារតែវិវាទដីនេះ ក៏ប៉ុន្តែ កាលពីពេលថ្មីៗនេះរដ្ឋាភិបាលទាំងពីរបានប្តេជ្ញាគោរពសេចក្តីសម្រេចដែលតុលាការយុត្តិធម៌អន្តរជាតិសម្រេចថ្ងៃនេះ។ រយៈពេលពីរខែក្រោយការប្រយុទ្ធគ្នាក្នុងឆ្នាំ២០១១ ប្រទេសកម្ពុជាបានស្នើឲ្យតុលាការយុត្តិធម៌អន្តរជាតិដោះស្រាយបញ្ហានេះម្តងហើយ និងសម្រាប់ភាគីទាំងអស់តាមរយៈការបកស្រាយសាលក្រមឆ្នាំ១៩៦២ ដែលបានប្រគល់ប្រាសាទព្រះវិហារឲ្យមកប្រទេសកម្ពុជា។
កម្ពុជាបានអះអាងថា សាលក្រមនេះផ្តល់ ឲ្យខ្លួននូវសិទ្ធិជាម្ចាស់ដីមានវិវាទនៅក្បែរប្រាសាទនេះ ដែលប្រទេសថៃបានជំទាស់ដាច់ខាតទៅនឹងការសម្រេចបែបនេះ។ ក្នុងថ្ងៃនេះ តុលាការយុត្តិធម៌អន្តរជាតិអាចប្រគល់ដីមានវិវាទឲ្យកម្ពុជា ឬថៃ ឬសម្រេចថា សេចក្តីសម្រេចឆ្នាំ១៩៦២របស់ខ្លួនមិនមានអ្វីដែលត្រូវនិយាយអំពីនេះ។ នេះគឺជាចំណាត់ការមួយដែលនឹងសម្រេចឲ្យប្រទេសទាំងពីរត្រឡប់ទៅរកសភាពដើមវិញ ពោលគឺនៅមុនពេលប្រទេសកម្ពុជាបានដាក់សំណើរបស់ខ្លួនទៅតុលាការនេះក្នុងឆ្នាំ២០១១៕ ប៊ុននី