38 C
Phnom Penh

ចាប់​ខ្លួន​ជន​ជាតិ​ហ្វីលីពីន​ម្នាក់ ​​ជាមួយ​កូកាអ៊ីន​៣,២គីឡូក្រាម​នៅ​អាកាស​យានដ្ឋាន​​សៀម​រាប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​បាន​និយាយ​កាលពី​ម្សិល​មិញ​ថា ជន​ជាតិ​ហ្វីលីពីន​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​សៀម​រាប កាល ពី​យប់​ថ្ងៃ​ច័ន្ទ បន្ទាប់ពី​ជន​នេះ​បាន​ព្យាយាម​រត់​ពន្ធ​កូកាអ៊ីន​ទម្ងន់​ជាង​៣​គីឡូ​ក្រាម​ឆ្លង​កាត់​ប្រទេស​កម្ពុជា​ឆ្ពោះ​ទៅ​ប្រទេស​ថៃ។

លោកវរសេនីយ៍ទោ អ៊ិន សុង អនុ​ប្រធាន​​នាយក​ដ្ឋាន​ប្រឆាំង​គ្រឿង​ញៀន​ នៅ​ក្រសួង​មហាផ្ទៃ​​ ​មាន​ប្រសាសន៍​ថា គ្រីស្ទៀន អេឆូល រា៉មីរ៉េស អាយុ​៣៣​ឆ្នាំ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ម៉ោង​ប្រហែល​៩​យប់ បន្ទាប់​ពី​មក​ដល់​តាម​ជើង​ហោះ​ហើរ​ពី​​ប្រទេស​វៀតណាម ។ លោក អ៊ិន សុង បាន​មាន​ប្រសាសន៍​ថា រ៉ាមីរ៉េស បាន​លាក់​កូកាអ៊ីន​ទម្ងន់​៣,២​គីឡូ​ក្រាម នៅ​ក្នុង​ដប​សាប៊ូទឹក​ដ៏ធំមួយ​។ លោក​បាន​បន្ថែម​ថា ជន​នេះ​គ្រោង​ធ្វើ​ដំណើរ​ឆ្ពោះ​​​ទៅ​​ក្រុង​បាងកក។

លោក​បាន​មាន​ប្រសាសន៍​ថា ជើង​ហោះ​ហើរ​ដែល​ រ៉ាមីរ៉េស ធ្វើ​ដំណើរ​មក​កាន់​ខេត្ត​សៀម​រាបនេះ គឺការ​ឈប់​សំចត​ចុង​ក្រោយ​​លើក​ទី២តាមជើង​ហោះ​ហើរ​ជា​ច្រើន​ដែល​​ជន​នេះ​បាន​ជិះ​ចេញ​ពី​​ប្រទេស​ប្រេស៊ីល ហើយ​ផ្ទេរ​ជើង​ហោះ​ហើរ​ក្នុង​ប្រទេស​កាតា ​​ទីក្រុង​ឌូបៃ និង​ប្រទេស​វៀតណាម។ លោក​វរសេនីយ៍​ទោ អ៊ិន សុង បាន​មាន​ប្រសាសន៍​ថា នគរ​បាល​ប្រឆាំង​គ្រឿង​ញៀន​ខេត្ត​សៀម​រាប និង​មន្ត្រី​គយ​នៅ​អាកាស​យាន​​ដ្ឋាន​នេះ​​បាន​សហការគ្នា​ដើម្បី​តាម​ចាប់​ រ៉ាមី​រ៉េស អំឡុង​​ពេល​​ផ្ទេរ​ជើង​ហោះ​ហើរ​។ លោក​មាន​ប្រសាសន៍​ថា បើ​ទោះ​ណា​​ជា​​ជន​នេះ​បាន​ផ្លាស់​ប្ដូរ​ទិស​ដៅ​ដោយ​ការ​ផ្ទេរ​​​ជើង​​​ហោះ​ហើរ​ច្រើន​លើក​ និង​ឆ្លង​កាត់​ប្រទេស​​​​​ជា​ច្រើន​ក៏ដោយ ក៏នគរ​បាល​ប្រឆាំង​​​​​​​​​​​​​គ្រឿង​ញៀន​របស់​យើង​អាច​ចាប់​ខ្លួន​ជន​នេះ ហើយ​​​​ដក​ហូត​បាន​កូកាអ៊ីននេះ​ដែរ”។

លោក ទី សុវិនថាល់ ព្រះ​រាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​សៀម​រាប ​មាន​ប្រសា​សន៍​ថា រ៉ាមីរ៉េស នៅ​តែ​ត្រូវ​ចោទ​ប្រកាន់​ដដែល​។​ ​​​​​​ហើយ​ថា អាជ្ញាធរ​ក៏តា​ម​ស្វែង​រក​ចាប់​ខ្លួន​ជន​ផ្សេង​ទៀត​ដែល​ពួកគេ​សង្ស័យ​ថា ​បាន​ជាប់​ពាក់​ព័ន្ធ​នឹង​ប្រតិ​បត្តិការ​​​ជួញ​ដូរ​​កូកាអ៊ីន​​ជា​មួយ​​គ្នា​នេះដែរ​។ លោក ទី សុវិន​ថាល់ បាន​មាន​ប្រសា​សន៍​ថា នគរ​បាល​ប្រឆាំង​គ្រឿង​ញៀន​សង្ឃឹម​ថា នឹង​ចាប់​ខ្លួន​ជន​ម្នាក់​​ដែលពួក​គេ​បាន​ស្គាល់​​ថា ជាមេខ្លោង​នៃ​​ប្រតិ​បត្តិការ​ជួញ​ដូរ​​ថ្នាំ​ញៀន​នេះ ​កាលពី​យប់​ថ្ងៃ​ច័ន្ទ ​ប៉ុន្តែ​មិន​អាច​ចាប់​ខ្លួន​បានឡើយ​។ លោក​មាន​ប្រសាសន៍​ថា “ គួរ​​ឲ្យ​សោក​ស្តាយ​ណាស់​​ដែល​​យើង​ចាប់​ខ្លួន​បាន​តែ​អ្នក​ជួញ​ដូរ​ថ្នាំ​ញៀនតែ​ម្នាក់​​​នេះប៉ុន្តែ​យើង​មិន​ដែល​​ចាប់​បាន​​មេ​ខ្លោង​​របស់​ពួកគេ​ទេ”។

​អង្គការ​សហ​ប្រជា​ជាតិ​បាន​ចេញ​​របាយ​​ការ​ណ៍​មួយ​កាលពី​ថ្ងៃ​សុក្រ ដែល​​លើក​​​​ឡើង​ថា ប្រទេស​កម្ពុជាជា​ច្រក​ឆ្លង​កាត់​​កូកាអីុន និង​មេតំ​ហ្វេ​តា​មីន ដែល​មាន​គោល​ដៅ​​ទៅ​ប្រទេស​ថៃ និង​ប្រទេស​ផ្សេង​ៗ​​ទៀត​​​នៅ​​​​ក្នុង​តំបន់។ យោង​តាម​របាយការណ៍​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា កាលពី​ឆ្នាំមុន គេ​​​ចាប់​បាន​កូកា​អុីន​ទម្ងន់​៤១​គីឡូក្រាម នៅ​​កម្ពុជា​៕ ​សារុន​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស