កាលពីម្សិលមិញប្រទេសកម្ពុជាបានប្រកាសពីជ័យជម្នះរបស់ខ្លួននៅក្នុងការតវ៉ាផ្លូវច្បាប់ជាមួយប្រទេសថៃ ជុំវិញដីមានជម្លោះនៅក្បែរព្រំដែនជិតប្រាសាទព្រះវិហារ បន្ទាប់ពីតុលាការជាន់ខ្ពស់របស់អង្គការសហប្រជាជាតិនេះបានសម្រេចថា ដីនេះជាកម្មសិទ្ធិរបស់កម្ពុជា និងសម្រេចថា ទាហាន និងនគរបាលថៃត្រូវតែចាកចេញពីតំបន់នោះ។

ប៉ុន្តែ សេចក្តីសម្រេចនេះមិនទាន់ជាជោគជ័យទាំងស្រុងសម្រាប់កម្ពុជាទេ ពីព្រោះតុលាការយុត្តិធម៌អន្តរជាតិនៅក្នុងទីក្រុងឡាអេ នេះបានច្រានចោលសំណើរបស់កម្ពុជាសុំឲ្យកំណត់ខ្សែបន្ទាត់ព្រំដែនផ្លូវការនៅតំបន់នោះ ឬសុំឲ្យប្រគល់ភ្នំមួយទៀតនៅជិតនោះមកឲ្យខ្លួន។
ទោះបីជាប្រទេសថៃ និងប្រទេសកម្ពុជា បានប្រយុទ្ធគ្នាជាច្រើនលើកក្នុងរយៈពេលខ្លី ដែលបណ្តាលឲ្យមានមនុស្សស្លាប់ជាច្រើននៅតំបន់នោះ ចាប់តាំងពីអង្គការសហប្រជាជាតិបានចុះបញ្ជីប្រាសាទនេះជាបេតិកភ័ណ្ឌពិភពលោកកាលពីឆ្នាំ២០០៨ ការភ័យខ្លាចនៅតែបន្តកើតមានឡើងក្នុងសេចក្តីសម្រេចរបស់តុលាការអន្តរជាតិ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍បន្ទាប់ពីតុលាការយុត្តិធម៌អន្តរជាតិប្រកាសសេចក្តីសម្រេចរបស់ខ្លួនថា “នេះគឺជាជោគជ័យរបស់ជាតិទាំងមូល និងជាអំណោយចំពោះភាពចាស់ទុំផ្នែកនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា”។
តុលាការយុត្តិធម៌អន្តរជាតិបានប្រគល់ប្រាសាទព្រះវិហារ និងតំបន់នៅក្បែរប្រាសាទនេះមកឲ្យកម្ពុជានៅក្នុងសេចក្តីសម្រេចឆ្នាំ១៩៦២ ប៉ុន្តែមិនបានដោះស្រាយជម្លោះព្រំដែនទេ។ បន្ទាប់ពីមានការប្រយុទ្ធគ្នាចុងក្រោយជុំវិញដីនៅជិតប្រាសាទនេះ កាលពីដើមឆ្នាំ២០១១ កម្ពុជាបានស្នើសុំឲ្យតុលាការយុត្តិធម៌អន្តរជាតិបកស្រាយសេចក្តីសម្រេចកាលពីឆ្នាំ១៩៦២ជាថ្មីម្តងទៀត។
សេចក្តីសម្រេចកាលពីម្សិលមិញនេះ បានបដិសេធចំពោះការទាមទារសិទ្ធិកាន់កាប់ដី ដែលប្រទេសថៃបានអះអាងថាជាដីរបស់ខ្លួននោះ។ លោកចៅក្រម ភីតធើ ថំកា បានអានសេចក្តីសម្រេចកាលពីម្សិលមិញនេះថា សាលក្រមឆ្នាំ១៩៦២របស់តុលាការនេះបានសម្រេចថា កម្ពុជាមានអធិបតេយ្យភាពលើតំបន់ទាំងមូលនៅជិតប្រាសាទព្រះវិហារ។ “ហេតុដូច្នេះហើយ ប្រទេសថៃត្រូវដកទាហាន នគរបាល ឆ្មាំ ឬកងកម្លាំងការពារផ្សេងៗទៀតដែលឈរជើងនៅទីនោះ ចេញពីដីនោះ”។
ប៉ុន្មានថ្ងៃមុនពេលមានសេចក្តីសម្រេចនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃសុទ្ធតែបានប្តេជ្ញាគោរព ទោះបីជាតុលាការយុត្តិធម៌អន្តរជាតិចេញសេចក្តីសម្រេចបែបណាក៏ដោយ។ តុលាការយុត្តិធម៌អន្តរជាតិមិនបានផ្តល់ឲ្យកម្ពុជានូវអ្វីៗគ្រប់យ៉ាងដូចដែលកម្ពុជាបានស្នើសុំនោះទេ រួមទាំងការទាមទារឲ្យមានសេចក្តីសម្រេចថា សាលក្រមឆ្នាំ១៩៦២របស់តុលាការនេះក៏បានកំណត់ព្រំដែនផ្លូវការនៅក្នុងតំបន់នេះ ផ្អែកតាមផែនទីសម័យអាណានិគមបារាំងឲ្យប្រទេសកម្ពុជាហើយដែរ។
លោកចៅក្រម ថំកា បានមានប្រសាសន៍ថា “តុលាការមិនគិតថា វាជាការចាំបាច់ទេក្នុងការឆ្លើយសំណួរថា តើសេចក្តីសម្រេចឆ្នាំ១៩៦២បានកំណត់ច្បាស់លាស់នូវខ្សែបន្ទាត់ព្រំដែនរវាងប្រទេសកម្ពុជា និងថៃឬយ៉ាងណានោះ”។ លោកបានមានប្រសាសន៍ថា តំបន់នៅជិតប្រាសាទព្រះវិហា “គឺជាបញ្ហាដែលមានចម្រូងចម្រាសនៅឆ្នាំ១៩៦២ និងជាបញ្ហាដែលតុលាការនេះគិតថា ជាដើមហេតុនៃជម្លោះនាពេលបច្ចុប្បន្ន”។
សេចក្តីសម្រេចនេះបានកំណត់តំបន់នេះថា ជាជើងចំណោតនៅជាប់តំបន់ដ៏ធំនៃប្រាសាទ និងជ្រលងភ្នំដែលនៅចន្លោះចំណោតនេះនិងភ្នំទ្រព្យនៅក្បែរនោះ។ សេចក្តីសម្រេចនេះក៏បានច្រានចោលការអះអាងរបស់កម្ពុជាដែលថា សាលក្រមឆ្នាំ១៩៦២បានប្រគល់ភ្នំទ្រព្យមកឲ្យខ្លួន ហើយមិនបានសម្រេចចំពោះការទាមទារសិទ្ធិកាន់កាប់របស់ថៃលើដីទំហំ៤,៦គីឡូម៉ែត្រក្រឡានៅខាងត្បូងព្រំដែនតាមផែនទីរបស់បារាំងនោះទេ។
នៅពេលដែលតុលាការបានកំណត់តំបន់នេះកាលពីម្សិលមិញ តំបន់នៅជិតប្រាសាទព្រះវិហារនេះ ហាក់ដូចជាគ្របដណ្តប់តែមួយផ្នែកនៃតំបន់នោះប៉ុណ្ណោះ។ ចំណែកខាងភាគីកម្ពុជាបានជំទាស់ជាប់ជានិច្ចមិនទទួលស្គាល់ថា មានដីជម្លោះទំហំ៤,៦គីឡូម៉ែត្រក្រឡានេះទេ។
នៅក្នុងបទសម្ភាសផ្សាយតាមទូរទស្សរ៍ ស៊ីអិនស៊ី ពីទីក្រុងឡាអេ លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសបានចាត់ទុកសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិនេះថា ជាអំណោយដល់កម្ពុជា ប៉ុន្តែបានអះអាងថា ខ្លួនមិនបានទទួលជ័យជម្នះគ្រប់ចំណុចទេ។ លោកបានមានប្រសាសន៍ថា “ យើងមិនអាចនិយាយថា សេចក្តីសម្រេចរបស់តុលាការនៅថ្ងៃនេះបំពេញតាមបំណងរបស់យើង១០០ភាគរយនោះទេ ប៉ុន្តែយើងរីករាយដែលយើងបានសម្រេចជាច្រើននូវអ្វីដែលយើងចង់បាន។ ខ្ញុំមិនអាចប្រាប់ជាភាគរយបានទេ ប៉ុន្តែយើងសម្រេចបានភាគច្រើននៃសំណើរបស់យើង។ នេះមិនមែនជាសេចក្តីសម្រេចធម្មតានោះទេ ប៉ុន្តែវាជាកាតព្វកិច្ចហើយភាគីទាំងពីរត្រូវតែអនុវត្តគ្រប់ចំណុចទាំងអស់”។
យោងតាមទីភ្នាក់ងារព័ត៌មានអាល្លឺម៉ង់ DPA បានរាយការណ៍ថា លោក ស៊ូរ៉ាពង្ស តូវីឆាក់ឆៃគុល រដ្ឋមន្ត្រីការបរទេសថៃដែលមានវត្តមាននៅទីក្រុងឡាអេដែរនោះបាន និយាយថា ភាគីទាំងពីរពេញចិត្តចំពោះសេចក្តីសម្រេចកាលពីម្សិលមិញនេះ។ តាមសេចក្តីរាយការណ៍នេះ លោក ស៊ូរ៉ាពង្ស ក៏បាននិយាយដែរថា ប្រទេសទាំងពីរនឹងបង្កើតក្រុមការងារចម្រុះមួយដើម្បីអភិវឌ្ឍតំបន់នេះ ជាការលើកឡើងដែលកម្ពុជាបានច្រានចោលជាយូរមកហើយ។
យោងតាមទីភ្នាក់ងារព័ត៌មាន DPA ឯកអគ្គរាជទូតថៃប្រចាំក្រុងឡាអេ លោក វីរ៉ាឆ័យ ប្លាសៃ បាននិយាយថា តុលាការយុត្តិធម៌អន្តរជាតិគ្រាន់តែប្រគល់តំបន់មួយផ្នែកតូចនៃដីមានជម្លោះដែលមិនទាន់កំណត់ព្រំប្រទល់នេះទៅឲ្យកម្ពុជា។ លោក ប៉ាកក្តី ទូឆាយុទ្ធ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជាបានបដិសេធមិនធ្វើអត្ថាធិប្បាយ។
នៅឯព្រំដែនឯណោះវិញ កិច្ចព្រមព្រៀងពីបទឈប់បាញ់រវាងប្រទេសទាំងពីរ បានជួយទប់ស្កាត់ការភ័យខ្លាចមួយចំនួន ចំពោះសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ។
នៅពេលទាក់ទងភ្លាមៗបន្ទាប់ពីមានសេចក្តីសម្រេចនេះ ឧត្តមសេនីយ៍ឯក ជា តារា បានមានប្រសាសន៍ថា ស្ថានភាពទូទៅស្ងប់ស្ងាត់។ លោកបានមានប្រសាសន៍ថា “ស្ថានភាពនៅតាមព្រំដែនជិតប្រាសាទព្រះវិហារមានភាពស្ងប់ស្ងាត់ ហើយទាហានរបស់យើងបានជួបពិភាក្សាជាមួយឧត្តមសេនីយ៍កងទ័ពថៃកាលពីម្សិលមិញ និងថ្ងៃនេះ ហើយយើងបានព្រមព្រៀងដោះស្រាយបញ្ហានេះដោយសន្តិវិធី។ ទាហានរបស់យើងកំពុងរង់ចាំបទបញ្ជាពីសម្តេចតេជោ ហ៊ុន សែន”។
មុនម៉ោង៩យប់បន្តិច ស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា (ទទក) បានចាក់ផ្សាយសារខ្លីមួយពីលោក ហ៊ុន សែន ដែលបានជំរុញឲ្យកងកម្លាំងទាហានយោធា និងជនស៊ីវិលនៅតាមព្រំដែនរក្សាភាពស្ងៀមស្ងាត់។ លោកបានមានប្រសាសន៍ថា “ខ្ញុំសូមអំពាវនាវម្តងទៀតដល់កងកម្លាំងប្រដាប់ អាវុធដែលកំពុងបំពេញភារកិច្ចការពារព្រំដែនឲ្យបន្តភាពអត់ធ្មត់ នៅប្រចាំការ និងជៀសវាងសកម្មភាពណាមួយដែលអាចបង្កឲ្យមានភាពតានតឹង ឬការប៉ះទង្គិចគ្នា និងទុកឲ្យរដ្ឋាភិបាលទាំងពីរបន្តពិភាក្សាដើម្បីអនុវត្តសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ”។
លោក ហ៊ុន សែន បានបន្ថែមថា “ខ្ញុំសូមអំពាវនាវដល់ជនរួមជាតិទាំងអស់ឲ្យរក្សាភាពស្ងៀមស្ងាត់ និងរក្សាសណ្តាប់ធ្នាប់សាធារណៈនៅក្នុងប្រទេស និងបន្តលើកកម្ពស់ស្មារតីនៃទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ និងប្រជាជនកម្ពុជានិងថៃ”។
លោក មុត សារី ដែលបានមើលការផ្សាយផ្ទាល់តាមទូរទស្សន៍អំពីសេចក្តីសម្រេចនេះនៅផ្ទះរបស់គាត់នៅចម្ងាយប្រហែល១៨គីឡូម៉ែត្រពីព្រំដែនបាននិយាយថា សេចក្តីសម្រេចរបស់តុលាការនេះ បានធ្វើឲ្យអារម្មណ៍ ភ័យខ្លាចរបស់គាត់អំពីការប្រយុទ្ធគ្នានៅតំបន់នេះធូរស្រាលឡើងវិញ។ គាត់បាននិយាយថា “ ខ្ញុំរីករាយចំពោះសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិសម្រាប់កម្ពុជា។ ខ្ញុំមិនបារម្ភទៀតទេ ពីព្រោះសេចក្តីសម្រេចនេះច្បាស់លាស់ ហើយខ្ញុំសង្ឃឹមថា គ្មានជម្លោះរវាងកម្ពុជា និងថៃទៀតទេ”។ លោក សារី បានសម្រេចមិនចាកចេញទៅណានោះទេ។ ប៉ុន្តែ ដោយមានការនឹកឃើញពីការបាញ់គ្រាប់ផ្លោងរបស់ថៃកាលពីឆ្នាំ២០០៨ អ្នកផ្សេងទៀតមិនហ៊ានប្រថុយនឹងគ្រោះថ្នាក់ទេ។
អ្នកស្រី ទេព ធី ដែលរស់នៅចម្ងាយប្រហែល២០គីឡូម៉ែត្រពីព្រំដែន បាននិយាយថា “យើងបារម្ភអំពីសុវត្ថិភាពរបស់យើង ពីព្រោះកាលពីឆ្នាំ២០០៨ គ្រាប់ផ្លោងថៃបានមកដល់ភូមិរបស់យើង។ អ្នកភូមិរបស់យើងមួយចំនួនកំពុងចាកចេញពីផ្ទះរបស់ខ្លួនតាមគោយន្ត និងតាមរ៉ឺម៉កម៉ូតូ”។ អ្នកស្រីបាននិយាយថា អ្នកភូមិដែលនៅក្នុងភូមិបានត្រៀមលក្ខណៈប្រុងប្រយ័ត្នជាមុន ដោយការជីកត្រង់សេ។ អ្នកជិតខាងម្នាក់ឈ្មោះ ង៉ែត គឿន បាននិយាយថា “យើងចាកចេញតាមម៉ូតូ ឥឡូវនេះភូមិទាំងមូលរបស់ខ្ញុំគ្មានប្រជាជនទេ”។
អ្នកស្រី គឹម ហួរ អាជីវកនៅស្រុកគូលេន បាននិយាយថា អ្នកដែលមិនចាកចេញពីភូមិគឺជាមនុស្សចាស់និងអ្នកក្រីក្រដែលមិនអាចចាកចេញបាន។
អ្នកស្រីបាននិយាយថា “ឥឡូវនេះមានតែមនុស្សប្រុសចាស់ៗទេនៅក្នុងភូមិដើម្បីយាមទ្រព្យសម្បត្តិ។អ្នកភូមិមួយចំនួនមិនគេចខ្លួនទេ ពីព្រោះពួកគេក្រ ដូច្នេះពួកគេត្រូវនៅក្នុងភូមិ។ប៉ុន្តែប្រសិនបើមានការបាញ់គ្នាមែន ប្រហែលជាមានរថយន្តធំៗមកយកពួកគេដូចពីមុនអ៊ីចឹង”។
ថ្វីបើមានការភ័យខ្លាចបែបនេះក្តី លោក កែម ឡី អ្នកវិភាគនយោបាយបានមានប្រសាសន៍ថា សេចក្ដីសម្រេចកាលពីម្សិលមិញនេះនឹងជួយធ្វើឲ្យព្រំដែនមានភាពស្ងប់ស្ងាត់។ លោកបានមានប្រសាសន៍ថា តុលាការនេះប្រហែលជាមិនបានសម្រេចថា ព្រំដែនភាគខាងជើងប្រាសាទព្រះវិហាររវាងកម្ពុជានិងថៃនៅត្រង់ណានោះទេ “ ប៉ុន្តែយ៉ាងហោចណាស់ យើងដឹងច្បាស់នៅពេលនេះអំពីដីនៅជិតប្រាសាទ”។ លោកបានបន្ថែមថា មិនថាតើមានសន្តិភាពឬគ្មាននោះទេ “ វាអាស្រ័យលើប្រជាជនថៃ ប្រសិនបើពួកគេអាចទប់ស្កាត់ប្រជាជនរបស់ពួកគេមិនឲ្យធ្វើអ្វីមួយនោះ”។
សេចក្ដីសម្រេចនេះកើតមានឡើងចំពេលមានភាពតានតឹងមួយទៀតនៅក្នុងនយោបាយថៃដែលមិនធ្លាប់មានពីមុនមក ដែលពេលនេះត្រូវបានបង្កឡើងដោយការជំរុញឲ្យមានច្បាប់មួយឆ្លងកាត់រដ្ឋសភាពីសំណាក់រដ្ឋាភិបាលស្និទ្ធនឹងកម្ពុជា ដែលអាចផ្ដល់ការលើកលែងទោស និងសិទ្ធិវិលត្រឡប់ចូលប្រទេសវិញដល់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃដែលកំពុងរត់គេចខ្លួន។ មានការភ័យខ្លាចថា ក្រុមជាតិនិយមជ្រុលដែលជំទាស់នឹងច្បាប់នេះអាចបង្ខំឲ្យមានការប្រើកម្លាំងរបស់រដ្ឋាភិបាលនៅតាមព្រំដែន ឬបង្កបញ្ហាដោយខ្លួនគេតែម្ដង។
លោក កែម ឡី បានមានប្រសាសន៍ថា “ពួកជ្រុលនិយមមួយចំនួនអាចធ្វើអ្វីមួយ ដូច្នេះរដ្ឋាភិបាលថៃគួរតែមានផែនការល្អសម្រាប់ដោះស្រាយជាមួយពួកគេ៕ គឹមហឿន
(រាយការណ៍បន្ថែមដោយ ឃួន ណារីម)