យោងតាមមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា អាជ្ញាធរប្រេងកាតជាតិកម្ពុជា នឹងស្ថិតក្រោមចំណុះក្រសួងរ៉ែ និងថាមពល ហើយនេះជាការកាត់បន្ថយថ្មីបំផុតនូវចំនួនស្ថាប័នរដ្ឋាភិបាលដ៏ច្រើនដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន។
តាំងពីការបោះឆ្នោតជាតិកាលពីខែកក្កដា បានកន្លងផុត ស្ថាប័នមិនតិចជាង១៣ទេ ត្រូវបានផ្លាស់ប្តូរ ចេញពីការគ្រប់គ្រងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានលោក សុខ អានជាអ្នកទទួលបន្ទុក ឲ្យទៅស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងពាក់ព័ន្ធនានាវិញ។ នេះគឺជា អ្វីដែលរដ្ឋាភិបាលលើកឡើងថា ជាកិច្ចខិតខំប្រឹងប្រែងផ្ទេរអំណាចនៅក្នុងរដ្ឋបាលរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក សុខ អាន គឺជាប្រធានអាជ្ញាធរប្រេងកាតជាតិកម្ពុជា ដែលទទួលបន្ទុកក្នុងការគ្រប់គ្រងធនធានប្រេងរបស់ប្រទេសកម្ពុជា។ សមាជិកគ្រួសាររបស់លោក ក៏កាន់តំណែងគ្រប់គ្រងជាន់ខ្ពស់នៅក្នុងអាជ្ញាធរនេះផងដែរ។
លោក ជាម យៀប សមាជិកសភាជាន់ខ្ពស់ និងជាអ្នកនាំពាក្យគណបក្សកាន់អំណាច បានមានប្រសាសន៍ថា “រដ្ឋាភិបាលមានផែនការដាក់បញ្ចូលអាជ្ញាធរប្រេងកាតជាតិទៅក្នុងក្រសួងថាមពល”។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានលើកឡើងថា ឆាប់ពេកមិនអាចប្រាប់ថា តើលោក សុខ អាន នឹងកាន់តំណែងរបស់លោកនៅក្នុង អាជ្ញាធរប្រេងកាតនេះដែរឬក៏អត់ បានទេ ក៏ប៉ុន្តែ មន្ត្រីជាន់ ខ្ពស់មួយរូប នៅអាជ្ញាធរប្រេងកាតជាតិ បានឲ្យដឹងថា លោក សុខ អាន នឹងផ្ទេរតំណែងជា ប្រធានរបស់លោកឲ្យមន្ត្រីផ្សេងជាអ្នកកាន់។
លោក ម៉ែន ដែន អគ្គនាយករងទទួលបន្ទុក ផ្នែករុករក អភិវឌ្ឍន៍ និងផលិតកម្មនៅអាជ្ញាធរ ប្រេងកាតជាតិកម្ពុជា បានមានប្រសាសន៍ថា “ ឯកឧត្តម សុខ អាន នឹងលែងជាប្រធានអាជ្ញាធរប្រេងកាតទៀតហើយ”។
លោក ជាម យៀប បានបញ្ជាក់កាលពីថ្ងៃសុក្រ បន្ទាប់ពីកិច្ចប្រជុំនៅរដ្ឋសភាថា ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលនឹងត្រូវបែងចែកចេញជាពីរក្រសួង គឺក្រសួងរ៉ែ និងថាមពល និងក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ រដ្ឋាភិបាលមិនទាន់សម្រេចថា តើក្រសួងណា មួយនឹងស្ថិតនៅក្រោមការដឹកនាំរបស់លោក ចម ប្រសិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល កាលពីខែកញ្ញា។
