កាលពីថ្ងៃសៅរ៍ ប្រទេសកម្ពុជាបានប្រារព្ធខួបឯករាជ្យលើកទី៦០ពីប្រទេសបារាំង ដោយមានការចូលរួមពីគណៈប្រតិភូការទូតបរទេស មន្ត្រីយោធា និងសិស្សានុសិស្សជាច្រើនដែលមានវត្តមាននៅវិមានឯករាជ្យ និងនៅមុខព្រះបរមរាជវាំង ដើម្បីរំឭកពីការបញ្ចប់ការគ្រប់គ្រងរបស់អាណានិគមនេះ ក្នុងឆ្នាំ១៩៥៣។
ប៉ុន្តែ ប្រជាពលរដ្ឋមិនសូវចូលរួមពិធីនេះទេ ហើយពួកគេបានលើកឡើងថា ភាពទាល់ច្រកនយោបាយនាពេលបច្ចុប្បន្នចាប់តាំងពីមានការប្រកាសលទ្ធផលបោះឆ្នោតជាតិដ៏ចម្រូងចម្រាសនេះ បានធ្វើឲ្យពួកគាត់មានការចូលរួមតិចតួច។ ព្រះមហាក្សត្រ នរោត្តម សីហមុនី បានយាងជាព្រះរាជាធិបតីភាពក្នុងពិធីនោះដោយទ្រង់បានប្រទានភ្លើងជ័យនៅវិមានឯករាជ្យនៅម៉ោង៧ និង៣០នាទីព្រឹកបន្តិច មុនពេលបញ្ចប់ពិធីនេះនៅមុខព្រះបរមរាជវាំងនៅម៉ោង៩ព្រឹក។
ជា ហ៊ាន អាយុ២២ឆ្នាំ ជានិស្សិតម្នាក់ដែលប្រាប់ថា ខ្លួនស្នាក់នៅក្នុងវត្តមួយក្នុងរាជធានីភ្នំពេញនោះបាននិយាយថា “មានប្រជាពលរដ្ឋតិចតួចណាស់ដែលមកចូលរួមពិធីនេះ ដោយសារតែភាពទាល់ច្រកនយោបាយ និងដោយសារបញ្ហាការរកស៊ី និងការធ្វើដំណើរផងដែរ។ ខ្ញុំពិតជាចង់ចូលរួមពិធីនេះណាស់ ប៉ុន្តែ គេមិនអនុញ្ញាតឲ្យខ្ញុំចូលរួមឡើយ ពីព្រោះខ្ញុំមិនមានឯកសណ្ឋាន”។
ពិធីនេះមានការចូលរួមច្រើនពីសំណាក់ទាហានដែលស្លៀកពាក់ជាឯកសណ្ឋាន ព្រមទាំងសិស្សានុសិស្សដែលឈរជាជួរយ៉ាងរៀបរយ ក្រុមកាយឫទ្ធិ និងយុវជនកាកបាទក្រហម ដែលស្លៀកឯកសណ្ឋានដូចៗគ្នា។
នៅតាមផ្លូវលេខ១៧៨វិញ លោក លី នី អាយុ២៥ឆ្នាំ ជាអ្នករត់ម៉ូតូកង់បីមកពីខេត្តស្វាយរៀងបាននិយាយថា គាត់ក៏ដូចជាអ្នកផ្សេងៗទៀតដែរ មិនបានចូលរួមពិធីនេះទេ ពីព្រោះលោកមិនឃើញមានអ្វីគួរឲ្យចាប់អារម្មណ៍។ គាត់បាននិយាយបន្ថែមទៀតថា “ មិនសូវមានប្រជាពលរដ្ឋមកចូលរួមច្រើនទេ ពីព្រោះពួកគាត់មិនមានជំនឿលើរដ្ឋាភិបាល។ ខ្ញុំមិនហ៊ាននិយាយថា គឺដោយសារហេតុផលអ្វីឡើយ ពីព្រោះប្រទេសរបស់យើងស្ថិតក្នុងភាពចលាចល និងភាពទាល់ច្រកនយោបាយនៅឡើយ”។
លោក នី បន្ថែមថា គាត់គិតថា ពិធីដែលប្រារព្ធធ្វើក្រោមព្រះរាជអធិបតីភាពព្រះមហាក្សត្រ នរោត្តម សីហនុ មានសាធារណជនចូលរួមច្រើនណាស់។
គាត់បាននិយាយថា “នៅពេលខ្ញុំបានមើលភាពយន្តឯកសារ ខ្ញុំបានឃើញមនុស្សច្រើនណាស់មកចូលរួមក្នុងពិធីនោះ”។ គាត់បានបន្ថែមថា “នៅពេលដែលមានពិធីនេះម្តងៗ គ្រប់ក្រសួង ស្ថាប័ន ឬសាលារៀនបានអញ្ជើញប្រជាពលរដ្ឋឲ្យចូលរួម ហើយពេលនោះពួកគាត់បានទៅចូលរួមកុះករ តែឥឡូវនេះសាធារណជនមិនមានជំនឿលើរដ្ឋាភិបាលទេ ដោយសារតែអំពើពុករលួយនេះឯង”។
ឈរនៅក្បែរនោះដែរ អឿន ជាន អាយុ៣៣ឆ្នាំ ក៏មានមន្ទិលសង្ស័យពីពិធីនេះដែរ។ គាត់បាននិយាយថា “ប្រទេសរបស់យើងមិនទាន់ឯករាជ្យឡើយ ដោយសារយើងមានភាពតានតឹងផ្នែកនយោបាយ”។ គាត់បាននិយាយថា “វាគ្មានន័យឡើយក្នុងការចូលរួមពិធីនេះ។ យើងគួរព្យាយាមស្វែងរកដំណោះស្រាយចំពោះភាពទាល់ច្រកនេះជាមុនសិន”។
នៅឯផ្សារអូរឫស្សីឯណោះវិញ លោក អៀង ហួត អាយុ៧០ឆ្នាំ ជាអាជីវករលក់ទឹកកកបាននិយាយថា គាត់គិតថា កង្វះការផ្សព្វផ្សាយជាមុនអំពីការប្រារព្ធខួបឯករាជ្យលើកទី៦០ជាការចម្លែក។ គាត់បាននិយាយថា ពិធីនេះខុសប្លែកពីពិធីដែលប្រារព្ធធ្វើឡើងក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រ នរោត្តម សីហនុ។
គាត់បាននិយាយបន្ថែមទៀតថា “នៅពេលដែលមានពិធីនេះម្តងៗ មានប្រជាពលរដ្ឋច្រើនណាស់មកជួបព្រះភ័ក្រ្តសម្តេចឪ ដែលព្រះអង្គបានសោយទិវង្គតទៅហើយនោះ ពីព្រោះពួកគាត់ស្រឡាញ់ចូលចិត្តព្រះអង្គជាខ្លាំង ហើយព្រះអង្គគឺជាវីរបុរសស្នេហាជាតិ។ សម្តេចឪព្រះបរមរតនកោដ្ឋ មិនខ្លាចប្រជាពលរដ្ឋមកប៉ះព្រះអង្គឡើយ ពីព្រោះប្រជាពលរដ្ឋគ្រប់រូបស្រឡាញ់ចូលចិត្តព្រះអង្គ”។
អ្នកស្រី ផល្លា អាយុ៤៩ឆ្នាំ ជាអាជីវករលក់ភេសជ្ជៈ និងបារីនៅផ្លូវលេខ១៨៩ ចាប់តាំងពីអ្នកស្រីមានអាយុ១៥ឆ្នាំមកម្ល៉េះបាននិយាយថា អ្នកស្រីមិនចាប់អារម្មណ៍នឹងពិធីនេះទេ ដោយសារគ្រួសាររបស់អ្នកស្រីពឹងផ្អែកលើរបររកស៊ីចិញ្ចឹមជីវិត។ អ្នកស្រីបាននិយាយថា “ខ្ញុំមិនដឹងថា ពិធីនេះមានអត្ថន័យដូចម្តេចឡើយ។ ខ្ញុំគ្រាន់តែឃើញក្មេងៗកាន់ព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រ និងរូបថតវិមានឯករាជ្យប៉ុណ្ណោះ។ ខ្ញុំមិនដឹងថា ហេតុអ្វីបានជាគេប្រារព្ធពិធីនេះ និងធ្វើដើម្បីអ្វីឡើយ”។ អ្នកស្រី ផល្លា បាននិយាយបន្តថា “ខ្ញុំដឹងតែបុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌតែប៉ុណ្ណោះ”៕ សារុន