28 C
Phnom Penh

ប៉ូឡុន​ស្គី ត្រូវ​ចាប់​ខ្លួន​​ក្រោយ​ការ​ប៉ុន​ប៉ង​រត់​គេច​​នៅ​លើ​កោះ​រ៉ុង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាក្សី​និង​នគរ​បាល​ជាន់​ខ្ពស់​​បាន​និយាយ​ថា មហាសេដ្ឋី​រុស្ស៊ី សេរហ្គេ ប៉ូឡុន​ស្គី ដែល​អាជ្ញាធរ​ក្រុង​មូស្គូ កំពុង​តាម​ចាប់​ខ្លួន​ដើម្បី​នាំ​យក​ទៅ​ប្រឈម​នឹង​កា​រ​ចោទ​ប្រកាន់​ពី​ប​ទ​កេងបន្លំ​ប្រាក់​ជា​ច្រើន​លាន​ដុល្លារ​នោះ ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ព្រឹក​ម្សិលមិញ​នៅ​លើ​កោះ​រ៉ុង​ នៅ​​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះ​សីហនុ​ ក្រោយ​​​ពី​ប៉ុន​ប៉ង​រត់​គេច​ពីការ​ចាប់​​ខ្លួន​​។

ឧត្តម​សេនីយ៍​ឯក​ គៀត ច័ន្ទថារិទ្ធ អ្នក​នាំ​ពាក្យ​នគរ​បាល​ជាតិ​ បាន​មាន​ប្រសាសន៍​ថា “ គាត់​បាន​ព្យាយាម​គេច​ខ្លួន​ ហើយ​គាត់​បាន​រត់​ចូល​ទៅ​ក្នុង​ព្រៃ​នៅ​លើ​កោះ​រ៉ុង​ ប៉ុន្តែ​យើង​​​នៅ​តែ​ចាប់​ខ្លួន​គាត់​បាន​”។ លោក​បាន​មាន​ប្រសាសន៍ទៀត​ថា ខណៈ​ពេល​ដែល​​ភាគី​កម្ពុជា​មិន​ទាន់ជូន​ដំណឹង​ទៅ​អាជ្ញាធរ​រុស្ស៊ី អំពីការ​ចាប់​ខ្លួន​លោក​ ប៉ូឡុន​ស្គី នៅ​ឡើយ​នោះ ពាណិជ្ជករ​វ័យ​៤១​ឆ្នាំ​រូប​នេះ​ នឹង​ត្រូវ​ធ្វើ​បត្យាប័ន​ទៅ​កាន់​មាតុ​ប្រទេស​របស់​គាត់​ “ ឆាប់​ៗ​តាម​ដែល​អា​ច​ធ្វើ​ទៅ​បាន”។

ឧត្តម​សេនីយ៍​ត្រី តាក់ វណ្ណថា ស្នង​ការ​ខេត្ត​ព្រះសីហនុ បាន​មាន​ប្រសាសន៍​ថា “នគរ​បាល​​​បាន​ដេញ​តាម​​លោក​ ប៉ូឡុន​ស្គី តាំ​ង​ពី​ពេល​ទៀប​ភ្លឺ​ ប៉ុន្តែ​យើង​ចាប់គាត់​មិន​បាន​សោះ រហូត​ដល់​ម៉ោង​១១​ព្រឹក”។

លោក តាក់ វណ្ណថា បាន​មាន​ប្រសាសន៍​ទៀត​ថា នគរ​បាល​បាន​ឃាត់​ខ្លួន​​ជន​បរទេស​ពីរនាក់​ទៀត​ និង​ជន​ជាតិ​ខ្មែរ​ម្នាក់​ដែល​បា​ន​ជួយ​លោក ប៉ូឡុន​ស្គី ឲ្យ​រត់​គេច​ខ្លួន​​មួយ​សន្ទុះ​ដើម្បី​ធ្វើការ​សាក​សួរ​ ប៉ុន្តែ​លោក​បដិសេធ​​​មិន​បញ្ចេញ​ឈ្មោះ​បុរស​ទាំង​បីនាក់​នោះ​ទេ។

រូប​ថត​បង្ហោះ​ក្នុង​គេហទំព័រ ខេមបូឌា អ៊ិច​ប្រេស​ ញូស ហៅកាត់​ថា CEN បង្ហាញ​ពី​ជន​បរទេស​ទាំង​​ពីរ​នាក់​ខាង​លើ​ ម្នាក់​ជា​ជន​ជាតិ​រុស្ស៊ីឈ្មោះ វ៉ាឡេរី ណូវីកូវ និង​​​ជន​ជាតិ​អ៊ុយក្រែន​ឈ្មោះ​ អាតួ យ៉ាវ៉ស្គីអ៊ី ដែល​ជា​ក្មួយ​ប្រុស​របស់​ឈ្មោះ វ៉ាឡេរី ណូវីកូវ​ ហើយ​អ្នក​ទាំង​ពី​រ​នេះគឺ​ជា​អ្នក​ធ្វើការ​ឲ្យ​លោក​ ប៉ូឡុនស្គី។ បុរសទាំង​ពីរ​អម​ដោយ​លោក ប៉ូឡុន​ស្គី និង​បុរស​កម្ពុជា​ត្រូវ​បាន​បង្ហាញ​រូប​ភាព​ពេល​ត្រូវ​នគរ​បាល​ដាក់​ខ្នោះ​បណ្ដើរ​ចុះ​ពី​ Victory Pier​ ក្នុង​ខេត្ត​ព្រះសីហនុ។

លោក តាក់ វណ្ណថា បាន​មាន​ប្រសាសន៍​ថា “មាន​តែ​លោក ប៉ូឡុន​ស្គី ម្នាក់ទេ​ដែល​មាន​ឈ្មោះ​​ក្នុង​ដីកា​ចាប់​ខ្លួន​ពី​ភ្នំពេញ…។​បី​នាក់​ទៀត​ត្រូវ​បាន​ដោះ​លែង​នៅ​ល្ងាច​នេះ​”​។

លោក​ ប៉ូឡុន​ស្គី ដែល​រស់​នៅ​លើកោះ​ដែក​គោល​ ជា​កោះ​ឯក​ជន​តូច​មួយ​ក្បែរកោះ​​​​​​​រ៉ុង​ ត្រូវ​បាន​តុលាការ​សម្រេច​ផ្ដន្ទាទោស​ដោយ​​កំបាំង​មុខ​កាលពី​ខែ​កក្កដា ពីបទ​កេង​បន្លំ​ប្រាក់​ចំនួន​១៧៦​លាន​ដុល្លារ​ ពីវិនិយោគិន​ប្រមាណ​៨០​នាក់​​នៅ​ក្នុង​គម្រោង​អភិវឌ្ឍ​​ន៍​មួយ​ឈ្មោះ Kutuzovskaya Mile ក្នុង​ទីក្រុង​មូស្គូ ដែល​មិន​ទាន់​បាន​បញ្ចប់​នៅ​ឡើយ​។ កាលពី​សប្ដាហ៍​មុន​លោក ប៉ូឡុន​ស្គី ត្រូវ​បា​ន​នគរ​បាល​អន្តរ​ជាតិ​អាំង​ទែប៉ូល ចុះនៅ​​​​​ក្នុង​បញ្ជី​​ឈ្មោះ​​​​ឧក្រិដ្ឋជន​ដែល​ខ្លួន​ចង់​ចាប់​បំផុត​ពីបទ “ ឆបោក​ទ្រង់​ទ្រាយ​ធំ”។

លោក ប៉ូឡុន​ស្គី ក៏​បាន​ជាប់​ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈ​ពេល​បីខែ​ផង​ដែរ​​កាលពី​ដើម​ឆ្នាំនេះ ពីបទ​ប្រើ​អំពើ​ហិង្សា​លើ​បុរស​កម្ពុជា​ដើ​រ​ទូក​ប្រាំមួយ​នាក់​ កាលពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំមុន​។ អ្នក​រស់​នៅ​លើ​កោះ​រ៉ុង ជាកោះ​មួយ​ដែល​ភ្ញៀវ​ទេស​ចរ​ទូទៅ​ និង​ទេសចរ​សម្ពាយ​​​​ចូល​ចិត្ត​ទៅ​​​ទស្សនា​នោះ បាន​រៀប​រាប់​ពី​ហេតុ​ការណ៍​មុ​ន​នឹង​ឈាន​ដល់​ការ​ចាប់​ខ្លួន​បុរស​ជន​ជាតិ​រុស្ស៊ីរូប​នេះ​បាន​។

លោក ភែឌី រ៉ូប៊ីន​សុន អ្នក​គ្រប់​គ្រង​រមណី​​​​​យ​ដ្ឋាន​​កោះ​ស្វា ជា​កន្លែង​ដែល​បុរស​ជន​ជាតិ​រុស្ស៊ី​​​រូប​នេះ​ចូល​ចិត្ត​ទៅ​កម្សាន្ត​ ​និយាយ​ថា “នគរ​បាល​បាន​ជិះអូប័រ​មក​នៅម៉ោង​ប្រហែល​៧​ព្រឹក​ យ៉ាង​ហោច​ណាស់​ក៏មាន​គ្នា​៣០​នាក់​ដែរ​”។ លោក រ៉ូប៊ីន​សុន ​​និយាយ​ថា នគរ​បាល​បាន​រុក​រក​ក្នុង​​ព្រៃ​ក្រាស់​លើ​កោះ​នោះអស់​រយៈ​ពេល​ជា​ច្រើ​នម៉ោង​ មុន​ពេល​រក​លោក​ ប៉ូឡុន​​​​​​ស្គី ឃើញ​នៅ​មុន​ពេល​ថ្ងៃ​ត្រង់​បន្តិ​ច​ ហើយ​ក៏​​បាន​នាំខ្លួន​គាត់​ទៅ​ក្រុង​ព្រះ​សីហនុ​​ភ្លាមៗ​។

គាត់​បាន​និយាយ​ទៀត​ថា “នគរ​បាល​បាន​​ឆែក​ឆេរ​​​សព្វ​​ជុំ​វិញ​បរិវេណ​ បារ៉ាដាយ បាំង​កាឡូ ព្រមទាំង​បាំង​កាឡូរបស់​យើង​ផង​ដែរ​។​​គាត់ពិត​ជា​ចូល​ចិត្ត​នៅ​លើ​កោះ​នេះណាស់​ ពី​ព្រោះគាត់​មាន​ទម្លាប់​មក​ប៉ាវ​គេឯង​ផឹក​ស៊ី​ពេញ​មួយ​បារ”។ អ្នក​ស្រី គ្រីស្ទីណា ហាត​ហ្វេល អ្នក​គ្រប់​គ្រង​រមណីយដ្ឋាន​ បារ៉ាដាយ បំាង​កាឡូ (Para-dise Bungalows) បាន​អះអាង​ថា លោក ប៉ូឡុ​ន​ស្គី បាន​ស្នាក់​នៅ​រមណីយដ្ឋាន​របស់អ្នកស្រីមុន​ពេល​​គាត់​ត្រូវ​បាន​ចាប់​ខ្លួន​ ប៉ុន្តែ​និយាយ​ថា ​ពេល​នោះ​​អ្នកស្រី​មិន​បាន​នៅ​កោះ​រ៉ុង​ទេ។

អ្នកស្រី​និយាយ​ទៀត​ថា “មាន​ទូក​នគរ​បាល និង​នគរ​បា​ល​យ៉ាង​ច្រើន​។ វា​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​”។ លោក រស់ ស៊ីថា មេធាវី​របស់​លោក ប៉ូ​ឡុនស្គី បាន​មាន​ប្រសាសន៍​ថា កូន​ក្ដី​របស់​លោក​បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ភ្នំពេញ​​កាល​ពី​ល្ងាច​ម្សិលមិញ​។ លោក​បាន​ប្រសាសន៍​ថា “នគរ​បាល​បាន​នាំ​ខ្លួនគាត់​ពី​កំពង់​សោម ឆ្ពោះ​ទៅ​ភ្នំពេញ​​នៅ​យប់​នេះ ពីព្រោះ​នគរ​បាល​អន្តរជាតិ​ [អាំង​ទែប៉ូល​] ចង់​ចាប់​ខ្លួន​គាត់​”។ លោក​បាន​បន្ថែម​ថា លោក​នឹង​ជួប​ជាមួយ​កូន​ក្ដី​របស់​លោក​នៅ​ថ្ងៃ​នេះ​។ តំណាង​ស្ថាន​ទូត​រុស្ស៊ី​ក្នុង​រាជធានីភ្នំពេញ បដិសេធ​មិន​ធ្វើការ​បំភ្លឺ​ទេ។

អំឡុង​ប​​ទ​សម្ភាស​​មួយ​ក្នុង​រាជធានីភ្នំពេញ​ កាលពីថ្ងៃ​សុក្រ​ តំណាង​របស់​លោក ប៉ូឡុន​ស្គី រួ​ម​ទាំង​លោក ណូវីកូវ ដែល​ជា​ទីប្រឹក្សា​​ជំនិត​ម្នាក់​ បាន​និយាយ​ថា ថៅកែ​របស់​ពួកគេ​មាន​ឱកាស​តិច​តួ​ច​ណាស់​ក្នុង​ការ​ទទួល​បាន​សវនា​ការ​យុត្តិធម៌​នៅ​ក្នុង​ទីក្រុង​មូស្គូ ប្រសិន​បើ​គាត់​មិន​ដោះ​ស្រាយ​ជាមួយ​បណ្ដា​វិនិយោ​គិន​នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​ Kutuzovskaya Mile ​ជាមុន​ទេ​នោះ។

លោក ហាហ្គៃ ពីបកូ នាយក​គ្រប់​គ្រង​ក្រុម​​ហ៊ុន​ប៉ូឡូនៀ​ម (Plonium) ជា​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ថ្មី​របស់​លោក ប៉ូឡុន​ស្គី ដែល​មាន​មូល​ដ្ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​និយាយ​ថា “ គាត់​ចង់​ទៅ​មូស្គូ ដូច្នេះ​ប្រសិន​បើ​គេ​អាច​សន្យា​ជាមួយ​គាត់​ ជាការ​សន្យា​ពិត​ប្រាក​ដ​មួយ​ថា គេ​នឹង​មិន​ចាប់​ខ្លួន​គាត់​ ឬ​ឃុំ​ខ្លួន​គាត់​ឲ្យ​នៅ​ក្នុង​ផ្ទះ​នោះ គាត់​នឹង​ទៅ​មូស្គូ​”។

លោក​ ពីប​កូ ​និយាយ​ថា លោក ប៉ូឡុន​ស្គី បាន​សុខ​ចិត្ត​ផ្ដល់​សំណង​ដល់​បណ្ដា​វិនិយោ​គិន ​នៅ​​​ក្នុង​គ្រោង​ Kutuzovskaya Mile ហើយ​បាន​សន្យា​សាង​សង់​បញ្ចប់​គម្រោ​ងនេះ​។ លោក​បាន​និយាយ​ទៀត​​ថា “បន្ថែម​ពី​លើ​​អគា​រ​លំនៅ​ដ្ឋាន​រួម​ដែលពួកគេ​នឹង​ទទួល​​បាន​ គាត់​ចង់​ផ្ដល់​សំណង​ដល់​ពួកគេ​សម្រាប់​ កា​រ [​ពន្យារ​ពេល​សាង​សង់​]  ជា​ទឹក​ប្រាក់​ក្នុង​ម្នាក់​ៗ​១២០​.០០០​ដុល្លារ ក្នុងចំណោម​ភាគី​ពាក់​ព័ន្ធ​ប្រហែល​៨០​នាក់​”។ លោក​បាន​គូស​បញ្ជាក់​ពីការ​អះ​អាង​របស់​លោក ប៉ូឡុន​ស្គី ដែល​ថា អតីតដៃគូ​រក​ស៊ី​នៅ​ក្នុង​ក្រុម​ហ៊ុន​អចល​ន​ទ្រព្យ​ Mirax Group ​រ​បស់​លោក​ដែល​បាន​ដូរ​ឈ្មោះ​ទៅ​ជា​ក្រុម​ហ៊ុន Potok ចាប់​​តាំង​ពី​ពេល​នោះ​មក​ ​ថា​ជា​អ្នក​ធ្វើ​ឲ្យ​លោក​ប្រឈម​នឹង​បញ្ហា​ផ្លូវ​ច្បាប់​។

លោក​ ពីបកូ ​បាន​និយាយថា ​ស្ថាន​ភាព​ផ្លូវ​ច្បាប់​នាពេល​បច្ចុប្បន្ន​របស់​លោក ប៉ូឡុន​ស្គី ចាំ​បាច់​ត្រូវ​មាន​ការ​ដោះ​ស្រាយ​ជា​បន្ទាន់ ពោល​គឺ​ជាមួយ​បណ្ដា​វិនិយោគិន ​មុន​ពេល​សត្រូវ​មាន​ឥទ្ធិពល​របស់​គាត់​អាច​​ធ្វើ​ឲ្យ​មាន​​ការ​ចាប់​​គាត់​ឃុំ​ខ្លួននៅ​ក្នុង​ប្រទេស​រុស្ស៊ី។ គាត់​និយាយ​ថា “ ដោយ​សារ​តែ​ពួក​គេ​ [អតីត​ដៃគូរបស់​លោក ប៉ូឡុន​ស្គី]  យល់​ថា បញ្ហា​នេះ​នឹង​ត្រូវ​ដោះ​ស្រាយ​ឆាប់ៗ​នោះ​ ពេល​នេះ​ពួកគេ​កំពុងតែ​​ព្យាយាមខ្នះ​ខ្នែង​​ជំរុញឲ្យ​នគរ​បាល​អំាង​ទែប៉ូល​​​ដោះ​ស្រាយ​”។

លោក ណូវីកូវ និយាយ​​ថា លោក ប៉ូឡុន​ស្គី មាន​គម្រោង​ធ្វើ​ដំណើរ​តាម​ជើង​ហោះ​ហើរ​​ទៅ​កាន​់​ប្រទេស​រុស្ស៊ី​កាលពីម្សិលមិញ ដើម្បី​លុប​ឈ្មោះ​របស់​​គាត់​​ចេញ​។ គាត់និយាយ​ថា “ពេល​នេះ​លោក ប៉ូឡុន​ស្គី មាន​សំបុត្រ​​យន្ត​ហោះ​សម្រាប់​ការ​ធ្វើ​ដំណើរ​នៅ​ថ្ងៃ​ទី១១ ខែ​វិច្ឆិកាដើម្បី​​ត្រឡប់​មក​ក្រុង​មូស្គូ​វិញ ប៉ុន្តែ​អ្នក​យល់​ទេ មាន​បញ្ហា​ជា​ច្រើន​ណាស់ មាន​ទាំង​អំាង​ទែប៉ូល​ ទាំង​​នគរ​បាល​”។

លោក ពីបកូ បាន​បន្ថែ​ម​ថា អ្នក​ស៊ើប​អង្កេត​ អូឡេក ស៊ីល​ឆេនកូ នៅ​ក្នុង​រឿង​ក្ដី​កេង​បន្លំ​ប្រាក់​របស់​ចៅហ្វាយ​នាយគាត់​ ក៏​ជា​ដើម​​ហេតុ​ក្នុង​រឿង​នេះ​ដែរ។
“ ស៊ីល​ឆេនកូ គឺ​ជា​អ្នក​​​ដោះ​ស្រាយ​​រឿង​ក្ដី​របស់​លោក ប៉ូ​ឡុន​​ស្គី  គាត់​​​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​របស់លោក ម៉ាកនីតស្គី” នេះ​ជា​អ្វី​ដែល​លោក​ ពីបកូ ​បាន​និយាយ​​សំដៅ​ដល់​ករណី​របស់​​គណនេយ្យ​ករ​ជន​ជាតិ​រុស្ស៊ី​ឈ្មោះ សេរហ្គេ ម៉ាកនីតស្គី ដែលបាន​ស្លាប់​នៅ​ក្នុង​ពន្ធនាគារ​ដោយ​សារ​ជំងឺ​រលាក​លំពែង​​គ្មាន​ការ​ព្យាបាល​ក្នុង​ឆ្នាំ​២០០៩ បន្ទាប់​ពី​ត្រូវ​ចាប់​ខ្លួន​ចំពោះ​ការ​ចោទ​ប្រកាន់​នគរ​បាល​ស៊ើប​អង្កេត​​ថា​មាន​ការ​​ពាក់​ព័ន្ធ​នឹង​ការ​គេ​ច​ពន្ធ​យ៉ាង​ច្រើន​។

ក្រោយ​ពីការ​ស្លាប់​របស់​គាត់ ក្រសួង​រតនា​​គារ​​សហរដ្ឋអាមេរិក​ បាន​ចុះ​បញ្ជី​ខ្មៅ “មនុស្ស​១៨​នាក់​ ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ឃុំ​ខ្លួន​ ការ​រំលោភ​បំពាន ឬការ​ស្លាប់​របស់​លោក សេរហ្គេ ម៉ាកនីតស្គី” រួម​ទាំង​លោក ស៊ីល​ឆេន​កូ ប្រធាន​ក្រុម​​ស៊ើប​អង្កេត​ក្នុង​ករណី​របស់​គណនេយ្យករ​រូ​ប​​នេះ និង​បុគ្គល​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​សម្រេច​ពាក់​ព័ន្ធ​នឹង​ការ​ព្យាបាល​រប​ស់​គាត់​ផង​ដែរ។

ក្នុង​លិខិត​មួយ​ផ្ញើ​ទៅ​ទីស្នាក់​ការ​កណ្ដាល​នគរ​បាល​អន្តរជាតិ​អាំង​ទែប៉ូល ក្នុងទីក្រុង​លីយ៉ុង ប្រទេស​បារាំង កាលពី​សប្ដាហ៍​មុន​លោក ប៉ូឡុន​ស្គី បាន​ទាម​ទារ​ឲ្យ​ទីភ្នាក់​ងារ​ អនុ​វត្តន៍​ច្បាប់​អន្តរ​ជាតិ​​មួយ​នេះ​លុប​ឈ្មោះ​របស់​គាត់​ចេញពីទិន្នន័យ​កុំ​ព្យូទ័រ​របស់​ពួកគេ​ ​ដោយ​លោក​បាន​​លើក​ឡើ​ង​ពីភាព​ស្រដៀង​គ្នា​រវាង​រឿង​ក្ដី​របស់​គាត់ទៅ​នឹង​​រឿង​ក្ដី​របស់​លោក សេរហ្គេ ម៉ាកនីតស្គី។

លោក ប៉ូឡុន​ស្គី បាន​លើក​ឡើង​ថា តាម​រយៈ​ការ​រក្សា​ទុក​ឈ្មោះ​របស់គាត់​នៅ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​ដែល​ត្រូវ​តាម​ចាប់​ខ្លួន​ អាំង​ទែ​ប៉ូលកំពុង​តែ​ “ធ្វើឲ្យ​ខ្លួន​ខ្ញុំ​ផ្ទាល់​​ខាត​បង់​ផ្នែក​សេដ្ឋកិច្ច​” ហើយ​ទុក​ឱកាស​ឲ្យលោក ស៊ីល​ឆេន​កូ ប្រើ​ប្រាស់​សេរីភាព​របស់​ខ្លួន​ដើម្បី ​ប្រ​ព្រឹត្ត​អំពើ​ពុក​រលួយ​បន្ថែម​ទៀត​​”។     កាលពី​ឆ្នាំ​២០០៨ ទស្សនា​វដ្តី Forbes ​បាន​ប៉ាន់​ប្រ​មាណ​ថា ​ទ្រព្យ​សម្បត្តិ​របស់​លោក ប៉ូឡុន​ស្គី មាន​ចំនួន​១,២ពាន់​ដុល្លារ ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​មហាសេដ្ឋី​មាន​បំផុត​ម្នាក់​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។

​កាល​ពី​ថ្ងៃ​សុក្រ លោក ណូវីកូវ បាន​​បដិ​សេធ​មិន​និយាយ​ថា ពេល​នេះ​ម​ហា​សេដ្ឋី​ធ្លាក់​ខ្លួន​រូប​នេះ​មាន​ប្រាក់​ប៉ុន្មាន​ទេ ប៉ុន្តែ​និយាយ​​ថា វា​គ្រប់​គ្រាន់​សម្រាប់​ការ​វិនិ​យោគ​​មួយ​ដែល​​គ្រោង​ចំណាយ​​២០​លាន​ដុល្លារ នៅ​ក្នុង​​ក្រុម​ហ៊ុន​ ប៉ូឡូនៀម។គាត់​និយាយ​ថា “គាត់​មាន​ប្រាក់​​២០​លាន​ដុល្លារ​សម្រាប់​ការ​វិនិយោគ​នៅ​​ក្នុង​ប្រទេស​កម្ពុជា​”៕ សុខុម

(​រាយការណ៍​បន្ថែម​ដោយ​ Joshua Wilwohl )

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស