លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងកាលពីម្សិលមិញថា លោកនឹងអំពាវនាវឲ្យមានការស៊ើបអង្កេតលើខ្សាច់ទន្លេ បើគិតជាទឹកប្រាក់ប្រមាណ១,៥លានដុល្លារ ដែលត្រូវបាននាំចេញទៅកាន់ប្រទេសឥណ្ឌា កាលពីខែមេសា។ ការនាំចេញខ្សាច់នេះ នៅតែកើតមាន ទោះបីជាមានបម្រាមមិនឲ្យនាំចេញខ្សាច់ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាកាលពីឆ្នាំ២០០៩ក៏ដោយ។
កាសែត Deccan Chronicle របស់ប្រទេសឥណ្ឌាបានរាយការណ៍ កាលពីសប្តាហ៍មុនថា មានខ្សាច់ទន្លេរបស់ប្រទេសកម្ពុជា ប្រហែល៣០.០០០តោន កំពុងជាប់គាំងនៅកំពង់ផែ Cochin ភាគខាងត្បូងប្រទេសឥណ្ឌា ជាងប្រាំមួយខែមកហើយ ដោយត្រូវបានបដិសេធជាច្រើនដងដោយសារគ្មានការអនុញ្ញាតពីគយ។
ឯកសារទាក់ទិននឹងករណីនេះរបស់តុលាការជាន់ខ្ពស់រដ្ឋ Lerala របស់ឥណ្ឌា បានបង្ហាញថា ខ្សាច់ទន្លេនេះត្រូវបានដឹកចេញពីខេត្តកោះកុង។ លោក លឹម គានហោ បានលើកឡើងថា លោកចង់ឃើញការនាំចេញខ្សាច់ទាំងនេះត្រូវបានស៊ើបអង្កេត ប៉ុន្តែ លោកបានពន្យល់ថា គណៈកម្មាធិការគ្រប់គ្រងខ្សាច់នៅក្នុងក្រសួងរបស់លោកគ្មានអំណាចឡើយ គឺបានត្រឹមតែស្នើឲ្យការស៊ើបអង្កេតប៉ុណ្ណោះ ។
លោកបានថ្លែងដោយសំដៅទៅលើលោក ហ៊ុន សែន ថា “គណៈកម្មាធិការរបស់យើងមិនមានសមត្ថកិច្ចធ្វើការស៊ើបអង្កេតលើរឿងនេះទេ ប៉ុន្តែ ខ្ញុំនឹងដាក់ជូនសំណើនេះទៅកាន់សម្តេចនាយករដ្ឋមន្ត្រី”។ លោកបានបន្តថា “ខ្ញុំនឹងចាប់ផ្តើមរឿងនេះក្នុងពេលឆាប់ៗ ប៉ុន្តែ ខ្ញុំត្រូវរង់ចាំភ័ស្តុតាងច្បាស់លាស់ជាមុនសិន ពាក់ព័ន្ធនឹងការនាំចេញនេះ”។
លោកមានប្រសាសន៍បន្ថែមទៀតដោយបដិសេធមិននិយាយថា តើពេលណាលោកនឹងបញ្ជូនសំណើសុំឲ្យមានការស៊ើបអង្កេតនេះពិតប្រាកដទៅកាន់លោក ហ៊ុន សែន ថា “យើងមានវិធានការស្រាវជ្រាវ ហើយបន្ទាប់មកនឹងស្នើឲ្យមានការស៊ើបអង្កេត”។ លោក លឹម គានហោ បានបញ្ជូនសំណួរអំពីការនាំចេញខ្សាច់ទន្លេនេះបន្តទៅកាន់អគ្គនាយកដ្ឋានពន្ធដារ នៅក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ដោយលោកបានលើកឡើងថា ក្រសួងរបស់លោកមិនពាក់ព័ន្ធនៅក្នុងការចេញអាជ្ញាប័ណ្ណ ឬក៏ត្រួតពិនិត្យលើការនាំចេញនេះឡើយ។
មន្ត្រីមួយចំនួននៅអគ្គនាយកដ្ឋានពន្ធដារក៏ដូចជា លោក ង៉ែត បូរី នាយរងខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនអាចទាក់ទងសុំសេចក្តីអត្ថាធិប្បាយបានឡើយ។ លោក នឿ រ៉ា មន្ត្រីនៅខុទ្ទកាល័យរបស់លោក ហ៊ុន សែន បានលើកឡើងថា លោកមិនបានដឹងអំពីការនាំចេញខ្សាច់នេះទេ ហើយបានបដិសេធមិនរៀបរាប់បន្ថែមពាក់ព័ន្ធនឹងភាពដែលអាចមានការស៊ើបអង្កេតនេះឡើយ។
ខ្សែអាត់វីដេអូជាច្រើនដែលបង្ហោះនៅក្នុងគេហទំព័រយូធូប កាលពីខែមីនា និងខែមេសា ឆ្នាំនេះ បានបង្ហាញពីខ្សាច់ទន្លេនៅក្នុងខេត្តកោះកុង ដែលគេកំពុងបូមបញ្ចូលក្នុងនាវាមួយ ដែលត្រូវបានបញ្ជាក់នៅក្នុងឯកសារតុលាការរបស់ឥណ្ឌាថា ជានាវាដែលបានទៅដល់កំពង់ផែ Cochin ។ បុគ្គលដែលបង្ហោះខ្សែវីដេអូនេះកាលពីសប្តាហ៍មុន បានបង្វែរសំណួរទៅក្រុមហ៊ុន LYP Group ដែលទទួលបានអាជ្ញាប័ណ្ណបូមខ្សាច់ដ៏ចម្រូងចម្រាសនៅក្នុងខេត្តកោះកុង និងដែលត្រូវបានគ្រប់គ្រងដោយលោក លី យ៉ុងផាត់ អ្នកជំនួញដ៏ល្បីឈ្មោះ និងជាសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា។
ក្រសួងធនធានទឹក និងឧតុនិយម ដំបូងឡើយបានអំពាវនាវឲ្យបានការស៊ើបអង្កេតលើសកម្មភាពបូមខ្សាច់នៅក្នុងខេត្តកោះកុងរបស់ក្រុមហ៊ុន LYP Group កាលពីខែកក្កដា ឆ្នាំ២០១១ ដោយបានចេញបទបញ្ជាឲ្យផ្អាកការបូមខ្សាច់មួយរយៈ។ ការប៉ុនប៉ងម្តងហើយម្តងទៀត ដើម្បីទាក់ទង លោក លី យ៉ុងផាត់ និងតំណាងរបស់ក្រុមហ៊ុនលោកដើម្បីសុំការធ្វើអត្ថាធិប្បាយ គឺមិនបានទទួលបានជោគជ័យឡើយ៕ស៊ុយឈាង