នគរបាលបាននិយាយកាលពីម្សិលមិញថា បុរសអាយុ២៦ឆ្នាំម្នាក់កំពុងតែរត់គេចខ្លួន បន្ទាប់ពីសម្លាប់កូនស្រីអាយុ២ឆ្នាំរបស់ខ្លួនយ៉ាងសាហាវ ដោយចាប់វាបោកផ្ទប់នឹងកណ្តៀវ បន្ទាប់ពីមានជម្លោះនៅក្នុងគ្រួសារជាមួយប្រពន្ធរបស់ខ្លួនក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
នៅក្នុងករណីដាច់ដោយឡែកមួយទៀតប៉ុន្តែ ស្រដៀងគ្នានេះពាក់ព័ន្ធការសម្លាប់ក្មេងប្រុសអាយុ១ឆ្នាំម្នាក់កាលពីយប់ថ្ងៃច័ន្ទ លោក អ៊ិត សម្ផស្ស ចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា កាលពីម្សិលមិញ ជនសង្ស័យឈ្មោះ សួន សេង អាយុ២៩ឆ្នាំត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត ។
លោក សោម សុខា អធិការនគរបាលស្រុកព្រៃនប់បានមានប្រសាសន៍ថា ចេង មេឃ ជាជនសង្ស័យសម្លាប់ក្មេងស្រីរូបនេះបានមកដល់ផ្ទះបន្ទាប់ពីបានផឹកស៊ីជាមួយសាច់ញាតិខាងប្រពន្ធរបស់ខ្លួន ហើយមានជម្លោះទាស់ទែងជាមួយប្រពន្ធរបស់ខ្លួននៅម៉ោងប្រហែល៨និង៣០នាទីយប់ថ្ងៃច័ន្ទ។
លោក សុខា មានប្រសាសន៍ថា “អំឡុងពេលឈ្លោះគ្នានោះ ជនសង្ស័យរូបនេះបានចាប់ជើងក្មេងស្រីរូបនេះបោកផ្ទប់នឹងកណ្តេៀវ ដែលសៀតជាប់ជញ្ជាំង”។ លោក សុខា បានមានប្រសាសន៍ថា ក្មេងស្រីរូបនេះបានស្លាប់នៅតាមផ្លូវពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយលោកបានបន្ថែមថា ចេង មេឃ បានរត់គេចខ្លួន បន្ទាប់ពីសម្លាប់កូនស្រីរបស់ខ្លួនរួចហើយ។ លោកបានមានប្រសាសន៍ថា “យើងកំពុងតាមរកចាប់ខ្លួនជនសង្ស័យរូបនេះ យកមកដាក់ទោសតាមផ្លូវច្បាប់”។
កាលពីម្សិលមិញ នៅក្នុងខេត្តបន្ទាយមានជ័យ សួន សេង ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត ដោយបានសម្លាប់បងប្អូនជីដូនមួយរបស់ខ្លួនអាយុ១ឆ្នាំ ហើយធ្វើឲ្យជីដូនរបស់ក្មេងនេះរងរបួស។ លោក សម្ផស្ស មានប្រសាសន៍ថា “យើងបានចោទប្រកាន់ជនសង្ស័យរូបនេះពីបទមនុស្សឃាត ទោះបីជាជននេះមានជំងឺសរសៃប្រសាទក៏ដោយ”។
សួន សេង បានយកកាំបិតបុ័ងតោកាប់ជីដូនរបស់ក្មេងដែលស្លាប់នេះឈ្មោះ ស្រេប សាន អាយុ៥៤ឆ្នាំ ឲ្យរងរបួស មុនពេលចាប់ជើងប្អូនជីដូនមួយអាយុ១ឆ្នាំនោះបោកក្បាលផ្ទប់នឹងសសរផ្ទះ។ នគរបាលនិងសាច់ញាតិជនរងគ្រោះបាននិយាយថា សួន សេង បានលេបថ្នាំព្យាបាលជំងឺសរសៃប្រសាទដែលគេមិនដឹងច្បាស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយតែងតែប្រើហិង្សាពីមុន។
លោក សម្ផស្ស បានមានប្រសាសន៍ថា “យើងមិនបានកំណត់ថា ជនសង្ស័យរូបនេះមានជំងឺសរសៃប្រសាទឡើយ ប៉ុន្តែយើងនឹងសុំឲ្យគ្រូពេទ្យ ដែលមានជំនាញខាងសុខភាពផ្លូវចិត្តធ្វើការវាយតម្លៃថា តើជននេះពិតជាមានជំងឺសរសៃប្រសាទមែនឬមិនមែន”។ លោកមានប្រសាសន៍ថា “ប្រសិនបើជនសង្ស័យរូបនេះពិតជាមានជំងឺសរសៃប្រសាទមែន យើងមិនអាចចាប់គាត់ដាក់ពន្ធនាគារបានទេ យើងត្រូវតែព្យាបាលគាត់”។
លោក សុក សំអឿន នាយកប្រតិបត្តិក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាមានប្រសាសន៍ថា ប្រសិនបើ សួន សេង ត្រូវបានរកឃើញថា មានជំងឺសរសៃប្រសាទមែន គាត់នឹងត្រូវសម្រេចឲ្យរួចផុតពីការចោទប្រកាន់។ លោក សុក សំអឿន បានមានប្រសាសន៍ថា តាមច្បាប់កម្ពុជា ប្រសិនបើមេធាវីការពារក្ដីអាចបង្ហាញថា ជនសង្ស័យរូបនេះពិតជាមានជំងឺសរសៃប្រសាទអំឡុងការប្រព្រឹត្តបទឧក្រិដ្ឋមែន គាត់នឹងត្រូវឃុំខ្លួននៅក្នុងមន្ទីរពេទ្យមួយរយៈ”។ ប៉ុន្តែកន្លែងពិសេសសម្រាប់ឃុំខ្លួនឧក្រិដ្ឋជនដែលមានជំងឺសរសៃប្រសាទមិនមានទេនៅក្នុងប្រទេសកម្ពុជា៕ សារុន
(រាយការណ៍បន្ថែមដោយ Denise Hruby)