ក្រុមហ៊ុនស្ករសកោះកុងបានយល់ព្រមដោះស្រាយជម្លោះដែលអូសបន្លាយរយៈពេលជាច្រើនឆ្នាំជាមួយអ្នភូមិជនជាតិខ្មែរជាច្រើនគ្រួសារ ដែលបានចោទប្រកាន់ក្រុមហ៊ុនចម្ការអំពៅរបស់ខ្លួនថា បានចាប់យកដីរបស់ពួកគាត់ ប៉ុន្តែ អ្នកភូមិទាំងនោះនៅតែគិតថា ពួកគាត់អាចស្វែងរកដំណោះស្រាយបានសមស្រប។
ក្រុមហ៊ុននេះ ដែលជាសាខារបស់ក្រុមហ៊ុន Khon Kaen Sugar Industry Limited (KSL) នៅប្រទេសថៃនោះបានយល់ព្រមដោះស្រាយបញ្ហានេះ អំឡុងកិច្ចប្រជុំកាលពីថ្ងៃសៅរ៍នៅក្នុងទីក្រុងបាងកកជាមួយតំណាងសហគមន៍ និងអង្គការមិនមែនរដ្ឋាភិបាលដែលបានជួយពួកគាត់។
អ្នកភូមិ២០០គ្រួសារបាននិយាយថា ការបាត់បង់ដីស្រែរបស់ពួកគាត់ទៅលើក្រុមហ៊ុនស្ករសចំនួនពីរនៅក្នុងខេត្តកោះកុងរបស់ក្រុមហ៊ុន KSL នេះបានធ្វើឲ្យពួកគាត់កាន់តែក្រីក្រទៅ ហើយពួកគាត់ចង់បានដីរបស់ខ្លួនវិញ។ ប៉ុន្តែ លោក តេង កៅ តំណាងគ្រួសារអ្នកភូមិបាននិយាយថា ក្រុមហ៊ុនចង់ផ្តល់សំណងឲ្យពួកគាត់វិញ។
លោក តេង កៅ ដែលបានបាត់បង់ដីស្រែរបស់ខ្លួនទំហំ១៤,៥ហិកតា ដោយសារចម្ការអំពៅទាំងនេះបាននិយាយថា “ខ្ញុំបានប្រាប់ពួកគេថា យើងចង់បានដីរបស់យើងមកវិញ។ ក្រុមហ៊ុនចង់ផ្តល់សំណងឲ្យពួកយើងវិញ។ ប៉ុន្តែខ្ញុំមិនអាចសម្រេចបានទេ។ ខ្ញុំត្រូវនិយាយជាមួយអ្នកភូមិរបស់យើង និងតំណាងជាច្រើនរូបទៀត។ ក្រុមហ៊ុនចង់ចរចាជាមួយពួកយើងម្តងទៀត បន្ទាប់ពីយើងបាននិយាយជាមួយអ្នកភូមិរបស់យើង”។
លោក តេង កៅ បាននិយាយថា ក្រុមហ៊ុន KSL ក៏បានលើកឡើងថា ចង់ផ្តល់ដីថ្មីឲ្យអ្នកភូមិវិញ ជាថ្នូរនឹងអ្វីដែលពួកគាត់បានបាត់បង់ ប៉ុន្តែលោកមានការព្រួយបារម្ភថា ដីនេះនឹងស្ថិតនៅឆ្ងាយពីផ្ទះសំបែងបច្ចុប្បន្នរបស់ខ្លួន។ លោក តេង កៅ បាននិយាយថា “យើងចង់បានដីរបស់យើងមកវិញ។
ការចិញ្ចឹមជីវិតរបស់យើងពឹងផ្អែកលើដីនេះ។ ប្រសិនបើយើងមិនមានដីធ្វើស្រែទេ យើងនឹងស្លាប់។ ប្រសិនបើក្រុមហ៊ុនផ្តល់សំណងឲ្យពួកយើង យើងមានការព្រួយបារម្ភថា យើងមិនអាចប្រើប្រាស់ប្រាក់សំណងនោះដើម្បីទិញដីថ្មីបានឡើយ ពីព្រោះសព្វថ្ងៃនេះ ដីថ្លៃខ្លាំងណាស់”។
លោក អ៊ាង វុទ្ធី នាយកអង្គការសមធម៌កម្ពុជាដែលបានចូលរួមកិច្ចប្រជុំនោះតំណាងឲ្យអ្នកភូមិបានមានប្រសាសន៍ថា លោកសង្ឃឹមថា កិច្ចប្រជំុលើកក្រោយជាមួយក្រុមហ៊ុននេះនឹងធ្វើឡើងនៅក្នុងប្រទេសកម្ពុជា។ លោកបានមានប្រសាសន៍ថា “យើងចង់ឲ្យកិច្ចប្រជុំនេះធ្វើឡើងឆាប់ៗ ហើយយើងមិនចង់ពន្យារពេលទៀតទេ”។
តំណាងសហគមន៍មកពីខេត្តឧត្តរមានជ័យ កន្លែងដែលអ្នកភូមិជាច្រើនគ្រួសារទៀតមានជម្លោះស្រដៀងគ្នានេះ ជាមួយចម្ការអំពៅរបស់ក្រុមហ៊ុន Mitr Phol ជាក្រុមហ៊ុនស្ករសរបស់ថៃនោះ ក៏បានធ្វើដំណើរទៅទីក្រុងបាងកកផងដែរ ប៉ុន្តែ លោក អ៊ាង វុទ្ធី បានមានប្រសាសន៍ថា ពួកគេមិនបានជួបគ្នាឡើយ។ លោក ថាណាកន ប៊ូរិនថារ៉ាឆាត (Thanakorn Burintarachart) អគ្គនាយកក្រុមហ៊ុនស្ករសកោះកុង ដែលតំណាងឲ្យក្រុមហ៊ុន KSL នៅកិច្ចប្រជុំនោះមិនបានឆ្លើយតបទៅនឹងសំណើសុំអត្ថាធិប្បាយឡើយ។
កិច្ចប្រជុំជាមួយក្រុមហ៊ុន KSL កើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុន កូកាកូឡា បានប្រកាសអំពីផែនការធ្វើការវាយតម្លៃផលប៉ះពាល់សង្គម បរិស្ថាន និងសិទ្ធិមនុស្ស ដោយសារក្រុមហ៊ុនផ្គត់ផ្គង់ស្ករសធំៗក្នុងរយៈពេលពីរបីឆ្នាំក្រោយនេះ រួមមានក្រុមហ៊ុននៅក្នុងប្រទេសថៃដូចជាក្រុមហ៊ុន KSL និងក្រុមហ៊ុន Mitr Phol ដែលមានទីស្នាក់ការកណ្តាលនៅទីនោះជាដើម៕ សារុន
© 2013, . All rights reserved.