កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការរឿងក្តីរបស់អតីតឧត្តមសេនីយ៍ទោកងយោធពលខេមរភូមិន្ទម្នាក់ និងអ្នកសមគំនិតម្នាក់ ដែលបានជាប់ចោទពីបទជួញដូរគ្រឿងញៀនខុសច្បាប់។
លោក ចាន់ រិទ្ធីឌី ត្រូវបានចាប់ខ្លួនកាលពីខែសីហា ឆ្នាំ២០១២ បន្ទាប់ពីនគរបាលដកហូតបានគ្រាប់ថ្នាំមេតំហ្វេតាមីនចំនួនប្រាំគីឡូក្រាម និងមេតំហ្វេតាមីនទឹកកកចំនួនមួយ គីឡូក្រាមពីផ្ទះវីឡារបស់គាត់នៅខណ្ឌមានជ័យ។ អ្នក សមគំនិតរូបនេះឈ្មោះ ឌៀប ស៊ុនឡាយ ត្រូវបានចាប់ខ្លួននៅពេលក្រោយមក។
លោក គឹម ដានី ចៅក្រមជំនុំជម្រះបានមានប្រសាសន៍ថា “លោក រិទ្ធីឌី និងលោក ស៊ុនឡាយ ត្រូវបានចោទប្រកាន់ពីបទជួញដូរគ្រឿងញៀនខុសច្បាប់។ យើងមានភ័ស្តុ តាងពីព្រោះនគរបាលបានរកឃើញគ្រឿងញៀននៅក្នុងផ្ទះលោក រិទ្ធីឌី”។ នៅពេលចាប់ខ្លួនលោក រិទ្ធីឌី នោះ នគរបាលបាននិយាយថា គាត់បានជាប់ពាក់ព័ន្ធនឹងការនាំគ្រឿងញៀនជាច្រើនពីប្រទេសឡាវ ភូមា និងប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមតំបន់ត្រីកោណមាស។
នគរបាលសម្ងាត់បានបន្លំខ្លួនធ្វើជាអ្នកទិញគ្រឿងញៀន និងបានទិញមេតំហ្វេតាមីនចំនួន២០០ក្រាមក្នុងតម្លៃ ១០.០០០ដុល្លារពីលោក រិទ្ធីឌី ដែលបាននាំឲ្យមានការចាប់ខ្លួនគាត់ និងការដកហូតថ្នាំញៀនទាំងនោះតែម្តង។ យោងតាមលោក ណាច ទ្រី មេធាវីរបស់ជនជាប់ចោទបានឲ្យដឹងថា ចាប់តាំងពីពេលនោះមក នគរបាលបានហាមឃាត់គ្រួសាររបស់លោក រិទ្ធីឌី មិនឲ្យរស់នៅក្នុងផ្ទះវីឡាកម្ពស់បីជាន់នេះទេ។
លោក ណាច ទ្រី បានមានប្រសាសន៍ថា “នគរបាលបានបិទទ្វារផ្ទះនោះ និងបានប្រមូលយកគ្រឿងសង្ហារិម និងទ្រព្យសម្បត្តិទាំងអស់ ពីព្រោះពួកគេនិយាយថា ទ្រព្យសម្បត្តិទាំងអស់នោះបានមកពីការជួញដូរគ្រឿងញៀន”។ ទោះបីជាលោក រិទ្ធីឌី បានសារភាពថា បានរក្សាទុកគ្រឿងញៀនខុសច្បាប់ក៏ដោយ ក៏គាត់បាននិយាយកាលពីម្សិលមិញថា នេះគឺជាលើកទី១ ហើយ ដែលគាត់បានទិញគ្រឿងញៀនពីលោក ស៊ុនឡាយ អាយុ៥១ឆ្នាំ។
លោក ណាច ទ្រី បានមានប្រសាសន៍ថា “ខ្ញុំទទួលយកការចោទប្រកាន់នេះ ប៉ុន្តែ សូមស្នើឲ្យតុលាការប្រគល់ទ្រព្យសម្បត្តិទាំងនោះឲ្យទៅគ្រួសារកូនក្តីខ្ញុំវិញ”។ ទោះជាយ៉ាងណា ចម្លើយសារភាពរបស់លោក ស៊ុនឡាយ ខុសគ្នាពីចម្លើយសារភាពរបស់លោក រិទ្ធីឌី ។ គាត់បានប្រាប់តុលាការថា “ខ្ញុំបានជួបលោក រិទ្ធីឌី កាលពីខែមិថុនា ឆ្នាំ២០០៧។ គាត់បានសុំឲ្យខ្ញុំរកស៊ីជួញដូរគ្រឿងញៀនជាមួយគាត់” ហើយគាត់ឲ្យខ្ញុំទៅជួបឈ្មួញកណ្តាលលក់គ្រឿងញៀនម្នាក់នៅប្រទេសឡាវ។ តុលាការនឹងប្រកាសសាលក្រមរឿងក្តី នេះនៅថ្ងៃទី២៦ ខែវិច្ឆិកា៕ គឹមហឿន