លោក សុខា វណ្ណ អគ្គនាយកអាជ្ញាធរប្រេងកាតកម្ពុជា និងជាក្មួយប្រុសរបស់លោក សុខ អាន មិនបានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានទេកាលពីម្សិលមិញ។ អ្នកសារព័ត៌មានចង់សួរថា តើលោកនៅតែកាន់តំណែងរបស់លោកនៅអាជ្ញាធរប្រេងកាតនេះទៀត ឬយ៉ាងណា។ លោក ឌៀប សេរី វិសិទ្ធ ដែលជាក្មួយប្រុសម្នាក់ផ្សេងទៀតរបស់លោក សុខ អាន គឺជាអគ្គនាយករងអាជ្ញាធរប្រេងកាតជាតិកម្ពុជា។
អាជ្ញាធរប្រេងកាតកម្ពុជា បានទទួលបរាជ័យក្នុងការសម្រេចឲ្យបាននូវគោលដៅយកប្រេងចេញនៅដំណាច់ឆ្នាំ២០១២ និងបានទទួលសំឡេងរិះគន់យ៉ាងច្រើន ដោយសារស្ថាប័ននេះខ្វះតម្លាភាពក្នុងការគ្រប់គ្រងរបស់ខ្លួន។ កាលពីឆ្នាំ២០១១ ធនាគារអភិវឌ្ឍន៍ អាស៊ី ហៅកាត់ថា ADB បានរាយការណ៍ថា ស្ថាប័ននេះបានទទួលបរាជ័យនៅក្នុងការសហការ ជាមួយក្រុមអ្នកពិគ្រោះយោបល់របស់ធនាគារ អភិវឌ្ឍន៍អាស៊ី នៅក្នុងគម្រោងមួយដែលគ្រោងនឹងចំណាយប្រាក់១លានដុល្លារ ដើម្បី ពង្រឹងអភិបាលកិច្ចនៅក្នុងស្ថាប័ននេះ។
របាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី មានខ្លឹមសារថា “ការគ្រប់គ្រងរបស់ទីភ្នាក់ងារប្រតិបត្តិនេះ បង្ហាញពីកង្វះខាតកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនពិគ្រោះយោបល់ពាក់ព័ន្ធនឹងការរឹតបន្តឹងព័ត៌មានសំខាន់ៗ និងបរាជ័យក្នុងការជំរុញឲ្យមានការចូលរួមពីសំណាក់បុគ្គលិកក្នុងអាជ្ញាធរប្រេងកាតកម្ពុជាហើយ ក្នុងគម្រោងនេះ”។
កាលពី ឆ្នាំ២០០៩ អង្គការឃ្លាំមើលបរិស្ថានក្លូបលវីតណេស (Global Witness) ដែលមានមូលដ្ឋាន នៅទីក្រុងឡុងដ៍ បានឲ្យដឹងថា លោក តែ ដួងតារា អតីតអគ្គនាយកអាជ្ញាធរប្រេងកាតជាតិកម្ពុជា ដែលបច្ចុប្បន្នជាម្ចាស់ចម្ការស្ត្រប៊ើរី នៅខេត្តមណ្ឌលគិរី បានរក្សាឥរិយាបថតឹងតែងផ្នែកព័ត៌មាន” នៅឯអាជ្ញាធរប្រេងកាតជាតិកម្ពុជា និងបានជ្រើសរើស “បុគ្គលិក ដែលស្មោះស្ម័គ្រនឹងខ្លួនមកពីក្រសួងផ្សេងៗទៀត ដោយមើលរំលងបុគ្គលិកដែលមានការបណ្ដុះបណ្ដាលត្រឹមត្រូវនៅក្នុងអាជ្ញាធរប្រេងកាតនេះ”។
លោក ផៃ ស៊ីផាន បានលើកឡើងថា សេចក្ដីសម្រេចក្នុងការប្រគល់ការគ្រប់គ្រងអាជ្ញាធរប្រេងកាតជាតិកម្ពុជា ឲ្យក្រសួងរ៉ែ និងថាមពល គឺជាផ្នែកមួយនៃផែនការរបស់រដ្ឋាភិបាលក្នុងការផ្លាស់ប្ដូរទីស្ដីការគណៈរដ្ឋមន្ត្រីឲ្យក្លាយជាស្ថាប័នត្រួតពិនិត្យមួយតាមរយៈការផ្ទេរអំណាចគ្រប់គ្រងស្ថាប័នរដ្ឋដែលពីមុនស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន។
លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា “វាគឺជាពេលវេលាដ៏ល្អមួយសម្រាប់ដាក់ការងារទាំងអស់នេះ និងអំណាចទៅក្នុងក្រសួងសមស្រប ពីព្រោះអ្វីគ្រប់យ៉ាងត្រូវបានបង្កើតបានយ៉ាងល្អដោយទីស្ដីការគណៈរដ្ឋមន្ត្រីរួចហើយ។ ទីស្ដីការគណៈរដ្ឋមន្ត្រីនឹង បំពេញការងារជាស្ថាប័នសម្របសម្រួល”។ លោកបានលើកឡើងបន្ថែមទៀតថា ចំណាត់ ការនេះនឹងបង្កើតធនធានសម្រាប់រដ្ឋមន្ត្រីនានា និងពង្រឹងគណនេយ្យភាពនៅក្នុងរដ្ឋាភិបាល។
លោកបានមានប្រសាសន៍ថា “រដ្ឋមន្ត្រីត្រូវមានយន្តការមួយចំនួនសម្រាប់លៃលកធនធាន ដើម្បីឲ្យមានរដ្ឋបាលដ៏ល្អ គណនេយ្យ ភាព និងប្រសិទ្ធភាព”។ លោកបានមានប្រសាសន៍បន្ថែមទៀតថា “យើងយល់ថា ទីស្ដីការគណៈរដ្ឋមន្ត្រីមិនមានអំណាចបញ្ជានរណាម្នាក់ឲ្យធ្វើអ្វីមួយទេ។ យើងព្យាយាមសម្របសម្រួលក្នុងនាមជាក្រសួងត្រួតពិនិត្យ”។
កាលពីថ្ងៃទី១ ខែវិច្ឆិកា ទីស្ដីការគណៈរដ្ឋមន្ត្រីបានចេញបទបញ្ជាមួយដែលត្រូវបានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយបញ្ជាឲ្យគណៈកម្មាធិការទាំង១១ដែលកាលពីមុនស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក សុខ អាន នៅទីស្ដីការគណៈរដ្ឋមន្ត្រីធ្វើសមាហរណកម្មទៅក្នុងក្រសួង និងក្រុមប្រឹក្សាពាក់ព័ន្ធ។
ក្នុងចំណោមគណៈកម្មាធិការទាំង១១នោះ អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍បច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យា និងត្រូវបានដាក់ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងប្រៃសណី និងទូរគមនាគមន៍ ហើយគណៈកម្មាធិការជាតិ ប្រជាជន និងការអភិវឌ្ឍដែលជាដៃគូរបស់អង្គការមូលនិធិប្រជាជនសហប្រជាជាតិនៅប្រទេសកម្ពុជា និងត្រូវបានធ្វើសមាហរណកម្មទៅក្នុងក្រសួងផែនការ។
ក្នុងសុន្ទរកថាដំបូងដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងទៅកាន់គណៈរដ្ឋមន្ត្រីទើបបង្កើតថ្មីរបស់លោកកាលពីដំណាច់ខែកញ្ញា លោកបានប្រកាសថា ឧត្តមក្រុមប្រឹក្សាកំណែទម្រង់រដ្ឋ ដែលពីមុនស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក សុខ អាន នឹងត្រូវបានកាត់ចេញដោយមានការបែងចែកការទទួលខុសត្រូវរបស់ស្ថាប័ននេះក្នុងចំណោមក្រសួងពាក់ព័ន្ធ។
លោក យឹម សុវណ្ណ តំណាងរាស្ត្រជាន់ខ្ពស់ និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានលើកឡើងថា ការផ្លាស់ប្ដូររចនាសម្ព័ន្ធនៅក្នុងរដ្ឋបាលរបស់លោក ហ៊ុន សែន គឺជារឿងគួរឲ្យស្វាគមន៍ ក៏ប៉ុន្តែ នៅតែមិនមែនជាការកែរទម្រង់ដ៏ស៊ីជម្រៅទេ។ លោកបានមានប្រសាសន៍ថា “យើងមិនចង់បានអាជ្ញាធរដាច់ដោយឡែកពីគ្នាទេ។ យើងក៏ចង់ដាក់ [ស្ថាប័នទាំងនេះ] ឲ្យស្ថិតក្រោមក្រសួងសមស្របមួយដែរ”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “រដ្ឋាភិបាលមិនមែនគ្រាន់តែត្រូវចែកក្រសួងឲ្យនៅដាច់ដោយឡែកពីគ្នា ឬក៏ផ្លាស់ស្ថាប័នមួយឲ្យទៅនៅជាមួយស្ថាប័នមួយទៀតប៉ុណ្ណោះទេ។ ពួកគេមិនបានលុបបំបាត់ឫសគល់នៃអំពើពុករលួយដែលជាចំណុចខ្សោយរបស់ច្បាប់ទេ”៕សុធា