29 C
Phnom Penh

រដ្ឋាភិបាល​​​នឹង​​​ចំណាយ​​​ថវិកា​​​ចំនួន​​​១៣,៧លាន​​​ដុល្លារ​​​ដើម្បី​​​សាង​​​សង់​​​អគារ​​​សាលា​​​ឧទ្ធរណ៍​​​ថ្មី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាម​​​សេចក្តី​​​ព្រាង​​​​​​ថវិកា​​​សម្រាប់​​​ឆ្នាំ​​​២០១៤ ដែល​​​គ្រោង​​​នឹង​​​បោះ​​​ឆ្នោត​​​អនុម័ត​​​នៅ​​​រដ្ឋសភា​​​ក្នុង​​​ថ្ងៃ​​​នេះ បាន​​​ឲ្យ​​​ដឹង​​​ថា រដ្ឋា​​​ភិបាល​​​នឹង​​​ចំណាយ​​​ថវិកាសរុប១​​​៣,៦លាន​​​ដុល្លារ​​​​​​នៅ​​​បី​​​ឆ្នាំ​​​ក្រោយ​​​ ដើម្បី​​​សាង​​​សង់​​​អគារ​​​សាលា​​​ឧទ្ធរណ៍​​​ថ្មី​​​នៅ​​​ខាង​​​ក្រៅ​​​រាជ​​​ធានី​​ភ្នំពេញ​​​ ដោយ​​​មាន​​​ទាំង​​​កន្លែង​​​ស្នាក់​​​អាស្រ័យ​​​ដោយ​​​ឥត​​​គិត​​​ថ្លៃ​​​សម្រាប់​​​ចៅ​​​ក្រម​​​ និង​​​ព្រះ​​​រាជអាជ្ញា​​​នៅ​​​ទូ​​​ទាំង​​​ប្រទេស​​​ផង​​​ដែរ។

យោង​​​តាម​​​សេចក្តី​​​ព្រាង​​​ថវិកា​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ដោយ​​​ប្រើ​​​កម្ចី​​​បរទេស​​​ដែល​​​នឹង​​​មាន​​​ចំនួន​​​សរុប​​​៣,៦១ពាន់​​​លាន​​​ដុល្លារ​​​ សម្រាប់​​​ចំណាយ​​​ក្នុង​​​រយៈពេល​​​បីឆ្នាំ​​​ក្រោយ​​​ ប្រាក់​​​ចំនួន​​​៦,៨៦លាន​​​ដុល្លារ​​​ នឹង​​​ត្រូវ​​​ចំណាយ​​​ទៅ​​​លើការ​​​សាង​​​សង់​​​សម្រាប់​​​ការ​​​ស្នាក់​​​នៅ​​​របស់​​​មន្ត្រី​​​តុលាការ​​​ រីឯ​​​ប្រាក់​​​ចំនួន​​​៦,៨៤លាន​​​ដុល្លារ​​​ផ្សេង​​​ទៀត​​​ នឹង​​​ត្រូ​វ​​​ចំណាយ​​​ទៅលើ​​​អគារ​​​សាលា​​​ឧទ្ធរណ៍​​​ថ្មី​​​។

លោក សំ​​​ ប្រជាមានិត នាយខុទ្ទកាល័យ​​​របស់​​​លោក អង្គ វង្ស​​​វឌ្ឍានា រដ្ឋមន្ត្រី​​​ក្រសួង​​​យុត្តិធម៌បាន​​​លើក​​​ឡើង​​​ថា គំនិត​​​ផ្តួច​​​ផ្តើម​​​ថ្មី​​​នេះ​​​ មាន​​​សារៈ​​​សំខាន់​​​ណាស់​​​នៅក្នុង​​​ការ​​​ធ្វើ​​​ឲ្យ​​​សាធារណ​​​ជន​​​មាន​​​ឱកាស​​​ចូល​​​រួម​​​ក្នុង​​​សវនាការ​​​នៅ​​​តុលាការ​​​ជាន់​​​ខ្ពស់​​​​​​របស់​​​ប្រទេស​​​កម្ពុជា​​​។ លោក​​​ ប្រជាមានិត​​​ បាន​​​បន្ថែម​​​ថា “ការ​​​សាង​​​សង់​​​សាលា​​​ឧទ្ធរណ៍​​​នៅ​​​តាម​​​មូល​​​ដ្ឋាន​​​គឺ​​​ដើម្បី​​​បម្រើ​​​ផល​​​ប្រយោជន៍​​​ប្រជាពលរដ្ឋ​​​ ពីព្រោះ​គោលនយោបាយ​​​របស់​​​រដ្ឋាភិបាល​​​គឺ​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​​កិច្ចការ​​​រដ្ឋបាល ​​​និង​​​សេវា​​​កម្ម​​​សាធារណៈ​​​នៅ​​​​​ជិត​​​ប្រជាពលរដ្ឋ”។

សាលា​​​ឧទ្ធរណ៍​​​នៅ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ គឺ​​​ជា​​​សាលា​​​ឧទ្ធរណ​​​៍​​​ដែលមាន​​​តែ​​​មួយ​​​គត់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ក្នុង​​​ពេល​​​សព្វ​​​ថ្ងៃ​​​ ដែល​​​ជា​​​ហេតុ​​​ធ្វើ​​​ឲ្យ​​​អង្គការ​​​សិទ្ធិមនុស្ស​​​បាន​​​រិះ​​​គន់​​​ជា​​​យូរ​​​មក​​​ហើយ ​​​​​​​​​ដោយ​​​សារការ​​​បង្ក​​​​​​​​​ការ​​​លំបាក​​​ដល់​​​ចុង​​​ចោទ​​​នៅ​​​ក្នុង​​​ការ​​​ចូល​​​រួម​​​ការ​​​បើក​​​សវនាការ​​​នៅ​​​សាលា​​​ឧទ្ធរណ៍​​​ ​​​ឬក៏​​​ចុង​​​ចោទ​​​ត្រូវ​​​ចំណាយថវិកាច្រើន​​​នៅ​​​ពេល​​​មក​​​ចូល​​​រួម​​​សវនាការ​​​រួច​​​ត្រឡប់​​​ទៅ​​​ផ្ទះ​​​វិញ​​​នោះ​​​។

នៅក្នុង​របាយការណ៍​​​កាលពី​​​ខែ​​​ឧសភា ឆ្នាំ​​​២០១៣ អង្គការ​​​សិទ្ធិមនុស្ស​​​លីកាដូ បាន​​​លើក​​​ឡើង​​​ថា​​​ ​​​​​​រដ្ឋាភិបាល​​​តែង​​​តែ​​​ព្យាយាម​​​ដឹក​​​ជញ្ជូន​​​ចុង​​​ចោទឲ្យ​​​មក​​​​​​​​​ចូល​​​រួម​​​សវនាការ​​​​​​នៅ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ ប៉ុន្តែ​​​​​​ចុង​​​ចោទភាគ​​​ច្រើន​​​បែរជា​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅកាន់​​​ពន្ធនាគារ​​​​​​ដែល​​​​​​​​​​​​លើស​​ចំណុះ​​​រួច​​​ទៅ​​​ហើយ​​​ក្នុង​​​រាជធានី​​​ភ្នំពេញវិញ ជា​​​ជាង​​​បញ្ជូន​​​ពួកគេ​​​ឲ្យ​​​ត្រឡប់​​​ទៅ​​​​​​ស្រុក​​​កំណើត​​​វិញ​​​។

របាយការណ៍នេះ​​​បាន​​​បញ្ជាក់​​​ថា អ្នក​​​ទោស​​​ភាគ​​​ច្រើន​​​តែង​​​តែ​​​ត្រូវ​​​បាន​​​ឃុំ​​​ឃាំង​​​នៅ​​​ក្នុង​​​ពន្ធនាគារ​​​ ដែល​​​ស្ថិត​​​នៅ​​​ឆ្ងាយ​​​ពី​​​ក្រុម​​​គ្រួសារ​​​ ដែល​​​តែ​​​ង​​​តែ​​​ផ្តល់​​​អាហារ​​​ ថ្នាំ​​​ពេទ្យ​​​ លុយ​​​កាក់​​​ និង​​​សម្ភារ​​​ផ្សេង​​​ៗទៀតដល់​​​ពួកគេ​​​​​​ ហេតុ​​​ដូច្នេះហើយ អ្នក​​​ទោស​​​តែង​​​តែ​​​បដិសេធ​​​មិន​​​ធ្វើ​​​ដំណើរ​​​មក​​​ចូល​​​រួម​​​ក្នុង​​​ការ​​​បើក​​​សវនាការ​​​របស់​​​ខ្លួន​​​ក្នុង​​​រាជធានី​​​ភ្នំពេញឡើយ​​​​​​។

លោក​ប្រជាមានិត​​​ បាន​​​លើក​​​ឡើង​​​ថា លោក​​​មិន​​​បាន​​​ដឹង​​​ថា តើ​​​អគារ​​​សាលា​​​ឧទ្ធរណ៍​​​ថ្មី​​​ចំនួន​​​ប៉ុន្មាន​​​ដែល​​​នឹង​​​ត្រូវ​​​សាងសង់​​​ ឬក៏​​​ស្ថិត​​​នៅ​​​កន្លែង​​​ណា​​​នោះ​​​ទេ​​​ ដោយ​​​លោក​​​បាន​​​បង្វែ​រ​​​​​​​​សំណួរ​​​នេះ​​​ទៅ​​​ឲ្យលោក ច័ន្ទ មនោ អគ្គ​​​នាយក​​​​​​​​​​​​រដ្ឋបាល និង​​​ហិរញ្ញវត្ថុក្រសួង​​​យុត្តិធម៌វិញ តែ​​​​​​គេ​​​មិនអាច​​​​​​ទាក់​​​ទង​​​​​​សុំ​​​អត្ថាធិប្បាយ​​​បាន​​​ឡើយ​​​។

លោក តន់ សីហតេជៈ​​​ ប្រធានព្រះ​​​​​​រាជ​​​អាជ្ញា​​​នៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​ពោធិ៍សាត់​​​ បាន​​​ឲ្យ​​​ដឹង​​​ថា ការ​​​សាង​​​សង់​​​កន្លែង​​​ស្នាក់​​​អាស្រ័យ​​​ដោយ​​​ឥតគិត​​​ថ្លៃសម្រាប់​​​ចៅក្រម​​​ ​​​និង​​​ព្រះ​​​រាជអាជ្ញា​​​នៅ​​​តាម​​​បណ្តា​​​ខេត​​្ត​​​នានា​​​ វា​​​អាច​​​ជួយ​​​កាត់​​​បន្ថយ​​​ការ​​​ចំណាយ​​​​​​​​​​​​​​​លើ​​​​​​ការ​​​ធ្វើ​​​ដំណើរ​​​របស់​​​មន្ត្រី​​​តុលាការ​​​ ដែល​​​ជា​​​ធម្មតា​​​តែង​​​តែ​​​ចុះ​​​ទៅ​​​តាម​​​ខេត្តដើម្បី​​​បំពេញ​​​ការ​​​ងារ​​​​​​ ហើយ​​​មិន​​​ដែល​​​ទទួល​​​បាន​​​ការ​​​ចំណាយ​​​សម្រាប់ការ​​​ស្នាក់​​​នៅ​​​​​​ពី​​​រដ្ឋាភិបាល​​​ឡើយ​​​។

លោក​​​ សីហតេជៈ បាន​​​មាន​​​ប្រសាសន៍​​​ថា “ចៅក្រម​​​ និង​​​ព្រះ​​​រាជអាជ្ញា​​​តែង​​​តែ​​​ចុះ​​​ពី​​​ខេត្ត​​​មួយ​​​ទៅ​​​ខេត្តមួយ​​​ដើម្បី​​​បំពេញ​​​ការងារ​​​រៀង​​​រាល់​​​បួន​​​ឆ្នាំ​​​ម្តង​​​ ហើយ​​​យើង​​​តែង​​​តែ​​​យក​​​ចំណែក​​​ប្រាក់​​​ខែ​​​របស់​​​យើង​​​មក​​​ចំណាយ​​​លើការ​​​ចំណាយ​​​ទាំង​​​នេះ”។ លោក​​​បា​​ន​​​បន្ថែម​​​ថា​​​ ប្រធាន​​​ព្រះ​​រាជ​​​អាជ្ញា​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​ប្រហែល​​​៥០០ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​​​ រីឯ​​​ព្រះ​​​រាជ​​​អាជ្ញា​​​រង​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​ប្រហែល​​​៤៥០ដុល្លារ​​​ក្នុង​​​មួយ​​​ខែ។ នៅ​​​ពេល​​​ត្រូវ​​​បានសួរ​​​ថា តើ​​​គំនិត​​​ផ្តួច​​​ផ្តើម​​​​​​ថ្មី​​​នេះ នឹង​​​ជួយ​​​ទប់​​​ស្កាត់​​​អំពើ​​​ពុក​​​រលួយ​​​នៅ​​​ក្នុង​​​ប្រព័ន្ធ​​​តុលាការ​​​កម្ពុជា​​​ឬ លោក​​​ សីហតេជៈ​​​ បាន​​​បញ្ជាក់​​​ថា គ្មាន​​​បញ្ហាបែប​​​នេះ​​​កើត​​​ឡើង​​​នោះ​​​ទេ​​​នៅក្នុង​​​តុលាការ​​​កម្ពុជា​​​៕ ស៊ុយ​​​ឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស