38 C
Phnom Penh

បុរសម្នាក់​ចាប់​​​បោក​​​កូនស្រី​របស់​ខ្លួន​​​ផ្ទប់​​​នឹង​​​កណ្ដៀវ​​​ស្លាប់​​​​​​នៅ​​​​ពេល​មាន​ជម្លោះ​ជាមួយ​ប្រពន្ធ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​បាន​និយាយ​កាល​ពី​ម្សិល​មិញ​ថា បុរស​អាយុ​២៦​ឆ្នាំ​ម្នាក់​កំពុងតែ​​រត់​គេច​ខ្លួន​ បន្ទាប់ពី​សម្លាប់​កូន​ស្រី​អាយុ​២​ឆ្នាំ​របស់​ខ្លួន​យ៉ាង​សាហាវ​ ដោយ​​ចាប់​​វា​បោក​​ផ្ទប់​​​​​នឹង​កណ្តៀវ បន្ទាប់​ពី​មាន​ជម្លោះនៅ​​ក្នុង​គ្រួសារ​ជាមួយ​​ប្រពន្ធ​របស់​ខ្លួន​ក្នុង​ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះសីហនុ។

នៅ​ក្នុង​ករណី​ដាច់​ដោយ​ឡែក​មួយ​ទៀត​ប៉ុន្តែ ស្រដៀង​គ្នា​នេះពាក់ព័ន្ធ​ការ​សម្លាប់​​ក្មេង​ប្រុស​អាយុ​១ឆ្នាំ​ម្នាក់​កាល​ពី​យប់​ថ្ងៃច័ន្ទ លោក​ អ៊ិត សម្ផស្ស ចៅ​ក្រម​សាលា​ដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​មាន​ប្រសាសន៍​ថា ​ កាល​ពី​ម្សិលមិញ ជន​សង្ស័យ​ឈ្មោះ​ សួន សេង​ អាយុ​២៩​ឆ្នាំ​​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​មនុស្ស​ឃាត​ ។

លោក​ សោម​ សុខា​ អធិការ​នគរ​បាល​​ស្រុក​​​ព្រៃ​នប់​បាន​មានប្រសាសន៍​ថា ចេង មេឃ ជា​​ជន​សង្ស័យ​សម្លាប់​ក្មេងស្រី​រូប​នេះ​បាន​មក​ដល់​ផ្ទះ​បន្ទាប់​ពី​បាន​ផឹក​ស៊ី​ជាមួយ​សាច់​ញាតិ​ខាងប្រពន្ធ​របស់​ខ្លួន​ ហើយ​មាន​ជម្លោះ​ទាស់​ទែង​ជាមួយ​ប្រពន្ធ​របស់​ខ្លួន​នៅ​ម៉ោង​ប្រហែល​​៨​និង​៣០​នាទី​យប់​ថ្ងៃ​ច័ន្ទ​។

លោក​ សុខា ​​មាន​ប្រសាសន៍​ថា “អំឡុង​​ពេល​ឈ្លោះ​គ្នា​នោះ​ ជន​សង្ស័យ​រូប​នេះ​​បាន​ចាប់​ជើង​​ក្មេង​ស្រី​រូប​នេះ​បោក​ផ្ទប់​​​​នឹង​កណ្តេៀវ ដែល​សៀតជាប់​​ជញ្ជាំង​”។ លោក​ សុខា បាន​មានប្រសាសន៍​ថា ក្មេង​ស្រី​រូប​នេះ​បាន​ស្លាប់​នៅ​តាម​ផ្លូវ​ពេល​​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ ហើយ​លោក​បាន​បន្ថែម​ថា ចេង មេឃ បាន​រត់​គេច​ខ្លួន​ បន្ទាប់​ពី​សម្លាប់​​​​កូន​ស្រី​របស់​ខ្លួន​​រួច​ហើយ​។ លោក​បាន​មានប្រសាសន៍​ថា “យើង​កំពុង​​​តាមរក​ចាប់​ខ្លួន​ជន​សង្ស័យ​រូប​នេះ​​ យកមក​ដាក់ទោស​តាម​ផ្លូវ​ច្បាប់​”។

