កម្មករនៅរោងចក្រកាត់ដែរ SL បានធ្វើកូដកម្មកាន់តែខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ និងជួនកាលបានក្លាយជាហិង្សានៅក្នុងការខំប្រឹងប្រែងរបស់ខ្លួន ដើម្បីឲ្យថៅកែរោងចក្រធ្វើតាមការទាមទាររបស់ខ្លួនសុំឲ្យមានលក្ខខណ្ឌការងារល្អប្រសើរជាងមុន។
ការប៉ះទង្គិចគ្នាកាលពីម្សិលមិញជាមួយនគរបាលនៅជិតស្ពានស្ទឹងមានជ័យក្នុងក្រុងភ្នំពេញ ដែលនគរបាលបានបាញ់ត្រូវស្ត្រីម្នាក់ស្លាប់ និងធ្វើឲ្យមនុស្សជាច្រើននាក់ទៀតរងរបួសនោះ គឺជាលើកទី៣ហើយចាប់តាំងពីខែកញ្ញាមក ដែលការតវ៉ារបស់កម្មករនៅរោងចក្រ SL បានក្លាយជាហិង្សា។ ការទាមទារជាធម្មតារបស់កម្មករនៅរោងចក្រ SL គឺការដំឡើងប្រាក់ខែ និងប្រាក់ឧបត្ថម្ភអាហារថ្ងៃត្រង់ ប៉ុន្តែការទាមទារផ្សេងៗទៀតមិនមែនជារឿងធម្មតាឡើយ។
ក្នុងចំណោមការទាមទារដ៏សំខាន់របស់កម្មករ គឺឲ្យលោក មាស សុថា ជាប្រធានរដ្ឋបាល និងជាម្ចាស់ភាគហ៊ុននៅក្នុងរោងចក្រ SL នោះលាឈប់ ដែលកម្មករនិយាយថា ជាអ្នកទទួលខុសត្រូវចំពោះការដាក់កងកម្លាំងប្រដាប់អាវុធនៅក្នុងរោងចក្រនេះ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដើម្បីបំភិតបំភ័យកម្មករដែលមានបំណងបង្កើតសហជីព។
លោក អ៊ុំ វិសាល តំណាងសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ស៊ីខាវឌូ)នៅរោងចក្រនេះ បានរៀបចំការធ្វើកូដកម្មរបស់សមាជិកខ្លួនមានមានរយៈពេលបីខែហើយរហូតមកទល់ពេលនេះ នៅរោងចក្រ SL។ លោក វិសាល បាននិយាយថា ចាប់តាំងពីលោក មាស សុថា បានចូលកាន់កាប់តួនាទីគ្រប់គ្រងរោងចក្រនេះកាលពីពាក់កណ្ដាលឆ្នាំនេះមក កងកម្លាំងប្រដាប់អាវុធត្រូវបានដាក់នៅក្នុង និងជុំវិញរោងចក្រនេះ ប្រធានសហជីពគឺជាគោលដៅចំពោះការបំភិតបំភ័យ និងការបង្ក្រាបកូដកម្មយ៉ាងចាស់ដៃពីសំណាក់អាជ្ញាធរ។លោក វិសាល បាននិយាយថា “នេះហើយជាមូលហេតុដែលកម្មករទាំងអស់ស្អប់គាត់ខ្លាំង”។
កាលពីថ្ងៃទី៦ ខែកញ្ញា កម្មករចំនួន៧០០នាក់ដែលត្រូវបានបណ្ដេញចេញដោយសារការតវ៉ានោះ ត្រូវបានអនុញ្ញាតឲ្យចូលធ្វើការវិញ បន្ទាប់ពីមានការចរចារវាងសហជីព ស៊ីខាវឌូ គណៈគ្រប់គ្រងរោងចក្រ លោក បា៉ សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។ ប៉ុន្តែការចរចានេះមិនបានទប់ស្កាត់ការធ្វើកូដកម្មនៅរោងចក្រ SL ទេ។
បីសប្ដាហ៍ក្រោយមក កូដកម្មបានផ្ទុះឡើងដែលនៅក្នុងនោះកម្មករតវ៉ាចំនួន៣០០នាក់បានសម្រុកចូលបរិវេណរោងចក្រនេះ ហើយបានបំផ្លាញរថយន្តជាង៣០គ្រឿង ព្រមទាំងកុំព្យូទ័រ និងម៉ាស៊ីនផ្សេងៗទៀតនៅក្នុងរោងចក្រនេះ។ ការទាមទារមួយក្នុងចំណោមការទាមទាររបស់កម្មករទាំងនេះ គឺការទាមទារឲ្យដកលោក សុថា ចេញ ហើយលោក សុថា បាននិយាយនៅពេលនោះថា គាត់គ្មានគម្រោងលាឈប់នោះទេ ព្រោះគាត់ជាម្ចាស់ភាគហ៊ុនម្នាក់នៅក្នុងរោងចក្រនេះ។ គាត់ក៏បានសន្យាប្ដឹងអ្នកដែលទទួលខុសត្រូវចំពោះការខូចខាតនៅក្នុងរោងចក្រនេះដែរ។
ចាប់តាំងពីពេលនោះមក កម្មករបានត្អូញត្អែរថា មានការដាក់កងរាជអាវុធហត្ថជាប្រចាំនៅរោងចក្រនេះ ជាទង្វើមួយដែលមន្ត្រីសាលារាជធានីអះអាងថា ជាការចំាបាច់ដើម្បីរក្សាសណ្ដាប់ធ្នាប់របស់កម្មករ។ កាលពីថ្ងៃទី២១ ខែតុលា កម្មករបានធ្វើដំណើរទៅកាន់ភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅកណ្ដាលរាជធានីភ្នំពេញ ហើយប្រធានសហជីពនិយាយថា កម្មករបានប្រើវិធីសាស្ត្រថ្មីមួយ ដោយដើរចូលទៅក្នុងសួនច្បារនៅក្បែរនោះ ដើម្បីកុំឲ្យមានការសង្ស័យពីអាជ្ញាធរ រហូតដល់ពួកគេបានធ្វើបាតុកម្មពេញលេញនៅខាងមុខភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី។
នគរបាលបង្ក្រាបកុបកម្ម បានរុញច្រានអ្នកតវ៉ាទាំងនោះឲ្យចេញពីភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយក្រោយមកបានបែកគ្នាវិញបន្ទាប់ពីលោក អាត់ ធន់ ប្រធានសហជីពស៊ីខាវឌូ និងលោក ប៉ា សុជាតិវង្ស បានព្រមព្រៀងគ្នាដោះស្រាយជម្លោះនេះនៅតុចរចា។ ប៉ុន្តែការចរចានោះមិនបានកើតឡើងទេ។
ដោយឥឡូវនេះ មានការបាញ់ស្លាប់ឈ្មោះ អេង សុខុំ អ្នកលក់ម្ហូបអាហារនៅតាមចិញ្ចើមផ្លូវអំឡុងពេលតវ៉ាកាលពីម្សិលមិញនេះ ការធ្វើបាតុកម្មនៅរោងចក្រ SL បានធ្វើឲ្យមានមនុស្សស្លាប់ជាលើកដំបូង។ ដោយមិនគិតអំពីការកស្លាប់ ឬការរងរបួសនោះ លោក សុថា ម្ចាស់ភាគហ៊ុនរោងចក្រនេះបាននិយាយកាលពីម្សិលមិញថា គាត់នៅតែគ្មានគម្រោងលាឈប់ដដែល ហើយគាត់បានបន្ថែមថា គាត់មិនមែនជាអ្នកទទួលខុសត្រូវចំពោះទង្វើរបស់នគរបាល និងមិនសមទទួលការស្អប់ខ្ពើមពីកម្មករនោះទេ។
លោក សុថា បាននិយាយថា “ខ្ញុំគ្មានសិទ្ធិបញ្ជាឲ្យកងរាជអាវុធហត្ថបង្ក្រាបអ្នកតវ៉ាទេ ប៉ុន្តែអាជ្ញាធរមានភារកិច្ចរក្សាសន្តិសុខសម្រាប់ប្រជាជន”។ គាត់បានបន្ថែមថា “ កម្មករស្អប់ខ្ញុំពីព្រោះពួកគេយល់ច្រឡំ”។
លោក កែន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលមាន រោងចក្រ SL ជាសមាជិកមួយដែរនោះ បាននិយាយថា ដោយមិនគិតអំពីការកើតទុក្ខមិនសុខចិត្តរបស់ពួកគេនោះ សហជីពគ្មានសិទ្ធិទាមទារឲ្យមានការផ្លាស់ប្ដូរគណៈគ្រប់គ្រងរោងចក្រនេះទេ។ លោក កែន លូ បានមានប្រសាសន៍ថា “កម្មករ ឬសហជីពគ្មានសិទ្ធិសម្រេចថា តើនរណាជាអ្នកដែលត្រូវក្រុមហ៊ុនសម្រេចជ្រើសរើសឲ្យធ្វើជាតំណាងអ្នកគ្រប់គ្រង់របស់ ខ្លួននោះឡើយ”។
លោកបានសួរថា “ប្រសិនបើបញ្ហានេះកើតឡើងនៅរោងចក្រមួយ រោងចក្រផ្សេងនឹងស្នើសុំឲ្យធ្វើដូចគ្នានេះដែរ ដូច្នេះតើឯណាទៅទីបញ្ចប់នោះ?”។
លោក កែន លូ បានមានប្រសាសន៍ថា អ្នកគ្រប់គ្រងរោងចក្រអាចពិចារណាចំពោះសំណើសុំឲ្យមានការដកកងកម្លាំងសន្តិសុខចេញពីរោងចក្រ ជាជាងដកលោក សុថា។ លោកបានមានប្រសាសន៍ថា “ពិតមែនហើយ អ្នកគ្រប់គ្រងរោងចក្រ SLបានដាក់កម្លាំងសន្តិសុខទាំងអស់នេះ”។
លោក កែន លូ បានបន្ថែមថា “ប្រសិនបើអ៊ីចឹងមែន កម្មករគួរតែតវ៉ាឲ្យមានការដកកម្លាំងប្រដាប់អាវុធចេញពីរោងចក្រនេះ។ប្រសិនបើមានការទាមទារបែបនោះមែន ខ្ញុំគិតថារោងចក្រនឹងធ្វើការពិចារណា”។
ប៉ុន្តែ លោក មឿន តុលា ប្រធានកម្មវិធីការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានមានប្រសាសន៍ថា ការដែលលោក សុថា នៅបន្តធ្វើជាប្រធានរដ្ឋបាលនៅរោងចក្រនេះទៀតនោះនឹងរារាំងមិនឲ្យមានដំណោះស្រាយលើវិវាទរវាងកម្មករ និងអ្នកគ្រប់គ្រងឡើយ។ លោក មឿន តុលា បានមានប្រសាសន៍ថា ចាប់តាំងពីបុគ្គលនេះចូលមកធ្វើការនៅរោងចក្រនេះមក មានវិវាទកើតឡើងច្រើនណាស់រវាងអ្នកគ្រប់គ្រង និងកម្មករ” ។
លោកចាត់ទុកការដាក់ពង្រាយកម្លាំងសន្តិសុខប្រដាប់អាវុធ និងការរឹតត្បឹតលើសកម្មភាពរបស់សហជីពថា ជាចំណាត់ការមិនទទួលបានប្រជាប្រិយភាពសោះរបស់លោក សុថា នៅរោងចក្រ SL នេះ។ លោកបានមានប្រសាសន៍ថា “ មិនមានដំណោះស្រាយសម្រាប់កម្មករនៅរោងចក្រ SL ទេ លុះណាតែការទាមទារសុំឲ្យដកលោក មាស សុថា ចេញ ត្រូវបានឆ្លើយតប។
នៅពេលដែលយើងនិយាយទៅកាន់កម្មករ គាត់គឺជាមូលហេតុដែលធ្វើឲ្យកម្មករចេញមកតវ៉ា”។ លោក ដេវ វេល នាយកប្រចាំប្រទេសនៃមជ្ឈមណ្ឌលសាមគ្គីភាព ជាអង្គការគាំទ្រសិទ្ធិកម្មករ ដែលមានមូលដ្ឋាននៅអាមេរិក មានប្រសាសន៍ថា បញ្ហានេះអាចដោះស្រាយបាន ប៉ុន្តែត្រូវធ្វើឲ្យបានឆាប់។
លោក វេល បានមានប្រសាសន៍ថា “ អ្វីដែលសហជីពត្រូវដោះស្រាយនោះ គឺការគំរាមកំហែងដល់រាងកាយ និងការមិនអាចពិភាក្សាជារួមបាន។ ហើយប្រសិនបើរោងចក្រអាចដោះស្រាយបញ្ហាទាំងនេះបានច្រើន ភាពតាងតឹងនឹងថយចុះ”។
លោក ខៀវ សាវុធ ប្រធានគណៈកម្មការដោះស្រាយវិវាទការងារនៅក្រសួងការងារ បានមានប្រសាសន៍ថា លោកបានអញ្ជើញតំណាងសហជីពរោងចក្រ SL មកចូលរួមប្រជុំនៅរសៀលថ្ងៃនេះដើម្បីព្យាយាមដោះស្រាយវិវាទនោះ៕ គឹមហឿន