26 C
Phnom Penh

បុរស​ជន​ជាតិ​ចិន​ម្នាក់​ត្រូវ​ផ្តន្ទាទោស​ពី​បទ​រំលោភ​ក្មេង​ស្រី​អាយុ​១៧ឆ្នាំ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​តុលាការ​ម្នាក់​បាន​ឲ្យ​ដឹង​ថា កាលពី​ម្សិលមិញសាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្តន្ទាទោសបុរស​ជន​ជាតិ​ចិន​​អាយុ​៣៨ឆ្នាំ​ម្នាក់​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​​៧​ឆ្នាំ​ ពី​បទ​រំលោភ​​​ក្មេង​ស្រី​អាយុ១៧ឆ្នាំ​ម្នាក់​​ក្នុង​សង្កាត់​ ព្រែក​ប្រា ខណ្ឌមានជ័យ​ រាជ​ធានី​ភ្នំ​ពេញ​ កាល​​ពីខែ​ធ្នូ​ ឆ្នាំ​មុន។​

លោក សួស សំអាត ចៅក្រម​ប្រធាន​ក្រុម​​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា “តុលាការ​បាន​សម្រេច​ផ្តន្ទា​ទោស​ឈ្មោះ លូ ជិនតុង ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​៧​ឆ្នាំ​ ហើយ​បាន​បង្គាប់​ឲ្យ​គាត់​បង់​ប្រាក់​សំណង​ជំងឺចិត្ត​ទៅ​ឲ្យ​ជន​រង​គ្រោះ​ចំនួន​១២លាន​រៀល​”។

លោក លូ ជិនតុង ជា​អ្នក​គ្រប់​គ្រង​ហិរញ្ញ​វត្ថុនៅ​ក្រុម​ហ៊ុន Global Taxi ត្រូវ​បាន​​នគរ​បាល​​​ប្រឆាំង​ការ​ជួញ​ដូរមនុស្ស​ចាប់​ខ្លួន​ កាល​ពី​ខែ​មីនា ហើយ​ត្រូវ​បាន​ចោទ​ប្រកាន់​​ពីបទ​រំលោភ​​កូន​ស្រី​ម្ចាស់​ហាង​ម្នាក់​អាយុ​១៧ឆ្នាំ​ កាលពី​ខែ​ធ្នូ​។

​យោង​តាម​អង្គការ​សកម្មភាព​ដើម្បី​កុមារ​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ប្រឆាំង​ជន​រួម​ភេទ​ជាមួយ​កុមារ​ បាន​ឲ្យ​ដឹង​ថា លោក លូ ជិន​តុង​ត្រូវ​ជា​មិត្ត​ភក្តិ​របស់​​ឪពុក​ក្មេង​ស្រី​​រង​គ្រោះ​​លោក​ យី គឹមហុង អាយុ​៣៨ឆ្នាំ​ ហើយ​គាត់​តែង​តែ​ទៅ​លេង​ផ្ទះ​របស់​ក្មេង​ស្រី​​រង​គ្រោះ​ញឹក​ញាប់​បំផុត។ អំឡុង​ពេល​បើក​សវនាការ​ជំនុំជម្រះ​រឿង​ក្តី​កាលពី​ថ្ងៃទី​២២ ខែ​តុលា លោក គឹមហុង បាន​លើក​ឡើង​ថា លោក លូ ជិន​តុង បាន​គេច​​ខ្លួន​ទៅ​ប្រទេស​ចិន​អស់​រយៈពេល​បី​បួន​ខែ​ហើយ បន្ទាប់​ពី​រំលោភ​កូន​ស្រី​របស់​​គាត់​រួច​ ហើយ​តំណាង​របស់​ក្រុម​ហ៊ុន Global Taxi បានយល់​ព្រម​បង់​ប្រាក់​ចំនួន​៤០០ដុល្លារ​ឲ្យ​គាត់​ ប្រសិន​បើ​គាត់​យល់​ព្រម​មិនដាក់​ពាក្យ​​បណ្ដឹង​​ទៅកាន់​នគរបាល​។

លោក គឹមហុង​ បាន​និយាយ​អំឡុង​ពេល​បើក​សវនាការ​កាលពី​សប្តាហ៍​មុន​ថា “គាត់​បាន​រំលោភ​កូន​ស្រី​របស់​ខ្ញុំ​ នៅ​ពេល​ប្រពន្ធ​របស់​ខ្ញុំ​ និង​ខ្ញុំ​ទុក​នាង​ឲ្យ​នៅ​ផ្ទះ​ម្នាក់​ឯង”។ ប៉ុន្តែ លោក លូ ជិនតុង បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​។

លោក លាង អេង តំណាង​ក្រុម​ហ៊ុន  Global ​Taxi កាលពី​ម្សិលមិញ​បាន​បដិសេធ​ថា ក្រុម​ហ៊ុន​មិន​បានផ្តល់​​ប្រាក់​ទៅ​ឲ្យលោក ​គឹម​ហុង​ ជា​ថ្នូរ​នឹង​ការមិន​ដាក់​ពាក្យ​បណ្តឹង​ឡើយ​ ប៉ុន្តែ លោក​បាន​អះ​អាង​ថា លោក លូ ជិនតុង​ មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​​ឡើយ។ លោក លាង អេង​ បាន​និយាយថា “ វា​អ​យុត្តិធម៌​ណាស់​សម្រាប់​លោក លូ ជិន​តុង។​មេធាវី​របស់​ក្រុម​​ហ៊ុន​នឹង​ប្តឹង​ជំទាស់​សាល​ក្រម​នេះ”។

លោក យី មូ ដែន អនុប្រធាន​ក្រុម​ការ​ងារ​​​ចុះ​អនុវត្ត​ផ្ទាល់​នៅ​អង្គការ​សកម្មភាព​ដើម្បី​កុមារ​បាន​អប​អរ​សាទរចំពោះ​សេចក្តី​សម្រេច​​របស់​តុលាការ​។ លោក​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា “សាល​ក្រម​​​​នៅ​ថ្ងៃ​នេះ​បាន​ផ្តល់​យុត្តិធម៌​ទៅ​ឲ្យ​ក្មេង​ស្រី​រង​គ្រោះ៕ ស៊ុយ​ឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស