យោងតាមរបាយការណ៍ដែលធនាគារពិភពលោក (World Bank) ហៅកាត់ថា WB បានចេញផ្សាយក្នុងថ្ងៃនេះ បានបង្ហាញថា ក្នុងចំណោមប្រជាជន១៤លាននាក់នៅក្នុងប្រទេសកម្ពុជា មានតែ៣,៧ភាគរយប៉ុណ្ណោះដែលប្រើប្រាស់គណនីធនាគារ នៅគ្រឹះស្ថានហិរញ្ញវត្ថុ ហើយក្នុងចំណោមម្ចាស់គណនីទាំងនេះ អ្នកដែលប្រើប្រាស់គណនីធនាគាររបស់ខ្លួនសម្រាប់សន្សំប្រាក់ មានមិនដល់១ភាគរយទេ។
ទោះបីជារបាយការណ៍អភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុរបស់ធនាគារពិភពលោក សម្រាប់ឆ្នាំ២០១៤ បង្ហាញថា តើប្រទេសកម្ពុជាស្ថិតនៅលើផ្លូវវែងឆ្ងាយប៉ុណ្ណាក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុដល់ប្រជាជនមានចំនួនកាន់តែច្រើនរបស់ខ្លួនក៏ដោយ ក៏ធនាគារិក កាលពីម្សិលមិញ មិនឯកភាពនឹងតួលេខនេះទេ ហើយបានលើកឡើងថា ប្រជាជនកាន់តែច្រើនឡើងៗក្នុងប្រទេសនេះ បានប្រើប្រាស់ សេវាកម្មធនាគារ បើគិតពីឆ្នាំ២០១១មក។
យោងតាមរបាយការណ៍នេះបានបង្ហាញទៀតថា ភាគរយនៃចំនួនប្រជាជនខ្មែរសរុប ដែលមានគណនីធនាគារគឺស្មើនឹងភាគរយនៃចំនួនប្រជាជនសរុប ដែលមានគណនីធនាគារនៅប្រទេសយេម៉េន ហ្គីណេ និងសា ធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ របាយការណ៍របស់ធនាគារពិភពលោកមានខ្លឹមសារថា “[៤៣ភាគរយ] នៃចំនួនម្ចាស់គណនីនៅទូទាំងពិភពលោក សន្សំប្រាក់នៅគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការក្នុងឆ្នាំ២០១១។ ភាគរយនៃចំនួនម្ចាស់គណនីទាំងនេះមានតាំងពីតិចជាង១ភាគរយក្នុងប្រទេសអាមេនី កម្ពុជា អេហ្ស៊ីប កៀហ្សីស៊ីស្ថាន តួកម៉េនីស្ថាន និងប្រទេស អ៊ូបេគីស្ថាន រហូតដល់ជាង៦០ភាគរយក្នុងប្រទេសអូស្ត្រាលី នូវែលសេឡង់ និងប្រទេសស៊ុយអែត”។
នៅក្នុងតំបន់ ភាគរយនៃចំនួនប្រជាជនក្នុងប្រទេសកម្ពុជា ដែលមានគណនីធនាគារ មានតិចតួចណាស់ បើប្រៀបធៀបជាមួយប្រទេស សិង្ហបុរី (៩៨,២) ថៃ (៧២,៧) ម៉ាឡេស៊ី (៦៦) ឡាវ (២៦,៨) វៀតណាម (២១,៤) និងប្រទេសឥណ្ឌូណេស៊ី (១៩,៦)។ ទោះបីជាការដែលប្រជាជនខ្មែរទូទៅមិនសូវទុកចិត្តលើ ឬក៏មិនសូវមានការយល់ដឹងអំពីធនាគារ គឺជារឿងពិតក៏ដោយ ក៏វិស័យហិរញ្ញវត្ថុនៅក្នុងប្រទេសនេះបាននិងកំពុងរីកចម្រើនយ៉ាងលឿន។ ទាំងបរិមាណប្រាក់បញ្ញើ ទាំងបរិមាណឥណទានដែលត្រូវបានបញ្ចេញក្នុងវិស័យធនាគារ បានកើនឡើងយ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែធនាគារនានានៅទូទាំងពិភពលោក បានចូលប្រឡូកនៅលើទីផ្សារនេះ។
លោក ហ្គ្រាន ណាក់ឃី (Grant Knuckey) ប្រធាននាយកប្រតិបត្តិធនាគារអេអិនហ្សិត រ៉ូយ៉ាល់ (ANZ Royal) បានលើកឡើងកាលពី ម្សិលមិញថា លោកមិនយល់ស្របនឹងតួលេខ របស់ធនាគារពិភពលោកទាក់ទងនឹងចំនួនម្ចាស់គណនីនៅក្នុងប្រទេសកម្ពុជាទេ។ លោកបានមានប្រសាសន៍ថា “ តួលេខបច្ចុប្បន្ន ទាក់ទងនឹងភាគរយនៃចំនួនប្រជាជន ដែលមានគណនីនៅគ្រឹះស្ថានហិញ្ញវត្ថុផ្លូវការ ឥឡូវនេះមានលើសពី១០ភាគរយ”។
លោក ណាក់ឃី ក៏បានលើកឡើងបន្តទៀតថា ចំនួនអតិថិជនរបស់ធនាគារអេអិនហ្សិត រ៉ូយ៉ាល់ ដែលមានគណនីបញ្ញើ-សន្សំ លើសពីចំនួយ១ភាគរយដែលត្រូវបានបង្ហាញនៅក្នុងរបាយការណ៍នេះ។ លោក ណាក់ឃី បន្ថែម ទៀតថា “ធនាគារ អេអិនហ្សិត រ៉ូយ៉ាល់ ផ្ទាល់ មានចំនួនច្រើនជាងចំនួនក្នុងរបាយការណ៍នោះ”។ ក៏ប៉ុន្តែ លោកបានបដិសេធមិនប្រាប់ តួលេខពិត។
លោក អ៊ិន ចាននី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី (Acleda Bank Plc) ក៏បានលើកឡើងផងដែរថា ធនាគាររបស់លោក មានគណនីជាង១លានគណនី ហើយចំនួនប្រាក់សន្សំសរុបរបស់ម្ចាស់គណនីធនាគារទាំងនេះ បច្ចុប្បន្ន មានប្រហែល១,៥ពាន់ លានដុល្លារ។ លោកបានមានប្រសាសន៍ថា “ ធនាគារពិភពលោក ត្រូវសម្លឹងមើលទៅអនាគត និងមើលចំនួនធនាគារដែលបានចូលខ្លួនមកប្រកបអាជីវកម្មក្នុងប្រទេសនេះ។ [ភាគរយ]នៃចំនួនប្រជាជនខ្មែរ ដែលបច្ចុប្បន្ន មាន គណនី ធនាគារ មានជាង១០ភាគរយ”៕ សុធា