ស្ត្រីម្នាក់បានបាត់បង់ជីវិត មនុស្សយ៉ាងហោចណាស់ប្រាំបួននាក់បានរងរបួស និង៣៧នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនដោយរួមទាំងព្រះសង្ឃប្រាំពីរអង្គផង ដែលក្រោយមកត្រូវបានដោះលែងវិញ បន្ទាប់ពីអំពើហិង្សាបានផ្ទុះឡើងកាលពីព្រឹកម្សិលមិញនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ រវាងកម្មកររោងចក្រកាត់ដេរ ហើយជនស៊ីវិល និងកងកម្លាំងសន្ដិសុខបានបាញ់គ្រាប់កាំភ្លើងពិតទៅលើកម្មករអំឡុងការតវ៉ា។

រថយន្តនគរបាលពីរគ្រឿង និងម៉ូតូនគរបាលយ៉ាងហោចណាស់ពីរគ្រឿងទៀតត្រូវបានដុតបំផ្លាញ បន្ទាប់ពីកម្មកររាប់ពាន់នាក់មកពីរោងចក្រកាត់ដេរ អេសអិល ដែលព្យាយាមដើរក្បួនទៅកាន់ភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបាននគរបាលរាំងផ្លូវ។ អំឡុងពេលប៉ះទង្គិចគ្នានោះ មន្ត្រីនគរបាលបានជាប់នៅក្នុងបន្ទប់មួយក្នុងវត្តស្ទឹងមានជ័យ អស់រយៈពេលជាងមួយម៉ោង ប៉ុន្តែបានគេចខ្លួនចេញមកវិញរួចដោយគ្មានរងរបួសអ្វីឡើយ។
មន្ត្រីអង្គការសិទ្ធិមនុស្សបានលើកឡើងថា អ្នកស្រី អេង សុខុំ អាយុ៤៩ឆ្នាំជាអ្នកលក់ដូរតាមចិញ្ចើមផ្លូវ ដែលមិនមែនជាអ្នកចូលរួមនៅក្នុងការតវ៉ានោះ បានត្រូវគ្រាប់ស្លាប់ អំឡុងពេលប៉ះទង្គិចគ្នា ខណៈពេលអ្នកស្រីកំពុងលក់អាហារឲ្យអតិថិជន។ យុវជន វង្ស បញ្ញា អាយុ២១ឆ្នាំ ដែលត្រូវជាកូនប្រុសបង្កើតរបស់អ្នកស្រី អេង សុខុំ បានប្រាប់ក្រុមអ្នកយកព័ត៌មានខ្មែរមិត្តភាពសូវៀតថា ខណៈពេលម្ដាយរបស់ខ្លួនកំពុងលក់អាហារឲ្យអតិថិជនម្នាក់នៅកន្លែងលក់ដូរក្បែរវត្តស្ទឹងមានជ័យ គាត់ក៏ត្រូវគ្រាប់ចំដើមទ្រូងនៅពេលនោះ។
អ្នកកាសែត ខេមបូឌា ដេលី ពីរនាក់បានមើលឃើញមន្ត្រីនគរបាលយ៉ាងហោចណាស់ប្រាំនាក់បាញ់កំាភ្លើងសំដៅទៅរកអ្នកតវ៉ា។ គេមើលឃើញនគរបាលម្នាក់ក្នុងចំណោមនោះដែលបានជាប់នៅក្នុងវត្ត ដកកំាភ្លើងខ្លីរបស់ខ្លួន ហើយបាញ់ដងខ្លួនបុរសវ័យក្មេងម្នាក់ក្នុងទីដ៏កៀក បន្ទាប់ពីនគរបាលម្នាក់នោះបានដកខ្លួនចេញរួចវិញ។ បុរសវ័យក្មេងដែលរងការបាញ់ប្រហារ មិនបានតតាំងជាមួយមន្ត្រីនគរបាលម្នាក់នោះទេ។
ការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅម៉ោងប្រហែល៨ និង៤៥នាទីព្រឹក បន្ទាប់ពីកម្មករប្រមាណ២.០០០នាក់មកពីរោងចក្រអេសអិល ដែលភាគច្រើនក្នុងចំណោមពួកគេជាបុរស បានព្យាយាមដើរក្បួនទៅកាន់ភូមិគ្រឹះរបស់លោក ហ៊ុន សែន តែត្រូវជួបប្រទះជាមួយមន្ត្រីកងរាជអាវុធហត្ថមួយកងធំ ដែលបានជំរុញឲ្យពួកគេត្រឡប់ក្រោយវិញ។
នគរបាលបង្ក្រាបកុបកម្មប្រហែល៦០នាក់បានចាប់ផ្ដើមគោះខែលរបស់ពួកគេនិងរុញកម្មករឲ្យត្រឡប់ក្រោយដោយមានជំនួយពីរថយន្តបាញ់ទឹក បណ្ដាលឲ្យក្រុមអ្នកតវ៉ានៅជុំវិញវត្តស្ទឹងមានជ័យក្បែរនោះចោលដុំថ្ម។ នគរបាលបានដកថយដោយបន្សល់ទុករថយន្តមួយគ្រឿងនៅក្នុងវត្ត ហើយរថយន្តនោះក៏ត្រូវអ្នកតវ៉ារុញចេញមកក្រៅផ្ដួលផ្ងាជើង ហើយដុតបំផ្លាញចោល។ ម៉ូតូនគរបាលពីរគ្រឿងក៏ត្រូវបានដុតបំផ្លាញដែរ។
មន្ត្រីនគរបាលប្រាំមួយនាក់ ដែលមិនអាចដកថយជាមួយសហសេវិករបស់ខ្លួន បានទាន់ពេលវេលា បានចាក់សោខ្លួនឯងនៅក្នុងបន្ទប់មួយក្នុងវត្តស្ទឹងមានជ័យ ខណៈពេលក្រុមកម្មករ ដែលពោរពេញដោយកំហឹងកំពុងប្រមូលផ្ដុំគ្នានៅខាងក្រៅ។ នៅខាងក្រៅបន្ទប់នោះមនុស្សកាន់តែច្រើនឡើងៗ ដែលរួមមានទាំងព្រះសង្ឃ និងអ្នកឈរមើលក្បែរនោះផង បានជ្រួលច្រាលកាន់តែខ្លាំងឡើង ដោយរត់ចុះរត់ឡើងក្នុងទិសដៅផ្សេងគ្នា ខណៈពេលអ្នកនៅខាងក្រៅបរិវេណវត្តបានស្រែកគំរាម ហើយនគរបាលបានប្រមូលផ្ដុំគ្នានៅលើស្ពានស្ទឹងមានជ័យក្បែរនោះ។
ព្រះតេជគុណ សុខ ស៊ីង៉ែត ព្រះជន្ម២០វស្សា ដែលស្ថិតក្នុងចំណោមប្រាំពីរអង្គដែលត្រូវបានឃាត់ព្រះកាយ ហើយក្រោយមកត្រូវដោះលែងវិញ បានមានសង្ឃដីកាថា អំឡុងពេលប៉ះទង្គិចគ្នានោះ ព្រះអង្គបានជួយគាំទ្រកម្មករ។ ព្រះតេជគុណ បានមានសង្ឃដីកាទៀតថា “អាត្មាគាំទ្រពួកគាត់។ អាត្មាអាណិតអាសូរកម្មករទាំងនេះខ្លាំងណាស់។ ពួកគាត់ភាគច្រើនជាអ្នកក្រ ហើយពួកគាត់ធ្វើការនៅក្នុងរោចក្រកាត់ដេរ ដើម្បីបានប្រាក់ជួយទ្រទ្រង់គ្រួសារនៅជនបទ”។
ខណៈពេលនគរបាលបង្ក្រាបកុបកម្មរាប់រយនាក់បានចេញពីចំណុចស្ពានស្ទឹងមានជ័យឆ្ពោះទៅវត្តស្ទឹងមានជ័យ ក្រុមយុវជនអត់ពាក់ស្បែកជើងនិងយកក្រមាចងមុខបានចោលដុំថ្ម។ សកម្មភាពគប់ដុំថ្មនេះបានធ្វើឲ្យមន្ត្រីនគរបាល ដែលបានបង្ខំឲ្យអ្នកតវ៉ាទាំងនេះត្រឡប់ក្រោយវិញ បាញ់កំាភ្លើងគ្រាប់ជ័រ៣៨មិល្លីម៉ែត្រ ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងពិត។ ការប៉ះទង្គិចគ្នាបែបនេះបានពុះកញ្ជ្រោលឡើងនៅតាមផ្លូវជុំវិញវត្តអស់រយៈពេលពីរបីម៉ោង បណ្ដាលឲ្យមានការបញ្ជូនមន្ត្រីកងរាជអាវុធហត្ថរាប់រយនាក់ ដែលបានសម្រុកចូលវត្តស្ទឹងមានជ័យ ហើយដេញតាមចាប់អ្នកចោលដុំថ្មដែលនៅសេសសល់។
នៅមុនពេលមន្ត្រីកងរាជអាវុធហត្ថសម្រុកចូលក្នុងវត្តនោះបន្តិច មន្ត្រីនគរបាលប្រាំមួយនាក់ដែលជាប់នៅក្នុងវត្តត្រូវបានបុគ្គលិកអង្គការសិទ្ធិមនុស្ស និងមន្ត្រីនគរបាលបង្ក្រាបកុបកម្មជួយរំដោះចេញមកវិញ។ ខណៈពេលនគរបាលម្នាក់ក្នុងចំណោមនគរបាលទាំងប្រាំមួយនាក់នោះរត់ភៀសខ្លួន អ្នកកាសែតខេមបូឌា ដេលីម្នាក់បានមើលឃើញនគរបាលរូបនោះដកកំាភ្លើងខ្លីបាញ់ប្រហារទៅលើនិស្សិតម្នាក់ឈ្មោះ ហឿន ចាន់ អាយុ២០ឆ្នាំ ដែលបានត្រូវគ្រាប់ត្រង់ដងខ្លួន។ យុវជន ហឿន ចាន់ មិនបានតតាំងជាមួយនគរបាលម្នាក់នោះទេ ហើយក៏មិនស្ថិតនៅចំផ្លូវដែលនគរបាលម្នាក់នោះរត់គេចខ្លួនដែរ នៅពេលរូបគេត្រូវបាញ់ប្រហារ។
នៅខាងក្រៅវត្ត ដែលស្ថិតតាមបណ្ដោយមហាវិថីវេងស្រេង អ្នកស្រី អេង សុខុំ អាយុ៤៩ឆ្នាំបានដេកស្ដូកស្ដឹងក្រោយពីត្រូវគ្រាប់កាំភ្លើងចំដើមទ្រូង ខណៈពេលអ្នកស្រីកំពុងលក់បាយឲ្យកម្មករ និងអ្នកឈរមើលផ្សេងៗទៀត។ ក្រុមវេជ្ជបណ្ឌិតបាននិយាយថា អ្នកស្រី អេង សុខុំ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ប៉ុន្តែបានស្លាប់ពេលទៅដល់ទីនោះ។
ខណៈពេលគ្រួសាររបស់គាត់កំពុងរង់ចាំទទួលយកសាកសពគាត់ចេញពីសាលរក្សាទុកសាកសពក្នុងមន្ទីរពេទ្យកាលពីម្សិលមិញ ជនរងគ្រោះនៃការបាញ់ប្រហារបីនាក់ទៀត និងអ្នកកាសែតម្នាក់ ដែលរងរបួសចំដើមទ្រូងបានទទួលការព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។ មន្ត្រីសាលាក្រុងម្នាក់ ដែលបានមានវត្តមានក្នុងខេត្តហេតុការណ៍តវ៉ានោះដែរបានទទួលការព្យាបាល បន្ទាប់ពីឈ្លក់ផ្សែងឧស្ម័នបង្ហូរទឹកភ្នែក។
លោក វង្ស សុភ័ក្រ អាយុ២៧ឆ្នាំ កូនប្រុសរបស់អ្នកស្រី អេង សុខុំ ដែលខោរបស់គាត់នៅប្រឡាក់ឈាមម្ដាយរបស់ខ្លួនជោកនៅឡើយនោះ បាននិយាយថា គាត់ស្ថិតនៅចម្ងាយប្រហែល២០ម៉ែត្រពីម្ដាយរបស់ខ្លួន ហើយសម្លឹងមើលទៅម្ដាយ នៅពេលអ្នកស្រី អេង សុខុំ ត្រូវនគរបាលបាញ់ប្រហារ។ គាត់បាននិយាយទៀតថា “ដំបូងឡើយនគរបាលបានបាញ់ឡើងលើ បន្ទាប់មកនៅពេលអ្នកតវ៉ារុលទៅមុខ នគរបាលក៏បាញ់ប្រហារពួកគេតែម្ដង។ ខ្ញុំមើលឃើញគាត់ត្រូវគ្រាប់ ហើយគាត់បានស្រែកថា ‘អូយ!’ នៅពេលនោះខ្ញុំបានលើកគាត់ដាក់ធុកៗ ខ្ញុំអាចមើលដឹងថា គាត់បានស្លាប់ទៅហើយ”។ យុវជន វង្ស បញ្ញា អាយុ២១ឆ្នាំ ដែលជាប្អូនប្រុសរបស់លោក វង្ស សុភ័ក្រ បាននិយាយថា រូបគេកំពុងឈរនៅជិតម្ដាយរបស់ខ្លួននៅពេលអ្នកស្រី អេង សុខុំ ត្រូវគ្រាប់ ហើយឈាមបានខ្ទាតប្រឡាក់រូបគេ។
យុវជនរូបនេះនិយាយទៀតថា “ពេលគាត់កំពុងលក់បាយឲ្យម៉ូយម្នាក់ គាត់បានស្រែក ‘អូយ!’ ហើយក៏ដួលទៅនឹងដី”។ យុវជនរូបនេះបានបញ្ជាក់ថា ម្ដាយរបស់ខ្លួនបានត្រូវគ្រាប់នៅផ្នែកខាងលើនៃដើមទ្រូងខាងស្ដាំ។ យុវជន វង្ស បញ្ញា បានបន្តថា “នេះគឺជាអំពើអយុត្តិធម៌។ យើងមិនមែនជាអ្នកតវ៉ាទេ យើងគ្រាន់តែជាប្រជាពលរដ្ឋសាមញ្ញប៉ុណ្ណោះ។ បន្ទាប់ពីធ្វើបុណ្យសពរួច យើងនឹងជួបជុំក្រុមគ្រួសាររបស់ពួកយើង ដើម្បីពិភាក្សាគ្នារឿងដាក់ពាក្យបណ្ដឹង”។ នៅខាងក្នុងមន្ទីរពេទ្យសមាជិកក្រុមគ្រួសារបានយកទឹកកកស្អំលើដើមទ្រូងរបស់លោក វិន ថាត ដែលត្រូវក្រុមអ្នកតវ៉ារត់ជាន់។
លោក វិន ថាត ដែលជាអ្នកថតឲ្យស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៩ បាននិយាយថា ខណៈពេលគាត់កំពុងឈរនៅចន្លោះនគរបាល និងអ្នកតវ៉ា ស្ថានភាពចលាចលក៏បានផ្ទុះឡើង នៅពេលនគរបាលចាប់ផ្ដើមបាញ់ប្រហារ។ គាត់បាននិយាយទៀតថា “ខ្ញុំមើលឃើញនគរបាលបាញ់ប្រហារក្រុមអ្នកតវ៉ាមុន។ បន្ទាប់មកអ្នកតវ៉ាក៏គប់ដុំថ្មត្រឡប់ទៅវិញ ហើយនៅពេលនោះក្រុមអ្នកតវ៉ាក៏ផ្អើលរត់ជាន់ខ្ញុំ”។ ឯកសារមន្ទីរពេទ្យបានបង្ហាញថា និស្សិត ហឿន ចាន់ ដែលត្រូវមន្ត្រីនគរបាលម្នាក់បាញ់ប្រហារនៅក្នុងវត្ត បានទទួលការវះកាត់នៅម៉ោង១២ និង៥០នាទីរសៀល ហើយយុវជនរូបនេះបានដឹងខ្លួនវិញនៅម៉ោងប្រហែល២ និង៣០នាទីរសៀល និងកំពុងស្ថិតក្នុងស្ថានភាពនឹងនរ។
វេជ្ជបណ្ឌិត បុន សាយ ជាអ្នកជំនាញខាងដាក់ថ្នាំសណ្ដំបានមានប្រសាសន៍ខណៈពេលគាត់ចាកចេញពីបន្ទប់វះកាត់ថា យុវជន ហឿន ចាន់ បានត្រូវគ្រាប់ត្រង់ផាល ហើយគ្រាប់កាំភ្លើងនោះត្រូវបានវះកាត់យកចេញហើយ។
លោក ហឹន ហួន អាយុ៤៨ឆ្នាំជាអ្នករត់ម៉ូតូឌុបបាននិយាយថា គាត់ទើបតែចាកចេញពីផ្សារដើមគរនៅក្បែរនោះ កន្លែងដែលគាត់បានទម្លាក់ម៉ូយម្នាក់ចុះ ហើយបានឈប់មើលការតវ៉ានោះ ស្រាប់តែត្រូវគ្រាប់តែម្ដង។ គាត់និយាយថា “ខ្ញុំគ្រាន់តែឈប់មើលអ្នកតវ៉ាមួយភ្លែតប៉ុណ្ណោះ ហើយនៅពេលនគរបាលរុញច្រានអ្នកតវ៉ា ខ្ញុំក៏រត់ ហើយក៏ត្រូវគ្រាប់ចំកំប៉េះគូទតែម្ដង”។
វេជ្ជបណ្ឌិត ស៊ុន អៀង នៅផ្នែកអាយស៊ីយូ បានមានប្រសាសន៍ថា របួសរបស់យុវជន ហឿន ចាន់ ធ្ងន់ធ្ងរណាស់ ដោយកាំរស្មីអ៊ិចបង្ហាញពីគ្រាប់កាំភ្លើងបៀមជាប់ក្នុងឆ្អឹងត្រគាក ប៉ុន្តែថា រូបគេគួរតែផុតគ្រោះថ្នាក់ពីរបួសនេះ។ កាលពីម្សិលមិញលោក ទី សុផានិត អាយុ៣០ឆ្នាំជាកម្មករនៅរោងចក្រអេសអិល និងជាមនុស្សតែម្នាក់គត់នៅមន្ទីរពេទ្យនេះ ដែលសារភាពថា ខ្លួនបានចូលរួមក្នុងការតវ៉ានោះ បានត្រូវគ្រាប់នៅភ្លៅខាងស្ដាំ និងខ្នង។ កាំរស្មីអ៊ិច បានបង្ហាញពីគ្រាប់កាំភ្លើងមួយគ្រាប់បៀមជាប់នឹងឆ្អឹងភ្លៅរបស់គាត់ដែលបាក់។ គាត់បាននិយាយថា គ្រាប់កាំភ្លើងបានទម្លុះខ្នងរបស់គាត់ទៅធ្លាយនៅស្មាខាងឆ្វេងជិតករបស់គាត់។
លោក ទី សុផានិត បាននិយាយសំដៅដល់កម្មកររោងចក្រអេសអិល ដែលបានធ្វើកូដកម្មចាប់តាំងពីខែសីហាមកថា “វាអយុត្តិធម៌ណាស់ ដែលនគរបាលបាញ់ប្រហារមកលើបាតុករ ពីព្រោះខ្ញុំមកធ្វើការតវ៉ាគ្រាន់តែដើម្បីទាមទារឲ្យផ្ដល់ការងារដល់កូដករវិញប៉ុណ្ណោះ”។
លោកស្រី ណាលី ពីឡូក ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ បានមានប្រសាសន៍អំពីអ្នករងរបួសទាំងប្រាំបួននាក់ថា ពីរនាក់ជាមន្ត្រីនគរបាល និងពីរនាក់ទៀតជាអ្នកកាសែតមកពីស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៩។
កម្មកររោងចក្រកាត់ដេរ អេសអិលបានធ្វើកូដកម្មចាប់តាំងពីខែសីហាមកម៉្លេះ ដើម្បីទាមទារសុំដំឡើងប្រាក់ខែ និងសុំឲ្យដកចេញនូវមន្ត្រីកងរាជអាវុធហត្ថស្លៀកពាក់ស៊ីវិល ដែលត្រូវបានជួលឲ្យជួយការពារសន្ដិសុខនៅរោងចក្រនេះ ព្រមទាំងទាមទារឲ្យផ្ដល់ការងារដល់ពួកគេវិញតាមការគ្រោងទុក ដែលរួមទាំងការសម្រាកទទួលទានអាហារកន្លះម៉ោងផងដែរ។ រោងចក្រអេសអិល ផលិតសម្លៀកបំពាក់ឲ្យក្រុមហ៊ុន Gap និងក្រុមហ៊ុន H&M ។
លោកស្រី អាណា អេរីកសុន អ្នកនាំពាក្យផ្នែកទំនាក់ទំនង និងព័ត៌មានរបស់ក្រុមហ៊ុន H&M នៅក្នុងប្រទេសស៊ុយអែត បានមានប្រសាសន៍ថា “ថ្ងៃនេះយើងទទួលបានព័ត៌ មានអំពីហេតុការណ៍គួរឲ្យសោកស្ដាយនេះ នៅពេលនគរបាល និងកម្មកររោងចក្រកាត់ដេរអេសអិលប៉ះទង្គិចគ្នា”។ លោកស្រី មានប្រសាសន៍ថា “យើងសូមរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះ ហើយសង្ឃឹមថា ស្ថានភាពនេះនឹងស្ងប់ស្ងាត់ទៅវិញ និងសង្ឃឹមថា គ្មានមនុស្សរងរបួសបន្ថែមទៀត។ យើងសូមជំរុញឲ្យភាគីពាក់ព័ន្ធបន្តការចរចា ហើយឈានដល់ការព្រមព្រៀងគ្នាតាមរយៈ ការចរចាជាបន្ទាន់”។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ គណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា ជាសម្ពន្ធអង្គការក្រៅរដ្ឋាភិបាលចំនួន២១ បានថ្កោលទោសអាជ្ញាធរដែលបានប្រើកងកម្លាំងហួសហេតុអំឡុងពេលប៉ះទង្គិចគ្នា។ សេចក្តីថ្លែងការណ៍នេះបានលើកឡើងដោយអំពាវនាវឲ្យមានការស៊ើបអង្កេតឲ្យបានហ្មត់ចត់ចំពោះការស្លាប់របស់អ្នកស្រី អេង សុខុំ ថា “វាហាក់បីដូចជាគេបានបំភ្លេចបទពិសោធអហិង្សាមួយដែលអាជ្ញាធរបានប្រើអំឡុងមហាបាតុកម្មរបស់បក្សប្រឆាំងកាលពីខែតុលា ដែលមិនបានធ្វើឲ្យនរណាម្នាក់រងរបួសនោះទៅហើយ ប៉ុន្តែកាលពីខែកញ្ញា មានបុរសម្នាក់ឈ្មោះ មៅ សុខចាន់ ដែលជាអ្នកដំណើរនៅតាមផ្លូវត្រូវបានសម្លាប់អំឡុង នគរបាលបើកការបង្ក្រាបលើក្រុមអ្នកតវ៉ាមួយក្រុមដែលគ្មានអ្នកគ្រប់គ្រង”។
អង្គការសិទ្ធិមនុស្សលីកាដូ និងមជ្ឈមណ្ឌល អប់រំច្បាប់សម្រាប់សហគមន៍ បានលើកឡើងថា “អ្នកលក់ម្ហូបអាហារស្លូតត្រង់ម្នាក់ត្រូវបានបាញ់សម្លាប់ ហើយមនុស្សជាង១០នាក់ផ្សេងទៀតបានរងរបួសធ្ងន់ដោយសារគ្រាប់កាំភ្លើង វាកើតឡើងដោយសារការប្រើកងកម្លាំងនគរបាលច្រើនហួសហេតុ ហើយវាបានឆ្លុះបញ្ចាំងឲ្យឃើញថា នគរបាលខ្វះឆន្ទៈក្នុងការស្វែងរកវិធីសាស្ត្រដោយសន្តិវិធី ដើម្បី ដោះស្រាយស្ថានភាពនៅក្នុងថ្ងៃនេះ”។
ការប្រើកងកម្លាំងត្រូវបានចាត់ទុកថា ជារឿងដែលគួរឲ្យរិះគន់ ហើយអង្គការលីកាដូបានអំពាវនាវឲ្យមានការស៊ើបអង្កេតលើការបាញ់សម្លាប់នេះ។
លោក ជួន សុវណ្ណ ស្នងការរាជធានីភ្នំពេញបានឲ្យដឹងថា មន្ត្រីរបស់លោកមានការអត់ធ្មត់យ៉ាងខ្លាំង។ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ នៅពេលត្រូវបានសួរអំពីរឿងនគរបាលប្រើគ្រាប់កាំភ្លើងពិត និងការធ្វើឲ្យអ្នកនៅតាមផ្លូវស្លាប់ ព្រមទាំងរងរបួស។
លោក ជួន សុវណ្ណ បានមានប្រសាសន៍ថា “ព្រឹកនេះយើងបានខិតខំយ៉ាងខ្លាំងដើម្បីរក្សាសន្តិភាព ប៉ុន្តែ ដូចអ្វីដែលអ្នកយកព័ត៌មានបានឃើញស្រាប់ គឺថា មានដំុថ្មជាច្រើនត្រូវបានគប់មកលើអាជ្ញាធរ”។ លោក ជួន ណារិន ស្នងការរងរាជ ធានីភ្នំពេញបានបដិសេធយ៉ាងដាច់អហង្ការថា មន្ត្រីរបស់លោកមិនបានប្រើកាំភ្លើងខ្លីបាញ់ទៅលើក្រុមអ្នកតវ៉ាឡើយ ទោះបីជាមាន សាក្សី និងមានរូបភាពបង្ហាញពីនគរបាលកាន់កាំភ្លើង និងប្រើអំពើហិង្សាក៏ដោយ។
លោក ជួន ណារិន បានអះអាងថា “ ពួកគេបានបាញ់ត្រឹមតែឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រប៉ុណ្ណោះ”។
លោកមានប្រសាសន៍អំពីគ្រាប់កាំភ្លើងដែលបានធ្វើឲ្យអ្នកលក់ម្ហូបអាហារតាមផ្លូវម្នាក់ ឈ្មោះ អេង សុខុំ បានបាត់បង់ជីវិតថា “វាជាគ្រាប់កាំភ្លើងដែលមិនដឹងមកពីទីណានោះទេ” ។ អគ្គស្នងការដ្ឋាននគរបាលជាតិបានចេញសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចម្សិលមិញ ដែលនិយាយអំពីស្ត្រីដែលបានស្លាប់នេះ ប៉ុន្តែ មិនមែនស្លាប់ដោយសារគ្រាប់ កាំភ្លើងរបស់នគរបាលឡើយ ហើយបានបន្ទោស“ អ្នកឆ្លៀតឱកាស” ដើម្បីកេងចំណេញពីហិង្សានេះ។
សេចក្តីថ្លែងការណ៍នេះបានលើកឡើងបន្តថា មន្ត្រីនគរបាលចំនួន៤៧នាក់ក៏បានរងរបួសស្រាល និងធ្ងន់ផងដែរ។ សេចក្តីថ្លែងការណ៍នេះ បានលើកឡើងបន្ថែមថា “ ក្រុមឆ្លៀតឱកាសដែលមិនមែនជាអ្នកតវ៉ាបានឆ្លៀតឱកាសនេះញុះញង់ឲ្យកើតអំពើហិង្សាលើនគរបាលដោយការគប់ដុំថ្ម និងប្រើជំពាមកៅស៊ូ ហើយវាយដំ និងបំផ្លិចបំផ្លាញ ព្រមទាំងឡោមព័ទ្ធនគរបាលប្រដាប់អាវុធដើម្បីយកធ្វើជាចំណាប់ខ្មាំងផងដែរ”។
នគរបាល និងព្រះសង្ឃបានឲ្យដឹងថា មនុស្សចំនួន៣០នាក់កំពុងត្រូវឃុំព្រះការយនៅស្នងការដ្ឋាននគរបាលរាជធានីកាលពីយប់មិញ។ ព្រះសង្ឃចំនួនប្រាំពីរអង្គដែលត្រូវបានឃុំខ្លួនជាមួយប្រជាជនផ្សេងទៀត ត្រូវបានដោះលែងឲ្យនិមន្តទៅវត្តស្ទឹងមានជ័យវិញហើយ។ ព្រះតេជគុណ ហេង ស្រស់ ព្រះជន្ម២០វស្សា ជាព្រះសង្ឃមួយអង្គក្នុងចំណោមព្រះសង្ឃដែលត្រូវបានចាប់ព្រះកាយបានមានសង្ឃដីកា បន្ទាប់ពីការដោះលែងកាលពីយប់មិញថា នគរបាលបានប្រើពាក្យសម្តីប្រមាថមាក់ងាយព្រះតេជគុណ និងព្រះសង្ឃផ្សេងៗទៀត ដែលត្រូវបានចាប់ព្រះកាយជាមួយព្រះតេជគុណ ហើយនគរបាលបានឲ្យព្រះសង្ឃដែលត្រូវបានចាប់ព្រះកាយចុះហត្ថលេខាដោយស្បថថា លែងចូលរួមនៅក្នុងការតវ៉ាណាមួយទៀតហើយ។
លោក វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោង ចក្រកាត់ដេរនៅកម្ពុជា បានលើកឡើងថា កម្មកររោងចក្រកាត់ដេរ អេសអិល ដែលចូលរួមតវ៉ាគួរតែគោរពច្បាប់។ លោកបានមានប្រសាសន៍ថា “យើងមានការសោកស្តាយណាស់ដែលទទួលដំណឹងថា [មានស្ត្រីម្នាក់ត្រូវបានបាញ់សម្លាប់] ប៉ុន្តែ អ្នកតវ៉ាគួរតែជាពលរដ្ឋដែលគោរពច្បាប់ យើងមិនអាចអនុញ្ញាតឲ្យនរណាម្នាក់ចេញមកតវ៉ាដោយគ្មានការអនុញ្ញាតឡើយ ហើយ សូម្បីតែការធ្វើបាតុកម្មក្នុងឆាកនយោបាយ គណបក្សប្រឆាំងក៏ត្រូវគោរពច្បាប់ដែរ។យើងចាំបាច់ត្រូវតែអំពាវនាវឲ្យប្រជាជនក្នុងប្រទេសកម្ពុជាគោរពច្បាប់ អនុវត្តច្បាប់”។
លោក គង់ អាទិត្យ អនុប្រធានសម្ពន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅ កាត់ថា ស៊ីខៅឌូ បានរិះគន់យ៉ាងខ្លាំងចំពោះការប្រើគ្រាប់កំាភ្លើងពិតរបស់នគរបាល អំឡុងការតវ៉ា ហើយលោកបានលើកឡើងថា តំណាងសហជីព និងតំណាងរដ្ឋាភិបាលនឹងជួបពិភាក្សាគ្នានៅថ្ងៃនេះ។ លោកបានមានប្រសាសន៍ថា “យើងមានការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់ បង់ជីវិត និងការរងរបួសរបស់ប្រជាពលរដ្ឋ ពីព្រោះអាជ្ញាធរបានប្រើកាំភ្លើងបាញ់ប្រហារ មកលើអ្នកតវ៉ារបស់យើងដែលគ្មានអាវុធ ហើយយើងមិនអាចទទួលយកទង្វើដ៏ព្រៃផ្សៃបែបនេះបានឡើយ។ [កាលពីម្សិលមិញ] គ្មានការចរចាជាមួយរោងចក្រកាត់ដេរ អេសអិលទេ ប៉ុន្តែ ខ្ញុំត្រូវបានក្រសួងការងារអញ្ជើញឲ្យមកចូលរួមក្នុងកិច្ចពិភាក្សានៅម៉ោង២សៀល [ក្នុងថ្ងៃនេះ]។ លោកបានបន្ថែមថា “ខ្ញុំនឹងស្នើឲ្យអាជ្ញាធរសើុបអង្កេតដើម្បីជំរុញឲ្យអាជ្ញាធរឈប់ប្រើអំពើហិង្សា”។
លោក សុខ ដាណូយ ថារ៉ាក់ថន តំណាងសហជីពសេរីកម្មកររបស់កម្មករ-កម្មការិនីនៅរោងចក្រកាត់ដេរអេសអិល បានលើកឡើងថា នៅក្នុងបញ្ហានេះ នគរបាលគួរត្រូវបានស្តីបន្ទោស ពីព្រោះនគរបាលបានបិទផ្លូវ និងរារាំងមិនឲ្យមានការហែក្បួន។ លោកបានមានប្រសាសន៍ថា “ យើងសោកស្តាយយ៉ាងខ្លាំងដែលអាជ្ញាធរប្រើអំពើហិង្សាលើកម្មករ-កម្មការិនី ពីព្រោះពួកគាត់គ្មានអាវុធទេ”។
នៅផ្ទះរបស់អ្នកស្រីកាលពីម្សិលមិញ សាកសពអ្នកស្រី អេង សុខុំ ត្រូវបានដាក់លើក្រណាត់ពណ៌សដែលប្រឡាក់ដោយឈាម។ ក្រុមគ្រួសារ និងអ្នកជិតខាងបានមកចូលរួមបុណ្យសពទាំងអារម្មណ៍ក្តុកក្តួល ខណៈលោកអាចារ្យដែលរៀបចំពិធីបុណ្យនេះបានប្រោះទឹកលើសាកសពអ្នកស្រី ហើយបន្ទាប់មកបានអុជទៀនបំភ្លឺ។
អ្នកស្រី អេង ធឹម អាយុ៦៤ឆ្នាំត្រូវជាបងស្រីរបស់សពអ្នកស្រី អេង សុខុំ បានរៀបរាប់ថា ប្អូនស្រីរបស់អ្នកស្រីដែលមានកូនបីនាក់ ខិតខំធ្វើការណាស់។
អ្នកស្រីបានិយាយថា “ គាត់គឺជាស្ត្រីសុភាពរាបសាម្នាក់។ គាត់ខិតខំធ្វើការខ្លាំងណាស់ដើម្បីចិញ្ចឹមប្តី និងកូនៗនៅក្នុងបន្ទុកគ្រួសារ”។
លោក ងែត វង្ស អាយុ៥១ឆ្នាំ ត្រូវជាប្តីរបស់សពអ្នកស្រី អេង សុខុំ បាននិយាយថា សពប្រពន្ធគាត់ត្រូវបូជានៅថ្ងៃព្រហស្បតិ៍ ហើយសាលារាជធានីជាអ្នកឧបត្ថម្ភលើការចំណាយក្នុងពិធីបុណ្យសពនេះ។ លោក ងែត វង្ស បាននិយាយថា “យើងសង្ឃឹមថា គេនឹងរកយុត្តិធម៌ឃើញ ប្រសិនបើពួកគេមានឆន្ទៈ។ យើងក៏សោកស្តាយខ្លាំងណាស់ដែរ ដែលអាជ្ញាធរបានប្រើកងកម្លាំងច្រើនហួសហេតុលើប្រជាពលរដ្ឋស្លូតត្រង់ និងអ្នកធ្វើដំណើរ និងអ្នកមើលការតវ៉ានេះ ជាពិសេសការបាញ់សម្លាប់ប្រពន្ធរបស់ខ្ញុំ”៕សុខុម និង ស៊ុយឈាង
(រាយការណ៍បន្ថែមដោយ Colin Meyn, Khuon Narim, Alex Willemyns, និង អូន ភាព)