29 C
Phnom Penh

ក្រុម​ហ៊ុន​ស្ករសរបស់​ថៃ​ជួប​ប្រជុំ​ដោះ​ស្រាយ​ជម្លោះជាមួយ​អ្នកភូមិ​ដែល​ត្រូវបាន​បណ្តេញចេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​ហ៊ុន​ស្ករស​កោះ​កុង​បាន​​យល់​ព្រម​​ដោះ​ស្រាយ​ជម្លោះ​ដែល​អូស​បន្លាយ​រយៈ​​​​ពេល​ជាច្រើន​ឆ្នាំ​ជាមួយ​អ្នភូមិ​ជន​ជាតិ​ខ្មែរ​​​ជាច្រើន​គ្រួសារ​​ ដែល​បាន​ចោទ​ប្រកាន់​ក្រុម​ហ៊ុន​ចម្ការ​អំពៅ​របស់​ខ្លួន​ថា បាន​ចាប់​យក​ដី​របស់​ពួកគាត់​ ប៉ុន្តែ អ្នក​ភូមិ​ទាំង​នោះ​នៅ​តែ​គិត​ថា ពួក​គាត់​អាច​​ស្វែង​រក​ដំណោះ​ស្រាយ​បាន​​សមស្រប​។

ក្រុម​ហ៊ុន​នេះ ដែល​ជា​សាខា​របស់​ក្រុម​ហ៊ុន Khon Kaen Sugar Industry Limited (KSL) នៅ​ប្រទេស​ថៃ​នោះបាន​​​យល់​ព្រម​ដោះ​ស្រាយ​​បញ្ហា​នេះ អំឡុង​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ទីក្រុង​បាង​កកជាមួយ​តំណាង​សហ​គមន៍​ និង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ដែលបាន​ជួយ​ពួក​គាត់។

អ្នក​ភូមិ​២០០​គ្រួសារ​បាន​និយាយ​ថា ការ​បាត់​បង់​ដី​ស្រែ​របស់​ពួក​គាត់​ទៅ​​លើ​​ក្រុម​ហ៊ុន​​ស្ករ​ស​ចំនួន​ពីរ​នៅ​ក្នុង​ខេត្ត​កោះ​កុង​របស់​ក្រុម​​​​ហ៊ុន​ KSL នេះបាន​ធ្វើ​ឲ្យ​ពួក​គាត់​កាន់​តែ​ក្រីក្រ​​​ទៅ ហើយ​ពួក​គាត់​ចង់​បាន​ដី​របស់​ខ្លួន​វិញ​។ ប៉ុន្តែ លោក តេង កៅ តំណាង​គ្រួសារ​អ្នក​​​​ភូមិ​បាន​និយាយ​ថា ក្រុម​ហ៊ុន​ចង់​ផ្តល់​សំណង​ឲ្យ​ពួក​គាត់​វិញ។

លោក តេង កៅ ដែល​បាន​បាត់​បង់​ដី​ស្រែ​​​​របស់​ខ្លួន​ទំហំ​១៤,៥​ហិកតា ដោយ​សារ​ចម្ការ​អំពៅ​ទាំង​នេះ​បាន​និយាយថា “ខ្ញុំ​បាន​ប្រាប់​ពួក​គេ​ថា យើង​ចង់​បាន​ដី​របស់​យើង​មក​វិញ។ ក្រុម​ហ៊ុន​ចង់​ផ្តល់​សំណង​ឲ្យ​ពួក​យើង​វិញ​។ ប៉ុន្តែខ្ញុំ​មិន​អាច​សម្រេច​បាន​ទេ។ ខ្ញុំ​ត្រូវ​​​​និយាយជាមួយ​​អ្នក​ភូមិ​របស់​យើង និង​តំណាង​​​​ជា​ច្រើន​រូប​ទៀត។ ក្រុមហ៊ុន​ចង់​ចរចា​ជាមួយ​​​​ពួក​យើង​ម្តង​ទៀត បន្ទាប់​ពី​យើង​បាន​និយាយ​​​​ជាមួយ​អ្នក​ភូមិរបស់​យើង​”។

លោក តេង កៅ បាន​និយាយ​ថា ក្រុម​ហ៊ុន​​​ KSL ក៏​បាន​លើក​ឡើង​ថា ចង់​ផ្តល់​ដី​ថ្មី​ឲ្យ​អ្នក​ភូមិ​វិញ​ ជាថ្នូរ​នឹង​អ្វី​ដែល​ពួក​គាត់​បាន​បាត់​បង់​ ប៉ុន្តែ​លោក​មាន​ការ​ព្រួយ​បារម្ភ​ថា ដី​នេះ​នឹង​ស្ថិត​នៅ​ឆ្ងាយពី​ផ្ទះ​សំបែង​​បច្ចុប្បន្ន​របស់​ខ្លួន។ លោក តេង កៅ​ បាន​និយាយ​ថា “យើង​ចង់​បាន​ដី​របស់​យើង​មក​វិញ។

ការ​ចិញ្ចឹម​ជីវិត​​​​របស់​យើង​ពឹង​ផ្អែក​លើ​ដី​​នេះ​។ ប្រសិន​បើ​យើង​​​​មិន​មាន​ដី​ធ្វើ​ស្រែ​ទេ យើង​នឹង​ស្លាប់​។ ប្រសិន​​​​បើ​ក្រុម​ហ៊ុន​ផ្តល់​សំណង​ឲ្យ​ពួក​យើង យើង​មាន​ការ​ព្រួយ​បារម្ភ​ថា យើង​មិន​អាច​ប្រើ​ប្រាស់​​​​ប្រាក់​សំណង​នោះ​​​​ដើម្បី​ទិញ​ដី​ថ្មី​បាន​ឡើយ ពីព្រោះ​សព្វ​ថ្ងៃ​នេះ​ ដី​ថ្លៃ​ខ្លាំង​ណាស់”។

លោក អ៊ាង វុទ្ធី នាយក​អង្គការ​សម​ធម៌​កម្ពុជា​ដែល​បាន​ចូល​រួម​កិច្ច​ប្រជុំនោះ​តំណាង​​​​ឲ្យ​អ្នក​ភូមិ​បាន​មាន​ប្រសាសន៍​ថា លោក​សង្ឃឹម​​​​ថា កិច្ច​ប្រជំុ​លើក​ក្រោយ​ជាមួយ​ក្រុម​ហ៊ុន​នេះ​​​​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​ចង់​ឲ្យ​​​​កិច្ច​ប្រជុំនេះ​ធ្វើ​ឡើង​ឆាប់ៗ ហើយ​យើង​មិន​ចង់​ពន្យារ​ពេលទៀត​​ទេ​”។

តំណាង​សហគមន៍​មក​ពី​ខេត្ត​ឧត្តរ​មាន​ជ័យ​ កន្លែង​ដែល​អ្នក​ភូមិ​ជា​ច្រើន​គ្រួសារ​ទៀត​​​មាន​​​​ជម្លោះ​ស្រដៀង​គ្នា​នេះ​ ជាមួយ​ចម្ការ​អំពៅ​របស់​ក្រុម​ហ៊ុន​ Mitr Phol ជា​ក្រុម​ហ៊ុន​ស្ករ​ស​របស់​ថៃនោះ​ ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​បាង​កក​ផង​ដែរ ប៉ុន្តែ លោក អ៊ាង វុទ្ធី​ បាន​មាន​ប្រសា​​​សន៍​ថា ពួក​គេ​មិន​បាន​ជួប​គ្នា​​ឡើយ​។
លោក ថាណាកន ប៊ូរិនថារ៉ាឆាត (Thanakorn​​​ Burintarachart) អគ្គ​នាយក​ក្រុម​ហ៊ុន​ស្ករ​ស​កោះ​កុង​ ដែល​តំណាង​ឲ្យ​ក្រុម​ហ៊ុន KSL នៅ​កិច្ច​​​​ប្រជុំ​នោះ​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណើ​សុំ​អត្ថា​ធិប្បាយ​ឡើយ។

កិច្ច​ប្រជុំ​ជាមួយ​ក្រុម​ហ៊ុន KSL កើត​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ក្រុម​ហ៊ុន​ កូកា​កូឡា បាន​ប្រកាស​អំពី​ផែន​ការធ្វើការ​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​សង្គម បរិស្ថាន និង​សិទ្ធិ​មនុស្ស ដោយ​សារ​ក្រុម​ហ៊ុន​ផ្គត់ផ្គង់​ស្ករ​ស​ធំៗ​ក្នុង​រយៈ​ពេល​ពីរបី​ឆ្នាំ​ក្រោយ​នេះ រួម​​មាន​ក្រុម​ហ៊ុន​នៅ​ក្នុង​ប្រទេស​ថៃ​ដូចជា​​ក្រុម​ហ៊ុន KSL និង​ក្រុម​ហ៊ុន Mitr Phol ដែលមាន​ទីស្នាក់​ការ​កណ្តាល​នៅ​ទី​នោះជាដើម៕ សារុន​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស