ចាប់តាំងពីកសាងក្នុងសតវត្សរ៍ទី១២មក អង្គរវត្តបានក្លាយជាប្រាសាទសាសនាហិណ្ឌូធំជាងគេបំផុតក្នុងពិភពលោក។ ប៉ុន្តែកាលពីម្សិលមិញ ប្រទេសឥណ្ឌាបានបង្ហាញគំរូប្រាសាទថ្មីមួយយកលំនាំតាមអង្គរវត្ត ដែលនឹងដណ្ដើមឯតទគ្គកម្មនោះបានយ៉ាងងាយ ដោយមានកម្ពស់ខ្ពស់ជាងប្រាសាទអង្គរវត្តជិតពីរដងនៅពេលសាងសង់ចប់រួចរាល់ នេះបើតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា។
ប្រាសាទឥណ្ឌាថ្មី ដែលនឹងសាងសង់នៅក្នុងខេត្តប៊ីហា ហើយនឹងគ្របដណ្ដប់លើផ្ទៃដីជាង៨០ហិកតានេះ ដំបូងឡើយគ្រោងសាងសង់ជាអង្គរវត្តចម្លងដូចគ្នាបេះបិទ ប៉ុន្តែដោយសារតែរដ្ឋាភិបាលកម្ពុជាបានជំទាស់ទាំងកំហឹងចំពោះការប្រើប្រាស់និមិត្តរូបជាតិរបស់ខ្លួននោះ បានធ្វើឲ្យប្រទេសឥណ្ឌាផ្អាកគម្រោងសាងសង់នេះកាលពីខែមីនា ឆ្នាំ២០១២។
ទោះជាយ៉ាងណា បច្ចុប្បន្នគម្រោងមួយនេះកំពុងតែដំណើរការឆ្ពោះទៅមុខ ដោយប្រើឈ្មោះថ្មី និងរចនាបទថ្មី នេះបើយោងតាមការធ្វើសេចក្ដីរាយការណ៍របស់ កាសែតHindustan Times ។ យោងតាមកាសែតដដែលនេះបានឲ្យដឹងថា សំណង់អង្គរចម្លង ដែលកំពុងត្រូវបានសាងសង់ដោយមូលនិធិ Board of Religious Trusts របស់រដ្ឋប៊ីហា និងមានកម្ពស់ជាង១២០ម៉ែត្រ ហើយនឹងផ្ទុកមនុស្សបានចំនួន២០.០០០នាក់នៅក្នុងបរិវេណរបស់វា។
លោក ឌីណេស ប៉ាតណាអ៊ីក (Dinesh Patnaik) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានមានប្រសាសន៍ ដោយគោរពតាមការជំទាស់របស់កម្ពុជាចំពោះគម្រោងនេះ រដ្ឋាភិបាលឥណ្ឌាបានស្នើសុំឲ្យអ្នករចនាប្លង់កុំចម្លងតាមរចនាបទអង្គរ ហើយសុំឲ្យពួកគេដូរឈ្មោះ ប្រាសាទនេះពីប្រាសាទវីរ៉ាត អង្គរវត្តរ៉ាមម៉ានឌា (Viraat Angkor Wat Ram Mandir) ទៅជាប្រាសាទ វីរ៉ាត រ៉ាមាយ៉ាន ម៉ានឌា (Viraat Ramayan Mandir) វិញ។ អ្នករចនាបទទាំងនោះក៏បានសម្រេចចិត្តធ្វើឲ្យវាធំជាងខ្លាំងផងដែរបើប្រៀបធៀបទៅនឹងប្រាសាទ ដើមនៅក្នុងខេត្តសៀមរាប។
លោក ប៉ាតណាអ៊ីក បានមានប្រសាសន៍ថា “គម្រោងប្លង់ត្រូវបានកែប្រែ ដោយសារតែការគោរពរបស់យើង ហើយឈ្មោះប្រាសាទក៏បានផ្លាស់ប្ដូរដែរ។ ប្រាសាទនេះនឹងមានទំហំធំជាងប្រាសាទអង្គរវត្តឆ្ងាយណាស់ ហើយវានឹងមានកំពូលច្រើនជាង”។ លោកបានមានប្រសាសន៍ថា នៅក្នុងប្រទេសឥណ្ឌានាពេលនេះគឺជាពេលបោះឆ្នោត ហើយថា រដ្ឋាភិបាលចង់កសាងប្រាសាទធំមួយ។ តែទោះជាយ៉ាងណា លោកបានមានប្រសាសន៍ថា ទោះជាប្រាសាទនេះស្រដៀងគ្នាទៅនឹងប្រាសាទអង្គរវត្តក៏ដោយ ក៏ប្រាសាទហិណ្ឌូទាំងអស់របស់ឥណ្ឌាមានលក្ខណៈស្រដៀងគ្នាជាខ្លាំង។
ប្រាសាទអង្គរវត្តដែលជាទីតាំងបុរាណវិទ្យាមួយក្នុងចំណោមទីតាំងបុរាណវិទ្យាសំខាន់ៗបំផុតក្នុងពិភពលោក គឺជាចំណុចស្នូលនៃឧស្សាហកម្មទេសចរណ៍ក្នុងប្រទេសកម្ពុជា ដែលទាក់ទាញភ្ញៀវទេសចរចំនួន១,៥៧លាននាក់ក្នុងរយៈពេលប្រាំបួនខែដំបូងនៅឆ្នាំនេះដែលស្មើនឹងចំនួនពាក់កណ្ដាលនៃភ្ញៀវទេសចរអន្តរជាតិសរុបដែលចូលមកទស្សនាប្រទេសកម្ពុជា។
លោក ប៉ាតណាអ៊ីក បានមានប្រសាសន៍ថា ទំហំប្រាសាទថ្មីនេះ នឹងមិនធ្វើឲ្យសម្រស់ទាក់ទាញរបស់អង្គរវត្តធ្លាក់ចុះ ឬធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរទៅកាន់ប្រាសាទដើមនេះឡើយ។ លោកមានប្រសាសន៍បន្ថែមទៀតថា “ភ្ញៀវមិនមែនទៅអង្គរវត្តដោយសារតែទំហំរបស់វានោះទេ ពួកគេទៅដោយសារតែវាជាចំណែកប្រវត្តិសាស្ត្រដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ នៅពេល លោក ដូណាល់ ត្រាំ (Donald Trump) សាងសង់អគារចម្លងតាមរចនាបទប្រាសាទតាច ម៉ាហាល (Taj Mahal) នៅក្នុងទីក្រុងឡាសវេហ្គាស វាមិនធ្វើឲ្យប្រាសាទតាច ម៉ាហាល នៅក្នុងប្រទេសឥណ្ឌាបាត់បង់នោះទេ”។
លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរអប្សរា ដែលគ្រប់គ្រងប្រាសាទអង្គរវត្តបានមានប្រសាសន៍កាលពីម្សិលមិញថា តាមលោកដឹងគឺថា ប្រទេសឥណ្ឌាបានលុបចោលគម្រោងសាងសង់ប្រាសាទនេះហើយ។ ប៉ុន្តែលោកបានយល់ស្របថា នឹងគ្មានប្រាសាទថ្មីណាអាចធ្វើឲ្យប៉ះពាល់ដល់សម្រស់ទាក់ទាញនៃនិមិត្តរូបជាតិរបស់ប្រទេសកម្ពុជាឡើយ។
លោកបានមានប្រសាសន៍ទៀតថា “នៅពេលប្រកាសពីបំណងសាងសង់ប្រាសាទចម្លងនេះ មានការជជែកដេញដោលយ៉ាងខ្លាំង ឧទាហរណ៍ដូចជាយើងនឹងបាត់បង់ភ្ញៀវទេសចរជាដើម។ ប៉ុន្តែអង្គរវត្តមានអាយុកាលជាច្រើនទសវត្សរ៍ ដែលមានតម្លៃជាប្រវត្តិសាស្ត្រ។ វាជាកន្លែងអាថ៌កំបាំងជាទីតាំងដែលមានជីវិតរស់រវើក ហើយនេះគឺជាចំណុចទាក់ទាញរបស់វា”។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី ដែលធ្លាប់បានពណ៌នាពីគម្រោងដើមក្នុងការសាងសង់ប្រាសាទអង្គរវត្តចម្លងថា “គួរឲ្យអាម៉ាស់” និងមានប្រសាសន៍នៅពេលនោះថា លោកគិតថា វានឹងធ្វើឲ្យភ្ញៀវទេសចរភាន់ច្រឡំនោះបានមានប្រសាសន៍កាលពីម្សិលមិញថា លោកជឿជាក់ថា វានឹងមិនល្អជាងប្រាសាទដើមនោះឡើយ។
លោកបានមានប្រសាសន៍ទៀតថា “អង្គរវត្តគឺជាសម្បត្តិបេតិកភណ្ឌពិភពលោក។ វាមានអាយុកាលជាច្រើនសតវត្សរ៍ ហើយសំណង់ថ្មីមិនថា វាមានទំហំធំប៉ុណ្ណានោះទេ គឺមិនអាចប្រៀបធៀបនឹងទីតាំងប្រវត្តិសាស្ត្រមួយគ្មានពីររបស់យើងបានឡើយ ព្រោះវាមិនត្រឹមតែជាសំណង់មួយនោះទេ វាថែមទាំងជាតំណាងឲ្យអារិយធម៌ទៀតផង និងជាសមិទ្ធផលដ៏ថ្លៃថ្លារបស់មនុស្សជាតិ។ ដូច្នេះសំណង់ចម្លងនឹងមិនធ្វើឲ្យប៉ះពាល់ដល់វាសោះឡើយ”៕ សុខុម