បន្ទាប់ពីការចាប់ខ្លួនគួរឲ្យភ្ញាក់ផ្អើលនៅកោះរ៉ុង ក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃច័ន្ទ លោក សេរហ្គេ ប៉ូឡុនស្គី (Sergei Polonsky) អតីតមហាសេដ្ឋីរុស្ស៊ី ដែលគេតាមចាប់ខ្លួន ត្រូវបានបញ្ជូនមកកាន់ពន្ធនាគារប៉េហ្ស៊ី ក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ ដើម្បីរង់ចាំការធ្វើបត្យាប័នទៅកាន់ទីក្រុងមូស្គូ ជាទីដែលលោកនឹងត្រូវប្រឈមការចោទប្រកាន់ពីបទកេងបន្លំប្រាក់រាប់លានដុល្លារ។
លោក ប៉ូឡុនស្គី អាយុ៤១ឆ្នាំ ដែលកាលពីសប្ដាហ៍មុនត្រូវបានចុះឈ្មោះបន្ថែមនៅក្នុងបញ្ជីរបស់នគរបាលអន្តរជាតិអាំងទែប៉ូលថា ជាឧក្រិដ្ឋជនដែលគេតាមចាប់ខ្លួនបំផុតពាក់ព័ន្ធនឹង “ការឆបោកទ្រង់ទ្រាយធំ” ត្រូវបានចាប់ខ្លួននៅលើកោះរ៉ុង មុនពេលថ្ងៃត្រង់បន្តិច បន្ទាប់ពីព្យាយាមរត់គេចពីការចាប់ខ្លួនអស់ជាច្រើនម៉ោង ដោយមានជំនួយពីគូកនមួយចំនួន។ លោកត្រូវបានបញ្ជូនមកកាន់រាជធានីភ្នំពេញកាលពីថ្ងៃច័ន្ទ ហើយត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្នពេញមួយយប់នៅឯក្រសួងមហាផ្ទៃ។
ឧត្ដមសេនីយ៍ឯក សុខ ផល អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានមានប្រសាសន៍ថា នគរបាលនឹងបញ្ជូនគាត់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ហើយបន្ទាប់មកឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារប៉េហ្ស៊ី មុនពេលគាត់ត្រូវបានធ្វើបត្យាប័នទៅកាន់ប្រទេសរុស្ស៊ី”។ លោកបានបន្ថែមដោយមិនផ្ដល់កាលបរិច្ឆេទជាក់លាក់ថា “រដ្ឋាភិបាលនឹងចេញអនុក្រឹត្យមួយ ដើម្បីធ្វើបត្យាប័នគាត់ទៅកាន់ប្រទេសរុស្ស៊ីក្នុងពេលឆាប់ៗ”។
លោក រស់ ស៊ីថា មេធាវីរបស់លោក ប៉ូឡុនស្គី បានទទួលស្គាល់ថា លោកគ្មានអំណាច ដើម្បីទប់ស្កាត់កុំឲ្យមានការធ្វើបត្យាប័នកូនក្ដីរបស់លោកឡើយ។
លោក ស៊ីថា បានមានប្រសាសន៍ថា “ខ្ញុំមិនអាចជួយគាត់បានទេ។ ការចាប់ខ្លួនកូនក្ដីរបស់ខ្ញុំ គឺមានពាក់ព័ន្ធទៅនឹងអ្នកជំនាញជនជាតិរុស្ស៊ី ដែលបានចោទប្រកាន់គាត់ពីបទឆបោក ហើយដីកាចាប់ខ្លួនត្រូវបានចេញដោយតុលាការក្រុងមូស្គូ ហើយត្រូវបានបញ្ជូនទៅកាន់នគរបាលអន្តរជាតិអាំងទែប៉ូល និងនគរបាលកម្ពុជា”។
លោក ប៉ូឡុនស្គី ដែលបានរស់នៅលើកោះដែកគោល ជាកោះឯកជនដ៏តូចមួយស្ថិតនៅសមុទ្រក្រុងព្រះសីហនុ ត្រូវបានផ្ដន្ទាទោសកំបាំងមុខកាលពីខែកក្កដា ពីបទកេងបន្លំប្រាក់ចំនួន១៧៦លានដុល្លារ ពីវិនិយោគិនប្រហែល៨០នាក់នៅក្នុងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យក្រុងមូស្គូមិនទាន់បញ្ចប់មួយ ដែលមានឈ្មោះថា គម្រោង Kutuzovskyya Mile។
លោក ប៉ូឡុនស្គី បាននិយាយម្ដងហើយម្ដងទៀតថា អតីតដៃគូជំនួញនៅក្នុងក្រុមហ៊ុនអចលនទ្រព្យ Mirax Group ដែលបានប្ដូរឈ្មោះទៅជា Potok របស់លោក គឺជាអ្នកទទួលខុសត្រូវលើបញ្ហាផ្លូវច្បាប់សព្វថ្ងៃរបស់លោក ក៏ដូចជាការបាត់បង់ទ្រព្យសម្បត្តិរបស់លោកផងដែរ។ កាលពីឆ្នាំ២០០៨ ទស្សនាវដ្ដី Forbes បានប៉ាន់ប្រមាណថា លោក ប៉ូឡុនស្គី មានទ្រព្យសម្បត្តិចំនួន១,២ពាន់លានដុល្លារ។
នៅម៉ោងប្រហែល៤រសៀលកាលពីម្សិលមិញ លោក ប៉ូឡុនស្គី ទាំងដៃជាប់ខ្នោះត្រូវបានបញ្ជូនតាមរថយន្តនគរបាលមកដល់សាលាដំបូងរាជធានីភ្នំពេញ ជាទីដែលលោក និងលោក សីុថា មេធាវីរបស់លោកត្រូវបានបង្ហាញឲ្យសាធារណជនឃើញមួយភ្លែត។ លោក ប៉ូឡុនស្គី បានឲ្យលោក ស៊ីថា ទាក់ទងទៅកាន់ស្ថានទូតរុស្ស៊ី ដើម្បីឲ្យជួយមើលថែកោះដែកគោល ហើយជួយយកអាហារមកឲ្យលោក នៅពេលត្រូវបានឃុំខ្លួន។ នៅពេលអ្នកយកព័ត៌មានសួរថា តើលោកសង្ឃឹមថា នឹងទទួលបានអ្វីពេលរត់គេចពីនគរបាលកាលពីថ្ងៃច័ន្ទនោះ លោក ប៉ូឡុនស្គី បានគ្រវីក្បាលរបស់លោក។ លោកបាននិយាយថា “ខ្ញុំមិនដឹងទេ ខ្ញុំមិនដឹងទេ”។
លោក ប៉ូឡុនស្គី បានលើកឡើងថា លោកនៅតែសង្ឃឹមថា លោកនឹងអាចរកយុត្តិធម៌បានក្នុងប្រទេសរុស្ស៊ី ប្រសិនបើការបើកសវនាការជំនុំជម្រះរឿងក្ដីរបស់លោកប្រព្រឹត្តទៅដោយយុត្តិធម៌នោះ។ លោកបាននិយាយថា “ខ្ញុំជឿជាក់ថា [ខ្ញុំនឹងឈ្នះ] ហើយខ្ញុំកំពុងតែរង់ចាំការបើកសវនាការដ៏ពិតប្រាកដមួយ”។
លោក ហូ ពុតវិសាល ប្រធានពន្ធនាគារប៉េហ្ស៊ី បានបញ្ជាក់ថា លោក ប៉ូឡុនស្គី បានទៅដល់ពន្ធនាគារនៅម៉ោងប្រហែល៥ និង៣០នាទីល្ងាចម្សិលមិញ។
តំណាងរបស់ស្ថានទូតរុស្ស៊ីបានបដិសេធមិនធ្វើអត្ថាធិប្បាយទេទាក់ទិនរឿងនេះ។ ប្រហែលជាល្បីឈ្មោះដោយសារត្រូវបានដាល់ដោយលោក អេឡិចសានដឺ ឡេ បេដេវ (Alexander Lebedev) មហាសេដ្ឋីមួយរូប អំឡុងកិច្ចពិភាក្សាដេញដោលតាមទូរទស្សន៍មួយអំពីវិបត្តិហិរញ្ញវត្ថុកាលពីឆ្នាំ២០១១នោះ ព័ត៌មានអំពីការចាប់ខ្លួនលោក ប៉ូឡុនស្គី កាលពីថ្ងៃច័ន្ទ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិចុះផ្សាយទូទាំងពិភពលោក ប៉ុន្តែការប៉ុនប៉ងគេចខ្លួនមិនបានជោគជ័យរបស់លោកនៅលើកោះដែកគោលត្រូវបានប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិចុះផ្សាយខុសៗគ្នា។
កាសែតឯករាជ្យមួយរបស់ប្រទេសអង់គ្លេសបានរាយការណ៍ថា លោក ប៉ូឡុនស្គី ត្រូវបានចាប់ខ្លួនអំឡុងការឆ្មក់នៅមាត់ឆ្នេរលើកោះមួយ ដែលលោកគ្រប់គ្រង រីឯគេហទំព័ររបស់ទូរទស្សន៍រុស្ស៊ី Rossiya 24 បានផ្សាយថា នគរបាលបានបាញ់ជាច្រើនគ្រាប់អំឡុងប្រតិបត្តិការ។ យោងតាមកាសែត The Telegraph នៅទីក្រុងឡុងដ៍បានឲ្យដឹងថា “នគរបាលបានតាមចាប់ខ្លួនលោក ប៉ូឡុនស្គី អស់រយៈពេលជាច្រើនម៉ោង បន្ទាប់ពីលោកបានហែលទៅ កាន់ដីគោក ហើយលាក់ខ្លួននៅក្នុងព្រៃ”។ កោះរ៉ុងដែលស្ថិតនៅក្រុងព្រះសីហនុមានចម្ងាយប្រហែល២០គីឡូម៉ែត្រពីឆ្នេរនៃសមុទ្រប្រទេសកម្ពុជា៕ស៊ុយឈាង