កាលពីម្សិលមិញ នគរបាលបានបដិសេធមិនទទួលខុសត្រូវចំពោះការបាញ់ស្លាប់អ្នកលក់អាហារតាមចិញ្ចើមផ្លូវម្នាក់ បន្ទាប់ពីក្រុមប៉ូលីសបានបាញ់គ្រាប់កាំភ្លើងពិតរះ អំឡុងការប៉ះទង្គិចគ្នាជាមួយកម្មកររោងចក្រកាត់ដេរ នៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញកាលពីថ្ងៃអង្គារ ដោយអ្នកនាំពាក្យរដ្ឋាភិបាលម្នាក់និយាយថា កងកម្លាំងសន្តិសុខអាចប្រើមធ្យោបាយណាមួយ ដើម្បីការពារខ្លួន និងការពាររដ្ឋ។

អ្នកស្រី អេង សុខុមអាយុ៤៩ឆ្នាំកំពុងលក់ម្ហូបអាហារឲ្យភ្ញៀវ ស្រាប់តែនៅពេលនោះអ្នកស្រីត្រូវបានបាញ់ចំទ្រូងស្លាប់តែម្តង អំឡុងពេលមានការប៉ះទង្គិចគ្នារវាងកម្មកររោងចក្រកាត់ដេរ អេសអិល ជនស៊ីវិល និងនគរបាលបង្ក្រាបកុបកម្មនៅក្នុងខណ្ឌមានជ័យ។
កម្មកររោងចក្រអេសអិល បានប៉ុនប៉ងហែក្បួនទៅកាន់ភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែ ត្រូវបាននគរបាលរារាំង។ ភាពតានតឹងបានកើនឡើងកាន់តែខ្លាំង និងមានការគប់ដុំថ្មដាក់នគរបាលហើយដំបូងនគរបាលបានតបតវិញ ដោយការបាញ់ទឹក ហើយបន្ទាប់មកបានប្រើឧស្ម័នបង្ហូរទឹកភ្នែក បាញ់គ្រាប់ជ័រ និងគ្រាប់ពិត។
អ្នកកាសែត និងអ្នកឃ្លាំមើលសិទ្ធិមនុស្សនៅកន្លែងកើតហេតុបានឃើញមន្ត្រីនគរបាលជាច្រើននាក់បាញ់អ្នកតវ៉ា ដែលគប់ដុំថ្ម រីឯរូបភាពវីដេអូ និងរូបថតនគរបាលប្រដាប់ដោយកាំភ្លើងត្រូវបានផ្សព្វផ្សាយជាច្រើនតាមបណ្តាញផ្សព្វផ្សាយសង្គម។ មនុស្សប្រាំបួននាក់ទៀតក៏បានរងរបួសដែរ ហើយមួយចំនួនរងរបួសដោយគ្រាប់កាំភ្លើង។
លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិបានមានប្រសាសន៍ថា “នគរបាលសូមបដិសេធចំពោះសេចក្តីរាយការណ៍ដែល ថា នគរបាលបានបាញ់សម្លាប់ស្ត្រីម្នាក់”។ លោកបានអះអាងថា “យើងមិនទាន់ដឹងថា គ្រាប់កាំភ្លើងនោះបាញ់ចេញពីទីណាទេ ពីព្រោះការស្លាប់ស្ត្រីរូបនេះមិនស្ថិតក្នុងតំបន់ប្រតិបត្តិការរបស់នគរបាលឡើយ”។
អ្នកនាំពាក្យរូបនេះបានទទួលស្គាល់ថា “នគរបាលពិតជាបានបាញ់កាំភ្លើងមែន” ប៉ុន្តែ លោកបានបញ្ជាក់ថា គ្រាប់កាំភ្លើងទាំងនោះមិនបានទៅហួសពីព្រំដែនប្រតិបត្តិការដែលមើលមិនឃើញរបស់នគរបាលទេ។ លោកបានមានប្រសាសន៍ថា នគរបាលមិនស៊ើបអង្កេតដោយផ្ទាល់លើការបាញ់ជនស៊ីវិលនេះទេ។ លោកបានមានប្រសាសន៍ទៀតថា “លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញបានប្រាប់ខ្ញុំថា នគរបាលជាតិនឹងដឹកនាំក្រុមស៊ើបអង្កេត”។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា អ្នកស្រី អេង សុខុំ ស្លាប់ដោយចៃដន្យ។ លោកបានមានប្រសាសន៍ថា “វាគឺជាការចៃដន្យ [សម្រាប់ អ្នកស្រី អេង សុខុំ]”។ លោកបានមានប្រសាសន៍ថា “អ្នកតវ៉ាមួយចំនួនមិនប្រើហិង្សាទេ ប៉ុន្តែ អ្នកតវ៉ាផ្សេងទៀតគឺជាអ្នកបង្កបញ្ហា។ ប្រសិនបើពួកគេប្រើអំពើហិង្សាមកលើអាជ្ញាធរវាគឺជាការប្រឆាំងនឹងអំណាចរដ្ឋ។ ពួកគេប្រើអាវុធគ្រប់ប្រភេទទាំងអស់ ដូចជា ចំពាមកៅស៊ូ ដុំថ្ម ដំបង និងគ្រាប់ឃ្លី”។ លោកបានឲ្យដឹងទៀតថា “នៅពេលណាយើងឃើញជនឆ្លៀតឱកាស ព្យាយាមបំផ្លាញទ្រព្យសម្បត្តិរដ្ឋ រដ្ឋមានសិទ្ធិការពារអំណាចរបស់ខ្លួន”។
នៅពេលសួរថា តើរដ្ឋាភិបាលយល់ព្រមឲ្យប្រើគ្រាប់កាំភ្លើងបង្ក្រាបអ្នកតវ៉ា ឬយ៉ាងណានោះ លោកបានឆ្លើយថា “វាអាស្រ័យលើស្ថានភាព។ ប្រសិនបើនគរបាលដឹងថា មានការគំរាមកំហែងដល់ជីវិតរបស់ខ្លួននោះពួកគេមានការទទួលខុសត្រូវក្នុងការការពារអំណាចរដ្ឋ ព្រមទាំងការពារជីវិតរបស់ពួកគេផ្ទាល់ផងដែរ”។
លោកបានមានប្រសាសន៍ថា “នគរបាលគ្មានបំណងសម្លាប់នរណាម្នាក់ទេ។ ប៉ុន្តែ ពួកគេភាគច្រើនព្យាយាមការពារនីតិរដ្ឋ និងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ។ មនុស្សដែលស្លាប់ទាំងអស់នោះ គឺស្លាប់ដោយចៃដន្យ។ លោកបានឃើញនៅក្នុងសេចក្តីប្រកាសរបស់នគរបាលជាតិហើយ ពួកគេនិយាយថា ពួកគេមានការសោកស្តាយណាស់”។
អ្នកការពារសិទ្ធិមនុស្សបាននិយាយកាលពីម្សិលមិញថា ការស៊ើបអង្កេតរបស់នគរបាលជាតិនឹងធ្វើឲ្យមាននិទណ្ឌភាពដូចដែលបានកើតឡើងជារឿយៗកន្លងមក។ នៅពេលសួរអំពីការវិវឌ្ឍនៃការស៊ើបអង្កេតរបស់នគរបាលទៅលើការបាញ់ស្លាប់អ្នកឈរមើលហេតុការណ៍ប៉ះទង្គិចគ្នារវាងនគរបាល និងអ្នកតវ៉ានៅតាមស្ពានព្រះមុនីវង្សកាលពីខែកញ្ញានោះ លោក ឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ថា លោកមិនបានទទួលព័ត៌មានថ្មីទេ។
ជនរងគ្រោះឈ្មោះ ម៉ៅ សុខចាន់ អាយុ២៩ឆ្នាំ ត្រូវបានបាញ់ស្លាប់នៅស្ពានអាកាសក្បាលថ្នល់ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ខែកញ្ញា បន្ទាប់ពីនគរបាលបានបាញ់ទៅលើក្រុមយុវជនគប់ដុំថ្ម ដែលខឹងចំពោះការបិទផ្លូវ ការកកស្ទះចរាចរណ៍យ៉ាងយូរ បន្ទាប់ពីការតវ៉ារបស់គណបក្សប្រឆាំងបានមួយថ្ងៃនៅក្នុងរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធបានមានប្រសាសន៍ថា “ខ្ញុំមិនបានដឹងពី ការវិវឌ្ឍលើការបាញ់នៅស្ពានព្រះមុនីវង្សទេ”។ បុគ្គលិកសិទ្ធិមនុស្ស និងលោក ជួន ណារិន ស្នងការរងនគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ក្មេងជំទង់ពីរនាក់ដែលតាមចោទថា បានជាប់ពាក់ព័ន្ធក្នុងការប៉ះទង្គិចគ្នានៅស្ទឹងមានជ័យកាលពីថ្ងៃអង្គារ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ បន្ទាប់ពីនគរបាលបានឃុំខ្លួនមួយយប់នៅស្នងការដ្ឋានរាជធានី។
លោក ជួន ណារិន បានមានប្រសាសន៍ថា “មនុស្សពីរនាក់ត្រូវបានបញ្ជូនទៅតុលាការពីព្រោះពួកគេតាមចោទថា បានបំផ្លាញទ្រព្យសម្បត្តិរដ្ឋ និងគប់ដុំថ្មដាក់នគរបាល”។លោកបានប្រាប់ថា ជនសង្ស័យទាំងនោះមានឈ្មោះ មាស ណុន អាយុ១៥ឆ្នាំ និងវ៉ាន់ នី វ៉ាន់ណន អាយុ១៩ឆ្នាំ។ ក្នុងចំណោមមនុស្ស ដែលត្រូវបានចាប់ខ្លួនទាំង៣៩នាក់នៅពេលមានការប៉ះទង្គិចគ្នាកាលពីថ្ងៃអង្គារនេះ មានព្រះសង្ឃប្រាំពីរអង្គ ប៉ុន្តែ ត្រូវបានដោះលែងវិញហើយនៅថ្ងៃនោះ និងមនុស្ស២៩នាក់ទៀតត្រូវបានដោះលែងកាលពីម្សិលមិញ។
នៅពេលសួរអំពីការបាញ់ជនស៊ីវិលពីសំណាក់មន្ត្រីនគរបាលរបស់លោក កាលពីថ្ងៃអង្គារនោះ លោក ជួន ណារិន បានមានប្រសាសន៍ថា “ឥឡូវនេះ ខ្ញុំសួរលោកវិញតើលោកបានឃើញនគរបាលបាញ់ប្រជាជននិងឃើញពួកគេស្លាប់ភ្លាមៗនៅកន្លែង កើតហេតុច្បាស់ទេ?”។
អ្នកយកព័ត៌មាន កាសែត ខេមបូឌា ដេលី បានឃើញមន្ត្រីនគរបាលម្នាក់បាញ់ឈ្មោះ ហឿន ចាន់ អាយុ២០ឆ្នាំ យ៉ាងកៀក ត្រូវត្រង់ពោះ ដោយគ្មានហេតុផលច្បាស់លាស់នៅក្នុងបរិវេណវត្តស្ទឹងមានជ័យ។ ក្រោយមកអ្នកយកព័ត៌មានរូបនេះបាននាំនិស្សិតដែលរងការបាញ់ប្រហាររូបនេះទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដែលនៅទីនោះគ្រូពេទ្យបានវះកាត់យកក្បាលគ្រាប់ចេញពីឆ្អឹងផាលរបស់យុវជនរូបនេះ។
កាលពីម្សិលមិញលោកស្រី ណាលី ពីឡូក ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ បានទាមទារឲ្យមានការស៊ើបអង្កេតដោយឯករាជ្យលើការបាញ់នេះ។លោកស្រីបានសួរថា “ត្រូវមានការស៊ើប អង្កេតដោយឯករាជ្យ ប៉ុន្តែ យើងក៏ត្រូវការសើុបអង្កេតលើការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រងរោងចក្រនេះផងដែរថា ហេតុអ្វីបានជាពួកគេមិនដោះស្រាយពាក្យបណ្តឹងរបស់កម្មករ?”។
លោកស្រីបានមានប្រសាសន៍ថា “អង្គការក្រៅរដ្ឋាភិបាលកំពុងទាមទារឲ្យមានការស៊ើបអង្កេត ពីព្រោះមានគំរូម្តងហើយម្តងទៀតនៅពេលមានការប៉ះទង្គិចគ្នា ហើយមានតែប្រជាជន ដែលគ្មានអាវុធប៉ុណ្ណោះ គឺជាមនុស្សដែលត្រូវនាំខ្លួនទៅតុលាការ ដើម្បី ដាក់ទោស”។
បន្ថែមពីលើអំពើហិង្សាកាលពីថ្ងៃអង្គារ លោកស្រី ពីឡូក ក៏បានចាត់ទុកការបាញ់ស្លាប់ ម៉ៅ សុខចាន់ នៅជិតស្ពានព្រះមុនីវង្ស និងការវាយប្រហារកាលពីថ្ងៃទី២២ ខែកញ្ញា ពីសំណាក់ជនពាលគំាទ្ររដ្ឋាភិបាលទៅលើក្រុមអ្នកតវ៉ាដោយសន្តិវិធីនៅវត្តភ្នំ ហើយនគរបាលជាអ្នកឈរមើលនោះថា ជាគំរូពីរក្នុងចំណោមគំរូនិទណ្ឌភាពនាពេលថ្មីៗនេះ។
លោកស្រីបានមានប្រសាសន៍ថា “នៅក្នុងហេតុការណ៍ទាំងបីករណីនេះ មិនដែលមានការបន្ទោសនគរបាលចំពោះអំពើហិង្សារបស់ខ្លួនទេ ហើយនៅក្នុងករណីកាលពីថ្ងៃទី១៥ ខែកញ្ញា និងករណីស្លាប់អ្នកស្រី អេង សុខុំ កាលពីម្សិលមិញនេះ គឺជាការស្លាប់ដែលមិនមានមនុស្សទទួលខុសត្រូវ”។
រូបភាពវីដេអូ ដែលអង្គការលីកាដូ ផ្សព្វផ្សាយកាលពីល្ងាចម្សិលមិញ បង្ហាញឲ្យឃើញ យ៉ាងច្បាស់ពីមន្ត្រីនគរបាលជាច្រើននាក់ ដែលបានលើកកាំភ្លើងបាញ់ទៅលើក្រុមអ្នកតវា៉ ព្រមទាំងទាត់ និងវាយប្រហារព្រះសង្ឃនឹងដំបងឆក់។ វីដេអូមួយទៀតបង្ហាញពីមន្ត្រីម្នាក់ដែលបានប្រាប់និស្សិតម្នាក់ថា ខ្លួននឹងសម្លាប់និស្សិតរូបនេះ ហើយយកខ្មោចទៅបោះចោល។
លោក រ៉ូពើត អាប់បុត អ្នកស្រាវជ្រាវនៅអង្គការស្រាវជ្រាវនៅកម្ពុជា បានមានប្រសាសន៍ថា ហេតុការណ៍កាលពីថ្ងៃអង្គារ នៅកម្ពុជាបង្ហាញថា មានបញ្ហាជាច្រើនពាក់ព័ន្ធនឹងការដោះស្រាយបាតុកម្មពីសំណាក់អាជ្ញាធរ និងមានលទ្ធផលមិនល្អពេលដែលបញ្ហាទាំងនោះបញ្ចប់ដោយសោកនាដកម្ម។
លោក អាប់បុត បានមានប្រសាសន៍ថា “ក្នុង រយៈពេលប៉ុន្មានសប្តាហ៍ និងប៉ុន្មានខែថ្មីៗ នេះយើងបានឃើញកងកម្លាំង សន្តិសុខជាច្រើនបានប្រើកម្លាំងហួសហេតុដើម្បីបង្ក្រាបអ្នកតវ៉ា ហើយក្រោយពីការបង្ក្រាបនោះហាក់បីដូចជាគ្មានការសើុបអង្កេត និងមានអ្នកទទួលខុសត្រូវឡើយ”។
លោកបានបន្ថែមថា “ពិតជាមានគ្រោះថ្នាក់ដោយសារនិទណ្ឌភាពមែន ហើយវាធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរម្តងហើយម្តងទៀត”។ ក្នុងចំណោមករណីផ្សេងៗទៀត គ្មាននរណាម្នាក់ទទួលខុសត្រូវចំពោះការស្លាប់ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ឈ្មោះ ហេង ចន្ថា ដែលបានស្លាប់នៅពេលកងកម្លាំងសន្តិសុខសម្រុកចូលទៅក្នុងភូមិប្រមា នៅក្នុងខេត្តក្រចេះ កាលពីឆ្នាំ២០១២ ដើម្បីបណ្តេញប្រជាជនពីទីនោះទេ។
លើលពីនេះទៀតនោះ ឈូក បណ្ឌិត អតីត អភិបាលក្រុងបាវិត នៅតែបន្តគេចវេះពីសំណាញ់ច្បាប់ បន្ទាប់ពីត្រូវបានរកឃើញពិរុទ្ធភាពពីបទបាញ់កម្មការិនីបីនាក់ឲ្យរបួស។ បុគ្គលិកអង្គការសិទ្ធិមនុស្សនិយាយថា ថ្វីបើ តុលាការបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល១៨ខែក៏ដោយ ក៏គាត់នៅតែស្ថិតនៅក្រៅឃុំដដែល និងមានការការពារពីមិត្តភក្តិមានអំណាចនៅក្នុងរដ្ឋាភិបាល។
រោងចក្រ អេសអិល ដែលជាប់ពាក់ព័ន្ធនឹងហេតុការណ៍ថ្មីនេះផលិតសម្លៀកបំពាក់ ឲ្យក្រុមហ៊ុន Gap និងក្រុមហ៊ុន H&M។ លោក ឡូរ៉ា វីលគីនសុន អ្នកនាំពាក្យក្រុមហ៊ុន Gap បានលើកឡើងក្នុងសេចក្តីប្រកាសថា ក្រុមហ៊ុនមានការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីបានដឹងអំពីអំពើហិង្សាថ្មីនេះ។
លោកបានលើកឡើងថា “យើង និងក្រុម ហ៊ុនផ្សេងទៀតបានស្នើសុំឲ្យកម្មវិធីរោងចក្រ ល្អប្រសើរនៅកម្ពុជារបស់អង្គការពលកម្មអន្តរជាតិ និងក្រុមប្រឹក្សាអាជ្ញាកណ្តាលកម្ពុជា ធ្វើអន្តរាគម។ យើងបន្តជំរុញឲ្យភាគីទាំងអស់ចរចាដោយសន្តិវិធី។ យើងក៏បានទាក់ទងអ្នកគ្រប់គ្រងរោងចក្រ អេសអិល ផងដែរ ដើម្បីជំរុញឲ្យអ្នកគ្រប់គ្រងដោះស្រាយបញ្ហារបស់កម្មករជាបន្ទាន់”។ នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន អង្គការពលកម្មអន្តរជាតិបានថ្កោលទោសយ៉ាងខ្លាំងចំពោះការប្រើហិង្សាពីអ្នកតវ៉ា និងអាជ្ញាធរ។
គ្រួសារដែលមានទុក្ខក្រៀមក្រំរបស់អ្នកស្រី អេង សុខុំ កំពុងរៀបចំបូជាសពអ្នកស្រីនៅថ្ងៃនេះ។ កាលពីម្សិលមិញ តំណាងគណបក្សសង្គ្រោះជាតិបានទៅសួរសុខទុក្ខពួកគាត់និងបានបរិច្ចាគថវិកាដល់គ្រួសារនេះ។ សាលារាជធានីភ្នំពេញក៏បានចំណាយថវិកាសម្រាប់ពិធីបុណ្យសពអ្នកស្រីផងដែរ។
លោក ង៉ែត វង្ស អាយុ៥១ឆ្នាំ ជាប្តីរបស់អ្នកស្រី អេង សុខុំ បាននិយាយថា លុយប៉ុន្មាន ក៏មិនស្មើនឹងការស្លាប់ប្រពន្ធរបស់គាត់ដែរ។ គាត់បាននិយាយថា “លុយដែលអាជ្ញាធរឲ្យយើងមិនអាចនាំប្រពន្ធខ្ញុំមកវិញបានទេពីព្រោះពួកគេជាអ្នកទទួលខុសត្រូវចំពោះរឿងនេះ”៕គឹមហឿន
(រាយការណ៍បន្ថែមដោយ ឃួន ណារីម និង ម៉ិច ដារ៉ា)