កាល​ពី​ម្សិលមិញ​ នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ សួន សេង​ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​មនុស្ស​ឃាត​ ដោយ​បាន​សម្លាប់​​បង​ប្អូន​ជីដូន​មួយ​របស់​​ខ្លួន​អាយុ​១​ឆ្នាំ​ ហើយ​ធ្វើ​ឲ្យ​ជីដូន​របស់​ក្មេង​នេះ​រង​របួស​។ លោក​ សម្ផស្ស មាន​ប្រសាសន៍​ថា “យើង​​​បាន​ចោទ​ប្រកាន់​ជន​សង្ស័យ​រូប​នេះ​ពី​បទ​មនុស្ស​ឃាត​ ទោះ​​បីជា​ជន​នេះ​មាន​ជំងឺ​សរសៃ​​ប្រសាទ​ក៏​ដោយ​”។

សួន​ សេង បាន​​យក​កាំ​បិត​បុ័ងតោ​កាប់​ជីដូន​របស់​ក្មេង​ដែល​​ស្លាប់​នេះឈ្មោះ​​ ស្រេប សាន អាយុ​៥៤​ឆ្នាំ​ ​ឲ្យ​រង​របួស មុន​ពេល​ចាប់​ជើង​ប្អូន​ជីដូន​មួយ​អាយុ​​១​ឆ្នាំ​នោះ​​​បោក​ក្បាល​ផ្ទប់​នឹង​​សសរ​ផ្ទះ​។ នគរបាល​និង​សាច់​ញាតិ​ជន​រងគ្រោះ​បាន​និយាយ​ថា សួន​ សេង​ បាន​លេប​ថ្នាំ​​ព្យាបាល​ជំងឺ​សរសៃ​ប្រសាទដែលគេ​មិន​ដឹង​ច្បាស់​រយៈ​​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ហើយ​តែង​តែ​ប្រើ​ហិង្សា​ពី​មុន​។

លោក​ សម្ផស្ស បាន​មានប្រសាសន៍​ថា “យើង​មិន​បាន​កំណត់​ថា ជន​សង្ស័យ​រូប​នេះ​មាន​ជំងឺ​សរសៃ​ប្រសាទ​ឡើយ​ ប៉ុន្តែ​យើង​នឹង​​សុំ​ឲ្យ​គ្រូ​ពេទ្យ​ ដែល​​មាន​ជំនាញ​ខាង​សុខភាព​ផ្លូវ​ចិត្ត​ធ្វើ​ការ​វាយ​តម្លៃ​ថា តើ​ជន​នេះ​ពិត​ជា​មាន​​​ជំងឺ​សរសៃ​ប្រសាទ​មែន​ឬ​មិនមែន​”។ លោក​មានប្រសាសន៍​ថា “ប្រសិន​បើ​ជន​សង្ស័យ​រូប​នេះ​ពិត​ជា​មាន​ជំងឺ​សរសៃ​ប្រសាទ​​មែន​ យើង​មិនអាច​ចាប់​គាត់​ដាក់​ពន្ធនាគារ​បាន​ទេ​ យើង​ត្រូវ​តែ​ព្យាបាល​គាត់​”។

លោក​ សុក សំអឿន នាយក​ប្រតិបត្តិ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​​មាន​ប្រសាសន៍​​​ថា ប្រសិន​បើ​ សួន សេង​ ត្រូវ​បាន​​រក​ឃើញ​ថា មាន​ជំងឺ​សរសៃ​ប្រសាទ​មែន គាត់​នឹង​ត្រូវ​សម្រេច​ឲ្យ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​។ លោក​ សុក សំអឿន បាន​មាន​ប្រសាសន៍​ថា តាម​ច្បាប់​កម្ពុជា​  ប្រសិន​បើ​មេធាវី​ការ​ពារ​​ក្ដីអាច​បង្ហាញ​ថា ជន​សង្ស័យ​​​រូប​នេះ​ពិត​ជា​មាន​ជំងឺ​សរសៃ​ប្រសាទ​​អំឡុង​ការ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​មែន​ គាត់​នឹង​ត្រូវ​ឃុំ​ខ្លួន​នៅក្នុង​​មន្ទីរពេទ្យ​មួយ​រយៈ​”។ ប៉ុន្តែ​កន្លែង​ពិសេស​សម្រាប់​ឃុំ​ខ្លួន​ឧក្រិដ្ឋ​ជន​​ដែល​មាន​ជំងឺ​សរសៃ​ប្រសាទ​មិន​មាន​ទេ​នៅ​ក្នុ​ង​ប្រទេស​កម្ពុជា៕ សារុន

(រាយការណ៍​បន្ថែម​ដោយ Denise Hruby)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស