បុគ្គលិករោងចក្រ អេសអិល (SL Factory) បានឲ្យដឹងកាលពីម្សិលមិញថា ប្អូនស្រីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាម្ចាស់ក្រុមហ៊ុន សន្តិសុខឯកជនមួយ ដែលត្រូវបាន ជួលឲ្យការពាររោងចក្រ អេសអិល ពីការវាយលុករបស់កម្មកររបស់ខ្លួន ដែលបានធ្វើកូដកម្មអស់រយៈពេលជាងបីខែកន្លងមកនេះ។
យោងតាមលោក សារ៉េត ថុល ជំនួយការរបស់លោកស្រី ហ៊ុន សេងនី ប្អូនស្រីរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា លោកស្រី សេងនី គឺជាម្ចាស់ក្រុមហ៊ុន សន្តិសុខ ហ្គារូដា (Garuda Security) ហើយលោកគឺជាជំនួយការរបស់លោកស្រី សេងនី ក្នុងក្រុមហ៊ុននេះ។ លោកបានឲ្យដឹងបន្ថែម ទៀតថា ចំនួនបុគ្គលិកសន្តិសុខដែលត្រូវបានជួល ឲ្យយាមការពាររោងចក្រ អេសអិល បានកើនឡើងយ៉ាងច្រើន ក្នុងរយៈពេលប៉ុន្មាន ខែកន្លងមកនេះ តាំងពីកូដកម្មបានចាប់ផ្តើម កាលពីខែកញ្ញា។
លោក ថុល បានមានប្រសាសន៍កាលពីម្សិលមិញថា “ យើងគ្រាន់តែដាក់កម្លាំងយាមការពារតិចតួច [នៅរោងចក្រអេសអិល] ប៉ុណ្ណោះ នៅពេលកូដកម្មចាប់ផ្តើម ក៏ប៉ុន្តែ យើងបានបង្កើនកម្លាំងរបស់យើង ពីព្រោះកម្មករបាននិងកំពុងតវ៉ា អស់រយៈពេលប៉ុន្មានខែកន្លងមកនេះ”។ លោក ថុល បានឲ្យដឹងបន្តទៀតថាឥឡូវនេះ មានបុគ្គលិកសន្តិសុខ៧៥នាក់ឈរជើងនៅរោងចក្រនេះជារៀងរាល់ថ្ងៃ ពោលគឺបានកើនឡើងពី១០នាក់ នៅពេលក្រុមហ៊ុនសន្តិសុខនេះ ត្រូវបានរោងចក្រនេះជួលលើកដំបូង កាលពីខែធ្នូ ឆ្នាំ២០១២។ លោកបានបន្តថា លោកមិនបានដឹងថា តើលោកស្រី សេងនី ក៏ជាសមាជិកភាគហ៊ុនមួយរូប នៅក្នុងរោងចក្រ អេសអិល ដែលកំពុងតែត្រៀមការពារខ្លួនពីកម្លាំងកម្មករនេះទេ។ លោកស្រី សេងនី មិនអាចទំនាក់ទំនងធ្វើសេចក្តីអត្ថាធិប្បាយបានឡើយ។
កម្មករនៅរោងចក្រនេះ បានអះអាងកាលពីម្សិលមិញថា ម្នាក់ក្នុងចំណោមកូនប្រុសរបស់លោក ហ៊ុន សែន បានអះអាងចំពោះពួកគេ តាមរយៈសុន្ទរកថាជាសាធារណៈមួយ នៅមុនថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីខែកក្កដាថា ម្តាយមីងរបស់លោក គឺលោកស្រី សេងនី នឹងប្រើតំណែងជាន់ខ្ពស់របស់លោកស្រី នៅរោងចក្រ អេសអិល សម្រាប់យកចិត្តទុកដាក់កម្មកររបស់រោងចក្រនេះ។
លោក ធួង សាវ៉ន កម្មករនៅរោងចក្រ អេសអិល បានឲ្យដឹងថា លោក ហ៊ុន ម៉ានិត កូនប្រុសកណ្តាលរបស់លោក ហ៊ុន សែន បានអះអាងអំឡុងពេលកំពុងបំពេញទស្សនកិច្ចមួយទៅកាន់រោងចក្រ អេសអិល ក្នុងនាម គណបក្សប្រជាជននៅមុនថ្ងៃបោះឆ្នោត។
លោក ធួង សាវ៉ន បានមានប្រសាសន៍ថា “លោក ហ៊ុន ម៉ានិត បានប្រាប់ពួកយើងថា កុំឲ្យបារម្ភ ចាប់ពីពេលនេះតទៅ ពីព្រោះ លោកជំទាវ ហ៊ុន សេងនី គឺជាអគ្គនាយកក្រុមហ៊ុន អេសអិលនេះ។ ដូច្នេះ លោកជំទាវអាចជួយតំឡើងប្រាក់ខែរបស់ពួកយើងបាន”។
លោក មាស សុថា សមាជិកភាគហ៊ុន នៅរោងចក្រ អេសអិល បានបញ្ជាក់ថា រោងចក្រ នេះបានជួលបុគ្គលិកសន្តិសុខ ពីក្រុមហ៊ុន ហ្គារូដា ក៏ប៉ុន្តែ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយ អំពីការជាប់ពាក់ព័ន្ធរបស់លោកស្រី សេងនី ជាមួយរោងចក្រនេះ។ លោក សុថា បានមានប្រសាសន៍ថា “ខ្ញុំមិននិយាយអំពីរឿងរបស់គាត់ទេ ពីព្រោះនេះគឺជាបញ្ហាផ្ទាល់ខ្លួនរបស់គាត់ …។ ខ្ញុំទទួលស្គាល់ថា ក្រុមហ៊ុន អេសអិល បានជួលបុគ្គលិកសន្តិសុខ ពីក្រុមហ៊ុនរបស់គាត់”។ លោក សុថា បានទទួលសំឡេងរិះគន់យ៉ាងច្រើនក្នុងចំណោមកម្មករ ដែលបាននិយាយថា វត្តមានរបស់កម្លាំងសន្តិសុខនៅក្នុងរោងចក្រ និងការគំរាមដែលមេដឹកនាំសហជីពបានបង្កើន តាំងពីពេលលោកបានចូលរួម ក្នុងការងារគ្រប់គ្រងនៅក្នុងរោងចក្រអេសអិល កាលពីពាក់កណ្តាលឆ្នាំនេះ។
លោក ថុល ជំនួយការលោកស្រី សេងនី បានឲ្យដឹងបន្ថែមទៀតថា បុគ្គលិកសន្តិសុខក្រុមហ៊ុន ហ្គារូដា គ្រាន់តែចង់រក្សាស្ថានភាពកុំឲ្យមានរឿងនៅក្នុងរោងចក្រនេះប៉ុណ្ណោះ ហើយ “ មិនត្រូវបានអនុញ្ញាត…ឲ្យប្រើប្រាស់អាវុធ ដើម្បីប្រឈមមុខជាមួយក្រុមអ្នកតវ៉ាទេ សូម្បីតែដំបងវែង ក៏មិនត្រូវបានអនុញ្ញាតឲ្យប្រើដែរ”។
ទោះបីជាយ៉ាងណាក៏ដោយ តំណាងសហព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរកម្ពុជា បានអះអាងថា បុគ្គលិកសន្តិសុខនៅរោងចក្រ អេសអិល បានគំរាមកំហែងកម្មករដែលធ្វើកូដកម្ម ហើយពេលខ្លះបណ្តាលឲ្យមានអំពើហិង្សាទៀតផង។ លោក មាស វណ្ណី មន្ត្រីផ្នែកច្បាប់ នៅសហព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរកម្ពុជា មានប្រសាសន៍ថា “បុគ្គលិកសន្តិសុខក្រុមហ៊ុន ហ្គារូដា មិនបានប្រើអាវុធទេ ក៏ប៉ុន្តែ ពួកគេបានប្រើចំពាមបាញ់កម្មករនៅពេលពួកគេតវ៉ាប្រឆាំងម្ចាស់រោងចក្រអេសអិល”។
លោក សៀង យ៉ូត មន្ត្រីផ្នែកច្បាប់មួយរូបផ្សេងទៀត នៅសហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ក៏បានឲ្យដឹងផងដែរថា បុគ្គលិកសន្តិសុខបានគប់របស់របរផ្សេង ៗ ដូចជា ដុំថ្ម និងដបជាដើម ទៅលើកម្មករដែលធ្វើកូដកម្ម អំឡុងការតវ៉ា កាលពីថ្ងៃទី ៣០ ទី៣១ ខែតុលា និងថ្ងៃទី១ ខែវិច្ឆិកា។ អំពីហិង្សាបានក្លាយជារឿងធម្មតា អំឡុងពេលមានការតវ៉ានៅរោងចក្រ អេសអិល ដែលមានកម្មករធ្វើកូដកម្ម។
ក្នុងចំណោមកម្មករទាំងនោះ ភាគច្រើនជាបុរស ដែលគប់ដុំថ្ម ដូង ឬក៏របស់ផ្សេងៗទៀតទៅលើនគរបាល ឬក៏បុគ្គលិកសន្តិសុខ ដែលបានវាយបកវិញដោយប្រើដំបូង ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក ហើយអំឡុងពេលមានសកម្មភាពតវ៉ាមួយ កាលពីថ្ងៃអង្គារ ក្នុងខណ្ឌមានជ័យ កម្លាំងទាំងនោះបានធ្វើឲ្យផ្ទុះអាវុធ ជាហេតុបណ្តាលឲ្យប្រជាពលរដ្ឋនៅក្បែរនោះម្នាក់ បាត់បង់ជីវិត និងជាច្រើននាក់ផ្សេងទៀតរងរបួសត្រូវព្យាបាល៕សុធា